អានតួអត្ថបទ
សឹង្ហបុរី

ការ​កាន់​មរណទុក្ខ​​ ស្ថាបនិក​សិង្ហបុរី​ ធ្វើ​ឡើង​រហូត​ដល់​ថ្ងៃអាទិត្យ​ ទី​ ២៩ មីនា​

ប្រជាជន​សិង្ហបុរី​ទូទាំង ប្រទេស​បាន​គោរព​និង​រលឹក​ដល់​វិញ្ញាណក្ខន្ធ​របស់​ស្ថាបនិក សិង្ហបុរី លោក លី គាន់​យូ ដែល​បានទទួល​មរណកាល​នា​ព្រលឹម​ថ្ងៃ​ចន្ទ។ ដងទង់ជាតិ​បាន​ហូត​ពាក់កណ្តាល​ដង ។ចំនែក​នាយករដ្ឋមន្ត្រី​ប្រទេស​សិង្ហបុរី បានប្រកាស​ការ​កាន់ទុក្ខ​ជាតិ​រយៈពេល ៧ថ្ងៃ ហើយ​ពិធី​បូជាសព​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃអាទិត្យ​ទី ២៩ មីនា​ខាងមុខនេះ។

Reuters/路透社
ផ្សាយពាណិជ្ជកម្ម

នាយករដ្ឋមន្ត្រី​ប្រទេស​សិង្ហ​បុរី លោក Lee Hsien Loong បាន​ប្រកាស​អំពី​រយៈពេល​កាន់ទុក្ខ​ទូទាំង​ប្រទេស​ចាប់ពី​ថ្ងៃ​ចន្ទ​ទី ២៣ មីនា ដល់​ថ្ងៃអាទិត្យ​ទី២៩ មីនា ។ ក្នុងឱកាស​នេះដែរ​ដើម្បី​ជា​ការ​ផ្តល់​ការ​គោរព​ដល់ លោក Lee Kuan Yew ទង់ជាតិ​នៅ​គ្រប់​ស្ថាបន័​របស់​រដ្ឋាភិបាល​ក៏ត្រូវ​បង្ហូត​ពាក់កណ្តាល​ដង​ចាប់ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃអាទិត្យ។ 

ចំពោះ​ពិធី​បុណ្យ​តម្កល់​សព​ជា​ឯកជន​សម្រាប់​ក្រុមគ្រួសារ​លោក​លី គឺធ្វើឡើង​ចាប់ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​អង្គារ​នេះ នៅ​គេហដ្ឋាន​Sri Temasek។ ពិធី​បុណ្យ​តម្កល់​សព​សម្រាប់​ក្រុមគ្រួសារ​រយៈពេល២ថ្ងៃនេះ នឹង​បើកទ្វារ​ចំពោះតែ​ក្រុមគ្រួសារ មិត្តភ័ក្រ និង បុគ្គលិក តែប៉ុណ្ណោះ។ គិត​មកទល់​យប់​ថ្ងៃ​ចន្ទ គេហដ្ឋាន​Sri Temasek ឋិត​នៅ​តំបន់​Istana បាន​បើកទ្វារ​ទទួល​មិត្ត​ភក្រ័ និង​ក្រុមគ្រួសារ ជាងមួយពាន់ពីររយនាក់ ដែល​បានមក​គោរព​វិញ្ញាណក្ខន្ធ​នាយករដ្ឋមន្ត្រី​ទី១របស់​សឹង្ហបុរី លោក Lee Kaun Yew ដែល​បាន​ផុតដង្ហើម​កាលពី​ព្រលឹម​ថ្ងៃ​ចន្ទ។

ចំនែក នៅ​ជុំវិញ​ប្រជាជាតិ​ជា​កោះ​ដ៏​តូច​មួយ​នេះ​វិញ ពិធី​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​លោក លី​ត្រូវបាន​រៀបចំឡើង​នៅក្នុង​សហគមន៍​ចំនួន ១៨ ដើម្បី​អនុញ្ញាតិ​អោយ​សាធារណជន​សម្តែង​ការគោរព​ចុងក្រោយ​របស់​ពួកគេ​ចំពោះ​មេដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់នេះ។

តំណាងរាស្ត្រ​នៅ​សង្កាត់​Ang Mo Kio ដែលជា​សង្កាត់​មួយ​ក្នុងចំណោម​សហគមន៍​ចំនួន១៨ ដែល​បានរៀបចំ​ការ​រំលឹក​វិញ្ញាណក្ខន្ធ​នោះ បាន​និយាយថា មកដល់​ព្រឹក​ថ្ងៃ​អង្គារ​​​មនុស្ស​ជាង៦ពាន់​នាក់​បានមក​តំបន់​នេះ ចាប់តាំងពី​តំបន់​នេះ​បាន​បើកទទួល​ការ​រំលឹក​ដល់​លោក​លី តាំងពី​ម៉ោង ១០ ព្រឹក​ថ្ងៃ​ចន្ទ។ លោក បន្តថា អ្នកខ្លះ​បានមក​ទីនេះ​តាំងពី​ព្រលឹម​ម៉ោង ៧ និង ៣០នាទី​ ដើម្បី​គោរព​ដល់​លោក មុន​នឹង​ពួកគេ​ចេញ​ទៅ​ធ្វើការ​ឬ​ទៅ​បរិភោគ​អាហារ​ពេលព្រឹក។

រដ្ឋាភិបាល​សិង្ហបុរី នឹង​រៀបចំ​អោយ​ប្រជាជន​ទូទៅ​បាន​ចូល​គោរព​វិញ្ញាណក្ខន្ធ​ចំពោះ​លោក លី នៅឯ​វិមាន​រដ្ឋសភា ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ពុធ​តទៅ។ សព​របស់លោក លី នឹងត្រូវ​តម្កល់​នៅឯ​វិមាន​រដ្ឋសភា​ពីថ្ងៃ​ពុធ​រហូតដល់​ថ្ងៃ សៅរ៍ ដើម្បី​ទទួល​ការគោរព​ពី​សាធារណជន ចាប់ពី​ម៉ោង ១០ព្រឹក ដល់​ម៉ោង ៨យប់។ ចំនែក​យប់​ពិសេស​នៃ​ការ​រំលឹក​ដល់​លោក​លី នឹងត្រូវ​ធ្វើឡើង​នៅ​យប់​ថ្ងៃ​ពុធ​ចាប់ពី​ម៉ោង ៧យប់​ទៅ ដោយ​រួមមាន​ការ​ថ្លែង​អំពី​ការចងចាំ​ចំពោះ​លោក លី ពី​សំណាក់​បណ្តា​តំណាងរាស្ត្រ​ផងដែរ។

ពិធីបុណ្យសពជាតិ​ នឹងត្រូវ​ធ្វើឡើង​នៅ​ម៉ោង​២រសៀល ថ្ងៃអាទិត្យ នៅឯ​សកលវិទ្យាលយ័ជាតិ​សិង្ហបុរី ដោយ​រួមមាន​ការចូលរួម​ពី​ក្រុម គ្រួសារ មិត្តភ័ក្រ បុគ្គលិក ប្រធានាធិបតី រដ្ឋមន្ត្រី និង សមាជិកសភា ព្រមទាំង មន្ត្រីជាន់ខ្ពស់ និង​មន្ត្រីចាស់ៗ​ដែល​បានធ្វើ​ដំណើរ​តស៊ូ​ជាមួយ​លោក លី ។ បន្ទាប់មក ពិធី​បូជាសព​នឹងត្រូវ​ធ្វើ​ឡើងជា​ឯកជន​នៅឯ​ឈាបនដ្ឋាន Mandai។

ដោយឡែក សៀវភៅ​រំលែក​ទុក្ខ​ត្រូវ​បានដាក់​នៅខាងមុខ​ទ្វារ​ធំ​នៃវិមាន​រដ្ឋាភិបាល Istana និង នៅ​ស្ថានទូត​សិង្ហបុរី ប្រចាំ​នៅ​ក្រៅ​ប្រទេស ចាប់ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃអាទិត្យ ដើម្បី​ទទួល​អ្នក​ដែលមាន​បំណង​បង្ហាញ​ការគោរព​ជា​លើក​ចុង​ក្រោយ​ចំពោះ​លោក​លី។ សាធារណជន​ក៏​អាច​ចូល​រួម​រំលែក​ទុក្ខ​និង​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​លោក លី ​តាមរយៈ​គេហទំពរ័​ផ្លូវការ ផងដែរ ( http://www.rememberingleekuanyew.sg.) ។

ក្រៅពីនេះ សារមន្ទីជាតិ​សិង្ហបុរី និង ក្រុមប្រឹក្សា​កេរដំណែល​ជាតិ បានប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ អំពី​ការរៀបចំ ពិពរ័ណ៍ ចងចាំ​ដល់ លោក Lee Kuan Yew ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី ២៥ ខែ​មិនា ដល់​ថ្ងៃទី ២៦ ខែមេសា នៅ ឯ​សារមន្ទីរ​ជាតិ​សិង្ហបុរី។ ជា​ពិព័រណ៍​បើក​អោយ ចូលរួម​ដោយ​សេរី ធ្វើឡើង​ដើម្បី​បង្ហាញ​ការគោរព​និង​ចងចាំ​ដល់​នាយករដ្ឋមន្ត្រី​ទី១នៃ​ប្រទេស​សិង្ហបុរី។ ពិពរ័ណ៍​នេះ​រួមមាន​ការតាំង​បង្ហាញ​រូបថត និង ឯកសារ​សម្លេង និង រូបភាព ស្តីអំពី​ដំនើរ ជីវិត និង ការងារ​នយោបាយ​របស់​លោកលី។

សូមបញ្ជាក់ថា លោក Lee Kuan Yew ដែល​បានទទួល​មរណកាល កាលពី​ព្រលឹម​ថ្ងៃ​ចន្ទ ក្នុង​អាយុ៩១ឆ្នាំ គឺ​ជា​ស្ថាបនិក​និង​នាយករដ្ឋមន្ត្រី​ទី១​នៃ​ប្រទេស​សិង្ហបុរី ដែល​បាន​ដឹកនាំ​ប្រទេស​ដ៏​តូច​គ្មានអ្វី​សោះ​នេះ​តាំងពី ក្រីក្រ​រហូតដល់​ក្លាយ​ជា​ ប្រទេស​ដែល​រុងរឿង​ជាងគេ​នៅ​អាស៊ី និង​ល្អ​ជាង​បណ្តា​ប្រទេស​មួយចំនួន​នៅ​បច្ចឹម​លោក ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ