ភពព្រះចន្ទកំពុងក្លាយជាជម្រើសគោលដៅអវកាសប្រជែងគ្នាជាថ្មីរបស់ពិភពលោកសម្រាប់ឆ្នាំ ២០១៩
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:៥៦
កាលពីជិត ៥០ឆ្នាំមុន ពោលក្នុងថ្ងៃទី២០ កក្កដា ឆ្នាំ ១៩៦៩ ជនជាតិអាមរិកាំងពីររូប គឺលោក Neil Armstrong និងលោក Buzz Aldrin បានដាក់ជើងជាន់លើឋានព្រះចន្ទជាលើកទី១។ ព្រឹត្តិការណ៍កាលណោះត្រូវបានគេចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏អស្ចារ្យសម្រាប់មនុស្សជាតិ។ ជិត ៥០ឆ្នាំក្រោយមក ព្រះចន្ទដែលមានចម្ងាយ ៣៨៤ ០០០គីឡូម៉ែត្រពីផែនដីកំពុងក្លាយជាជម្រើសគោលដៅអវកាសជាថ្មីរបស់មនុស្សលោក។ តែអ្វីជាការកត់សម្គាល់ គោលដៅមួយនេះលែងជាគោលដៅផ្តាច់មុខរបស់សហរដ្ឋអាមេរិក រុស្ស៊ី ឬប្រទេសចិនទៀតឡើយសម្រាប់ឆ្នាំ ២០១៩។
រហូតមកដល់ពេលនេះ មានតែ ៣ប្រទេសគត់ដែលអាចធ្វើដំណើរទៅកាន់ឋានព្រះចន្ទបាន គឺសហរដ្ឋអាមេរិក រុស្ស៊ី និងប្រទេសចិន។ ចិនដែលកាលពីថ្ងៃទី៣ មករាកន្លងទៅ បានបញ្ជូនយានអវកាសទៅដាក់លើដីព្រះចន្ទដោយជោគជ័យ។ ព្រឹត្តិការណ៍មួយនេះបានធ្វើឲ្យពិភពលោក ពិសេសពិភពលោកអ្នកវិទ្យាសាស្រ្ត រួមទាំងពិភពលោកអ្នកអវកាសមានការកោតសរសើរ និងភ្ញាក់ផ្អើលជាពន់ពេក។ ភ្ញាក់ផ្អើល និងកោតសរសើរក៏ដោយសារថា ចិនបានបញ្ជូនយានអវកាសរបស់ខ្លួនឈ្មោះ យូទូ-២ (Yutu-2) ទៅដាក់លើដីព្រះចន្ទនៅត្រង់កន្លែងមួយដែលនៅមិនទាន់មានប្រទេសណាមួយធ្លាប់បានទៅដល់ទេ ពោលនៅផ្នែកម្ខាងទៀតរបស់ព្រះចន្ទដែលសូម្បីសហរដ្ឋអាមេរិក ឬរុស្ស៊ីក៏មិនធ្លាប់ស្គាល់ដែរ។
គួររម្លឹកថាកាលពី ៥ឆ្នាំមុន ពោលនាដំណាច់ឆ្នាំ ២០១៣ ចិនធ្លាប់បានបញ្ជូនយានអវកាសទី១ យូទូ (Yutu) ទៅកាន់ឋានព្រះចន្ទម្តងហើយ តែនៅត្រង់កន្លែងដែលសហរដ្ឋអាមេរិកធ្លាប់បានបញ្ជូនមនុស្សទៅ។ នៅក្នុងបេសកកម្មចំនួន ៦លើកចន្លោះឆ្នាំ ១៩៦៩ និង ១៩៧២ មានអវកាសយានិកជនជាតិអាមេរិកាំងដល់ទៅ ១២នាក់បានដាក់ជើងជាន់លើដីព្រះចន្ទដែលមានចម្ងាយ ៣៨៤ ០០០គីឡូម៉ែត្រពីផែនដីរបស់យើង។ គេនៅមិនទាន់ដឹងថា តើមានទិន្នន័យអ្វីខ្លះទេដែលយានអវកាសចិនយូទូ-២ (Yutu-2) អាចប្រមូលបាននៅលើផ្ទៃម្ខាងទៀតរបស់ព្រះចន្ទនោះ។ តែទីភ្នាក់ងារអវកាសបារាំងបានអះអាងរួចហើយថា ទោះបីជាទិន្នន័យអ្វីក៏ដោយគឺវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់វិស័យវិទ្យាសាស្រ្ត។
បន្ទាប់ពីយានអវកាសយូទូ-២ (Yutu-2) ចិនបានគ្រោងបញ្ជូនយានអវកាសយូទូ-៣ (Yutu-3) ទៅកាន់ឋានព្រះចន្ទនៅក្នុងរង្វង់ឆ្នាំ ២០១៩ ដដែលដើម្បីនាំយកមកផែនដីនូវទិន្នន័យដែលយានអវកាសយូទូ-២ (Yutu-2) ប្រមូលបាន។ បើតាមមើលទៅ មហិច្ឆតាអាវកាសរបស់ចិនប្រហែលមិនមែនចប់ត្រឹមនេះទេ ព្រោះបើគេអាចបញ្ជូនយានអវកាសទៅបាន រឿងអីបញ្ជូនមនុស្សមែនទែនទៅមិនបាន។ តែគេក៏មិនត្រូវនិយាយទេថា បន្ទាប់ពីសហរដ្ឋអាមេរិក រុស្ស៊ី និងប្រទេសចិន ឥណ្ឌាក៏បានប្រកាសត្រៀមខ្លួនបញ្ជូនយានអវកាស Made in India ទៅកាន់ដីព្រះចន្ទដែរនាឆ្នាំថ្មី ២០១៩ នេះ។
តាមគម្រោង ឥណ្ឌាគ្រោងបញ្ជូនយានអវកាសមួយរបស់ខ្លួន និងកូនយានអវកាសអឺរ៉ុបមួយដែលផលិតក្នុងប្រទេសហូឡង់ទៅចុះលើដីព្រះចន្ទនៅរង្វង់ខែកុម្ភៈខាងមុខ។ ចំណែកជប៉ុនដែលជាប្រទេសមហាអំណាចមួយទៀតនៅអាស៊ីក៏មិនបានព្រងើយកន្តើយចំពោះរឿងនេះដែរ។ ក្រុងតូក្យូបានប្រកាសពីគម្រោងបញ្ជូនឧបករណ៍ស្រាវជ្រាវមួយទៅកាន់ឋានព្រះចន្ទនៅឆ្នាំ ២០២០ ២០២១ ដើម្បីសិក្សាលើតំបន់ភ្នំភ្លើងមួយនៅដីព្រះចន្ទ។ ក្រៅពីឥណ្ឌា និងជប៉ុន ព្រះចន្ទក៏ត្រូវបានកំពុងសម្លឹងដោយប្រទេសអ៊ីស្រាអែល និងរុស្ស៊ីដែរ។ បេសកកម្មនៅឋានព្រះចន្ទរបស់ក្រុងមូស្គូជាមួយអឺរ៉ុបពីពេលនេះទៅឆ្នាំខាងមុខ គឺស្រាវជ្រាវ និងស្វែងយល់ពីទឹកកកនៅប៉ូលខាងត្បូងរបស់ព្រះចន្ទ។
ចំណែកសហរដ្ឋអាមេរិកដែលកំពុងត្រៀមខ្លួនប្រារព្ធខួបគម្រប់ ៥០ឆ្នាំនៃការដាក់ជើងជាន់ដីព្រះចន្ទលើកដំបូងរបស់លោក Neil Armstrong និងលោក Buzz Aldrin ក្នុងថ្ងៃទី២០ កក្កដា ឆ្នាំ ១៩៦៩ ទីក្រុងវ៉ាស៊ីនតោនក៏ហាក់មិនបានទុកបណ្តោយឲ្យឋានគ្មានមនុស្សរស់នៅមួយនេះធ្លាក់ក្នុងដៃប្រទេសណាមួយដែរ។ ក្នុងឆ្នាំ ២០១៧ លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានចុះហត្ថលេខាលើក្រឹត្យមួយដោយអនុញ្ញាតឲ្យក្រុមហ៊ុនអវកាសណាហ្សារៀបចំបេសកម្មត្រឡប់ទៅឋានព្រះចន្ទជាថ្មី រួចទៅកាន់ឋានភពព្រះអង្គារទៀត។ ឃើញថាចាប់ពីពេលនេះតទៅ ឋានព្រះចន្ទលែងជារឿងអាដ៏កំបាំង និងលែងជាគោលដៅផ្តាច់មុខរបស់ប្រទេសណាមួយទៀតឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ