ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/10 12h00 GMT

យន្តហោះដឹកអ្នកដំណើរ១៨៩នាក់ របស់ឥណ្ឌូណេស៊ីធ្លាក់ចូលសមុទ្រ

យន្តហោះដឹកអ្នកដំណើរ១៨៩នាក់ របស់ឥណ្ឌូណេស៊ីធ្លាក់ចូលសមុទ្រ
 
ក្រុមជួយសង្គ្រោះ កំពុងដឹកសពអ្នកដំណើររបស់យន្តហោះ Lion Air ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រនៅឯកំពង់ផែTanjung Priok នៅហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨។ REUTERS/Stringer

យន្តហោះ​ដឹក​អ្នកដំណើរ​ឥណ្ឌូណេស៊ី​ Lion Air Boeing​​​៧៣៧​ ដែល​មាន​ផ្ទុក​អ្នកដំណើរ​ចំនួន​ ១៨៩​នាក់​ បានធ្លាក់​ចូលក្នុង​សមុទ្រភ្លាមៗ​ បន្ទាប់ពី​បានហោះចេញ​ពី​រដ្ឋធានី ​ហ្សាកាតា​ ឆ្ពោះទៅកាន់​រដ្ឋធានី​ Pangkal ​Pinang ​បាន​ត្រឹមតែ​រយៈពេល​១៣​ នាទីប៉ុណ្ណោះ​។ រហូតមកដល់ពេលនេះ​ មិនទាន់​មានជនរងគ្រោះ​ណាម្នាក់​ ត្រូវបាន​គេ​រកឃើញថា​នៅ​រស់រាន​មាន​ជីវិតឡើយ​ ហើយ​ព័ត៌មាននេះ​ បាន​ធ្វើឲ្យ​ក្រុមគ្រួសារ​របស់​អ្នកដំណើរ​របស់​ក្រុមហ៊ុន​ Lion Air ​មាន​ការភ័យ​តក់ស្លុត​ និង​នាំគ្នា​ត្រហូរយំ​ជាខ្លាំង​។

ហេតុការណ៍​មុនពេល​ធ្លាក់​យន្តហោះ​

បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រុមហ៊ុន​ Lion Air​ យន្តហោះ​ដឹក​អ្នកដំណើរ​ឥណ្ឌូណេស៊ី​ Lion​ Air​ Boeing ​៧៣៧​  បាន​ហោះចេញ​ពី​ព្រលាន​យន្តហោះ​Soekarno-Hatta ក្នុង ទីក្រុង ហ្សាកាតា​នៅវេលាម៉ោង​៦និង២០ នាទីព្រឹក​ ម៉ោងក្នុងស្រុក​ នាព្រឹក​ថ្ងៃចន្ទ​ទី២៩​ តុលានេះ​ ។

យន្តហោះ​ Lion Air​ Boeing ៧៣៧​ ដឹក​អ្នកដំណើរ​សរុបទាំងអស់​ចំនួន​ ១៨៩​នាក់ ​ដែល​ក្នុងនោះរួមមាន​ផងដែរ​បុគ្គលិកយន្តហោះ​៦ នាក់​ អ្នក​បើកបរ​យន្តហោះ​២ នាក់​ ក្មេងម្នាក់​ និងទារក​២នាក់​។ ជើង​យន្តហោះនេះ​ ធ្វើដំណើរ​ឆ្ពោះទៅ​ចុះចត​នៅឯ​ព្រលាន​យន្តហោះ​ Depati ​Amir​ នៅ​រដ្ឋធានីដែនកោះ​Pangkal​ Pinang​។ ហើយ​ការ​ហោះហើរនេះ​ត្រូវការ​រយៈពេល​មួយម៉ោង​។ ក៏ប៉ុន្តែ​ក្រោយ​ចេញដំណើរ​បាន​ត្រឹមតែ​១៣ នាទី​ គេ​ក៏​បាត់​ទំនាក់ទំនង​ជាមួយ​យន្ដហោះ​តែម្តង​។

ដោយឡែក​ មុនពេល​បាត់​ទំនាក់ទនង​ និង​ ធ្លាក់​ចូល​ទឹកសមុទ្រ​ចាវ៉ា​ អ្នក​បើក​យន្តហោះ ​បាន​សុំបង្វែរ​ទិសដៅ​ ដោយ​ហោះ​ត្រលប់​ទៅកាន់​ព្រលាន​ នៅ​ហ្សាកាតា​វិញ​។ នេះ​ បើតាម​ការិយាល័យ​សង្គ្រោះ​ ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ក្នុងស្រុក​ឥណ្ឌូណេស៊ី​។

មូលហេតុ ដែលនាំឲ្យយន្តហោះធ្លាក់

ក្រោយ​គ្រោះថ្នាក់​ គេ​នៅ​មិនទាន់​ដឹង​នៅឡើយទេ​ អំពី​មូលហេតុ​ពិតប្រាកដ​ ដែល​ធ្វើ​ឲ្យ​យន្តហោះ​ដឹកអ្នកដំណើរ​ឥណ្ឌូណេស៊ី​របស់​ក្រុមហ៊ុន​ Lion Air​ ដែលមាន​ផ្ទុក​អ្នក​ដំណើរ​រហូតដល់​ចំនួន​១៨៩​នាក់ហ្នឹង​ ធ្លាក់ចូល​ក្នុង​ទឹកសមុទ្រ​ចាវ៉ា​នោះ​។ រហូត​មកដល់​ពេលនេះ​ គេគ្រាន់​តែ​ដឹងថា​ យន្តហោះ​បានធ្លាក់​ចូល​សមុទ្រក្នុង​ជម្រៅ​ប្រមាណ​ ៣០ ​ទៅ ៤០​ ម៉ែត ​ក្រោយពេល​បាត់ខ្លួន​ពីរ៉ាដា​ និងបន្ទាប់ពី​ហោះហើរ​ហើយ​បាន​១៣នាទី​រួចមក​។

យ៉ាងណា​ក៏ដោយ​ បើតាម​ការ​ឲ្យដឹង​ពី​អាជ្ញាធរ​ឥណ្ឌូណេស៊ី​វិញ​ ក្នុងពេលនេះ​ភ្នាក់ងារ​សង្គ្រោះ​ កំពុង​ដុតដៃ​ដុតជើងគ្នា​ស្វែង​រក​ប្រអប់ខ្មៅ​ និង​បំបែក​សេសសល់​ នៃ​យន្តហោះ​។ ហើយ​បើតាម​ព័ត៌មាន​ចុងក្រោយ​បង្អស់​ មាន​ប្រេងសាំង​ កម្ទេចកម្ទី​ បំណែកផ្សេងៗ​ ព្រមទាំង​របស់របរ​ផ្ទាល់ខ្លួន​របស់​អ្នកធ្វើដំណើរ​ផង​ ត្រូវបាន​គេ​ប្រទះឃើញ​អណ្តែត​លើផ្ទៃសមុទ្រ​ហើយ​។ នេះ បើតាម​ទីភ្នាក់ងារ​សង្គ្រោះបន្ទាន់​ឥណ្ឌូណេស៊ី​ មិនតែប៉ុណ្ណោះ​គេ​ក៏បាន​ដឹងផងដែរថា​ កម្ទេចកម្ទី​ នឹង​បំណែក​ទាំងនោះ​ ត្រូវបាន​គេ​មើលឃើញ​នៅជិត​រោងចក្រ​ចម្រាញ់ប្រេង​នៅលើ​នាយសមុទ្រ​ចាវ៉ា​ ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ថាមពល​រដ្ឋ​ឥណ្ឌូណេស៊ី​។

ប្រតិកម្ម​របស់​ក្រុមហ៊ុន​Lion Air​ ក្រាយ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​

ភ្លាមៗ​ក្រោយ​គ្រោះ​អកុសល​នេះ​ តំណាង​ក្រុមហ៊ុន​ Lion Air ​បាននិយាយ​ថា​ ក្រុមហ៊ុន​ពិតជា​ខ្វល់ខ្វាយ​ខ្លាំងណាស់​អំពីគ្រោះ​ថ្នាក់​ យន្តហោះ​ធ្លាក់ចូល​ទឹកសមុទ្រ​ជម្រៅ ​៣០​-៤០ ​ម៉ែត​នេះ​។ ក្រៅតែពី​នេះ​ ក្រុមហ៊ុន​និង​ធ្វើការ​ជាមួយ​ភ្នាក់ងារ​ និង​ដៃគូ​ពាក់ព័ន្ឋ​ឆាប់ៗ​ ដើម្បី​ឆ្លើយ​តប​នឹង​គ្រោះអកុសល​នេះ​។

ទាក់ទិន​បញ្ហានេះ ខាង​ក្រុមហ៊ុន​ក៏បាន​សម្តែង​នូវការ​ងឿងឆ្ងល់​ជាខ្លាំង​ អពី​មូលហេតុ​នៅពីក្រោយ​ការធ្លាក់​យន្តហោះ​នេះ​ដែរ​។ ជាក់ស្តែង​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍​ Lion Air​ បាន​និយាយ​ថា​ ខា​ងក្រុមហ៊ុន​ពិតជា​មិនយល់​សោះ​ ថា​ហេតុអ្វី​បានជា​យន្តហោះ​ធ្លាក់បាន​ បើយន្ត​ហ្នឹង​វាថ្មី​ ហើយ​ទើបនឹង​ដាក់​ឲ្យ​ដំណើរការ​ទៀត​។

បន្ថែមលើនេះ​ អ្នកតំណាង​ក្រុមហ៊ុន​ ក៏បាន​បញ្ជាក់​ផងដែរ​ថា​ យន្តហោះ​ជួបគ្រោះ​​ឧបទ្ទវហេតុ ធ្លាក់​ចូល​ទឹកសមុទ្រ​នេះ​ ធ្លាប់មាន​បញ្ហា​បច្ចេកទេស​ពីមុន​មកដែរ​ ប៉ុន្តែ​ត្រូវបាន​ជួសជុល​រួចរាល់​ហើយដែរ​។

គួរ​កត់សម្គាល់​ថា​ យន្តហោះ​ Boeing ​​៧៣៧ របស់​ក្រុមហ៊ុន​ Lion​ Air ​ឥណ្ឌូណេស៊ី​ ជា​ប្រភេទយន្តហោះ​ដែល​ទើបនឹង​ទិញថ្មី​ ហើយ​ទើបតែ​ដាក់ឲ្យ​ដំណើរការ​ក្នុង​រយៈពេល​ខ្លីប៉ុណ្ណោះ​ ពោល​គឺ​ចាប់ផ្តើម​នៅថ្ងៃ​ទី​១៥​ ខែ​សីហា​ ឆ្នាំ២០១៨​នេះ​។ វា​ គឺជា​យន្តហោះ​សម្រាប់​ការ​ធ្វើដំណើ​រក្នុងរយៈ​ចំណាយខ្លី​ និង​ក្នុង​តម្លៃទាប​ បើ​ប្រៀបធៀប​នឹង​ក្រុមហ៊ុន​ផ្សេងទៀត​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​។

ដោយឡែក​ នេះ​ក៏​មិនមែន​ជាគ្រោះ​ថ្នាក់ដំបូង​ឡើយ​ ដែល​យន្តហោះ​របស់​ក្រុមហ៊ុន​ Lion ​Air​ ឥណ្ឌូណេស៊ី​ ធ្លាប់​ជួប​ប្រទះ​នាពេល​កន្លងមក​។ ជាក់ស្តែង​ កាលពី​ឆ្នាំ ២០១៧​ កន្លងទៅ​ យន្ដហោះ​ Boeing​ មួយគ្រឿង​របស់​ក្រុមហ៊ុន​ Lion Air​ បាន​បើក​ប៉ះជាមួយ​យន្តហោះ​ Wings Air​ ខណៈពេល​ចុះចត​នៅអាកាសយានដ្ឋាន​ គូឡាម៉ាមូ​ នៅលើ​កោះ​ស៊ូម៉ាត្រា​ ប៉ុន្តែ​ជាសំណាងល្អ​ មិនមាន​អ្នកដំណើរ​ណាម្នាក់ឡើយ​រងរបួស​នៅគ្រានោះ​។។

បន្ថែមលើនេះ​ផងដែរ​ នៅខែ​ឧសភា​ ឆ្នាំ​ ២០១៦​ ក៏មាន​យន្តហោះ​ Lion Air​ ពីរគ្រឿង​ បានប៉ះគ្នា នៅអាកាសយានដ្ឋាន Soekarno-Hatta នៃរដ្ឋធានីហ្សាកាតា។

ដោយឡែក​ បើ​និយាយ​ពីកេរ្ត៍ឈ្មោះវិញ​ ក្រុមហ៊ុន​អាកាសចរណ៍​ Lion Air​ ធ្លាប់​ត្រូវបាន​អឺរ៉ុប​ចុះ​ក្នុងបញ្ចីខ្មៅ​ ដោយសារ​តែ​បញ្ហា​អសុវត្តិតភាព​។ រហូតទាល់​តែដល់ឆ្នាំ​២០១៦ ថ្មីៗនេះ​ ទើប​អឺរ៉ុប​ដកចេញ​ពីបញ្ចីខ្មៅវិញ​ បន្ទាប់ពី​ក្រុមហ៊ុន​បានធ្វើ​ការ​កែលម្អ​ផ្នែក​សុវត្តិភាព​របស់ខ្លួន​៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ