ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 14/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/10 12h00 GMT

ប្រទេស​ដែលប្រព័ន្ធ​សុខាភិបាល​មាន​ និង​គ្មាន​ប្រសិទ្ធភាព​បំផុត​

ប្រទេស​ដែលប្រព័ន្ធ​សុខាភិបាល​មាន​ និង​គ្មាន​ប្រសិទ្ធភាព​បំផុត​
 
ច្រកចូល​នាយកដ្ឋាន​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ​សាកល​វិទ្យាល័យ​នៅ ​Uppsala​ ប្រទេស​​ស៊ុយអែត​​ថ្ងៃ​​ទី ​៣១​ ខែ​​សីហា​​ឆ្នាំ​​ ២០០៩ ។​​ News Agency/Fredrik Persson via REUTERS

ដើម្បី​​វាស់​វែង​ប្រសិទ្ធភាព​​នៃ​​ប្រព័ន្ធ​សុខាភិបាល​របស់​​​ប្រទេស​​មួយ ​គេ​អាច​​ប្រើ​ប្រាស់​​​ សន្ទស្សន៍​ប្រសិទ្ធភាពនៃ​​ការ​ថែទាំ​​សុខភាព​​ Bloomberg ​ដែល​ធ្វើ​ការ​​ប្រៀប​ធៀប​ អាយុកាល​រស់នៅ​ជា​មធ្យម​​របស់​មនុស្ស​ម្នាក់​ ធៀបជាមួយនឹង​​ ការ​ចំណាយ​​លើ​ការ​ថែទាំ​សុខភាព។ ​ហេតុអ្វី​ប្រព័ន្ធសុខាភិបាល​នៃប្រទេស​តូចមួយ ​តួយ៉ាង​​សិង្ហបុរី​ មាន​ប្រសិទ្ធភាព​ខ្ពស់​ខ្លាំង​​ ធៀបនឹងបណ្តាប្រទេសជឿនលឿន​ធំៗ​ផ្សេង​ទៀត?

យោង​តាម “សន្ទស្សន៍ប្រសិទ្ធភាពនៃការថែទាំសុខភាព Bloomberg” ឬ​ជា​ភាសា​អង់គ្លេស “Bloomberg Health-Efficiency Index” ដែល​បាន​ចេញ​ផ្សាយ​ កាល​ពី​ចុង​ឆ្នាំ​២០១៨នេះ ហុង​កុងនិង​សិង្ហបុរី ស្ថិត​នៅ​​ចំណាត់​ថ្នាក់​កំពូល ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ប្រសិទ្ធភាព​ប្រព័ន្ធសុខាភិបាល​ខ្ពស់​បំផុត។

ដើម្បី​វាស់​វែង​ប្រសិទ្ធ​ភាព​​ជារួម សន្ទស្សន៍​នេះ​ប្រៀប​ធៀប អាយុ​កាល​រស់​នៅ​ជា​មធ្យម​​របស់​មនុស្ស​ម្នាក់ ធៀប​ជាមួយនឹង​ ការ​ចំណាយជាក់​ស្ដែង​លើ​ការ​ថែទាំ​សុខភាព និង​​ការ​ចំណាយសរុបជាមធ្យម ធៀប​នឹង​ ​ចំណូល​ជាតិ​សរុប​ប្រចាំ​ឆ្នាំ របស់​ប្រទេស​មួយ។ ជាឧទាហរណ៍ នៅ​ឆ្នាំ​២០១៨ សិង្ហបុរី​មាន​​​ចំណាត់​ថ្នាក់​លេខ​២ តាម​ពីក្រោយ ហុងកុង ដោយ​បាន​ចំណាយ​សម្រាប់​មនុស្ស​ម្នាក់ ជាមធ្យម​ ត្រឹម​តែប្រមាណ ២២៨០ដុល្លារ​អាមេរិក ឬ​ស្មើ​ប្រហែល ៤,៣​ភាគរយ ​នៃ​ចំណូល​ជាតិ​សរុប​ប្រចាំ​ឆ្នាំ ខណៈ​អាយុ​សង្ឃឹម​រស់​របស់​ពលរដ្ឋ​សិង្ហបុរីមាន​រហូត​ដល់ ៨២,៧​ឆ្នាំ ឯណោះ។

ផ្ទុយ​ទៅវិញ សហរដ្ឋអាមេរិក ស្ថិត​នៅ​លេខ​រៀង​ទី៥៤ ដោយ​ត្រូវ​ចំណាយថវិកា​​យ៉ាង​ច្រើន​ ​រហូតដ​ល់​ជិត ​មួយ​ម៉ឺន​ដុល្លារអាមេរិក (៩,៥៣៦ ដុល្លារអាមេរិក) ឬ​ស្មើ​ជាង ១៦,៨​ភាគរយ នៃ​ចំណូល​ជាតិ​សរុប ប៉ុន្តែ​អាយុ​សង្ឃឹម​រស់​ របស់​មនុស្ស​ម្នាក់ មាន​​ត្រឹម ៧៨,៧​ឆ្នាំ​ ប៉ុណ្ណោះ។

ក្នុង​ចំណោមបណ្តា​​ប្រទេស​ ដែល​មាន​ចំណាត់​ថ្នាក់​កំពូល​ទាំង​១០ ប្រាំ​​ប្រទេស​មក​ពី​តំបន់​​អាស៊ី រួម​មាន ហុង​កុង សិង្ហបុរី កូរ៉េខាង​ត្បូង ជប៉ុន និង​តៃវ៉ាន់។ ពីរ​ប្រទេស​មក​ពីតំបន់​អឺរ៉ុប រួមមាន អេស្ប៉ាញ និង​អ៊ីតាលី រីឯ ​បី​ប្រទេស​ផ្សេង​ទៀត មក​ពី​តំបន់​ផ្សេងៗ​ រួមមាន អ៊ីស្រាអែល អូស្រ្ដាលី និង​ អេមីរ៉ាត​អារ៉ាប់​រួម។

បារាំង​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១៦ ដោយ​ចំណាយ​ជា​មធ្យម​សម្រាប់​មនុស្ស​​ម្នាក់ ៤០២៦​​ដុល្លារអាមេរិក ឬ​ស្មើនឹង​ ១១,១​ភាគរយ​នៃ​ចំណូល​ជាតិ​សរុប ខណៈ​អាយុកាល​សង្ឃឹម​រស់​នៃ​ប្រជាជន​បារាំង​មាន​ដល់ ៨២,៣ ឆ្នាំ។

ហេតុ​អ្វី​​ប្រព័ន្ធ​សុខាភិបាល​នៃ​ប្រទេស​តូច​មួយ​ តួយ៉ាង​សិង្ហបុរី មាន​ប្រសិទ្ធភាព​ខ្ពស់​ម្ល៉េះ​ ធៀប​នឹង​បណ្តា​ប្រទេស​ជឿន​លឿន​ធំ​ៗ​ផ្សេង​ទៀត?

យោង​​តាម ​របាយការណ៍របស់សាលាគោលនយោបាយសាធារណៈ​លីក្វាន់​យូ នៃ​សាកល​​​វិទ្យា​ល័យ​ជាតិ​សិង្ហបុរី អាច​មាន​ហេតុ​ផល​ចម្បង​បី។

ហេតុ​ផល​ទីមួយ ពាក់​ព័ន្ធ​នឹង​សមតុល្យរវាង វិស័យ​សាធារណៈ និងឯកជន។ ខុសពី​ប្រព័ន្ធ​សុខា​ភិបាល​នៅ​បណ្តាភាគច្រើន​នៅ​អឺរ៉ុប ដែល​អ្នក​ជម្ងឺ​មិន​ចាំបាច់​បង់​ប្រាក់ សម្រាប់​​សេវាកម្ម​សុខភាព​ ក៏ប៉ុន្តែ​ពួកគេ​ត្រូវ​បង់​ពន្ធ​ខ្ពស់ នៅ​សិង្ហបុរីឯណោះវិញ ប្រព័ន្ធ​សុខាភិបាល​​ត្រូវ​រ៉ាប់រង​ ទាំង​ដោយ ក្រសួង​សុខាភិបាល​របស់​រដ្ឋាភិបាល និង​ថែម​ទាំង​ ពី​ប្រជាជនខ្លួន​ឯង និង​វិស័យ​ឯកជន ផង​ដែរ។ ទោះ​ជាយ៉ាង​ណា  គេអង្កេត​ឃើញ​មាន ​កំណែ​​ទម្រង់​ចម្បង​ៗ​ធ្វើ​ឡើងផងដែរ ​ជា​បន្ត​បន្ទាប់ ហើយ​វា​​ប្រែប្រួល​ អាស្រ័យ​ទៅតាម​​បរិបទ​នៃ​ដំណើរ​វិវ​ឌ្ឍ​ន៍​របស់​​សង្គម និង​ពិភពលោក​ទាំង​មូល។​​

ហេតុ​ផល​ទីពីរ ពាក់​ព័ន្ធនឹង ហិរញ្ញប្បទាន​ប្រកប​ដោយចីរភាព។ ដើម្បី​ធានា​បាន​ចីរភាព​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ក្នុង​វិស័យ​​សុខា​ភិបាល  រដា្ឋ​ភិបាល​បាន​អនុវត្តវិធីសាស្រ្ដ​ចម្រុះ ដូចជា វិធានការ​បង់​ពន្ធ​សម្រាប់​សេវា​​សុខភាព​សាធារណៈទូទៅ ការធានា​រ៉ាប់រង​ដល់​ពលរដ្ឋ​ក្រីក្រ ឬផែនការ​សន្សំ​ឯកជនសម្រាប់​ករណី​ថែទាំ​សុខភាព​ធ្ងន់ធ្ងរ ជាដើម។

និយាយ​ជារួម គឺការ​ថែទាំ​សុខភាព ត្រូវ​ពឹង​ផ្អែក​ពីម្ខាង​ដោយ​អន្តារគមន៍​របស់រដ្ឋ និង​ម្ខាង​ទៀត​ដោយ​ពលរដ្ឋ​ខ្លួនឯង។ វិធាន​ការ​ទាំង​នេះ​ធ្វើ​ឡើង​ដើម្បី បង្កភាព​ងាយ​ស្រួល​ ដល់​ការ​ថែទាំ​សុខភាព ជាពិសេស​សម្រាប់​ពលរដ្ឋក្រីក្រ និង​ដើម្បី​បង្ការ​ផ្នែក​សីលធម៌ ​កុំ​ឱ្យ​មាន​អ្ន​ក​ដែល​ព្យាយាម​កេង​ចំណេញ​ប្រើប្រាស់​សេវាថែទាំ ដោយ​មិន​ខ្វល់​ខ្វាយ​ថែទាំ​សុខភាព​​ខ្លួនឯង។

ហេតុ​ផល​ចុងក្រោយ​ ពាក់​ព័ន្ធនឹង ការ​ចាត់វិធាន​ការយ៉ាង​ខ្លាំង​ខ្លាលើ​បទបញ្ញត្តិនានា។ ទោះបីជា​មាន​ការ​លើកទឹកចិត្ត​ដល់​ការ​ប្រកួតប្រជែង​ នៅក្នុង​ទីផ្សា​សេរីក៏ដោយ ក៏​រដ្ឋាភិបាល​​​បាន​អន្តរាគមន៍​ដោយ​ធ្វើ​ការ​វិនិយោគ​លើ​តំបន់​ណា ដែល​បរាជ័យ​របស់​ទីផ្សារ​ បាន​រុញ​ច្រាន​ឱ្យ​តម្លៃ​នៃ​ការ​ថែទាំ​សុខភាព​មាន​តម្លៃ​ថ្លៃ​ជ្រុល សម្រាប់​ប្រជាពលរដ្ឋ​។ ដោយ​សារ​វិស័យសាធារណៈរបស់​សិង្ហបុរី​គ្រប​ដណ្តប់​ដោយ​ស្ថាប័ន​រដ្ឋ គេ​ក៏​ឃើញ​មាន​ផង​ដែរថា មាន​ការ​យក​ចិត្ត​ទុក​ដាក់​តិចតួច​ណាស់​ ដែល​ផល​ប្រយោជន៍​វិស័យ​ឯកជន​ត្រូវ​បាន​ការពារ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ