អានតួអត្ថបទ

អតីត​ប្រធានាធិបតី​ឈីលី​ នឹងត្រូវ​កាន់តំណែង​ជា​ប្រធាន​ឧត្តមស្នងការ​សិទ្ឋិមនុស្ស​ អ.ស.ប​

កាលពី​ថ្ងៃពុធ​ ម្សិលមិញនេះ​ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​ អាន់តូនីញ៉ូ​ ហ្គូទែរស៍​ បានប្រកាស​តែងតាំង​បេក្ខភាពលោកស្រី​ Michelle​ Bachelet​ ​ដែលជា​អតីត​ប្រធានាធិបតី​ឈីលី​ ឲ្យក្លាយជា​ប្រធាន​អង្គការ​សិទ្ឋិមនុស្ស​របស់​អ.ស.ប​។ ក្រុម​ប្រទេស​សមាជិក​ អ.ស.ប​ ចំនួន​ ១៩៣​ នឹង​ជួបប្រជុំគ្នា​នៅថ្ងៃសុក្រ​សប្តាហ៍នេះ​ ដើម្បី​អនុម័ត​លើការតែងតាំង​ខាងលើ ​ហើយ​គេជឿជាក់ថា​ លោកស្រី​Bachelet នឹង​ទទួលបាន​ការគាំទ្រ​យ៉ាងពេញទំហឹង​។

លោកស្រី Michelle Bachelet
លោកស្រី Michelle Bachelet REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ទោះបីជាយ៉ាងណា​ គេជឿថា​ លោកស្រី​ Bachelet​ នឹងពើបប្រទះ​បញ្ហាស្មុគស្មាញ​ជាច្រើន​ ក្នុងពេល​កាន់មុខតំណែង​ ជាប្រមុខ​សិទ្ធិមនុស្ស​របស់​ អ.ស.ប​។ ស្មុគស្មាញ​ ដោយហេតុថា​ កន្លងមកនេះ​ អ.ស.ប ​បានបរាជ័យ​ក្នុងការ​ដោះស្រាយ​វិបត្តិសិទ្ធិមនុស្ស​ចំបងៗ​នៅក្នុង​ប្រទេសអ៊ីរ៉ង់​ កូរ៉េខាងជើង​ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ ព្រមទាំង​នៅ​ទីកន្លែងផ្សេងៗទៀត​ជាច្រើន​។

ដោយឡែក​ ប្រធាន​ឧត្តមស្នងការ​សិទ្ឋិមនុស្ស​អ.ស.ប ​នាពេលបច្ចុប្បន្ន​ លោក​ Zeid​ នឹង​ចុះចេញ​ពីតំណែង​នៅថ្ងៃទី​៣១​ សីហា​ នេះ​។ ក្នុងពេល​កាន់​មុខតំណែង​ លោក​ Zeid​បាន​រិះគន់​យ៉ាងខ្លាំង​ ទៅលើ​គោលនយោបាយ​របស់​ប្រធានាធិបតី​អាមេរិក​ដូណាល់​ ត្រាំ ​ទាក់ទងនឹង​វិបត្តិសិទ្ឋិមនុស្ស​ ហើយលោក​មិនបាន​ដាក់សុំ​ប្រកួតប្រជែង​បន្តតំណែង​ទៀតឡើយ​ ដោយ​លោក​ដឹងថា​ គ្មាន​ការគាំទ្រ​ពី​ប្រទេស​មហាអំណាច​ដូចជា​ អាមេរិក​ ចិន​ និងរុស្សី​។

ជាការពិតណាស់​ ការកាន់​តួនាទី​ជា​ប្រធាន​ឧត្តមស្នងការ​សិទ្ឋិមនុស្ស​អ.ស.ប​ មិនមែន​ជាការងាយស្រួល​ឡើយ​ក្នុងស្ថានភាព​ដូចពេល​បច្ចុប្បន្ននេះ​។ ក្រុមអ្នកឃ្លាំមើល​សិទ្ធិមនុស្ស​បានលើកឡើងថា​ “សិទ្ធិមនុស្ស”​ ជាបញ្ហា​ដ៏ក្តៅគគុក​ ដូច្នេះ​មនុស្ស​ដែល​កំពុង​រងគ្រោះ​ នៅទូទាំងពិភពលោក​ នឹង​ផ្ញើវាសនា​របស់ពួកគេ​ទាំងស្រុង​លើលោកស្រី​ Bachelet ​។

ពាក់ព័ន្ឋ​នឹងបញ្ហាសិទ្ឋិមនុស្ស​នេះដែរ​ គេមើលឃើញ ​អាមេរិកជា​ប្រទេសមួយ​ដែល​ផ្តល់​ជំនួយយ៉ាង​ច្រើន​ទៅឲ្យអង្គការ​សហប្រជាជាតិ​។ ប៉ុន្តែ ​នាពេលកន្លងមកនេះ​ អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​ បានសម្រេច​កាត់បន្ថយថរិការ​វិភាគទាន​រាប់លានដុល្លារ​ ដែល​ជុំរុញឲ្យ​ប្រសិទ្ឋិភាព​របស់អ.ស.ប ​ក្នុងការ​ដោះស្រាយ​បញ្ហាសិទ្ឋិមនុស្ស​ធ្លាក់ចុះ​។

គួរជម្រាបជូនថា​ លោកស្រី​ Bachelet ​មានបទពិសោធន៍​ជាជនភៀសខ្លួន​ និង​ធ្លាប់ត្រូវបាន​គេធ្វើទារុណកម្ម​លើរាងកាយ​ មុនពេល​លោកស្រី​ក្លាយ​ជាមេដឹកនាំ​ប្រទេសឈីលី​។ ដូច្នេះហើយ​គេរំពឹងថា​ ក្នុងនាម​ជាអតីត​ជនរងគ្រោះ​ម្នាក់​ លោកស្រី​ Bachelet ​នឹងមាន​ឆន្ទះមោះមុត​ ក្នុងការ​ការពារ​សិទ្ធិមនុស្ស​ ទោះក្នុង​កាលៈទេសៈណា​ក៏ដោយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ