ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/01 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/01 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/01 12h00 GMT

ចំនួន​ភ្ញៀវវទេសចរ​លើស​​កម្រិត​​កំពុង​ក្លាយ​ជាឧបសគ្គ​សម្រាប់​ការ​អភិវឌ្ឍ​ទីក្រុង​ខ្លះ​នៅ​លើ​ពិភពលោក​

ចំនួន​ភ្ញៀវវទេសចរ​លើស​​កម្រិត​​កំពុង​ក្លាយ​ជាឧបសគ្គ​សម្រាប់​ការ​អភិវឌ្ឍ​ទីក្រុង​ខ្លះ​នៅ​លើ​ពិភពលោក​ អ្នកទេសចរចិន នៅទីក្រុង Washington DC (photo d'illustration). (Photo by Robert Alexander/Getty Images)

    នៅ​ពេល​ដែល​ចំនួន​ភ្ញៀវ​ទេសចរ​​កើន​ឡើង​ក្នុង​ប្រទេស​មួយ គេ​អាច​រំពឹង​ដល់​ ការ​កើន​ឡើង​ នៃ​ឱកាស​ការងារ​ និងប្រាក់​ចំណូល​របស់​​ប្រជាជនក្នុង​ស្រុក ខណៈរដ្ឋក៏អាចបង្កើនចំណូលជាតិផងដែរ។ ក៏ប៉ុន្តែ ផលវិជ្ជមានទាំងនោះ​ ក៏ត្រូវប្រឈមនឹងបញ្ហាសង្គមយ៉ាង​ច្រើនផងដែរ នៅពេលដែលចំនួនភ្ញៀវទេសចរបន្ត​កើនឡើងច្រើន​លើស​កម្រិត​។ តើ​មក​ពី​ហេតុអ្វី?

    ឆ្នាំ​២០១៨​បាន​កន្លង​ផុត​ទៅ​ហើយ តែ​វា​ជា​ឆ្នាំ​ដែល​ពោរ​ពេញ​​ទៅ​ដោយ ​​ការតវ៉ាប្រឆាំង​ទល់​​នឹង​​ចំនួនភ្ញៀវទេសចរកើន​ឡើង​ច្រើន​លើស​កម្រិត ឬ​ជាភាសាបារាំង “l'excès de tourisme” ជាពិសេស​ វា​កើត​ឡើង​នៅ​​ក្នុងទីក្រុង​​​ដ៏ពេញនិយម​មួយ​ចំនួន នៅ​ទ្វីប​អឺរ៉ុប​។ ជាក់​ស្ដែង បញ្ហា​ចំនួនភ្ញៀវទេសចរ​កើន​ឡើង​ច្រើនហួសកម្រិត​​មិនមែនជារឿង​ថ្មីនោះ​ទេ។ នេះ​បើ​យោង​តាម ​របាយការណ៍ របស់ វេទិកាសេដ្ឋកិច្ចពិភពលោក (Forum Économique Modiale) ​ចេញ​ផ្សាយ កាល​ពី​ពេល​ថ្មី​ៗ​នេះ។​

    ជាឧទាហរណ៍​  ទីក្រុង​​បាសេឡូណា ក្នុង​ប្រទេស​អេស៉្បាញ បាន​ក្លាយជា​​​​ចំណុច​ស្នូល​នៃ​ការព្រួយ​បារម្ភ​នេះ​ ដោយសារតែ ទីក្រុង​នេះ​ត្រូវ​ទទួលភ្ញៀវ​ទេសចរ ពី​ជុំ​វិញ​ពិភពលោក ក្នុង​ចំនួន​យ៉ាង​ច្រើន​ក្រៃ ជាពិសេស​ ​ក្នុង​អំឡុង​ពេលឈប់​សម្រាក និង​ថ្ងៃ​បុណ្យ​សាកល​នានា។ ជាក់ស្ដែង តួលេខ​បាន​ប៉ាន់ប្រមាណ​ថា មាន​​​​ភ្ញៀវទេសចរ​ជាង ៣០​​លាននាក់ ត្រឹម​​ក្នុង​មួយយប់ នៅឆ្នាំ​២០១៧ បើប្រៀបធៀប​ទៅ​នឹង​ចំនួន​ប្រជាជន​រស់នៅទីនោះ​ ដែល​មាន​ត្រឹម​តែ​ប្រមាណ ជាង​១លាន​៦​សែន​ នាក់ ប៉ុណ្ណោះ​។

    ចលនាបាតុកម្មច្រើន​រូប​ភាព ដែល​ទាមទារ​តវ៉ា​ប្រឆាំង​ជាមួយ​អាជ្ញាធរ បាន​កើន​ឡើង​នៅ​ពាសពេញ​តំបន់​អឺរ៉ុប។ យោង​តាម​អ្នក​ជំនាញ បញ្ហា​នេះ​បាន​និង​កំពុង​ក្លាយ​ជា​បញ្ហា​សាកល​មួយ។ ហើយ​បណ្តា​ទី​ក្រុង​ធំៗផ្សេង​ទៀត ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​នេះ រួម​មាន​ដូចជា ទីក្រុង​ប៉ារីសនៃ​ប្រទេស​បារាំង ទីក្រុងបែរឡាំងនៃ​ប្រទេស​អាល្លឺម៉ង់ ទីក្រុង​ក្យូតូ​នៃ​ប្រទេស​ជប៉ុន ឬកោះ​បាលីនៃ​ប្រទេស​ឥណ្ឌូណេស៊ី ជាដើម។ នៅ​ប្រទេស​ថៃ​ឯណោះ​វិញ ​នាល​ពេល​ថ្មី​ៗ​នេះ អាជ្ញាធរ​​បានបង្ខំចិត្ត​ ផ្អាក​សកម្មភាព​ទេសចរណ៍ នៅ​ឆ្នេរ​សមុទ្រ​ម៉ាយ៉ា ដែល​ជា​ឆ្នេរ​មួយ​ដ៏​ល្បីល្បាញរបស់​ពិភពលោក ដើម្បី​ទប់​ទល់នឹង​​ការប៉ះពាល់​ដល់បរិស្ថាន។

    តើ​បញ្ហា​ចំនួន​ភ្ញៀវ​ទេសចរ​លើសកម្រិតមាន​ទម្រង់​យ៉ាង​ដូម្តេច?

    “ចំនួនភ្ញៀវទេសចរលើសកម្រិត” សំដៅ​ដល់​ ស្ថាន​ភាព​ដែល​​កំណើន​ភ្ញៀវ​ទេសចរ ​មាន​ការ​កើន​ឡើង​ហួស​ប្រមាណ នៅ​ក្នុង​តំបន់​មួយ​ ហើយ​​វា​បាន​ជះឥទ្ធិពល​ជា​​អវិជ្ជ​មាន​ដល់ ​ប្រជា​ជនដែល​កំពុង​រស់​​នៅ​ក្នុង​តំបន់​នោះ ដោយ​វា​បាន​​​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជាអចិន្ត្រៃយ៍​ដល់​ របៀប​រស់​នៅ លទ្ធភាពទទួលបានសេវាកម្ម​ក្នុង​តំបន់​ និងការប៉ះពាល់​ដល់​សុខុមាលភាពរបស់​សង្គម​ ជាទូទៅ។ ជារួម​ បញ្ហា​នេះ​​អាច​ធ្វើ​ឱ្យមាន​ផល​ប៉ះពាល់​​ផ្សេង​ៗ​ ដូចជា ការ​ធ្វើឱ្យ​ខូច​ដល់​ទេសភាព ការ​បំពុល​បរិស្ថាន ការ​បំផ្លាញ​ឆ្នេរ ការ​ធ្វើ​ឱ្យប៉ះពាល់ ឬ​ការ​ដាក់​សម្ពាធ​ដល់​​​ហេដ្ឋារចនាសម្ព័ន្ធផ្សេង​ៗ ការ​ធ្វើ​ឱ្យ​តម្លៃ​អចលនទ្រព្យ​កើន​ឡើងខ្លាំង ឬ​ការ​កើន​ឡើង​ថ្លៃ​ទំនិញ ​ដែល​អាច​ធ្វើ​ឱ្យ​ម្ចាស់​ស្រុក ​ត្រូវ​ចំណាយ​ច្រើន​ជាង​មុន។

    ពិត​ប្រាកដ​ណាស់ វិស័យទេសចរណ៍​បាន​នាំមកនូវ ការងារ ការវិនិយោគ និង​អត្ថប្រយោជន៍​សេដ្ឋកិច្ច​ដល់​សង្គម​យ៉ាង​ច្រើន​។ ក៏ប៉ុន្តែ ការ​កើន​ឡើង​ចំនួន​ភ្ញៀវ​ទេសចរ​ក្នុង​កម្រិត​ណា​មួយ​ដែល​ច្រើន​ជ្រុល ហើយ​វា​មិន​បាន​គ្រប់គ្រង​ ដោយ​យកចិត្ត​ទុក​ដាក់​ពីអាជ្ញាធរ​ក្នុង​តំបន់ ឬ​រដ្ឋាភិបាល​នៃ​ប្រទេស​មួយ នោះ​វា​អាច​​បង្ក​ឱ្យមានបញ្ហាយ៉ាង​ច្រើន​អនេក។

    តើ​គេ​អាច​ដោះស្រាយ​បញ្ហា​នេះបាន​​យ៉ាង​ដូចម្ដេច?

    ការគ្រប់គ្រង​លំហូរ​ភ្ញៀវទេសចរ​ជា​រឿង​មួយ​លំបាក និង​មាន​ភាព​ស្មុគស្មាញ​។ ទោះ​ជាយ៉ាងណា គេ​អង្កេត​ឃើញ​ថា ទីក្រុង​មួយចំនួនបាន​ចាត់​វិធានការ​យ៉ាង​តឹងរ៉ឹង ដើម្បីទប់​ស្កាត់​ផលប៉ះពាល់ ដូចជា ការរៀបចំប្រព័ន្ធ​ពន្ធដារលើ​វិស័យទេសចរណ៍ឡើង​វិញ​ ការ​កែសម្រួល​ដល់​ការ​ផាកពិន័យផ្សេង​ៗ ឬ ការ​កាត់​បន្ថយ​សកម្ម​ភាព​ធ្វើ​ទីផ្សា​រ (Demarketing) ដែល​មាន​គោលដៅកាត់​បន្ថយ​ចំនួន​ភ្ញៀវ​ទេសចរ ឬ​ទាក់ទាញភ្ញៀវទេសចរ ក្នុង​ចំនួន​តិច តែ​ចំណាយច្រើន ហើយ​បង្ក​ផល​ប៉ះពាល់​តិច។ ក៏ប៉ុន្តែ គេ​ត្រូវ​ប្រឈម​នឹង​បញ្ហា​ផង​ដែរ ប្រសិនបើចំនួន​ភ្ញៀវ​ទេសចរ ធ្លាក់ចុះភ្លាមៗយ៉ាង​គំហុក នោះ​វា​ទំនងជាបង្ក​វិបត្តិខ្លះ សម្រាប់ប្រជាជន​ដែល​ពឹង​ផ្អែក​ខ្លាំង​លើ​វិស័យ​នេះ៕

    1. 1
    2. 2
    3. 3
    4. ...
    5. បន្ទាប់ >
    6. ចុងក្រោយ >
    កម្មវិធីផ្សាយផ្សេងទៀត
     
    សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ