អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ភពព្រះចន្ទ​កំពុង​ក្លាយ​ជា​ជម្រើស​គោលដៅ​អវកាស​ប្រជែង​គ្នា​ជាថ្មី​របស់​ពិភពលោក​សម្រាប់​ឆ្នាំ ២០១៩

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ជិត ៥០ឆ្នាំ​មុន ពោល​ក្នុង​ថ្ងៃទី២០ កក្កដា ឆ្នាំ ១៩៦៩ ជនជាតិ​អាមរិកាំង​ពីរ​រូប គឺ​លោក Neil Armstrong និង​លោក Buzz Aldrin បាន​ដាក់​ជើង​ជាន់​លើ​ឋានព្រះចន្ទ​ជា​លើកទី១។ ព្រឹត្តិការណ៍​កាល​ណោះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​ដ៏​អស្ចារ្យ​សម្រាប់​មនុស្សជាតិ។ ជិត ៥០ឆ្នាំ​ក្រោយ​មក ព្រះចន្ទ​ដែល​មាន​ចម្ងាយ ៣៨៤ ០០០គីឡូម៉ែត្រ​ពី​ផែនដី​កំពុង​ក្លាយ​ជា​ជម្រើស​គោលដៅ​អវកាស​ជា​ថ្មី​របស់​មនុស្ស​លោក។ តែ​អ្វី​ជា​ការ​កត់សម្គាល់ គោលដៅ​មួយ​នេះ​លែង​ជា​គោលដៅ​ផ្តាច់​មុខ​របស់​សហរដ្ឋអាមេរិក រុស្ស៊ី ឬ​ប្រទេស​ចិន​ទៀត​ឡើយ​សម្រាប់​ឆ្នាំ ២០១៩។

យានអវកាស​ចិន Yutu-2 នៅ​លើ​ដីព្រះចន្ទ ថ្ងៃទី៣ មករា ២០១៩
យានអវកាស​ចិន Yutu-2 នៅ​លើ​ដីព្រះចន្ទ ថ្ងៃទី៣ មករា ២០១៩ China National Space Administration/CNS via REUTERS
ផ្សាយពាណិជ្ជកម្ម

រហូត​មក​ដល់​ពេល​នេះ មាន​តែ ៣ប្រទេស​គត់​ដែល​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ឋានព្រះចន្ទ​បាន គឺ​សហរដ្ឋអាមេរិក រុស្ស៊ី និង​ប្រទេស​ចិន។ ចិន​ដែល​កាល​ពី​ថ្ងៃទី៣ មករា​កន្លង​ទៅ បាន​បញ្ជូន​យានអវកាស​ទៅ​ដាក់​លើ​ដី​ព្រះចន្ទ​ដោយ​ជោគជ័យ។ ព្រឹត្តិការណ៍​មួយ​នេះ​បាន​ធ្វើ​ឲ្យ​ពិភពលោក ពិសេស​ពិភពលោក​អ្នក​វិទ្យាសាស្រ្ត រួម​ទាំង​ពិភពលោក​អ្នក​អវកាស​មាន​ការ​កោតសរសើរ និង​ភ្ញាក់ផ្អើល​ជា​ពន់ពេក។ ភ្ញាក់ផ្អើល និង​កោត​សរសើរ​ក៏​ដោយសារ​ថា ចិន​បាន​បញ្ជូន​យានអវកាស​របស់​ខ្លួន​ឈ្មោះ យូទូ-២ (Yutu-2) ទៅ​ដាក់​លើ​ដី​ព្រះចន្ទ​នៅ​ត្រង់​កន្លែង​មួយ​ដែល​នៅ​មិន​ទាន់​មាន​ប្រទេស​ណា​មួយ​ធ្លាប់​បាន​ទៅ​ដល់​ទេ ពោល​នៅ​ផ្នែក​ម្ខាង​ទៀត​របស់​ព្រះចន្ទ​ដែល​សូម្បី​សហរដ្ឋអាមេរិក ឬ​រុស្ស៊ី​ក៏​មិន​ធ្លាប់​ស្គាល់​ដែរ។

គួរ​រម្លឹក​ថា​កាល​ពី ៥ឆ្នាំ​មុន ពោល​នា​ដំណាច់​ឆ្នាំ ២០១៣ ចិន​ធ្លាប់​បាន​បញ្ជូន​យានអវកាស​ទី១ យូទូ (Yutu) ទៅ​កាន់​ឋានព្រះចន្ទ​ម្តង​ហើយ តែ​នៅ​ត្រង់​កន្លែង​ដែល​សហរដ្ឋអាមេរិក​ធ្លាប់​បាន​បញ្ជូន​មនុស្ស​ទៅ។ នៅ​ក្នុង​បេសកកម្ម​ចំនួន ៦លើក​ចន្លោះ​ឆ្នាំ ១៩៦៩ និង ១៩៧២ មាន​អវកាសយានិក​ជនជាតិ​អាមេរិកាំង​ដល់​ទៅ ១២នាក់​បាន​ដាក់​ជើង​ជាន់​លើ​ដីព្រះចន្ទ​ដែល​មាន​ចម្ងាយ ៣៨៤ ០០០គីឡូម៉ែត្រ​ពី​ផែនដី​របស់​យើង។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​មាន​ទិន្នន័យ​អ្វី​ខ្លះ​ទេ​ដែល​យានអវកាស​ចិន​យូទូ-២ (Yutu-2) អាច​ប្រមូល​បាន​នៅ​លើ​ផ្ទៃ​ម្ខាង​ទៀត​របស់​ព្រះចន្ទ​នោះ។ តែ​ទីភ្នាក់ងារ​អវកាស​បារាំង​បាន​អះអាង​រួច​ហើយ​ថា ទោះ​បី​ជា​ទិន្នន័យ​អ្វី​ក៏​ដោយ​គឺ​វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​វិស័យ​វិទ្យាសាស្រ្ត។

បន្ទាប់​ពី​យានអវកាស​យូទូ-២ (Yutu-2) ចិន​បាន​គ្រោង​បញ្ជូន​យានអវកាស​យូទូ-៣ (Yutu-3) ទៅ​កាន់​ឋានព្រះចន្ទ​នៅ​ក្នុង​រង្វង់​ឆ្នាំ ២០១៩ ដដែល​ដើម្បី​នាំ​យក​មក​ផែនដី​នូវ​ទិន្នន័យ​ដែល​យានអវកាស​យូទូ-២ (Yutu-2) ប្រមូល​បាន។ បើ​តាម​មើល​ទៅ មហិច្ឆតា​អាវកាស​របស់​ចិន​ប្រហែល​មិន​មែន​ចប់​ត្រឹម​នេះ​ទេ ព្រោះ​បើ​គេ​អាច​បញ្ជូន​យានអវកាស​ទៅ​បាន រឿង​អី​បញ្ជូន​មនុស្សមែនទែន​ទៅ​មិន​បាន។ តែ​គេ​ក៏​មិន​ត្រូវ​និយាយ​ទេ​ថា បន្ទាប់​ពី​សហរដ្ឋអាមេរិក រុស្ស៊ី និង​ប្រទេស​ចិន ឥណ្ឌា​ក៏​បាន​ប្រកាស​ត្រៀម​ខ្លួន​បញ្ជូន​យានអវកាស Made in India ទៅ​កាន់​ដី​ព្រះចន្ទ​ដែរ​នា​ឆ្នាំ​ថ្មី ២០១៩ នេះ។

តាម​គម្រោង ឥណ្ឌា​គ្រោង​បញ្ជូន​យានអវកាស​មួយ​របស់​ខ្លួន និង​កូនយានអវកាស​អឺរ៉ុប​មួយ​ដែល​ផលិត​ក្នុង​ប្រទេស​ហូឡង់​ទៅ​ចុះ​លើ​ដីព្រះចន្ទ​នៅ​រង្វង់​ខែ​កុម្ភៈ​ខាង​មុខ។ ចំណែក​ជប៉ុន​ដែល​ជា​ប្រទេស​មហាអំណាច​មួយ​ទៀត​នៅ​អាស៊ី​ក៏​មិន​បាន​ព្រងើយកន្តើយ​ចំពោះ​រឿង​នេះ​ដែរ។ ក្រុង​តូក្យូ​បាន​ប្រកាស​ពី​គម្រោង​បញ្ជូន​ឧបករណ៍​ស្រាវជ្រាវ​មួយ​ទៅ​កាន់​ឋានព្រះចន្ទ​នៅ​ឆ្នាំ ២០២០ ២០២១ ដើម្បី​សិក្សា​លើ​តំបន់​ភ្នំភ្លើង​មួយ​នៅ​ដី​ព្រះចន្ទ។ ក្រៅ​ពី​ឥណ្ឌា និង​ជប៉ុន ព្រះចន្ទ​ក៏​ត្រូវ​បាន​កំពុង​សម្លឹង​ដោយ​ប្រទេស​អ៊ីស្រាអែល និង​រុស្ស៊ី​ដែរ។ បេសកកម្ម​នៅ​ឋានព្រះចន្ទ​របស់​ក្រុង​មូស្គូ​ជាមួយ​អឺរ៉ុប​ពី​ពេល​នេះ​ទៅ​ឆ្នាំ​ខាង​មុខ គឺ​ស្រាវជ្រាវ និង​ស្វែង​យល់​ពី​ទឹកកក​នៅ​ប៉ូលខាង​ត្បូង​របស់​ព្រះចន្ទ។

ចំណែក​សហរដ្ឋអាមេរិក​ដែល​កំពុង​ត្រៀម​ខ្លួន​ប្រារព្ធ​ខួប​គម្រប់ ៥០ឆ្នាំ​នៃ​ការ​ដាក់​ជើង​ជាន់​ដី​ព្រះចន្ទ​លើក​ដំបូង​របស់​លោក Neil Armstrong និង​លោក Buzz Aldrin ក្នុង​ថ្ងៃទី២០ កក្កដា ឆ្នាំ ១៩៦៩ ទីក្រុង​វ៉ាស៊ីនតោន​ក៏​ហាក់​មិន​បាន​ទុក​បណ្តោយ​ឲ្យ​ឋាន​គ្មាន​មនុស្ស​រស់នៅ​មួយ​នេះ​ធ្លាក់​ក្នុង​ដៃ​ប្រទេស​ណា​មួយ​ដែរ។ ក្នុង​ឆ្នាំ ២០១៧ លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ចុះ​ហត្ថលេខា​លើ​ក្រឹត្យ​មួយ​ដោយ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អវកាស​ណាហ្សា​រៀបចំ​បេសកម្ម​ត្រឡប់​ទៅ​ឋានព្រះចន្ទ​ជា​ថ្មី រួច​ទៅ​កាន់​ឋាន​ភពព្រះអង្គារ​ទៀត។ ឃើញ​ថា​ចាប់​ពី​ពេល​នេះ​ត​ទៅ ឋានព្រះចន្ទ​លែង​ជា​រឿងអាដ៏កំបាំង និង​លែង​ជា​គោលដៅ​ផ្តាច់មុខ​របស់​ប្រទេស​ណា​មួយ​ទៀត​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ