ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/07 12h00 GMT

អេស្តូនី៖​ សង្គម​​បច្ចេកវិទ្យា​ (E-Nation)​ ដំបូង​​គេ​​របស់​​ពិភពលោក​​​

អេស្តូនី៖​ សង្គម​​បច្ចេកវិទ្យា​ (E-Nation)​ ដំបូង​​គេ​​របស់​​ពិភពលោក​​​
 
ប្រធានាធិបតីអេស្តូនី លោកស្រី​ Kersti Kaljulaid នៅរដ្ឋធានី​ Tallinn ប្រទេសអេស្តូនី​ ២២ មរា​២០១៩ ​ REUTERS/Ints Kalnins

នៅពេលដែល​គេ​និយាយដល់ការផ្តល់​អំណាច​ដល់​ប្រជាពលរដ្ឋ តាម​រយៈ​បច្ចេក​វិទ្យា​​ក្នុង​វិស័យសាធារណៈ អេស្តូនីត្រូវ​គេ​ស្គាល់​ថាជា​ប្រជាតិ​មួយដ៏​​ល្បីល្បាញ​ ឈាន​​មុខ​គេ​លើ​​ពិភពលោក។ ប្រទេស​អឺរ៉ុប​បែក​ខាង​ជើងដ៏​តូច​មួយ​នេះ បាន​អភិវឌ្ឍបច្ចេកវិទ្យា​របស់​ខ្លួន​បាន​យ៉ាង​ល្អប្រសើរ និង​មាន​ប្រសិទ្ធភាព​​ ចាប់​តាំង​ពី​ទទួល​​​បាន​ឯករាជ្យ​ពេញ​លេញពី​អតីតសហភាពសូវៀត នៅ​កំឡុង​ដើមឆ្នាំ​១៩៩០។​ តើ​មាន​មូល​ហេតុ​អ្វី​ខ្លះ​ដែល​ធ្វើ​ឱ្យប្រទេស​​មួយ​នេះ​ឈាន​មុខ​គេ​ជា​សង្គម​បច្ចេក​វិទ្យា?

អេស្តូនី​​ត្រូវ​​គេ​ស្គាល់​ថាជា ប្រជាជាតិ​មួយ ​ដែល​មាន​បច្ចេកវិទ្យា​ឈាន​មុខ​គេ​បំផុត ទូទាំង​ពិភពលោក​ ចាប់​តាំង​ពី​ខ្លួ​ន​ បាន​ទទួល​​ឯករាជ្យពេញបរិបូរពី អតីត​សហភាព​សាធារណរដ្ឋសង្គមនិយមសូវៀត កាល​ពី​២៨​ឆ្នាំ​មុន។ បច្ចេកវិទ្យា​ដែល​បាន​រួម​ចំណែក​យ៉ាង​ចម្បង​ក្នុង​វឌ្ឍនភាព​សេដ្ឋកិច្ច និង​អំណាច​ទន់​នៃ​ប្រជាជាតិ​មួយ​នេះ។

ការពិតទៅ អេស្តូនី​ជា​ប្រទេស​​​តូច​មួយ​ ​ដែល​ជា​សមាជិក​សហភាពអឺរ៉ុប និង​ក៏​ជា​រដ្ឋ​សមាជិកមួយ​ដែល​ចាយ​ប្រាក់​អឺរ៉ូ​ផង​ដែរ។ ប្រទេស​នេះ​មាន​ទីតាំង​នៅ​ក្បែរ​របង ​ប្រទេស​ឡេតូនី ប្រទេស​រុស្សី និង​​មាន​ព្រំប្រទល់ ប្រហែល​ ៨០​គីឡូម៉្រែត​ ពី​ទីក្រុងហែល​ស៊ិនគី ប្រទេស​ហ្វាំង​ឡង់ តាម​បណ្តោយ​សមុទ្រ​បាល់តិក។ អេស្ដូ​នី​បាន​វិវ​ឌ្ឍ​ន៍​​ខ្លួន​​​ក្លាយ​ជា ប្រជាជាតិ​បច្ចេកវិទ្យា ឬ​ជា​ភាសា​អង់គ្លេស “E-nation”។ ក្នុង​ប្រទេស​នេះ ការទទួល​បាន​អ៊ីនធឺណិតជា​ផ្នែក​មួយ​នៃ​​សិទ្ធិមនុស្ស ហើយ​វាត្រូវ​​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ នៅក្នុង​រដ្ឋធម្មនុញ្ញ ផងដែរ។

មានត្រឹម​ប្រជាជន​ប្រមាណ ១,៣លាន​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​អេស្ដូនី​មាន​តំបន់​បច្ចេក​វិទ្យា ​“unicorn” ចំនួន​បួន​កន្លែង​ ដោយ​គិត​ជា​ទឹក​ប្រាក់ មាន​​លើស​ពី១​ពាន់​លាន​ដុល្លារអាមេរិក។ អេស្ដូ​នី​ក៏​ត្រូវគេ​ស្គាល់​ផងដែរ​ថាជា​ទីកំណើត​នៃ​បណ្ដាញសង្គម​ដ៏​ល្បី​ល្បាញ Skype រួម​ជា​មួយ ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ផ្សេង​ទៀត​ដូចជា​ Playtech Taxify និង TranferWise។

ក្រៅ​ពី​ ទីក្រុង​ធំៗ ដូចជា ឡុងដ៍ ប៉ារីស បែរឡាំង និង Silicon Valley ទីក្រុង​មួយ​របស់​អេស្ដូនី គឺ​ក្រុង​តាលិន ត្រូវ​មើល​ឃើញ​ថាជា ដែន​ដី​ថ្មី​នៃ​ឱកាស សម្រាប់​សហគ្រិន និង​ការ​វិនិយោគ ដែល​មាន​ក្រុមហ៊ុន​យ៉ាង​ច្រើន​បាន​ចាប់​ផ្តើ​មដំណើរ​ការ​​អាជីវកម្ម​របស់​ខ្លួន​នៅ​ទីនោះ។

នៅ​ក្នុង​វិស័យ​សាធារណៈ ​ អេស្ដូ​នី​បាន​ប្រកាស​ឱ្យ​អនុវត្ត “E-Governmane” នៅ​ឆ្នាំ​១៩៩៧ ដោយ​សេវាកម្មសាធារណៈប្រហែល ៩៩ភាគរយ​ដំណើរ​ការដោយ​ប្រព័ន្ធ​អនឡាញ។ នៅ​ឆ្នាំ​២០០២ គម្រោង “Digital ID” ត្រូវ​ដាក់ឱ្យ​ប្រើប្រាស់ ដោយ​រដ្ឋាភិបាល​ សម្រេច​​ចេញប័ណ្ណសម្គាល់អត្តសញ្ញាណប័ណ្ណជាចាំបាច់ ដែលវា​អនុញ្ញាត​ឱ្យ​​ប្រើប្រាស់ គ្រប់សេវាកម្មអេឡិចត្រូនិច​ ប្រកប​សុវត្ថិភាព។

នៅ​ឆ្នាំ​២០០៥ អេស្ដូ​នី​បាន​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​​នៅ​ក្នុង​ប្រវត្តិសាស្រ្ដ​មនុស្ស​ជាតិ ​ដែល​បាន​ប្រើប្រាស់​​ប្រព័ន្ធអ៊ីនធឺណិត​ ក្នុង​ការ​បោះ​ឆ្នោតថ្នាក់​​ជាតិ តាម​រយៈគម្រោង “I-Voting”។ នៅ​ឆ្នាំ​២០០៨ ក្រោម​គម្រោង “E-Health” ទិន្នន័យ​សុខភាព​របស់​អ្នក​ជម្ងឺ​​ ត្រូវ​រក្សា​ទុក​​តាម​ប្រព័ន្ធ​អនឡាយ ដោយ​ជាង​៩៥​ភាគរយ​នៃ​ទិន្នន័យ ​ត្រូវ​ធ្វើ​ឡើង​ដោយ​ វេជ្ជបណ្ឌិត និង​មន្ទីរពេទ្យ​។ រហូត​ដល់​ឆ្នាំ​២០១៤ គម្រោង “E-Residency” ត្រូវ​ដាក់​ឱ្យ​ដំណើរ​ការ ដោយ​ប្រជាជន​អាច​បង្កើត​ និង​គ្រប់គ្រង​​ពាណិជ្ជកម្ម​ក្នុង​សហភាព​អឺរ៉ុប

តើ​កត្តាអ្វីខ្លះ​​ដែល​រុញ​ច្រាន​ឱ្យ​អេស្ដូនីសម្រេច​បាន​ជោគជ័យលើ​វិស័យ​បច្ចេកវិទ្យា​ ជាពិសេស​នៅ​ក្នុង​វិស័យ​សាធារណៈ?

អាច​មាន​កត្តាចម្បង​​ច្រើន តែ​បើ​តាមអ្នក​ជំនាញ​នៅ​ក្នុង​ប្រទេស​អេស្ដូនីផ្ទាល់ “ទំនុក​ចិត្ត” ​ជា​ហេតុ​ផល​ស្នូល។

ការ​ពិតទៅ ប្រទេស​អេស្ដូនី​ជា​ប្រទេស​តូច​ មាន​ធនធាន​ធម្មជាតិ​តិចតួច និង​មាន​ប្រជាជន​មិន​ច្រើន​ ប៉ុន្តែ​​ប្រទេស​មួយ​នេះ​មាន​របស់​មួយគឺ ​“ត្រចៀក​របស់​មនុស្ស​” ដែល​អាច​និយាយយល់ និង​​ស្ដាប់គ្នា​បាន។ ប្រទេ​សនេះ​បាន​ធ្វើ​ការ​យ៉ាង​សកម្ម ដើម្បី​ក្លាយ​ខ្លួន​ជា​ប្រទេស ដែល​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់ និង​ការ​ព្យាយាម​ធ្វើ​យ៉ាង​ណា ទាក់ទាញ​មនុស្ស​ពូកែ​ៗ​មាន​ជំនាញ​បច្ចេកទេស​ខ្ពស់ ធនធាន មូល​ធន ពី​គ្រប់​ទិសទី​ពាសពេញ​ពិភពលោក និង​ការ​អភិវឌ្ឍ​​អំណាច​ទន់​របស់​ខ្លួន។

សង្គមបច្ចេកវិទ្យា មិន​អាច​ដំណើរ​ការ​ទៅ​បាន​ទេ បើ​គ្មាន​ទំនុក​ចិត្ត​រវាង ប្រជាជន សហគ្រាស និង​អាជ្ញាធរសាធារណៈ។ ជាក់ស្ដែង ​ការ​សាង​ទំនុក​ចិត្ត​អាច​ធ្វើ​ទៅ​បាន​តិចតួច​ណាស់​ជា​មួយបច្ចេកវិទ្យា តែ​វា​ត្រូវ​ធ្វើ​ឡើង​ជាមួយនឹង​ ផ្នត់​គំនិត និង​វប្បធម៌​របស់​ប្រជាជាតិ​មួយ​តែម្ដង។ ហើយ​កា​រផ្លាស់​ប្ដូរ​ផ្នត់​គំនិត​វា​ត្រូវ​កា​រ​ពេល​វេលា និង​ការ​ប្រឈម​បញ្ហា​លំបាក ជាង​ការ​បង្កើត​បច្ចេកវិទ្យា​ថ្មី​ទៅ​ទៀត។

នៅ​ក្នុង​យុគសម័យ​មួយ​ដែល​ ពត៌មានក្លែងក្លាយ និងភាពមិនច្បាស់លាស់នៃ​នយោបាយអន្តរជាតិ​សាកល​កាន់តែ​កើន​ឡើង អេស្ដូនី​ដែល​បាន​បង្កើត​ទំនុកចិត្ត​យ៉ាង​ល្អរវាងប្រជាជន សហគ្រាស​ និង​រដ្ឋាភិបាល អាចជា​​គំរូរដ្ឋ​មួយយ៉ាង​ល្អ ដែល​បាន​ធ្វើ​ឱ្យ​​បច្ចេកវិទ្យាក្នុង​វិស័យសាធារណៈ មានដំណើរ​ល្អ និង​មាន​ប្រសិទ្ធភាព​៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ