អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បរាជ័យ​នៃ​អន្តរាគមន៍​របស់​រដ្ឋ​ក្នុង​សេដ្ឋកិច្ច

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋ​អាច​មាន​ហេតុផល​ដើម្បី​ធ្វើ​អន្តរាគមន៍ក្នុង​សេដ្ឋកិច្ច នៅពេលដែល​ទីផ្សារជួបបរាជ័យ និង​នៅពេល​ដែល​ទ្រព្យសម្បត្តិប្រជាជាតិ​ ប្រមូល​ផ្តុំ​តែ​នៅ​លើ​ដៃ​មនុស្ស​មួយ​ក្រុម​តូច។ យ៉ាង​ណាមិញ ការធ្វើ​អន្តរាគមន៍របស់រដ្ឋក៏​ត្រូវ​ប្រឈមនឹងបរាជ័យខ្លួនឯងផងដែរ។

លោក Bruno Le Maire រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​បារាំង
លោក Bruno Le Maire រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​បារាំង REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ទ្រឹស្ដី​សេដ្ឋកិច្ច ការ​ធ្វើ​អន្តរាគមន៍របស់​រដ្ឋ​ មិន​មាន​ភាព​ចាំបាច់​នោះ​ទេ ព្រោះថា​ភា្នក់​ងារ​សេដ្ឋកិច្ច​អាច​មាន​ភាព​វៃឆ្លាត​គ្រប់គ្រាន់ ដើម្បី​ធ្វើ​​ការ​សម្រេច​ចិត្ត​ ឱ្យ​ទទួល​បានផល​ប្រយោជន៍រៀងៗ​ខ្លួនជាអតិបរមា។ ក្នុង​ន័យនេះ យន្តការ​ថ្លៃ​ត្រូវ​ចាត់​ទុក​ជា​ឧបករណ៍​មួយ​ដ៏ចម្បង​ដើម្បី​ធ្វើ​ឱ្យ​ការ​ផ្គត់ផ្គង់​ និង​តម្រូវការ ជួបគ្នា។ ក៏ប៉ុន្តែ តាម​​ការ​អនុវត្តជាក់ស្ដែង យន្តការ​ទីផ្សារ​​ត្រូវប្រឈម​នឹង​បរាជ័យ តួយ៉ាង បញ្ហាផលប៉ះពាល់ខាងក្រៅ បញ្ហា​ទំនិញសាធារណៈ បញ្ហា​ភាពផ្តាច់មុខ បញ្ហា​នៃ​ការប្រកួតប្រជែងមិនស្មោះត្រង់ បញ្ហា​នៃ​ការផ្តល់ព័ត៌មានអសុក្រឹត្យ បញ្ហា​នៃ​ការបរាជ័យរបស់ភា្នក់ងារសេដ្ឋកិច្ច ឬ​ក៏បញ្ហា​នៃការកើន​ឡើង​​គម្លាត​រវាង​អ្នក​មាន​ និង​អ្នក​ក្រ​កាន់តែខ្លាំង។

មូលហេតុ​នេះ​ហើយដែល​វា​មាន​ភាព​ចាំបាច់​ដែល​ប្រព័ន្ធ​សេដ្ឋកិច្ច​មួយទាមទារ​ឱ្យ​មាន​​ការធ្វើ​អន្តរាគមន៍របស់​រដ្ឋ​ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនោះ។ ទោះ​ជាយ៉ាង​ណា ការ​ធ្វើ​អន្តរាគមន៍របស់​រដ្ឋ​ក៏ត្រូវ​​ប្រឈម​នឹង​បញ្ហា​ខ្លួនឯងផង​ដែរ ដែល​គេ​ឱ្យ​ឈ្មោះថា បរាជ័យ​រដ្ឋ​ (governmental failure)។ នេះ​សំដៅ​ដល់​ស្ថានភាព​ ដែល​ការ​ធ្វើ​អន្តរាគមន៍របស់​រដ្ឋ មិន​ត្រឹម​តែ​មិន​បាន​ធ្វើ​ឱ្យ​ស្ថានភាព​សេដ្ឋកិច្ច​ល្អ​ប្រសើរនោះទេ តែចុងក្រោយ បែរជាធ្វើ​ឱ្យ​ស្ថានភាពសេដ្ឋកិច្ច​​កាន់តែ​យ៉ាប់យ៉ឺន​ជាង​មុនទៅទៀត។ បរាជ័យរបស់​រដ្ឋ អាចមាន​ក្រោម​រូបភាព តួយ៉ាង ភាព​គ្មាន​ប្រសិទ្ធភាពគ្រប់គ្រាន់របស់​​ស្ថាប័នសាធារណៈ អាកប្បកិរិយា​ឱកាសនិយម​របស់​មន្ត្រីសាធារណៈ ឬក៏​​ការចំណាយ​ខ្ពស់​សម្រាប់​​ការអនុវត្តច្បាប់​ឱ្យ​បាន​តឹងរ៉ឹង។

ក្នុងស្ថានភាព​ប្រទេស​ខ្លះ ​បញ្ហា​ទាំងនេះអាច​រុញច្រាន​ឱ្យ​សង្គម​មួយ​ត្រូវ​រងការខាតបង់​ច្រើន​ជាង​ ផលអវិជ្ជមាន​ពី​បរាជ័យ​របស់​ទីផ្សារ​ទៅទៀត។ លើស​ពីនេះ ការ​ធ្វើ​អន្តរាគមន៍របស់​រដ្ឋ ច្រើន​ជ្រុល​ពេក ក៏​អាចបង្ក​ជា​បញ្ហា​ផ្សេង​ៗទៀត​ផង​ដែរ ដូចជា បញ្ហា​ដែល​ពលរដ្ឋ​ក្នុង​សង្គម​លែងខិតខំចង់​ធ្វើការងារព្រោះតែ​ការទទួលបាន​ការធានារ៉ាប់រងសង្គម​ច្រើនជ្រុល និងការយកពន្ធច្រើន​ពេក ឬក៏បញ្ហា​នៃ​ការកើន​ឡើង​បំណុល​សាធារណៈ​ដែល​បង្ក​មក​ពីការ​ចំណាយ​សាធារណៈរបស់​រដ្ឋ​។ ចាប់​តាំង​ពី​​ចុង​សតវត្សរ៍​​ទី១៩ តួនាទី​របស់​រដ្ឋ​បាន​កើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់​។ ក៏ប៉ុន្តែ នៅប៉ុន្មាន​ទសវត្សរ៍ចុងក្រោយ​នេះ តួនាទី​របស់​រដ្ឋ​ត្រូវ​កាត់​បន្ថយ​ ជាពិសេស​នៅ​ក្នុងបណ្ដា​​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​អភិវឌ្ឍខ្លាំង ឬជា​ក្រុម​ប្រទេស OCDE។ ទំនោរសេដ្ឋកិច្ច​របៀប​​នេះ​ ចាប់​ផ្តើម​ដំបូង​នៅ សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស នៅ​ចុង​ទសវត្សរ៍ឆ្នាំ ១៩៧០ និង​ក្រោយ​មក​ នៅ​ប្រទេស​រីកចម្រើន​ផ្សេង​ទៀត។

បញ្ហា​ចម្បង​គឺ​គេ​ចាប់​ផ្តើម​ចោទសួរ​អំពីលទ្ធភាព​របស់​រដ្ឋ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ចម្បង ត្បិត​​ច្បាប់​ទីផ្សារ​សេរី​ទទួល​បាន​ការជឿទុកចិត្ត​ត្រលប់​មកវិញ។ សរុបជារួម រដ្ឋ​ធ្វើ​អន្តរាគមន៍ក្នុង​សេដ្ឋកិច្ច​ដើម្បី​ធ្វើការ​ដោះស្រាយ​បញ្ហា​បរាជ័យរបស់​ទីផ្សារ និងការ​បែងចែក​ទ្រព្យសម្បត្តិ​សង្គម​ឡើង​វិញ ក៏ប៉ុន្តែ​ រដ្ឋ​ក៏​ត្រូវប្រឈម​នឹង​បរាជ័យ​ខ្លួនឯងផង​​ដែរ។ នេះ​ជា​មូល​ហេតុ​ចម្បង​មួយដែលការ​​ចោទសួរថាតើព្រំដែន​នៃយន្តការរបស់​​ទីផ្សារ និង​ការអន្តរាគមន៍របស់​រដ្ឋ​គួរនៅ​ត្រង់​ចំណុចណា នៅតែ​ជាប្រធាន​បទនៃ​ការ​​ពិភាក្សា​វែកញែក​មិន​ចេះចប់​មិនចេះ​ហើយ និងបន្ត​​​រហូតមក​ទល់​នឹង​ពេល​បច្ចុប្បន្ន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ