អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សមាជិក​ព្រឹទ្ធសភា​ស្នើផែនការថ្មី​ដើម្បី​កាត់បន្ថយ​ឧនភាព​

ចុះផ្សាយ​នៅ​ថ្ងៃ៖

សភា​អ្នកតំណាង​អាមេរិក​បាន​អនុម័ត​នៅល្ងាច​ថ្ងៃអង្គារ​ទី១៩​កក្កដា​ឆ្នាំ២០១១​ផែនការ​សម្រាប់​ធ្វើការ​កាត់បន្ថយ​ឧនភាព​ថវិកា​។​ ក៏​ប៉ុន្តែ​ ផែនការថ្មី​មួយ​ទៀត​ ដែល​រៀបចំឡើង​ដោយ​ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិក​មួយក្រុម​ ដែលក្នុងនោះ​មាន​អ្នកមកពី​បក្ស​សាធារណរដ្ឋ​ផង​ និង​អ្នក​មកពី​បក្ស​ប្រជាធិបតេយ្យ​ផង​ ​ ប្រហែលជា​អាចនឹង​ត្រូវគេ​យកមក​អនុវត្ត។

លោក​ប្រធានាធិបតី​​​បារ៉ាក់​​​អូបាម៉ា​​គាំទ្រ​​ផែនការថ្មី​​របស់​​សមាជិក​​​ព្រឹទ្ធសភា​​​អាមេរិក​​​៦នាក់​​​
លោក​ប្រធានាធិបតី​​​បារ៉ាក់​​​អូបាម៉ា​​គាំទ្រ​​ផែនការថ្មី​​របស់​​សមាជិក​​​ព្រឹទ្ធសភា​​​អាមេរិក​​​៦នាក់​​​ © Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃអង្គារ​ម្សិលមិញ​ ​ សមាជិក​ព្រឹទ្ធសភា​អាមេរិក​មួយក្រុម​ ដែលក្នុងនោះ​មាន​សមាជិក​ព្រឹទ្ធសភា​បីរូប​មកពី​បក្ស​ប្រជាធិបតេយ្យ​ ​ និង​បីរូបទៀត​មកពី​បក្ស​សាធារណរដ្ឋ​បាន​ស្នើ​​ផែនការ​ថ្មីមួយ​សម្រាប់​ធ្វើការ​កាត់​បន្ថយ​ឧនភាព​ថវិកា​ប្រមាណ​ពី​៣ ៦០០ពាន់លាន​ដុល្លារ​ទៅ​៣ ៧០០ពាន់លានដុល្លារ​សម្រាប់​រយៈពេល​១០ឆ្នាំ​ ​ ដែល​ពុំខុស​ឆ្ងាយ​ប៉ុន្មាន​ឡើយ​ពី​៤ ០០០​ពាន់លានដុល្លារ​ចង់បាន​របស់​លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​។

 
ផែនការ​នោះ​ បន្ថែម​ពីលើ​ការ​កែតម្រូវ​ទៅលើ​កម្មវិធី​សង្គមកិច្ច​អាមេរិកាំង​សំខាន់ៗ​ ​ នៅមាន​ការស្នើ​ឲ្យ​រិះរក​ដំឡើង​ប្រាក់​ចំណូល​ដោយពុំ​ធ្វើ​ការ​ដំឡើង​ពន្ធដារ។​ ការ​ដំឡើង​ពន្ធដារ​ដែល​បក្ស​សាធារណរដ្ឋ​ពុំ​ចង់ឮ​សោះឡើយ។​ ក៏ប៉ុន្តែ​ គេស្នើ​ឲ្យ​បង្កើន​​ប្រាក់​ចំណូល​រដ្ឋ​ដោយ​ធ្វើការ​កែទម្រង់​ទៅលើ​ប្រព័ន្ធ​ពន្ធដារ​ទៅវិញ។

នាឱកាស​អន្តរាគមន៍​នៅក្នុង​សន្និសីទ​កាសែត​នៅ​សេតវិមាន​ ​ លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​បាន​ថ្លែង​ថា​ ​ “ជាសរុប​ ​ សំណើ​ផែនការថ្មី​របស់​សមាជិក​ព្រឹទ្ធសភា​មាន​លក្ខណៈ​សមស្រប​នឹង​ការ​ទាមទារ​ចង់បាន​របស់​លោក​។ ​យើង​ពុំ​ត្រូវ​ខាតបង់​ពេលវេលា​មក​ឈ្លោះ​ប្រកែកគ្នា​ពី​បញ្ហា​និមិត្តរូប​បន្តិច​បន្តួច​ទៀតឡើយ។​ ដល់ពេល​យើង​ត្រូវ​ដោះស្រាយ​បញ្ហា​ដ៏​សំខាន់​ហើយ​។​ ហើយជាមួយ​នឹង​ផែនការថ្មី​របស់​ក្រុម​សមាជិក​ព្រឹទ្ធសភា​នេះ​ ​ យើង​អាច​នឹង​ឈាន​ទៅដល់​ការ​ស្រុះស្រួល​យល់ព្រមព្រៀង​រវាង​បក្សសាធារណរដ្ឋ​និង​បក្សប្រជាធិបតេយ្យ”​។

គួរកត់​សម្គាល់​ថា​ ​ នៅសល់តែ​១៣ថ្ងៃ​ទៀត​ ​ ថ្ងៃ​ទី២​សីហា​នឹងឈាន​មកដល់​។​ ក្រោយថ្ងៃ​ទី២សីហា​ ​ បើ​គ្មាន​ការ​យល់ព្រម​ពី​សភា​ឲ្យ​ដំឡើង​កម្រិត​អតិបរមា​នៃ​ប្រាក់​បំណុល​ទេ​ ​ នោះ​សហរដ្ឋ​អាមេរិក​នឹង​ឋិត​នៅក្នុង​ស្ថានភាព​ធនក្ស័យ​ ​ ហើយ​សហរដ្ឋ​អាមេរិក​និង​ពិភពលោក​ច្បាស់ជា​ជួបនឹង​ផលវិបាក​សេដ្ឋកិច្ច​យ៉ាងសែន​ធ្ងន់ធ្ងរ​ជាពុំខាន។

ផែនការ​ដ៏តឹងរ៉ឹង​ដែល​បក្ស​សាធារណរដ្ឋ​បាន​ឲ្យ​ឈ្មោះ​ថា​ “កាត់បន្ថយ​ ​ ដាក់កម្រិត​ ​ តុល្យភាព"​ដែល​គ្រោង​កាត់បន្ថយ​ឧនភាព​ថវិកា​អាមេរិក​ប្រមាណ​១១១ពាន់លាន​ដុល្លារ​សម្រាប់​ឆ្នាំ២០១១-២០១២​ ​ហើយដែល​បាន​ទទួល​ការ​អនុម័ត​ដោយ​សភា​អ្នកតំណាង​អាមេរិក​កាលពី​ថ្ងៃអង្គារ​ម្សិលមិញ​ ​ នឹង​គ្មាន​ភ័ព្វសំណាង​ទទួល​បាន​ការអនុម័ត​ពី​ព្រឹទ្ធសភា​ឡើយ។​ ដោយហេតុថា​ ​ នៅក្នុង​ព្រឹទ្ធសភា​អាមេរិក​បច្ចុប្បន្ន​ ​ សមាជិក​ព្រឹទ្ធសភា​ភាគច្រើន​ជាអ្នក​មកពី​បក្ស​ប្រជាធិបតេយ្យ​នឹង​ធ្វើការ​ប្រឆាំង។​ ហើយ​លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​ក៏​នឹង​ប្រើ​សិទ្ធិ​វេតូ​របស់​ខ្លួន​ដើម្បី​ប្រឆាំង​នឹង​ផែនការ​ដ៏តឹងរ៉ឹង​នេះ​ដែរ។

ចំណែកឯ​កិច្ចចរចា​នៅតែមាន​បន្ត​ ដើម្បី​ឲ្យ​សភា​យល់ព្រម​អនុម័ត​ផែនការថ្មី​ដែល​រៀបចំឡើង​ដោយ​សមាជិក​ព្រឹទ្ធសភា​មួយក្រុម។​ ដោយ​បារម្ភ​ខ្លាច​ពុំ​ទទួល​បាន​ការយល់ព្រម​ពីសភា​ ​ បានជា​បក្ស​ប្រជាធិបតេយ្យ​ងាក​មក​មើល​ “​ផែនការ​ស្ទួន”​ដែល​រៀបចំ​ឡើង​ដោយ​សមាជិក​ព្រឹទ្ធសភា​McConnell ​ដែល​អាច​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី​អាមេរិក​មាន​សិទ្ធិ​ធ្វើការ​ដំឡើង​កម្រិត​អតិបរមា​នៃ​ប្រាក់​បំណុល​បាន​បីលើក​ ​ ក្នុង​កម្រិត​២ ៥០០ពាន់លាន​ដុល្លារ​ចាប់ពីពេល​នេះ​ទៅ​ទល់​ចុង​ឆ្នាំ២០១២​ ​ ដោយពុំ​ចាំបាច់​សុំ​ការ​គាំទ្រ​ពី​សភា។

គោលជំហរ​របស់​សមាជិក​ព្រឹទ្ធសភា​នៃ​បក្ស​សាធារណរដ្ឋ​ និង​សមាជិក​ព្រឹទ្ធសភា​នៃ​បក្ស​ប្រជាធិបតេយ្យ​ខុសគ្នា​ត្រង់ថា​៖

-​ បក្ស​ប្រជាធិបតេយ្យ​ចង់បាន​នយោបាយ​កាត់​បន្ថយ​ឧនភាព​ថវិកា​ដោយ​ពឹង​ផ្អែកលើ​ការ​បង្កើន​ប្រាក់​ចំណូល​បាន​មកពី​ការដំឡើង​ពន្ធដារ​។

-​ ផ្ទុយទៅវិញ​ បក្ស​សាធារណរដ្ឋ​ពុំចង់ឮ​សោះឡើយ​ ការដំឡើង​ពន្ធដារ​។​ គេចង់​ឲ្យ​មាន​នយោបាយ​កាត់​បន្ថយ​ឧនភាព​ថវិកា​ដោយ​ពឹងផ្អែក​លើ​កំណែ​ទម្រង់​ប្រព័ន្ធ​ពន្ធដារ​ទៅវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ