អានតួអត្ថបទ

ភូមា រងគ្រោះ​យ៉ាង​ធ្ងន់ធ្ងរ​​ដោយសារ​ទឹកជំនន់​ទន្លេ​មេគង្គ

ទឹកភ្លៀង​រដូវវស្សា​កំពុង​ធ្លាក់យ៉ាងខ្លាំង​ នៅ​តំបន់ទន្លេមេគង្គ​នា​ប៉ុន្មានថ្ងៃ​ចុងក្រោយនេះ​ នៅក្នុងប្រទេស​ភូមា​។ ទឹកភ្លៀង​ដ៏ច្រើន​ហួស​ប្រមាណនេះ​ បាននិងកំពុង​បង្ក​ជា​ទឹកជំនន់​យ៉ាងគំហុក​ និង​បានសម្លាប់​ប្រជាពលរដ្ឋភូមា​រាប់សិបនាក់​ ហើយ​បាន​បង្ខំឱ្យ​មនុស្សប្រមាណ​ ១៥០,០០០ នាក់​ រត់ភៀសខ្លួន​ទៅរក​កន្លែង​មានសុវត្តិភាព​។

ពលរដ្ឋភូមា ដើរឆ្លងកាត់តាមភូមិឋានដែលកំពុងជនលិចទឹកនៅតំបន់បាហ្គូ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។
ពលរដ្ឋភូមា ដើរឆ្លងកាត់តាមភូមិឋានដែលកំពុងជនលិចទឹកនៅតំបន់បាហ្គូ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។ REUTERS/Stringer NO RESALES. NO ARCHIVES.
ផ្សាយពាណិជ្ជកម្ម

ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋភូមា​ បាន​រាយការណ៍ថា​ ​ប្រជាពលរដ្ឋ​ចំនួន​ជិត​ ១៥០,០០០​ នាក់​ត្រូវបាន​គេជន្លៀស​ទៅក្នុងជំរំ​ចំនួន​ ៣២៧ ខណៈ​ពលរដ្ឋភូមា​ប្រមាណ​ ២៨,០០០​ នាក់ផ្សេងទៀត​ កំពុងតែ​ជាប់គាំង​នៅក្នុងផ្ទះ​របស់ពួកគេ​ ដែល​ជន់លិច​ដោយទឹកជំនន់​។ មនុស្ស​រាប់ពាន់នាក់​ ដែល​ជាប់នៅក្នុង​ផ្ទះទាំងនោះ​ កំពុងតែ​រង់ចាំ​ទូកសង្គ្រោះ​ អាហារ​និង​គ្រឿងសម្ភារៈផ្គត់ផ្គង់​ផ្សេងៗ​ពី​ភ្នាក់ងារ​សង្គ្រោះ​។

មួយវិញទៀត​ មាន​ពលរដ្ឋ​រងគ្រោះ​ដោយទឹកជំនន់ខ្លះ​ បានស្វះស្វែង​ដើរ​ឆ្លងកាត់ទឹកជ្រៅ​ដល់ត្រឹមចង្កេះ​ ដើម្បី​ទទួលបាន​ការបរិច្ចាគ​នានា​ ខណៈដែល​អ្នកផ្សេងទៀត​កំពុង​ចែវទូក​ធ្វើពីឫស្សី​ ឬ​សំបកកំប៉ុង​ឆ្លងកាត់​ទឹក​ ដែល​កំពុង​ជន់លិច​ភូមិឋាន​របស់​ពួកគេ​។

ឆ្លើយតប​នឹងបញ្ហាទឹកជំនន់​ដែល​បន្តមាននេះដែរ​ រដ្ឋាភិបាលភូមា​ នៅតែ​បន្ត​ចំណាត់ការ​ជម្លៀស​ប្រជាជន​នៅតំបន់​រងគ្រោះខ្លាំង ​ដោយសារ​ការហៀរ​ទឹក​យ៉ាងច្រើន​ ចេញពី​ទំនប់​និងអាងស្តុក​ ដូចជានៅ​ តំបន់​បាហ្គោ​ និង​តានីនថារី​ ជាដើម​។

ពលរដ្ឋ​រងគ្រោះភូមា​ម្នាក់​ បាន​និយាយថា​ លោក​និងក្រុមគ្រួសារ​ គ្មានជំរើស​អ្វីក្រៅតែ​គេចចេញពី​គ្រោះទឹកជំនន់​ ដែលពួកគេ​គិតថា​ជាគ្រោះអាក្រក់បំផុត​ និង​មិនធ្លាប់​ជួបប្រទះ​ពីមុនមកនោះទេ​។

បុរស​រងគ្រោះភូមា​ម្នាក់ទៀត​រ័យ៤៣ ឆ្នាំ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌បារំាង​ AFP​ ថា​ប្រជាពលរដ្ឋ​ព្រួយបារម្ភខ្លាំង​ខ្លាចបាក់ទំនប់​ ហើយ​នៅពេល​ដែល​អាជ្ញាធរ​ប្រកាស​អាសន្ន​ប្រាប់ពី​បញ្ហា​ទឹកជំនន់​  មនុស្សម្នា​នាំគ្នា​ភ័យស្លន់ស្លោ​ មិនដឹង​ត្រូវរត់​ទៅទីណានោះទេ​ ហើយក្មេងៗ​ព្រមទាំង​មនុស្សចាស់​ក៏ស្រែកយំ​។

តាមពិតទៅ​ ការធ្លាក់ភ្លៀងខ្លាំង​បានថយចុះហើយ​ នៅតាមតំបន់​ទំនាបភាគអាគ្នេយ៍​ ក្នុងប្រទេសភូមា​ ប៉ុន្តែ​គេព្យាករណ៍ថា​ ភ្លៀងនឹង​បន្តធ្លាក់ច្រើនទៀត​ នាប៉ុន្មាន​សប្តាហ៍​ខាងមុខ​ ដោយហេតុថា​រដូវវស្សា​ទើបតែឈានមកដល់​។ ក្រៅពីវាយប្រហារ​ទៅលើប្រទេសភូមា​ គួរកត់សម្គាល់​ផងដែរថា​ ទឹកជំនន់​ ក៏កំពុង​វាយលុកខ្លាំង​ទៅលើ​ប្រទេសជិតខាង​របស់​ភូមា​ មាន​ដូចជា​ ប្រទេសថៃ​ ឡាវ​ និង​វៀតណាមផងដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ