អានតួអត្ថបទ

របាយការណ៍​៖ គួរមាន​សន្ធិសញ្ញាដោះស្រាយ​ ជម្ងឺធាត់ជ្រុល​ ភាពអត់ឃ្លាន​ និងបញ្ហាអាកាសធាតុ​

ដើម្បីលុបបំបាត់​ការរីករាលដាល​ នៃ​ជម្ងឺធាត់ជ្រុល​ ភាពអត់ឃ្លាន​ និងការប្រែប្រួលអាកាសធាតុ​ រដ្ឋាភិបាលទាំងអស់​ក្នុងសាកលលោក​ត្រូវទប់ស្កាត់​ឥទ្ធិពលនយោបាយ​របស់សាជីវកម្មធំៗ​។ នេះបើតាមការលើកឡើង នៅក្នុងរបាយការណ៍ក៏សំខាន់មួយ នាថ្ងៃចន្ទ ទី ២៨ មករា ឆ្នាំ២០១៩ ដែលបានអំពាវនាវឱ្យមាន«សន្ធិសញ្ញាសកល»មួយ ស្រដៀងគ្នានឹងសន្ធិសញ្ញា ដើម្បីគ្រប់គ្រងថ្នាំជក់ដែរ។ មិនតែប៉ុណ្ណោះ​ បើតាមរបាយណ៍ដដែលនេះ​ យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ទៅនឹងបញ្ហាខាងលើ​ មិនអាច​សម្រេចទៅបានឡើយ​ បើគ្មាន​ការចូលរួម​ ពីប្រជាជន​ រដ្ឋាភិបាល​ និង​ខាងក្រុមហ៊ុនសហគ្រាសនោះ​។

ពលរដ្ឋមួយចំនួនចូលរួមដើរជាក្បួនដើម្បីលើកកម្ពស់ការយល់ដឹងផ្នែកអាកាសធាតុ នៅឯទីក្រុងព្រុចស៊ែល ប្រទេសបែលហ្ស៉ិក។
ពលរដ្ឋមួយចំនួនចូលរួមដើរជាក្បួនដើម្បីលើកកម្ពស់ការយល់ដឹងផ្នែកអាកាសធាតុ នៅឯទីក្រុងព្រុចស៊ែល ប្រទេសបែលហ្ស៉ិក។ REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

បញ្ហាប្រឈមសំខាន់​បីរួមគ្នា​ រួមមាន​ ភាពអត់ឃ្លាន​ ការធាត់ជ្រុល​ និងបញ្ហាប្រែប្រួល​អាកាសធាតុ​ បាននិងកំពុងក្លាយជា​បញ្ហាចោទ​ដ៏សំខាន់បំផុតមួយ​ ដែល​មនុស្សលោក​នាពេលបច្ចុប្បន្ន​ត្រូវរួមគ្នា​ដោះស្រាយ​ជាដាច់ខាត​។

ជាក់ស្តែង​ មានមនុស្ស​ចំនួនប្រមាណជិត​ ១ ០០០ លាននាក់​កំពុងរស់នៅ​ក្នុងភាពអត់ឃ្លាន​ ហើយ​មនុស្សប្រមាណជា​ ២ ០០០ លាននាក់ផ្សេងទៀត​ កំពុងតែ​បរិភោគអាហារ​មិនត្រឹមត្រូវច្រើនជ្រុល​ ដែលនេះ​ជាមូលហេតុចំបង​ ធ្វើឲ្យ​មានការរីករាលដាល​ខ្លាំងឡើងនូវជម្ងឺ​ធាត់ជ្រុល​ ជម្ងឺបេះដូង​ និងជម្ងឺទឹកនោមផ្អែម​ពាសពេញសាកលលោក។

មួយវិញទៀត​ វិធីដែលចំណីអាហារ​និងគ្រឿងឧបភោគបរិភោគ​ ត្រូវផលិតឡើង​ វា​មិនត្រឹមតែជា​ចលករ​រុញច្រានឲ្យ​មានជម្ងឺធាត់ជ្រុល​ និង​ការស្រេកឃ្លាន​ កើតឡើងនោះទេ​ ក៏ប៉ុន្តែវា ក៏ជាកត្តា​ធ្វើឲ្យ​ផែនដី​ឡើងកម្តៅ​ តាមរយៈ​ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់​ប្រមាណជា​ ២៥​ ទៅ ៣០​ ភាគរយ​ផងដែរ​។

សូមជម្រាបជូនថា​ ទោះបីជា​អ្នកស្រាវជ្រាវ​បានចេញសេចក្តីព្រមាន​អស់រយៈពេលប្រមាណជា​ ៣០ ឆ្នាំហើយ​ យ៉ាងណាក្តី​ ក៏ប៉ុន្តែ​បញ្ហាផែនដីឡើងកម្តៅ​ នៅតែជាបញ្ហា​មិនទាន់អាចដោះស្រាយបាន​។ លើសពីនេះទៅទៀត​ ការបញ្ចេញឧស្ម័ន​កាបូនិច​ បានឡើងដល់កម្រិត​ខ្ពស់ខ្លាំង​នៅឆ្នាំ​ ២០១៧​ និងឆ្នាំ​២០១៨​ កន្លងទៅថ្មីៗនេះ​ទៀតផង​។

ដោយសារតែ​បញ្ហានៅតែកើតមាន​ និងបន្តកើនឡើង​ បែបនេះហើយ​ ទើប​អ្នកស្រាវជ្រាវ​ ខិតខំ​ជំរុញឲ្យមាន​ការចូលរួមយ៉ាងផុលផុស​ ពីសំណាក់​អ្នកទាំងអស់គ្នា​ ពោលគឺ​ ទាំងពលរដ្ឋសាមញ្ញ​ រដ្ឋាភិបាល​ និងបណ្តា​ក្រុមហ៊ុនពាក់ព័ន្ធទាំងអស់​។ ជាពិសេស​ គឺ​អំពាវនាវ​ឲ្យបង្កើតជា​អនុសញ្ញា​ក្របខ័ណ្ឌអន្តរជាតិមួយ​ ស្តីអំពី​ប្រព័ន្ធ​សុវត្តិភាពចំណីអាហារ​ ដែល​ប្រដៀងគ្នា​ទៅនឹង​ សន្ធិសញ្ញាគ្រប់គ្រង​លើថ្នាំជក់ដែរ​។

ទាក់ទងរឿងនេះដែរ​ នាយកគណៈកម្មការ Lancet Commission ដែល​មានជំនាញផ្នែក​ សុខភាព​ និងចំណីអាហារ​ បានលើកឡើងថា​ បញ្ហា​ដែល​ពិភពលោក​បាននិងកំពុង​ជួបប្រទះ ​រហូតមកដល់ពេលបច្ចុប្បន្ននេះ​ ទាមទារឲ្យមាន​ការពិចារណា​ និង​យកចិត្តតទុកដាក់ខ្ពស់បំផុត​ ពាកព័ន្ធនឹង​របៀបរបប​ ដែលមនុស្សគ្រប់គ្នា​ហូបចុក​ រស់នៅ​ ប្រើប្រាស់សម្ភារៈ​ និងធ្វើដំណើរក្នុងជីវភាពប្រចាំថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ