អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជំនួបកំពូល Brics បង្ហាញ​ពី​កំណើន​ឥទ្ធិពល​នៅ​លើ​ឆាកអន្តរជាតិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៤ មេសា ឆ្នំា ២០១១ ក្រុម​ប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់ ហៅ​ថា​កាត់​ថា Brics ក្នុង​នោះ​មាន​ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិកខាងត្បូង បាន​បើក​ជំនួប​កំពូល​នៅ​ក្នុង​ខេត្ត​ហៃណាន ស្ថិត​ប៉ែក​ខាង​ត្បូង​ប្រទេស​ចិន។ ក៏​ដូច​ជា​ជំនួប​កំពូល​កាល​ពី ២លើក​មុន​ដែរ ជំនួប​កំពូល​លើក​ទី៣​នេះ គឺ​ជា​ការ​បង្ហាញ​នូវ​ឥទ្ធិពល​របស់​ខ្លួន​នៅ​លើ​ឆាកអន្តរជាតិ និង​ចៀសវាង​មិន​និយាយ​ពី​សំណុំរឿង​រសើប​រវាង​គ្នា។

ជំនួបកំពូលក្រុម​ប្រទេស Brics លើក​ទី ៣ នៅ​ប្រទេស​ចិន
ជំនួបកំពូលក្រុម​ប្រទេស Brics លើក​ទី ៣ នៅ​ប្រទេស​ចិន Reuters/Nelson Ching/Pool
ផ្សាយពាណិជ្ជកម្ម

ដំបូង​ឡើយ មាន​សមាជិក​តែ ៤​ប្រទេស​ប៉ុណ្ណោះ​ដែល​ស្ថិត​ក្នុង​ក្រុម​នេះ និង​សរសេរ​កាត់​ជា​ភាសា​អង់គ្លេស​ថា Bric។ B គឺ​ប្រេស៊ីល R គឺ​រុស្ស៊ី I គឺ​ឥណ្ឌា និង C គឺ​ចិន។ តាម​ការ​ពិត ពាក្យ Bric មិន​មែន​បង្កើត​ឡើង​ដោយ​ប្រទេស​ទំាង ៤​នេះ​ទេ តែ​បាន​បង្កើត​ឡើង​ដោយ​អ្នក​សេដ្ឋកិច្ច​នៅ​ក្នុង​ធនាគារ​ឯកជន​អាមេរិកំាង​មួយ​កាល​ពី​ឆ្នំា ២០០១។ ការ​បង្កើត​ឲ្យ​មាន​ពាក្យ Bric នេះ​ឡើង គឺ​គេ​ចង់​និយាយ​សំដៅ​ទៅ​លើ​ឥទ្ធិពល​របស់​ប្រទេស​ទំាង ៤ គឺ​ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន​ដែល​កំពុង​តែ​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ខ្លំាង ពិសេស​តំាង​ពី​ដើម​សតវត្ស​ទី ២១​នេះ​មក។ ក្រោយ​មក ប្រទេស​ទំាង ៤​នេះ​ក៏​បាន​ប្រែក្លាយ Bric ទៅ​ជា​ក្លឹប​ដូច​ករណី G៨ ឬ​មួយ​ក៏ G២០ មាន​ន័យ​ថា គ្មាន​រចនាសម្ព័ន្ធ ឬ​មួយ ក៏​សេនាធិការដ្ឋាន​អ្វី​ទេ តែ​វា​ជា​វេទិកា​មួយ​ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​ជា​សមាជិក​ជួបប្រជុំ​គ្នា ដើម្បី​ជជែក​អំពី​បញ្ហា​ពិភពលោក និង​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​​រវាង​គ្នា ទំាង​នៅ​លើ​វិស័យ​សេដ្ឋកិច្ច ក៏​ដូច​ជា​នយោបាយ។ បន្ទាប់​មក​ទៀត ប្រមុខ​ដឹកនំា​នៃ​ប្រទេស​ទំាង ៤​នេះ​ក៏​បាន​ផ្តើម​រៀប​ចំ​ឲ្យ​មាន​ជំនួប​កំពូល​ប្រចំា​ឆ្នំា ដោយ​ផ្លាស់ប្តូរ​​វេន​គ្នា ធ្វើ​ជា​ប្រធាន​ម្នាក់​ម្តង។ ជំនួប​កំពូល​លើក​ទី១ បាន​ធ្វើ​ឡើង​ក្នុង​ឆ្នំា ២០០៩ នៅ​ប្រទេស​រុស្ស៊ី និង​លើកទី ២ ក្នុង​ឆ្នំា ២០១០ នៅ​ប្រទេស​ប្រេស៊ីល។ ដូច្នេះ​ជំនួប​កំពូល​ក្នុង​ឆ្នំា ២០១១​នេះ គឺ​ជា​ជំនួប​កំពូល​លើក​ទី ៣ ដែល​ដល់​វេន​ចិន ធ្វើ​ជា​ប្រធាន។ ប៉ុន្តែ​នៅ​លើក​នេះ Bric បាន​បន្ថែម​សមាជិកថ្មី​​ម្នាក់​ទៀត គឺ​ប្រទេស​អាហ្រ្វិក​ខាងត្បូង។ ដូច្នេះ ពាក្យ Bric បាន​ក្លាយ​ជា Brics ពីព្រោះ​គេ​បន្ថែម​អក្សរ s ដែល​តំណាង​ឲ្យ South africa ជា​ភាសា​អង់គ្លេស។

ឥទ្ធិពលរបស់ក្រុមប្រទេស Brics នៅលើឆាកអន្តរជាតិ

ឥទ្ធិពល​រួម​​នៃ​ក្រុមប្រទេស Brics នៅ​លើ​ឆាកអន្តរជាតិ មាន​សក្តានុពល ៣​សំខាន់ និង​ដែល​កំពុង​គ្រប​ដំណ្តប់​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន សក្តានុពល​ទីមួយ៖ គឺ​ចំនួន​ប្រជាជន ដែល​បូក​សរុប​ទំាង ៥​ប្រទេស​បញ្ចូល​គ្នា មាន​រហូត​ដល់​ទៅ ៤០% នៃ​ចំនួន​ប្រជាជន​សរុប​នៅ​ទូទំាង​ពិភពលោក។ សក្តានុពល​ទីពីរ៖ គឺ​ទំហំផ្ទៃដី ដែល​បូក​សរុប​ទំាង ៥​ប្រទេស​បញ្ចូល​គ្នា មាន​ដល់​ទៅ ២៥% នៃ​ផ្ទៃក្នុង​ពិភពលោក​ទំាងមូល។ ចំណែក​ឯ​សក្តានុពល​ទីបី៖ គឺ​កំណើន​សេដ្ឋកិច្ច ដែល​ក្រុមប្រទេស Brics បាន​ស្រូប​យក​ប្រមាណ​ជា ៤០% នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក។ បើ​តាម​ការ​ព្យាករណ៍​របស់​អង្គការ​មូលនិធិ​រូបីយវត្ថុ​អន្តរជាតិ កំណើន​នេះ​នឹង​អាច​កើន​រហូត​ដល់​ទៅ​ជាង ៦០% នៅ​ក្នុង​ឆ្នំា ២០១៤ ខាង​មុខ។ ដូច្នេះ​ឃើញ​ថា នៅ​ថ្ងៃ​ខាង​មុខ សក្តានុពល​ទំាង ៣​នៃ​ក្រុម​ប្រទេស Brics មាន​តែ​បន្ត​កំណើន​ទៅ​មុខ និង​អាច​ក្លាយ​ពី​ប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ថ្ងៃ​នេះ ទៅ​ជា​​មហាអំណាច​ឧស្សហកម្ម​ពិភពលោក ចូល​ខ្លួន​ទៅ​ជំនួស​ប្រទេស​មហាអំណាច​ឧស្សហកម្ម​បច្ចុប្បន្ន។ ដូច​ករណី​ប្រទេស​ចិន​ដែល​បាន​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច ២ ក្នុង​លោក ចូល​ទៅ​ជំនួស​កន្លែង​ប្រទេស​អាល្លឺម៉ង់ និង​ជប៉ុន។

Brics ទាមទារ​ឲ្យ​មាន​កំណែទម្រង់​លើ​អភិបាលកិច្ច​ពិភពលោក

ក៏​ដូច​ជា​នៅ​ក្នុង​ជំនួបកំពូល​ចំនួន ២ដង​មុន​ដែរ ក្រុមប្រទេស Brics ចង់​ឲ្យ​មាន​កំណែទម្រង់​លើ​ស្ថានប័ន​អន្តរជាតិ​មួយ​ចំនួន ដូច​យ៉ាង កំណែទម្រង់​លើ​ប្រព័ន្ធ​ធនាគារពិភពលោក អង្គការ​មូលនិធិរូបីយវត្ថុអន្តរជាតិ ឬ​មួយ​ក៏​កំណែទម្រង់​នៅ​ផ្ទៃក្នុង​អង្គការសហប្រជាជាតិ។ ការ​ទាមទារ​របៀប​នេះ ដោយ​ក្រុមប្រទេស Brics បាន​លើក​យក​ហេតុផល​ថា គឺ​មិន​អាច​បន្ត​រក្សាទុក​រចនាសម្ព័ន្ធ​ពិភពលោក ដូច​កាល​ពី ៥០ឆ្នំា​មុន​ទេ។ ម្យ៉ាង​ទៀត នា​ពេល​នេះ ក្រុមប្រទេស Brics កំពុង​តែ​ដើរ​តួនាទី​យ៉ាង​​សំខាន់ ក្នុង​ការ​ជួយ​ស្រោចស្រង់​សេដ្ឋកិច្ច​ពិភពលោក នៅ​ក្រោយ​វិបត្តិ។ ទន្ទឹម​គ្នា​នេះ ក្រុមប្រទេស Brics បាន​ស្នើ​ឲ្យ​មាន​កំណែទម្រង់​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ ដោយ​ចេញ​មុខ​ប្រឆំាង​នឹង​ការ​យក​ប្រាក់​ដុល្លារ​តែ​មួយ ធ្វើ​ជា​រូបិយវត្ថុគោល នៅ​ក្នុង​ការ​ដោះដូរ​ពាណិជ្ជកម្ម​អន្តរជាតិ។ សម្រាប់​ក្រុមប្រទេស Brics គេ​គួរ​តែ​កំណត់​យក​ប្រាក់​នៃ​ប្រទេស​ផ្សេង​ទៀត មក​ធ្វើ​ជា​រូបិយវត្ថុគោល ក្រៅ​ពី​ប្រាក់​ដុល្លារ។ ជារួម​ទៅ ក្រុមប្រទេស Brics បាន​និង​កំពុង​ទាមទារ​ឲ្យ​មាន​វត្តមាន​របស់​ខ្លួន​នៅ​ដំណោះស្រាយ​បញ្ហា​សំខាន់ៗ​នៅ​ក្នុង​លោក។

ជំនួបកំពូល Brics ព្យាយាមមិននិយាយពីសំណុំរឿងរសើប

ការ​ដណ្តើម​ផលប្រយោជន៍​គ្នា ទំាង​នៅ​លើ​វិស័យ​សេដ្ឋកិច្ច និង​នយោបាយ​កំពុង​បន្ត​មាន​នៅ​ក្នុង​ចំណោម​ក្រុមប្រទេស Brics។ ប្រទេស​ចិន ក្នុង​នាម​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី ២ ក្នុង​លោក បាន​ព្យាយាម​ពង្រឹង​តួនាទី​របស់​ខ្លួន​ក្នុង​នាម​ជា​ប្រទេស​គំរូ នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់។ ដូច្នេះ ទីក្រុង​ប៉េកំាង​ពិត​ជា​មិន​បណ្តោយ​ឲ្យ​ជំនួបកំពូល​នៃ​ក្រុមប្រទេស Brics ពេល​នេះ លើក​យក​ប្រធានរឿង​រសើប​ណា ដែល​នំា​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ខ្លួន​ទេ រួម​មាន ប្រាក់យ័ន​ចិន​ដែល​មាន​តម្លៃ​ទាប ធៀប​នឹង​ប្រាក់​ដុល្លារ ឬ​មួយ​ក៏​កំណែទម្រង់​នៅ​ផ្ទៃក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ជា​ដើម។ ចិន​ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​នៅ​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ មិន​ចង់​បាន​វត្តមាន​ប្រទេស​ឥណ្ឌា និង​ប្រេស៊ីល​ដែល​កំពុង​បន្ត​ទាមទារ​យ៉ាង​ទទូច​នោះ​ទេ។ ម្យ៉ាង​ទៀត បើ​និយាយ​ពី​ទម្ងន់​សេដ្ឋកិច្ច​នៅ​ក្នុង​ចំណោម​ក្រុមប្រទេស Brics វិញ ចិន​មាន​ទម្ងន់ ៣ដង ច្រើន​ជាង​ប្រទេស​ប្រេស៊ីល ៤ដង ច្រើន​ជាង ឥណ្ឌា ឬ​មួយ​ក៏​រុស្ស៊ី និង​មាន​រហូត​ដល់​ទៅ ១៦ដង ច្រើន​ជាង​ប្រទេស​អាហ្រ្វិក​ខាងត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ