អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​លោក​ បារ៉ាក់​ អូបាម៉ា​ នឹង​អាច​ប្រកប​កិច្ចការ​អ្វី​ក្រោយ​បញ្ចប់​អាណត្តិ​ប្រធានាធិបតី?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃសុក្រ​ ទី​២០ មករា​នេះ​ លោក ​ បារ៉ាក់ អូបាម៉ា​ នឹងចាក​ចេញ​ពី​សេតវិមាន​ក្រោយ​ពី​បាន​កាន់​កាប់​តំណែង​ប្រធានាធិបតី​អាមេរិក​រយៈពេល ២ ​អាណត្តិ។​ ក្រោយ​ពី​បាន​រស់​នៅ​រយៈពេល​ ៨ ឆ្នាំ​ក្នុង​ឋានៈ​ជា​ប្រមុខ​ដឹកនាំ​កំពូល​របស់​សហរដ្ឋ​អាមេរិក​​ លោក​ បារ៉ាក់​ អូបាម៉ា​ និង​លោកស្រី​ មីស្សែល​ អូបាម៉ា​ ព្រម​ទាំង​កូនស្រី​ទាំងពីរ​នាក់​នឹង​ត្រលប់​ទៅរស់នៅ​ក្នុង​ជីវិត​បែប​ប្រជាជន​សាមញ្ញវិញ​។​ គិត​មក​ដល់​ពេល​នេះ​ លោក​ អូបាម៉ា​ មិន​ទាន់​ប្រកាស​ជា​ផ្លូវការនៅ​ឡើយ​ទេ​ ​អំពី​អាជីព​អ្វី​ដែល​លោក​ត្រូវ​ប្រកប​នាពេល​អានាគត។​ ប៉ុន្តែ​​ អ្នក​វិភាគ​នយោបាយ​អាមេរិក​បាន​សន្និដ្ឋាន​លើ​មុខ​របរ​មួយ​ចំនួន​ ដែល​លោក​ប្រធានាធិបតី​ស្បែក​ខ្មៅ​តំបូង​នេះ​អាច​ចាប់​យក។ 

លោក​ បារ៉ាក​អូបាម៉ា ​នៅ​ពេល​ថ្លែង​សន្ទរកថា​លើក​ចុងក្រោយ​របស់​លោក​​ក្នុង​នាម​​ប្រធានាធិបតី​សហរដ្ឋអាមេរិក​​នា​ថ្ងៃ​ទី​​១០​មករា​​២០១៧​ ​នៅ ​​Chicago.​
លោក​ បារ៉ាក​អូបាម៉ា ​នៅ​ពេល​ថ្លែង​សន្ទរកថា​លើក​ចុងក្រោយ​របស់​លោក​​ក្នុង​នាម​​ប្រធានាធិបតី​សហរដ្ឋអាមេរិក​​នា​ថ្ងៃ​ទី​​១០​មករា​​២០១៧​ ​នៅ ​​Chicago.​ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

លោក​ អូបាម៉ា តែង​ចៀសវាង​ឆ្លើយ​នឹង​សំណួរ​អ្នក​សារព័ត៌មាន​​ជុំវិញ​អាជីព​មុខរបរ​ដែល​លោកអាច​នឹង​ចាប់​យក​ពេល​ក្លាយ​ជា​ប្រជាជន​ស៊ីវិល។​ លោក​ធ្លាប់​បាន​មាន​ប្រសាសន៍​ហើយ​ថា​ ក្រោយ​ថ្ងៃ​ទី២០ មករា​ កិច្ចការ​តំបូង​គេ​បំផុត​ គឺ​លោក​នឹងចេញ​ទៅ​វិស្សមកាល​ចំនួន​ ២ សប្តាហ៍​។ ក្នុង​កំឡុង​ពេល​នោះ​ ​លោក​គ្រោង​លំហែកាយ​សំរាន្ត​លង់​លក់​តាម​ចិត្ត​ចង់​ក្រោយ​ពី​នឿយ​ហត់​នឹង​កិច្ចការ​ប្រទេស​ជាតិ។

 
នៅ​ក្នុង​ខ្សែវីដេអូ​មួយ​ដែល​ផ្សព្វផ្សាយ​ដោយ​សេតវិមាន​លើ​បណ្តាញ​សង្គម​យូធូបកាលពី​ខែ​ឧសភា​ ឆ្នាំ​២០១៦ លោក​ អូបាម៉ា​ បាននិយាយ​បែប​កំប្លែង​ថា លោក​ចាប់​អារម្មណ៍​លើ​​អាជីព​ជាច្រើន​ក្នុង​នោះ​មាន​ដូចជា​ ធ្វើ​ជា​គ្រូ​បង្វឹក​បាល់​បោះ​​ ឬ​ធ្វើ​ជា​អ្នក​ដើរ​ឃោសនា​ពាណិជ្ជកម្ម​។ ហើយ​លោក​ក៏​ត្រូវ​ទៅ​ប្រឡង​យក​ប័ណ្ណ​បើកបរ​ឡើង​វិញ​ផងដែរ។​ ប៉ុន្តែ បើតាម​ការ​វិភាគ​ទូទៅពីសំណាក់​អ្នក​ជំនាញ​នយោបាយ​អាមេរិក​ លោក​ បារ៉ាក់​ អូបាម៉ា​ មាន​ជំរើស​ច្រើន​ក្នុង​ការ​ចាប់​យក​អាជីព​ថ្មី​ក្នុង​ឋានៈពេល​ជា​ពលរដ្ឋ​សាមញ្ញ។

ជាបឋម​ មុន​នឹង​ពិចារណា​លើ​អាជីព​នាពេល​អនាគត​របស់​លោក​ អូបាម៉ា​ គេ​ត្រូវ​សួរ​ថា​តើ​លោក​ អូបាម៉ា​ និង​ក្រុម​គ្រួសារ​នឹង​ផ្លាស់​ទីលំនៅ​ទៅ​រស់នៅ​ទីក្រុង​ណា?​ សំរាប់​រយៈពេល​ខ្លី លោក​ អូបាម៉ា​ ធ្លាប់​បាន​ប្រកាស​ហើយ​ថា​ ​ លោក​នឹង​មិន​ចាក​ចេញ​ឆ្ងាយ​ពី​រដ្ឋធានី​វ៉ាស៊ីងតោន​​ឡើយ។​ លោក​គ្រោង​បន្ត​រស់នៅ​រដ្ឋធានី​នេះ​យ៉ាង​ហោច​ណាស់សំរាប់​រយៈពេល​ ២ ឆ្នាំ​បន្ថែម​ទៀត​ ដើម្បី​ទុក​ឱកាស​អោយ​កូនស្រី​ពៅ​គឺ នាង​ សាស្សា​ អាច​រៀន​បញ្ចប់​ថ្នាក់​មធ្យម​សិក្សា​នៅ​វិទ្យាល័យ​ Sidwell Friends School។

ឆ្លៀត​ពេល​បន្ត​រស់នៅ​រដ្ឋធានី​វ៉ាស៊ីងតោន​ លោក​ អូបាម៉ា​ អាច​នឹង​ចាប់​អាជីព​ជា​សាស្រ្តាចារ្យ​បង្រៀន​ផែ្នក​និតិ​សាស្រ្ត​អោយ​សាកលវិទ្យាល័យ​ Columbia។​ វាគ្មាន​អ្វី​ចំឡែក​ទេ​ ព្រោះ​​លោក​ អូបាម៉ា​ ក៏​ធ្លាប់​សិក្សា​ផែ្នក​និតិសាស្រ្ត​នៅ​សាកលវិទ្យាល័យ​នោះ​ផង​ដែរ​ កាលពី​កំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០។​ លោក​ អូបាម៉ា​ ក៏​អាច​នឹង​ចំណាយ​ពេល​សរសេរ​សៀវភៅ​រំលឹក​ការ​ចងចាំ​ ក្នុង​ពេល​ធ្វើ​ជា​ប្រធានាធិបតី​ដឹកនាំ​ប្រទេស។​ តាមពិត​ទៅ​ ការ​សរសេរ​រំលឹក​អតីតៈកាល​កិច្ចការ​ខ្លួន​បែប​នេះ​សឹង​តែ​ក្លាយ​ជា​កាតព្វកិច្ច​ទៅ​ហើយ​សំរាប់​ប្រធានាធិបតី​អាមេរិក​ម្នាក់ៗ។​ បើ​តាម​ការ​ប៉ាន់​ស្មាន​ ចំណូល​រក​បាន​ពី​ការ​សរសេរ​សៀវភៅ​នេះ​ស្ថិត​ក្នុង​រង្វង់​ទឹកប្រាក់​ ៣០០ លាន​ដុល្លារ​អាមេរិក ព្រោះ​លោក​ អូបាម៉ា​ ជា​ឥស្សរជន​នៅ​តែ​មាន​ប្រជាប្រិយភាព។

ជំរើស​មួយ​ទៀត​ គឺ​លោក​ អូបាម៉ា​ ក៏​អាច​រក​ចំណូល​បាន​ផងដែរ​ពីការ​ឡើង​ថ្លែង​សុន្ទរកថា​តប​តាម​ការ​អញ្ជើញ​ពី​ស្ថាប័ន​នានា។​ អតីតៈ​ប្រធានាធិបតី​អាមេរិក​​ ឬ​ឥស្សរ​ជន​នយោបាយ​ដ៏ទៃ​ទៀត​តែង​ចាប់​យក​អាជីព​នេះតាមរយៈ​ទេពកោសល្យ​ថ្វីមាត់​របស់​ខ្លួន។​ តួយ៉ាង​ដូចជា​លោក​អតីតៈ​ប្រធានាធិបតី​ ប៊ីល​ ក្លីនតុន​ គាត់​រក​ចំណូល​បាន​ចំនួន​ ២៥ ម៉ឺន​ដុល្លារ​សំរាប់​សុន្ទរកថា​និមួយៗ។ នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​ទស្សនាវដ្តី​ Rolling Stone កាលពី​ខែ​វិច្ឆិការ​ ឆ្នាំ​២០១៦​ លោក​ អូបាម៉ា​ ក៏​បាន​ពន្យល់​ពី​បំណង​​ និង​គំរោង​មួយ​ចំនួន​សំរាប់​រយៈ​ពេល​យូរ​អង្វែង។​ លោក ​អូបាម៉ា ​ចង់​បង្កើត​មូលនិធិ​មួយ​ ដើម្បី​បណ្តុះ​បណ្តាល​ និង​ជួយ​ជ្រោម​ជ្រែង​អ្នក​ដឹកនាំ​វ័យ​ក្មេង​ជំនាន់​ក្រោយ។​ មូលនិធិ​នេះ​អាច​ធ្វើ​សកម្មភាព​ជួយ​អ្នក​នយោបាយ​ជំនាន់​ក្រោយ​នៅ​សហរដ្ឋ​អាមេរិក​ ឬ​នៅ​តាម​ប្រទេស​នានា​ ដែល​ចង់​បណ្តុះ​ថ្នាល​លិទ្ធិ​ប្រជាធិបតេយ្យ។

លោក​ អូបាម៉ា​ ក៏​ចាប់​អារម្មណ៍​ផងដែរ​លើ​ការ​ពិចារណា​ និង​ការ​វិភាគ​លើ​ប្រធាន​បទ​សំខាន់​មួយ​ គឺការ​ផ្សព្វផ្សាយ​ព័ត៌មាន។​ លោក​ អូបាម៉ា​ យល់​ឃើញ​ថា​ បណ្តាញ​សារព័ត៌មាន​កំពុង​តែ​ឆ្លង​កាត់​ការ​ផ្លាស់​ប្តូរ​មួយ​។​ គុណភាព​នៃព័ត៌មាន​ ឬ​ដំណឹង​កំពុង​តែ​ត្រូវ​បាន​គំរាម​កំហែង​ក្នុង​​ប្រព័ន្ធ​​អេកូ​ថ្មី​នៃ​បណ្តាញ​សារព័ត៌មាន​ជាពិសេស​ គឺ​តាម​រយៈ​បណ្តាញ​សង្គម​ និង​ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធើណេត​។​ បច្ចុប្បន្ន​នេះ​ ព័ត៌មាន​ត្រឹម​ត្រូវ​ និង​ព័ត៌មាន​កុហក​បោកប្រាស់​កំពុង​តែ​ចរាចរណ៍​ពាសពេញ​បណ្តាញ​ទាំង​នេះ។​ ប៉ុន្តែ​ លោកស្រី​ Jen Psaki នាយិកា​ទទួល​បន្ទុក​ផែ្នក​សារគមនាគមន៍​របស់​លោក​​ អូបាម៉ា​​ បាន​បដិសេធ​ចំពោះ​ពាក្យ​ចចាម​អារ៉ាម​មួយ​ដែល​ថា​លោក​ អូបាម៉ា​ ចង់​បង្កើត​ស្ថានីយ៍​ទូរទស្សន៍​ Obama TV។

ក្រៅ​ពី​រដ្ឋធានី​វ៉ាស៊ីងតោន​ សំរាប់​រយៈពេល​យូរអង្វែង​ ក្រុម​គ្រួសារ​លោក​ អូបាម៉ា​ ក៏​អាច​នឹង​ត្រលប់​ទៅ​រស់នៅ​ទីក្រុង​ស៊ីកាហ្គោវិញ​ផងដែរ។​ នៅទីនោះ​ លោក​ អូបាម៉ា​ បាន​សាងសង់​បណ្ណាល័យ​ប្រធានាធិបតី​មួយ​។​ ​លោក​ អូបាម៉ា ស្គាល់​ទីក្រុង​នោះ​ច្បាស់​ដូច​បាត​ដៃ​អញ្ចឹង ព្រោះ​លោក​បាន​ចំណាយ​ពេល​យុវវ័យ​រស់នៅ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ។​ នៅទីនោះ​ ​លោក​បានចាប់​ផ្តើម​ការងារ​តំបូង​ក្នុង​ឋានៈ​ជា​​អ្នក​ធ្វើ​ការ​ផែ្នក​សង្គម​កិច្ច​។​ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ លោក​ប្តូរ​មុខ​របរ​ធ្វើ​ជា​មេធាវី​។ បន្ទាប់​មក​ទៀត​ លោក​បាន​ក្លាយ​ជា​សាស្រ្តាចារ្យ​ផែ្នក​និតិសាស្រ្ត​។​ ហើយចុងក្រោយ​ ​លោក​បាន​ប្រឡូក​ក្នុង​ឆាក​នយោបាយ​មុន​នឹង​ជាប់ឆ្នោត​ជា​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​សភា​ក្នុង​តំបន់​របស់​រដ្ឋ​អ៊ីលីណយ​ (Illinois)។

ហើយនៅ​ទីក្រុង​ស៊ីកាហ្គោ​នេះ​ផងដែរ​ លោក​ អូបាម៉ា​ បាន​ជួប​អនាគត​ភរិយា​ គឺ​លោកស្រី​ ម៉ីស្សែល​ អូបាម៉ា​។​ ដោយមាន​កូនស្រី​ពីរ​នាក់​ គូស្វាមីភរិយា​មួយគូ​នេះ​បាន​រស់នៅ​ជាមួយ​គ្នា​នៅ​ទីក្រុង​នេះ​រហូត​ដល់​ឆ្នាំ​២០០៩​។ ឆ្នាំ​ដែល​លោក​ បារ៉ាក់​ អូបាម៉ា​ ត្រូវ​ឡើង​ចូល​កាន់​កាប់​មុខ​តំណែង​ប្រធានាធិបតី​អាមេរិក​ជាផ្លូវការ។

សេណារីយ៉ោ​មួយ​ទៀត​ ក្រុម​គ្រួសារ​លោក​ អូបាម៉ា ក៏​អាច​ទៅរស់នៅ​រដ្ឋ​ហាវៃ​ផងដែរ។​ កូនកោះ​ដែល​ជា​រដ្ឋ​នៅ​ឯនាយ​សមុទ្រ​របស់​អាមេរិក​នេះ​ហើយ​ជា​ទីកន្លែង​ដែល​លោក​ អូបាម៉ា​ បាន​ចាប់​កំណើត។​ លោក​បាន​ធំដឹងក្តី​នៅ​ទីនោះ​ដោយ​បាន​រស់នៅ​ក្នុង​ផ្ទះ​ជាមួយ​ជីដូនជីតា​។ លោក​តែង​ជំពាក់​ចិត្ត​ជាមួយ​ទីកន្លែង​កុមារភាពមួយ​នេះ។​ រយៈ​ពេល​ ៨ ឆ្នាំ​ចុង​ក្រោយ​នេះ​ លោក​ អូបាម៉ា​ តែង​ចំណាយ​ពេល​រាល់​ថ្ងៃ​វិស្សមកាល​ចុង​ឆ្នាំ​នៅ​កោះ​ហាវ៉ៃ​នេះ។ ហើយ​កោះនេះ​ក៏​ជា​ទីកន្លែង​ស្ងប់​ស្ងាត់​សំរាប់​គ្រួសារ​លោក​ អូបាម៉ា​ ក្នុង​ការ​សំរាក​លំហែរ​កាយ​ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ