អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ទស្សន​វិជ្ជា​ព្រះពុទ្ធ​សាសនា មាន​តម្លៃ​ក្នុង​ការ​កសាង​វប្បធម៌​សន្តិភាព​!​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រជា​ពុទ្ធ​បរិ​ស័​ទូទាំង​ពិភពលោក បាន​នាំ​គ្នា​ប្រារព្ធ​ពិបុណ្យ​វិសាខបូជា​កាល​ពី​ថ្ងៃ​១៥​កើត ខែវិសាខ ត្រូវ​នឹង​ថ្ងៃ​អង្គារ​ទី​១៣​ឧសភា​ម្សិលមិញ។ កម្ពុជា​ដែល​ពលរដ្ឋ​ជាង ៩០ ភាគរយ​កាន់​ព្រះពុទ្ធសាសនា ហើយ​ព្រះពុទ្ធ​សាសនា ត្រូវ​បាន​ចាត់ទុកជា​សាសនា​របស់​រដ្ឋក៏​ចាត់ទុក​វិសាខបូជា​ជា​បុណ្យ​ដ៏​ធំ​មួយ​ដែរ។ ពិធីបុណ្យ​បែប​ព្រះពុទ្ធសាសនា​នេះ មាន​បង្កប់​ដោយ​ទស្សន​វិជ្ជា​សន្តិភាព អហិង្សា និង​ការ​គោរព​សិទ្ធិមនុស្ស​ដ៏​ជ្រាលជ្រៅ។ ប៉ុន្តែ ទស្សនវិជ្ជា​ព្រះពុទ្ធ​សាសនា​មិនទាន់ ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​ប្រយោជន៍​សង្គម​ឲ្យ​បាន​គ្រប់គ្រាន់​នៅឡើយ​ទេ។

ការ​ប្រារព្វពិធីបុណ្យ​វិសាខបូជា របស់ពលរដ្ឋខ្មែរ នៅភ្នំឧត្តុង្គ។
ការ​ប្រារព្វពិធីបុណ្យ​វិសាខបូជា របស់ពលរដ្ឋខ្មែរ នៅភ្នំឧត្តុង្គ។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

វិសាខបូជា​មិន​ត្រឹមតែ​ជា​ពិធីបុណ្យ​សម្រាប់​សហគមន៍​អ្នក​កាន់​ព្រះពុទ្ធ​សស​នា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ពិធីបុណ្យ​នេះ​ក៏ត្រូវ​បាន​អង្គការសហប្រជាជាតិ​ទទួលស្គាល់​និង​ចាត់ទុកជា​ពិធីបុណ្យ​សាកល​មួយ​ផងដែរ។ តម្លៃ​ជា​សាកល​របស់​វិសាខបូជា (និយាយ​ដោយឡែក) និង​របស់​ព្រះពុទ្ធ​សាសនា​​ទាំងមូល (និយាយ​ជារួម) គឺ​ស្ថិតនៅត្រង់​ទស្សនវិជ្ជា​ដែល​បង្កប់​ដោយ​អត្ថន័យ សន្តិភាព អហិង្សា និង​ការគោរព​សិទ្ធិមនុស្ស​ដែល​ពិភពលោក​កំពុង​ប្រាថ្នា​ចង់បាន

វិសាខបូជា​ត្រូវគេ​ចាត់ទុកជា​ថ្ងៃ​មហា​មង្គល​ពីព្រោះ​វា​ជា​ថ្ងៃ​ដែល​ព្រះ​សម្ពុទ្ធ​បរមគ្រូ​ទ្រង់​ប្រសូត​​ចាក​​ឧទរ​មាតា ទ្រង់​ត្រាស់ដឹង​អនុ​ត្ដរ​សម្មា​សម្ពោធិញាណ និង​ទ្រង់​រំលត់​ខន្ធ​ចូលកាន់​ព្រះ​បរម​និព្វាន។ ទោះបីជា​ព្រះពុទ្ធ​ទ្រង់​ចូល​បរិនិព្វាន​ក៏ពិតមែន ប៉ុន្តែ ព្រះអង្គ​បាន​បន្សល់ទុក​កេរតំណែល​ដ៏​មានតម្លៃ​សម្រាប់​អប់រំ​ប្រជា​ពុទ្ធបរិស័ទ​ទូទាំង​ពិភពលោក​ឲ្យ​រស់នៅ​ប្រកប​ដោយ​​សន្តិភាព ​និង​អហិង្សា។ ការអត់ឱន​និង​មិន​បៀតបៀន​គ្នា​ដែលជា​ស្នូល​នៃ​ទស្សនវិជ្ជា​ព្រះពុទ្ធសាសនា​ក៏​ជាគោលការណ៍​គោរព​សិទ្ធិមនុស្ស​ដែល​ពិភពលោក​ប្រាថ្នា​ចង់បាន។

ប៉ុន្តែ បច្ចុប្បន្ននេះ មនុស្ស​ជាច្រើន​ហាក់ដូចជា​គោរព​ព្រះពុទ្ធសាសនា​តែ​សម្បក​ក្រៅ ហើយ​បណ្តោយ​ខ្លួន​ឲ្យ​ធម៌​ប្រមាថ​ដឹកមុខ​ដោយ​ទុកចោល​មួយ​ឡែក​នូវ​ល​សីលធម៌​និង​គុណធម៌​ដ៏​មានតម្លៃ​របស់​ព្រះពុទ្ធសាសនា​ទៅវិញ។ ជាក់ស្តែង ការកាប់ចាក់​គ្នា​គ្រាន់តែ​រឿង​បន្តិចបន្តួច ការសេព​គ្រឿងញៀន គ្រឿង​ស្រវឹង ការ​ឈ្លក់​វក់វី​នឹង​អំណាច ទឹកប្រាក់​ជាដើម​កំពុងតែ​វាយលុក​យ៉ាង​ពេញទំហឹង​ទៅលើ​មនុស្ស​ខ្មែរ​ជាច្រើន​ដែលជា​អ្នក​កាន់​ព្រះពុទ្ធសាសនា។

តាមពិត ទស្សនវិជ្ជា​ព្រះពុទ្ធសាសនា​គឺជា​ឱសថ​ដ៏​ស័ក្តិសិទ្ធិ​មួយ​ដើម្បី​ព្យាបាល​ជំងឺ​សង្គម។ ប៉ុន្តែ គួរ​ឲ្យ​សោកស្តាយ ទស្សនវិជ្ជា​នេះ​មិនសូវមាន​មនុស្ស​យកទៅ​ប្រតិបត្តិ​ឲ្យ​បាន​ពិតប្រាកដ​ឡើយ។ ខណៈដែល​មនុស្ស​វ័យ​ចំណាស់​មួយចំនួន​ដែល​តាំងខ្លួន​ជា​អ្នក​គោរព​និង​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​តែ​បែរជា​ប្រព្រឹត្ត​ផ្ទុយ​ពី​គោលការណ៍​សាសនា​ទៅវិញ​នោះ យុវវ័យ​ជំនាន់​ក្រោយ​ភាគច្រើន​បែរជា​ចាត់ទុក​ព្រះពុទ្ធសាសនា​ថា​ហួស​សម័យ​ឬក៏​ជា​កិច្ចការ​របស់​មនុ​ស្សចា​ស់​ទៅវិញ។

តាមពិត​ព្រះពុទ្ធសាសនា​មានតម្លៃ​សម្រាប់​មនុស្ស​គ្រប់​វ័យ​និង​គ្រប់​ស្រទាប់សង្គម។ ជាក់ស្តែង សមាគម​ព្រះសង្ឃ​មួយចំនួន​ដែល​បាន​អនុវត្ត​កម្មវិធី​អប់រំ​តាមបែប​ព្រះពុទ្ធសាសនា​នៅតាម​សាលា​ក៏បាន​ទាក់ទាញ​យុវវ័យ​ជាច្រើន​ឲ្យ​ចូលរួម​និង​ស្លុង​អារម្មណ៍​រហូតដល់​ស្រក់​ទឹកភ្នែក​នៅពេលដែល​ព្រះសង្ឃ​ស្មូត​កំណាព្យ​អំពី​គុណមាតា​បិតា។ ដូច្នេះ ទន្ទឹមនឹង​ការស្តីបន្ទោស​យុវវ័យ​ថា​មិន​ចាប់អារម្មណ៍​ទៅលើ​ព្រះពុទ្ធសាសនា គេ​ក៏ត្រូវ​ចោទសួរ​ដែរ​ថា​តើ​ស្ថាប័ន​សាសនា​បានធ្វើ​អ្វីខ្លះ​ក្នុងន័យ​បញ្ជ្រាប​ការអប់រំ​ទស្សនវិជ្ជា​ព្រះពុទ្ធសាសនា​ទៅដល់​យុវ​វជន​ស្រករ​ក្រោយ?

ជាការ​ពិត ព្រះពុទ្ធ​បរមគ្រូ​ទ្រង់​បាន​ឈ្វេងយល់​រួចស្រេច​ទៅហើយ​ថា សាសនា​របស់​ព្រះអង្គ​នឹងត្រូវ​ផុតរលត់​ត្រឹម​រយៈពេល៥០០០ព្រះវស្សា។ ការ​ផុតរលត់​នៃ​ព្រះពុទ្ធសាសនា​មិនមែន​បណ្តាលមកពី​សាស​នាដ​ទៃ​ណា​មក​បំផ្លាញ​ឡើយ​តែ​គឺ​ដោយសារ «អ្នក​គោរព​ និង​ប្រតិបត្តិ​​» ព្រះពុទ្ធ​សាសនា​ខ្លួនឯង​ដែលជា​អ្នក​បំផ្លាញ។ បញ្ហា​ចាក់ស្រេះ​ក្នុងសង្គម​ដែល​កើតមាន​បច្ចុប្បន្ន​ទំនង​ជា​ភស្តុតាង​ដែល​អាច​បញ្ជាក់​ពី​បញ្ហា​នេះ​បាន។

យ៉ាងណា​ក៏ដោយចុះ ការពង្រឹង​ព្រះពុទ្ធសាសនា​គឺជា​កិច្ច​ការដែល​មិនអាច​មើលរំលង​បាន​ពីព្រោះ​សាសនា​នេះ​មាន​បង្កប់​ដោយ​ទស្សនវិជ្ជា​មានតម្លៃ​ជាច្រើន​សម្រាប់​សង្គមមនុស្ស។ ដោយឡែក នៅ​កម្ពុជា អ្នក​តម្រង់ទិស​សង្គម​ហាក់​កំពុង​មើលរំលង​ទស្សនវិជ្ជា​ព្រះពុទ្ធ​សាសនា​​ ឬ ក៏​នៅ​មិនទាន់​ចេះ​ប្រើប្រាស់​វា​ដើម្បី​ប្រយោជន៍​សង្គម​ឲ្យ​បាន​ច្រើន​នៅឡើយ​ទេ។ ជាក់ស្តែង ការបញ្ជ្រាប​ទស្សនវិជ្ជា​ព្រះពុទ្ធសាសនា​ដល់​ស្រទាប់​យុវវ័យ​នៅមាន​តិចតួច​នៅ​ឡើយ។ អ៊ីចឹង​ហើយ​បានជា​យុវវ័យ​ខ្មែរ​មិនសូវ​ចូលរួម​ក្នុង​សកម្មភាព​ព្រះពុទ្ធសាសនា។

សរុប​មកវិញ  ទស្សនវិជ្ជា​សន្តិភាព​និង​អហិង្សា​របស់​ព្រះពុទ្ធសាសនា​មានតម្លៃ​ខ្លាំងណាស់​សម្រាប់​សង្គមមនុស្ស​ជាពិសេស​សង្គម​ដែល​រង​ការ​ខ្ទេចខ្ទាំ​ដូច​កម្ពុជា។ ប៉ុន្តែ បញ្ហា​នៅត្រង់ថា អ្នក​តម្រង់ទិស​សង្គម​ទាំងឡាយ ​មិនបាន​ប្រើប្រាស់​ឬ​កែច្នៃ​របស់​មានតម្លៃ​ទាំងនោះ​ឲ្យ​មាន​ប្រយោជន៍​សម្រាប់​ព្យាបាល​ជំងឺ​សង្គម​នៅឡើយ។ ប្រសិនបើ​មនុស្ស​គ្រប់គ្នា​ស្គាល់​បុណ្យ​និង​បាប ស្គាល់​គុណ​និង​ទោស​តាម​គន្លង​ព្រះពុទ្ធសាសនា សង្គមមនុស្ស​នឹង​ស្គាល់​សុខសន្តិភាព​និង​ការគោរព​សិទ្ធិមនុស្ស​យ៉ាង​ពេញលេញ​ជាក់​ជាមិនខាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ