អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បញ្ហាប្រាក់​បំណុល​អាមេរិកាំង​ដ៏ច្រើន​មហិមា​ធ្វើឲ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​ភ័យបារម្ភ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​គំរាម​បញ្ចុះ​ចំណាត់ថ្នាក់​របស់​សហរដ្ឋ​អាមេរិក​ដោយ​ទីភ្នាក់ងារ​វិភាគ​ ហិរញ្ញវត្ថុ​S&P ​ ហើយនិង​វិបត្តិ​ប្រាក់បំណុល​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នៅ​ក្នុង​តំបន់​ប្រាក់ ​អឺរ៉ូ​បាន​ធ្វើឲ្យ​ទីផ្សារ​ភាគហ៊ុន​ភ័យបារម្ភ​និង​ស្គាល់​ការ​ធ្លាក់​ ស្រុតចុះ​យ៉ាងខ្លាំង។​ នៅ​ចំពោះ​​មុខ​សម្ពាធ​របស់​ទីភ្នាក់ងារ​វិភាគ​ហិរញ្ញវត្ថុ​S&P ​នេះ​​ ​ រដ្ឋាភិបាល​អាមេរិក​បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ឆាប់រហ័ស​ដោយ​បាន​ប្រកាស​ឲ្យ ​ដឹងថា​ ​ សហរដ្ឋ​អាមេរិក​នឹង​ចាត់​វិធានការ​សម្រាប់​ធ្វើការ​កាត់បន្ថយ​ឧនភាព​សាធារណៈ ​របស់​ខ្លួន​ ​។

Trader ម្នាក់​នៅ​ទីផ្សារ​​ភាគហ៊ុន​​នៃ​ទីក្រុង​​ New-York​ នៅ​ថ្ងៃទី ១៨មេសា​ឆ្នាំ២០១១​​ដែល​Dow Jones​​បាន​ស្រុត​ចុះ​​អស់​១,១៤%​
Trader ម្នាក់​នៅ​ទីផ្សារ​​ភាគហ៊ុន​​នៃ​ទីក្រុង​​ New-York​ នៅ​ថ្ងៃទី ១៨មេសា​ឆ្នាំ២០១១​​ដែល​Dow Jones​​បាន​ស្រុត​ចុះ​​អស់​១,១៤%​ © REUTERS/Brendan McDermid
ផ្សាយពាណិជ្ជកម្ម

បញ្ហា​ឧនភាព​ថវិកា​អាមេរិកាំង​ដ៏​សែន​ធ្ងន់ធ្ងរ​បាន​ក្លាយ​ទៅជា​បញ្ហា​មួយ​ដែល​បាន​ធ្វើឲ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​នៅទូទាំង​ពិភពលោក​ភ័យបារម្ភ​យ៉ាងខ្លាំង។​ ហេតុ​ដូច្នេះ​ហើយ​ បានជា​ទីភ្នាក់ងារ​វិភាគ​ហិរញ្ញវត្ថុ​Standard & Poor’s​បាន​គំរាម​បញ្ចុះ​ចំណាត់ថ្នាក់​របស់​សហរដ្ឋ​អាមេរិក​ពី​ថ្នាក់​ “AAA”​មក​ចំណាត់ថ្នាក់​ “AAA”​ចងភ្ជាប់​មក​ជាមួយ​នូវ​ទស្សនវិស័យ​អវិជ្ជមាន។​ ហើយ​ការ​បារម្ភ​ពី​វិបត្តិ​ប្រាក់​បំណុល​នៃ​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​ប្រាក់​អឺរ៉ូ​ដូចជា​ប្រទេស​ក្រិក​ ប្រទេស​ព័រទុយហ្កាល់​ និង​ប្រទេស​អៀរឡង់​ក៏​បាន​ធ្វើឲ្យ​ទីផ្សារ​ភាគហ៊ុន​នៅ​ទូទាំង​ពិភពលោក​កើតមាន​ក្តីបារម្ភ​ពុំតិចឡើយ។

 
ការកើនឡើង​ខ្លាំង​នៃ​ក្តីបារម្ភ​ពាក់ព័ន្ធនឹង​ប្រាប់​បំណុល​ដ៏​ច្រើន​មហិមា​របស់​សហរដ្ឋ​អាមេរិក​នេះហើយ​ដែល​បាន​បណ្តាល​ឲ្យ​ទីផ្សារ​ភាគហ៊ុន​នៅ​ប្រទេស​លោក​ខាងលិច​ដួល​ធ្លាក់ស្រុត​ចុះ​យ៉ាងខ្លាំង​ ​ កាលពី​ម្សិលមិញ​ ​ ទីផ្សារ​ភាគហ៊ុន​នៅ​ទីក្រុង​ប៉ារីស​ ​ តួលេខ​CAC 40 បានធ្លាក់​បាត់បង់​អស់​ប្រមាណ​២,៣៥%។​ រីឯ​តួលេខ​Dow Jones របស់​ទីផ្សារ​ភាគហ៊ុន​អាមេរិកាំង​វិញ​បាន​ស្រុត​ធ្លាក់​ចុះ​អស់​១,១៤%។

ហើយ​ការ​ធ្លាក់​ស្រុត​ចុះ​នៃ​ទីផ្សារ​ភាគហ៊ុន​មាន​លក្ខណៈ​កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំង​ទៅទៀត​ក្រោយពី​មាន​ការ​ព្រមាន​បញ្ចុះ​ចំណាត់​ថ្នាក់​របស់​សហរដ្ឋ​អាមេរិក​ដោយ​ទីភ្នាក់ងារ​វិភាគ​ហិរញ្ញវត្ថុ​Standard & Poor’s​ពី​ថ្នាក់​ “AAA”​មក​ចំណាត់ថ្នាក់​ “AAA”​ចងភ្ជាប់​មក​ជាមួយ​នូវ​ទស្សនវិស័យ​អវិជ្ជមាន​នៅ​ថ្ងៃរសៀល​ម្សិលមិញ។​ ទាំងនេះ​ក៏​ហេតុតែ​ ទីភ្នាក់ងារ​វិភាគ​ហិរញ្ញវត្ថុ​Standard & Poor’s​មើល​ឃើញ​ទំហំ​ដ៏​ធំធេង​នៃ​ប្រាក់បំណុល​សាធារណៈ​អាមេរិកាំង​ដែល​កំពុង​វិវឌ្ឍ​ទៅ​ដោយ​គ្មាន​នយោបាយ​សេដ្ឋកិច្ច​និង​នយោបាយ​ហិរញ្ញវត្ថុ​អ្វី​ជាក់លាក់​សម្រាប់​ធ្វើការ​ទប់ទល់​នឹង​វិបត្តិ​ប្រាក់​បំណុល​ដ៏​សែន​ធ្ងន់ធ្ងរ​នេះ។​ បន្ថែម​ពីលើនេះ​ ​ នៅ​មាន​បញ្ហា​ឧនភាព​ថវិកា​អាមេរិកាំង​ដែល​មាន​រហូត​ដល់ទៅ​ជិត​១០%​នៃ​ផលិតផល​ដុល​ក្នុង​ប្រទេស​ដែល​ជា​ភស្តុតាង​បង្ហាញ​ឲ្យ​ឃើញ​ពី​សភាព​យ៉ាប់យ៉ឺន​នៃ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​សហរដ្ឋ​អាមេរិក។​ ចំណែកឯ​ ​​ ប្រាក់បំណុល​សាធារណៈ​អាមេរិកាំង​វិញ​មាន​ដល់ទៅ​៩៩,៥២%​នៃ​ផលិតផល​ដុល​ក្នុង​ប្រទេស។

បរិមាណ​នៃ​ប្រាក់បំណុល​សាធារណៈ​អាមេរិកាំង​ដែល​មាន​ដល់ទៅ​៩៩,៥២%​នៃ​ផលិតផល​ដុល​សរុប​ ​ ហើយនិង​ឧនភាព​ថវិកា​អាមេរិកាំង​ដែល​ខិត​ជិតដល់​១០%​នៃ​ផលិតផល​ដុល​ក្នុង​ប្រទេស គឺ​ពិត​ជា​សម្ពាធ​មួយ​ដែល​អ្នកដឹកនាំ​អាមេរិកាំង​មាន​ការ​លំបាក​នឹង​ធ្វើការ​ទប់ទល់។​ កត្តា​ទាំងនេះហើយ​ដែល​បាន​បណ្តាល​ឲ្យ​តម្លៃ​ប្រាក់​ដុល្លារ​អាមេរិក​ធ្លាក់​មក​ស្មើនឹង​០,៨៩​ហ្វ្រង់​ស្វីស​សម្រាប់​១ដុលា្លរ។​ រីឯ​តម្លៃ​​មាស​នៅ​ទីក្រុង​ឡុងដ្រឹ៍​វិញ​ក៏​បាន​ស្ទុះ​កើនឡើង​ដល់​១ ៤៩៥​ដុល្លារ​សម្រាប់​មាស​មួយ​Once​ដែល​ជា​កម្រិត​ឯតទគ្គកម្ម​ពុំ​ដែល​កើតមាន។

សូម​បញ្ជាក់​ថា​ ​ បច្ចុប្បន្ន​នេះ​ សហរដ្ឋ​អាមេរិក​គ្រាន់តែ​ឋិត​នៅ​ក្រោម​ការ​គំរាម​ ​ ហើយនៅ​ពុំទាន់​បាត់បង់​ចំណាត់ថ្នាក់​ “AAA”​នៅឡើយ។​ ក៏​ប៉ុន្តែ​ការគំរាម​របស់​ទីភ្នាក់ងារ​វិភាគ​ហិរញ្ញវត្ថុ​Standard & Poor’s​នេះ​គឺ​ធ្វើឡើង​ដើម្បី​ដាក់​សម្ពាធ​ទៅលើ​គណបក្ស​នយោបាយ​អាមេរិកាំង​ ទាំងបក្ស​សាធារណរដ្ឋ​ ទាំងបក្ស​ប្រជាធិបតេយ្យ​ឲ្យ​ចេះ​យល់​ព្រមព្រៀង​គ្នា​ក្នុង​ការ​រិះរក​ដំណោះ​ស្រាយ​សម្រាប់​ធ្វើការ​កាត់​បន្ថយ​ឧនភាព​សាធារណៈ​របស់​សហរដ្ឋ​អាមេរិក។

នៅ​ចំពោះ​​មុខ​សម្ពាធ​របស់​ទីភ្នាក់ងារ​វិភាគ​ហិរញ្ញវត្ថុ​S&P ​នេះ​​ ​ រដ្ឋាភិបាល​អាមេរិក​បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ឆាប់រហ័ស​ដោយ​បាន​ប្រកាស​ឲ្យ​ដឹងថា​ ​ សហរដ្ឋ​អាមេរិក​នឹង​ចាត់​វិធានការ​សម្រាប់​ធ្វើការ​កាត់បន្ថយ​ឧនភាព​សាធារណៈ​របស់​ខ្លួន​ ​ ហើយ​គណបក្ស​នយោបាយ​អាមេរិកាំង​ ទាំងបក្ស​សាធារណរដ្ឋ​ ទាំងបក្ស​ប្រជាធិបតេយ្យ​បាន​យល់​ព្រមព្រៀង​គ្នា​ពី​ការ​ចាំបាច់​ក្នុង​ការ​រិះរក​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់រហ័ស​ដើម្បី​ធ្វើការ​ប្រយុទ្ធ​ទប់ទល់​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធ្ងន់ធ្ងរ​នេះ។

ហើយ​អនុរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិកាំង​លោក​ស្រី​Mary Miller ឆ្លើយតប​ទៅនឹង​ការ​គំរាម​របស់​ទីភ្នាក់ងារ​វិភាគ​ហិរញ្ញវត្ថុ​Standard & Poor’s​ថា​ "​ការយល់ឃើញ​ដ៏​អវិជ្ជមាន​របស់​ទីភ្នាក់ងារ​វិភាគ​ហិរញ្ញវត្ថុ​Standard & Poor’s​គឺ​ពិត​ជា​មើលស្រាល​ដល់​សមត្ថភាព​របស់​អ្នកដឹកនាំ​អាមេរិកាំង​ក្នុង​ការ​ប្រយុទ្ធ​ទប់ទល់​នឹង​បញ្ហា​ឧនភាព​សាធារណៈ​របស់​សហរដ្ឋ​អាមេរិក​ពេកហើយ”​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ