អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ការ​រំសាយ​អាណានិគម​នៅ​ក្រោយ​សង្រ្គាម​លោក​លើកទី២

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង អំពី​ការ​រំសាយ​អាណានិគម នៅ​ក្រោយ​សង្រ្គាមលោក​លើកទី២។

លោក​មហាត្មះ​គន្ធី (ស្តាំ) មេដឹកនាំ​ចលនា​ទាមទារ​ឯករាជ្យ​ឥណ្ឌា និង​លោក Muhammad Ali Jinnah មេដឹកនាំ​ចលនា​ទាមទារ​ឯករាជ្យ​ប៉ាគីស្ថាន
លោក​មហាត្មះ​គន្ធី (ស្តាំ) មេដឹកនាំ​ចលនា​ទាមទារ​ឯករាជ្យ​ឥណ្ឌា និង​លោក Muhammad Ali Jinnah មេដឹកនាំ​ចលនា​ទាមទារ​ឯករាជ្យ​ប៉ាគីស្ថាន
ផ្សាយពាណិជ្ជកម្ម

គិតត្រឹម​ឆ្នាំ​១៩៤៥ មហាអំណាច​អាណានិគម​នៅ​អឺរ៉ុប ជាពិសេស បារាំង និង​អង់គ្លេស កាន់កាប់​ដែនដី​ប្រមាណ​ជា​ពាក់កណ្តាល​ពិភពលោក​ទាំងមូល។ ប្រទេស​ភាគច្រើន នៅ​ក្នុង​តំបន់​អាហ្វ្រិក និង​អាស៊ី​ត្រូវ​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​មហាអំណាច​អាណានិគម​អឺរ៉ុប។ ក៏ប៉ុន្តែ នៅ​ក្រោយ​សង្រ្គាម​លោក​លើកទី២ ប្រទេស​ដែល​​ស្ថិតក្រោម​អាណានិគម​​​បាន​ទទួល​ឯករាជ្យ​ម្តងមួយៗ ហើយ​​ដែនដី​អាណានិគម​នៅ​ទូទាំង​ពិភពលោក​​​ក៏​ត្រូវ​រួញតូច​បន្តិចម្តងៗ។

ការ​រំសាយ​ដែនដី​អាណានិគម នៅ​ក្រោយ​សង្រ្គាម​លោក​លើកទី២​បាន​កើតមាន​ឡើង ដោយមក​ពី​មូលហេតុ​ច្រើន​យ៉ាង។

មូលហេតុ​សំខាន់​ទីមួយ គឺ​ធ្លាក់​ចុះ​ទន់ខ្សោយ​​នៃ​​ប្រទេស​មហាអំណាច​អាណានិគម គឺ​បារាំង និង​អង់គ្លេស ដែល​​ត្រូវ​ទទួល​រងនូវ​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​សង្រ្គាម។ ក្នុងពេល​ជាមួយគ្នា មហាអំណាច​ធំៗ​ពីរ​ដែល​ងើបមុខថ្មី គឺ​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត ​ដែលជា​​អ្នក​ឈ្នះ​សង្រ្គាម​លោក​ដែរ​នោះ សុទ្ធសឹង​ជា​ប្រទេស​ដែល​មាននិន្នាការ​ប្រឆាំង​នឹង​អាណានិគម។ គេ​មិន​ត្រូវ​ភ្លេច​ទេ​ថា សហរដ្ឋ​អាមេរិក​ខ្លួនឯង​ផ្ទាល់​ក៏​​​មាន​ដើម​កំណើត​ដំបូង​​ចេញ​ពី​ការ​តស៊ូ​ទាមទារ​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​ដែរ កាល​ពី​ឆ្នាំ​១៧៧៤។

លើសពីនេះ​ទៅទៀត នៅ​ក្នុង​អំឡុង​សង្រ្គាមលោកលើកទី២ បារាំង និង​អង់គ្លេស​ សុទ្ធតែ​ត្រូវការ​ជំនួយ​ពី​កងកម្លាំង​តាម​បណ្តា​ប្រទេស​ស្ថិត​ក្រោម​អាណានិគម ដើម្បី​ជួយចម្បាំង​ទល់​នឹង​កងទ័ព​អាល្លឺម៉ង់ និង​ជប៉ុន ហើយ​ជាថ្នូរ​នឹង​ជំនួយ​នេះ​បារាំង និង​អង់គ្លេស​​បាន​នាំគ្នា​សន្យាថា​នឹង​ផ្តល់​សិទ្ធិសេរីភាព ស្វ័យភាព ឬ​ឯករាជ្យ​​​ដល់​បណ្តា​ប្រទេស​ដែល​ស្ថិត​ក្រោម​អាណា​និគម​របស់​ពួកគេ។ នៅ​ក្នុង​អំឡុង​សង្រ្គាម​លោក​លើកទី២​នេះ ចលនា​ជាតិនិយម​ក៏​បាន​រីកដុះដាល​យ៉ាង​ខ្លាំង​ដែរ នៅ​តាម​បណ្តា​ប្រទេស​ស្ថិត​ក្រោម​អាណានិគម។

នៅ​ឆ្នាំ១៩៤៥ ភ្លាមៗ​ក្រោយ​ពី​សង្រ្គាម​លោកលើកទី២​ត្រូវ​បញ្ចប់ អង្គការ​សហប្រជាជាតិ​ត្រូវ​បាន​បង្កើតឡើង ហើយ​នៅ​ក្នុង​ធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​អ.ស.ប មាន​ចែង​នូវ​គោលការណ៍​ដ៏​សំខាន់​មួយ គឺ​ការ​ផ្តល់​​សិទ្ធិដល់​គ្រប់ប្រជាជន​ទាំងអស់​នៅលើ​ពិភពលោក ក្នុងការ​កំណត់​ជោគវាសនា​ដោយ​ខ្លួនឯង។ ចំណុច​នេះ​ហើយ ដែល​ជា​គោលការណ៍​ជា​មូលដ្ឋាន ក្នុង​ដំណើរការ​រំសាយ​អាណានិគម។

ក៏ប៉ុន្តែ ដំណើរការ​នៃ​ការ​រំសាយ​អាណានិគម​នេះ​មិនមែន​កើតឡើង​ដូចគ្នា​នៅ​គ្រប់​ទីកន្លែង​នោះទេ។ ​ប្រទេស​ខ្លះ​បាន​ទទួល​ឯករាជ្យ​​ដោយ​សន្តិវិធី តាមរយៈ​ការ​ចរចា ចំណែក​ឯ​ប្រទេស​ខ្លះ​ទៀត​​បាន​ទទួល​ឯករាជ្យ​តាមរយៈ​ការ​ធ្វើ​សង្រ្គាម​បង្ហូរឈាម។ ស្ថានភាព​នៅ​ក្រោយ​ពេល​ទទួល​ឯករាជ្យ​ក៏​​មិនដូចគ្នា​នៅ​គ្រប់​ទីកន្លែង​នោះដែរ ដោយ​ប្រទេស​ខ្លះ​​​បង្កើត​បាន​នូវរដ្ឋាភិបាល​ ដែល​មាន​ស្ថិរភាព​ភ្លាមៗ​ក្រោយ​ពី​ទទួលបាន​ឯករាជ្យ​ ចំណែក​ប្រទេស​ខ្លះ​ទៀត ត្រូវ​ប្រឈមមុខ​នឹង​សង្រ្គាម​ស៊ីវិល​រាប់​ទសវត្សរ៍។ ប្រទេស​ខ្លះ​បង្កើត​​បានជា​របបដឹកនាំ​តាមបែប​ប្រជាធិបតេយ្យ ចំណែក​ប្រទេស​ខ្លះ​ទៀត ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​របបសឹក ឬ​របបផ្តាច់ការ​ស៊ីវិល​ អស់រយៈពេល​រាប់សិបឆ្នាំ។

នៅ​ក្រោយ​​សង្រ្គាម​លោកលើកទី២​ត្រូវ​បញ្ចប់ លោក Clement Attlee ដែល​បាន​ឡើង​មក​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​អង់គ្លេស​ជំនួស​លោក Winston Churchill កាល​ពី​ខែ​កក្កដា ឆ្នាំ​១៩៤៥ ប្រកាន់​យក​នូវ​នយោបាយ​មួយ​ថា អង់គ្លេស​គួរតែ​ផ្តោត​អាទិភាព​លើ​ការ​ស្តារ​ប្រទេស​ចេញ​ពី​ផេះផង់​នៃ​សង្រ្គាម ជាជាង​ចំណាយកម្លាំង​​លើ​ការ​ប្រឹងប្រែង​រក្សា​ដែនដី​អាណានិគម។ អង់គ្លេស​ដែល​ដឹងខ្លួន​ថា​ការប្រគល់​ឯករាជ្យ​ទៅ​ឲ្យ​ឥណ្ឌា គឺ​ជា​រឿង​ដែល​ចៀស​មិនរួច ​ក៏​បាន​បើក​កិច្ចចរចា​ជាមួយ​រដ្ឋាភិបាល​ឥណ្ឌា រហូត​ឈាន​ទៅ​ចេញ​ច្បាប់​មួយ នៅ​ខែ​កក្កដា ឆ្នាំ​១៩៤៧ ដែល​ចែង​ពី​ការ​ផ្តល់​ឯករាជ្យ​ដល់​ឥណ្ឌា។

ក្រោយ​ពី​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​អង់គ្លេស​អស់រយៈពេល​ជាង​២០០ឆ្នាំ (១៦១២-១៩៤៧) ឥណ្ឌា​ក៏​ទទួល​បាន​ឯករាជ្យ​យ៉ាង​ពេញលេញ។ ក៏ប៉ុន្តែ ការ​បាក់បែក​គ្នា រវាង​អ្នក​កាន់​សាសនា​ហិណ្ឌូ និង​អ្នក​កាន់​សាសនា​អ៊ីស្លាម ក៏​បាន​ធ្វើឲ្យ​ឥណ្ឌា​ត្រូវពុះចែក​ជា​ប្រទេស​ពីរ​​ដាច់ពី​គ្នា គឺ​​ប្រទេស​ឥណ្ឌា​បច្ចុប្បន្ន ដែល​ប្រជាជន​ភាគច្រើន​ជា​អ្នក​កាន់​សាសនា​ហិណ្ឌូ និង​ប៉ាគីស្ថាន​ ដែល​ប្រជាជន​ភាគច្រើន ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម។ ក្រោយ​មក​ទៀត ប្រទេស​ប៉ាគីស្ថាន​ក៏​ត្រូវ​បាក់បែក​គ្នា​ជា​ពីរ​ដែរ ដោយ​ប៉ាគីស្ថាន​ខាង​កើត​បាន​ផ្តាច់ខ្លួន​នៅ​ឆ្នាំ​១៩៧១ បង្កើត​ជា​ប្រទេស​ឯករាជ្យ​ថ្មី​មួយ គឺ​បង់ក្លាដែស។

ជារួម គេសង្កេតឃើញ​ថា ឯករាជ្យ​របស់​ឥណ្ឌា​ពី​ក្រោម​នឹម​អាណានិគម​អង់គ្លេស​​បាន​មក​ដោយ​គ្មាន​សង្រ្គាម​បង្ហូរ​ឈាម ក៏ប៉ុន្តែ គឺ​នៅ​ក្រោយ​ពេល​បាន​ទទួល​ឯករាជ្យ ដែល​សង្រ្គាម​ត្រូវ​ផ្ទុះឡើង គឺ​សង្រ្គាម​​ នៅពេល​បង់ក្លាដែស​ទាមទារ​ផ្តាច់ខ្លួន​ពី​ប៉ាគីស្ថាន និង​​សង្រ្គាម​រហូតដល់​ទៅ ៤លើក រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន ដែល​កើតចេញ​ពី​​ជម្លោះ​ដណ្តើម​ទឹកដី​គ្នា នៅ​តំបន់​កាស្មៀរ។ ជម្លោះ ដែល​នៅ​បន្ត​កើតមាន​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន។

បើ​និយាយ​អំពី​ស្ថានភាព​នយោបាយ​វិញ គេ​សង្កេតឃើញ​ថា នៅ​ក្រោយ​ពី​ទទួល​បាន​ឯករាជ្យ​ពី​អង់គ្លេស ឥណ្ឌា​​បាន​បង្កើត​ជា​រដ្ឋធម្មនុញ្ញ និង​ប្រព័ន្ធដឹកនាំ​តាមបែប​ប្រជាធិបតេយ្យ ព្រមទាំង​មាន​ស្ថិរភាព​នយោបាយ​ជាប់​ជា​ប្រចាំ។ ផ្ទុយទៅវិញ ប៉ាគីស្ថាន​​តែងតែ​ឆ្លងកាត់​នូវ​​ការ​ដឹកនាំ​តាមបែប​របបសឹកផ្តាច់ការ ការ​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​គ្នា និង​អស្ថិរភាព​នយោបាយ​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន។

ការដកខ្លួនថយ​របស់​អង់គ្លេស​ពី​ឥណ្ឌា គឺ​ជា​ចំណុច​ចាប់ផ្តើម​មួយ ដែល​បើក​ផ្លូវ​នាំ​ទៅ​រក​ការ​រំលាយ​បន្តិចម្តងៗ​នៃ​ដែនដី​ចក្រភព​អង់គ្លេស នៅ​លើ​ពិភពលោក។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​ពី​អង់គ្លេស​បាន​ប្រគល់​ឯករាជ្យ​ឲ្យ​​ឥណ្ឌា និង​ប៉ាគីស្ថាន ប្រទេសផ្សេងទៀត ដែល​នៅ​ក្បែរ​នោះ ក៏​បាន​នាំគ្នា​ប្រកាស​ឯករាជ្យ​​​ពី​អង់គ្លេស​ជា​បន្តបន្ទាប់​ដែរ គឺ​​ភូមា ក្រោម​ការ​ដឹកនាំ​របស់​លោក​អ៊ុងសាន (ឪពុក​របស់​លោកស្រី​អ៊ុងសាន ស៊ូជី) បាន​ចរចា​ទាមទារ​ឯករាជ្យ​ពី​អង់គ្លេស នៅ​ឆ្នាំ​១៩៤៨ ស្រីលង្កា​ ទទួល​ឯករាជ្យ​នៅ​ឆ្នាំ​១៩៤៨ និង​ម៉ាឡេស៊ី ទទួល​ឯករាជ្យ នៅ​ឆ្នាំ​១៩៥៧។

ក៏ប៉ុន្តែ ខុសពី​ប្រទេស​ផ្សេងៗ​ទៀត ដែល​ដំណើរការ​ទាមទារ​ឯករាជ្យ​​ត្រូវ​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី ម៉ាឡេស៊ី​បាន​ឆ្លងកាត់​សង្រ្គាម​បង្ហូរឈាម​ជាច្រើន​ឆ្នាំ​ទម្រាំ​តែ​បាន​ឯករាជ្យ​ពី​អង់គ្លេស នេះ​ក៏ដោយសារ​តែ​នៅ​ក្នុង​ចលនា​ទាមទារ​ឯករាជ្យ​ម៉ាឡេស៊ី​មាន​ឡូកឡំ​ជាមួយ​ចលនា​ឧទ្ទាម​កុម្មុយនិស្ត​ស្និទ្ធ​នឹង​ចិន ហើយ​អង់គ្លេស​មិនចង់​ឲ្យ​ម៉ាឡេស៊ី​ឯករាជ្យ​ត្រូវ​ធ្លាក់​ក្រោម​ការគ្រប់គ្រង​របស់​ពួក​កុម្មុយនិស្ត។ ទាល់តែ​បាន​វាយ​បំបាក់​កម្លាំង​ឧទ្ទាម​កុម្មុយនិស្ត​បាន​ហើយ ទើប​អង់គ្លេស​សម្រេច​ប្រគល់​ឯករាជ្យ​ទៅ​ឲ្យ​ម៉ាឡេស៊ី។ ក៏ប៉ុន្តែ ៨ឆ្នាំ​ក្រោយ​​ពី​បាន​ទទួល​ឯករាជ្យ​ពី​អង់គ្លេស សិង្ហបុរី ដែល​ពីមុន​​ស្ថិត​ក្នុង​រដ្ឋ​សហព័ន្ធម៉ាឡេស៊ី បាន​ផ្តាច់ខ្លួន​ទៅ​​បង្កើត​ជា​ប្រទេស​ឯករាជ្យ​ដាច់តែឯង ​នៅ​ឆ្នាំ​១៩៦៥ ក្រោម​ការដឹកនាំ​របស់​លោក​ លី ក្វានយូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ