អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ស្ថានភាព​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ធ្វើឲ្យ​វិនិយោគិន​កើតមាន​ក្តីបារម្ភ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហរដ្ឋ​អាមេរិក​ទើបនឹង​ដោះស្រាយ​បាន​នូវ​បញ្ហា​កម្រិត​អតិបរមា​នៃ​ប្រាក់​បំណុល​របស់ខ្លួន​ ​ ក្រោយពី​សភាអ្នកតំណាង​និង​ព្រឹទ្ធសភា​បាន​បោះឆ្នោត​គាំទ្រ​តាមសំណើ​របស់​លោក​ប្រធានាធិបតី​អូបាម៉ា​។​ ក៏ប៉ុន្តែ​ នៅលើ​ទីផ្សារ​មូលប័ត្រ​អន្តរជាតិ​ទាំងនៅ​អឺរ៉ុប​ទាំងនៅ​អាស៊ី​ ​ គេឃើញ​តម្លៃ​ភាគហ៊ុន​នៅតែ​ធ្លាក់​ស្រុតចុះ​យ៉ាង​ខ្លាំង​ ​ ដោយហេតុតែ​វិនិយោគិន​ខ្វះ​ទំនុកចិត្ត​កក់ក្តៅ។

លោក​ប្រធានាធិបតី​អាមេរិក ​បារ៉ាក់​ អូបាម៉ា
លោក​ប្រធានាធិបតី​អាមេរិក ​បារ៉ាក់​ អូបាម៉ា ©​ Reuters
ផ្សាយពាណិជ្ជកម្ម

មូលហេតុ​ដែលបាន​បណ្តាល​ឲ្យ​ទីផ្សារ​មូលប័ត្រ​អន្តរជាតិ​និង​វិនិយោគិន​កើតមាន​ក្តីបារម្ភ​មាន​ច្រើន៖

 
ទី១-​ ការបារម្ភ​ពី​ប្រាក់បំណុល​ដ៏ច្រើន​មហិមា​របស់​អាមេរិក
 
បរិមាណ​នៃ​ប្រាក់បំណុល​ដ៏ច្រើន​សន្ធឹក​សន្ធាប់​របស់​សហរដ្ឋ​អាមេរិក​គឺ​ពិតជា​មូលហេតុ​ចម្បង​នៃ​ក្តី​បារម្ភ​របស់​ទីផ្សារ​មូលប័ត្រ​អន្តរជាតិ​និង​វិនិយោគិន។​ហេតុដូច្នេះហើយ​បានជា​គេឃើញ​ទីផ្សារ​មូលប័ត្រ​អន្តរជាតិ​ទាំងនៅ​អឺរ៉ុប​ទាំងនៅ​អាស៊ី​បាន​ស្គាល់​ការធ្លាក់​ស្រុតចុះ​យ៉ាងខ្លាំង​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយនេះ។​ ទោះបីជា​ សភាអ្នកតំណាង​និង​ព្រឹទ្ធសភា​អាមេរិក​បាន​បោះឆ្នោត​គាំទ្រ​នៅ​ពេល​ថ្មីៗនេះ​តាមសំណើ​របស់​លោក​ប្រធានាធិបតី​អូបាម៉ា​ក្នុង​ការ​លើក​កម្រិត​អតិបរមា​នៃ​ប្រាក់​បំណុល​អាមេរិក​ដែលមាន​ដល់ទៅ​ជាង​១៤ ៣០០ពាន់លាន​ដុល្លារ​ក៏ដោយ។ ​ក៏ទាំងនេះ​ ពុំមែន​បាន​សេចក្តីថា​ ​ សហរដ្ឋ​អាមេរិក​រក​ដំណោះ​ស្រាយ​ឲ្យ​បញ្ហា​ហិរញ្ញវត្ថុ​និង​បញ្ហា​សេដ្ឋកិច្ច​របស់​ខ្លួនបាន​រួចរាល់​ឡើយ។​ វាគ្រាន់តែ​ជាការ​ដោះទាល់​បាន​មួយគ្រា​សិន​តែ​ប៉ុណ្ណោះ។

ទី២-​ ការបារម្ភ​ទៅលើ​ស្ថានភាព​ហិរញ្ញវត្ថុ​នៃ​ប្រទេស​អ៊ីតាលី​និង​អេស្ប៉ាញ
 
វិនិយោគិន​អន្តរជាតិ​ក៏​បាន​ចាប់បែរ​ចក្ខុ​ក្រឡេក​ទៅមើល​បញ្ហា​ប្រាក់​បំណុល​នៅ​អឺរ៉ុប​ផងដែរ​ ​ ជាពិសេស​ ស្ថានភាព​ហិរញ្ញវត្ថុ​នៃ​ប្រទេស​អ៊ីតាលី​និង​អេស្ប៉ាញ​ ។​ នាឱកាស​ជំនួប​កំពូល​អឺរ៉ុប​នៅ​ពេល​ថ្មីៗ​កន្លង​ទៅនេះ​ ​ អឺរ៉ុប​រិះរក​ដំណោះ​ស្រាយ​ឲ្យ​ប្រទេស​អឺរ៉ុប​តូចៗ​ដូចជា​ប្រទេសក្រិក​ឬ​ប្រទេស​ព័រទុយហ្កាល់​បាន​ ​ ក៏​ប៉ុន្តែ​គេ​បារម្ភ​ខ្លាចក្រែង​សហភាព​អឺរ៉ុប​គ្មាន​សមត្ថភាព​នឹង​ជួយ​ដោះស្រាយ​វិបត្តិ​ប្រាក់​បំណុល​របស់​ប្រទេស​អឺរ៉ុប​គ្រាក់ៗ​ដូចជា​ប្រទេស​អ៊ីតាលី​ឬ​ប្រទេស​អេស្ប៉ាញ​ដែល​អត្រា​ការប្រាក់​បាន​កើនឡើង​លើសពី​៦%។​ ទាំងនេះ​ពិតជា​ធ្វើឲ្យ​ស្ថានភាព​ហិរញ្ញវត្ថុ​នៃ​ប្រទេស​អឺរ៉ុប​ទាំងពីរ​ខាងលើនេះ​ធ្លាក់ចុះ​ដុនដាប​បន្ថែមទៀត។

ទី៣-​ ការចុះថយ​នៃ​ល្បឿន​កំណើន​សេដ្ឋកិច្ច​អាមេរិកាំង​និង​ពិភពលោក

សកម្មភាព​នៃ​សេដ្ឋកិច្ច​អាមេរិកាំង​បច្ចុប្បន្ន​ពុំ​ទាន់​មាន​លក្ខណៈ​ខ្លាំងក្លា​ដូច​កាលពី​ពេល​មុន​មាន​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ឡើយ។​ ផលិតផលដុល​សរុប​របស់​អាមេរិក​នៅ​ត្រីមាស​ទីពីរ​ឆ្នាំ២០១១​នេះ​បាន​កើន​ឡើង​​ត្រឹមតែ+១,៣%​ប៉ុណ្ណោះ​ ​ ហើយអត្រា​នៃ​អ្នក​ឥត​ការងារ​ធ្វើ​នៅ​សហរដ្ឋ​អាមេរិក​ក៏​នៅ​មាន​កម្រិត​ខ្ពស់​ពោលគឺ​ឋិតនៅ​៩,២%​។

នៅ​ទ្វីប​អាស៊ី​ឯណោះ​ ​ គ្រោះមហន្តរាយ​បង្ក​ឡើង​ដោយ​មហារលកយក្ស​ស៊ូណាមី​និង​ការរញ្ជួយដី​នៅ​ប្រទេស​ជប៉ុន​ដែលបាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំងក្លា​ដល់​មហា​អំណាច​សេដ្ឋកិច្ច​ទីបី​ពិភពលោក​ក៏​ជា​កត្តា​ដ៏​អវិជ្ជមាន​សម្រាប់​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ផងដែរ។

ទី៤-​ អវសាន​នៃ​ការ​ចាក់​បញ្ចូល​សាច់​ប្រាក់​យ៉ាងច្រើន​មហិមា​ទៅក្នុង​ទីផ្សារ​ដោយ​ធនាគារ​កណ្តាល​អាមេរិក
 
ចាប់តាំង​ពីមាន​វិបត្តិ​សេដ្ឋកិច្ច​និង​វិត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​រហូតដល់​និទាឃរដូវ​ឆ្នាំ២០០៩​ ​ Federal Reserve ធនាគារ​កណ្តាល​អាមេរិក​បាន​ចាក់​បញ្ចូល​សាច់​ប្រាក់​យ៉ាង​ច្រើន​ទៅក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​អាមេរិកាំង។​ នយោបាយ​រូបិយវត្ថុ​អាមេរិកាំង​ដែល​បាន​ចាក់​បញ្ចូល​សាច់​ប្រាក់​រាប់រយពាន់​លានដុល្លារ​បាន​ត្រូវ​បិទ​បញ្ចប់​នៅ​ចុងខែ​មិថុនា​កន្លងទៅ​។​ សាច់​ប្រាក់​រាប់រយពាន់​លានដុល្លារ​ដែលបាន​មក​ជួយ​គាំទ្រ​តម្លៃ​ភាគហ៊ុន​អាមេរិកាំង​កុំឲ្យ​ធ្លាក់​ស្រុតចុះ។

ដើម្បី​ដោះស្រាយ​បញ្ហា​ឧនភាព​សាធារណៈ​និង​បញ្ហា​ប្រាក់​បំណុល​អាមេរិកាំង​ដ៏​ច្រើន​មហិមា​ ​ ប៉ុន្មានម៉ោង​ក្រោយ​ពី​សភា​ទាំងពីរ​បោះឆ្នោត​គាំទ្រ​អត្ថបទ​សម្រាប់​បញ្ចៀស​កុំឲ្យ​សហរដ្ឋ​អាមេរិក​ជួបនឹង​សភាព​ធនក្ស័យ​រួចមក​ ​ លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​បាន​ថ្លែង​ជំរុញ​នៅថ្ងៃ​អង្គារ​ម្សិលមិញ​ ​ ឲ្យ​សភា​អាមេរិក​ងាក​មក​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​និង​បញ្ហា​បង្កើត​ការងារ​ជូន​ប្រជាជន​អាមេរិក​ ​ ដែលជា​ប្រភពមួយ​ដ៏​សំខាន់​សម្រាប់​ជួយ​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​ ​ សេដ្ឋកិច្ច​ ​ និង​ការងារ។​ ដូច្នេះ​ការគំរាម​នៃ​សភាព​ធនក្ស័យ​របស់​អាមេរិក​បាន​ត្រូវ​បញ្ចៀស​បណ្តោះ​អាសន្ន​បាន​មួយ​រយៈពេល​រហូត​ដល់​ឆ្នាំ២០១៣។

លោក​អូបាម៉ា​បាន​ប្រកាស​ឲ្យដឹងថា​ ​ សហរដ្ឋ​អាមេរិក​ត្រូវតែ​ខិតខំ​ឲ្យ​អស់​ពី​កម្លាំងកាយ​និង​កម្លាំងចិត្ត​ដើម្បី​បង្កើត​ការងារ​ជូន​ប្រជាជន​អាមេរិក​ ​ ហើយនិង​ត្រូវ​ធ្វើយ៉ាងណា​ឲ្យ​សេដ្ឋកិច្ច​អាមេរិកាំង​ងើប​ស្ទុះ​លឿនទៅមុខ​ ​ ដែល​ជា​អាវុធ​ដ៏​ស័ក្តិសិទ្ធិ​សម្រាប់​ជួយ​កាត់បន្ថយ​ឧនភាព​សាធារណៈ​។

គួរកត់​សម្គាល់ថា​ ​ ទីភ្នាក់ងារ​វិភាគ​ហានិភ័យ​ប្រាក់បំណុល​ឈ្មោះ​Fitch បាន​រក្សា​ទុក​ចំណាត់ថ្នាក់​ “AAA”​របស់​សហរដ្ឋ​អាមេរិក​ឲ្យនៅ​ដដែល។​ រីឯ​​ ទីភ្នាក់ងារ​វិភាគ​ហានិភ័យ​ប្រាក់បំណុល​ឈ្មោះ​Moody’s វិញ​ នៅថ្ងៃ​អង្គារ​ម្សិលមិញ​បាន​ទម្លាក់​ចំណាត់ថ្នាក់​ “AAA”​របស់​សហរដ្ឋ​អាមេរិក​ឲ្យ​ធ្លាក់​មួយ​កម្រិត​ ​ ឲ្យមកនៅ​ត្រឹម​ចំណាត់ថ្នាក់​ “AAA”​ ភ្ជាប់មក​ជាមួយ​នូវ​ “​ទស្សនវិស័យ​អវិជ្ជមាន”។

ពាក់ព័ន្ធនឹង​បញ្ហា​លើក​កម្រិត​អតិបរមា​នៃ​ប្រាប់​បំណុល​អាមេរិក​ ​ លោកស្រី​ Christine Lagarde ​អគ្គនាយក​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ FMI ​បាន​សរសើរ​ថា​ ​ ការយល់​ព្រម​គាំទ្រ​ដោយ​សភា​អាមេរិក​ទាំងពីរ​ក្នុង​ការ​លើក​កម្រិត​អតិបរមា​នៃ​ប្រាប់​បំណុល​អាមេរិក​ពិត​ជា​ដំណឹង​មួយ​ដ៏​ល្អ​សម្រាប់​ “សេដ្ឋកិច្ច​អាមេរិកាំង​និង​សេដ្ឋកិច្ច​ពិភពលោក”​។​ ក៏ប៉ុន្តែ​ ទីក្រុង​វ៉ាស៊ីនតោន​ត្រូវ​ខិតខំ​ធ្វើការ​បន្ថែម​ទៀត​ដើម្បី​សម្រេច​ឲ្យបាន​ជោគជ័យ​ក្នុងការ​កាត់បន្ថយ​ឧនភាព​សាធារណៈ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ