អានតួអត្ថបទ
អ៊ីតាលី

អាជ្ញាធរ​អ៊ីតាលី​រឹបអូស​បាន​មីស៊ីល​ពីអ្នកគាំទ្រ​ក្រុមស្តាំនិយមជ្រុល​អ៊ីតាលី

មីស៊ីល​មួយ​ដើម ជើង​ទ្រ​បាញ់​មីស៊ីល ហើយ​និង​អាវុធ ស្វ័យប្រវត្តិ​ជាច្រើនរយ​ដើម​ផ្សេង​ទៀត ត្រូវ​បាន​ប៉ូលិស​អ៊ីតាលី រឹបអូស​យក​បាន​ពី​អ្នកគាំទ្រ​ក្រុមស្តាំនិយមជ្រុល កាលពី​ថ្ងៃ​ចន្ទទី ១៥ កក្កដា​២០១៩ នៅ ភាគខាងជើង​អ៊ីតាលី ក្បែរ​ទៅព្រំដែន​បារាំង។ តាម​ប៉ូលិស​អ៊ីតាលី ការរឹបអូស​សព្វាវុធ​សង្រ្គាម​ដ៏ច្រើន​សន្ធឹកសន្ធាប់ ជា​រឿង​ដែល​កម្រមាន​នៅ​អ៊ីតាលី។

ប៉ូលិស​អ៊ីតាលី​ប្រឆាំង​ភេរវកម្ម រឹបអូស​បាន​មីស៊ីល អាកាស​នៅ​ក្នុង​ប្រតិបត្តិការ​ឆែកឆេរ​ផ្ទះ​របស់​ក្រុមស្តាំនិយមជ្រុល​នៅ​តួរាំង កាលពី​ថ្ងៃ​ចន្ទ ទី ១៥ កក្កដា ២០១៩
ប៉ូលិស​អ៊ីតាលី​ប្រឆាំង​ភេរវកម្ម រឹបអូស​បាន​មីស៊ីល អាកាស​នៅ​ក្នុង​ប្រតិបត្តិការ​ឆែកឆេរ​ផ្ទះ​របស់​ក្រុមស្តាំនិយមជ្រុល​នៅ​តួរាំង កាលពី​ថ្ងៃ​ចន្ទ ទី ១៥ កក្កដា ២០១៩ ©HO / Polizia di Stato / AFP
ផ្សាយពាណិជ្ជកម្ម

ការស៊ើបអង្កេត លួចស្តាប់​ទូរស័ព្ទ​របស់​ក្រុមគាំទ្រ​ស្តាំនិយមជ្រុល នៅ​ភាគខាងជើង​អ៊ីតាលី បាន​អនុញ្ញាត​ឲ្យ​ប៉ូលិស​អ៊ីតាលី ស្រាវចាប់​បាន​ជនសង្ស័យ​បីនាក់ ហើយ​និង​រឹបអូស​សព្វាវុធ​សង្រ្គាម​ជាច្រើន​រយដើម កាលពី​ថ្ងៃ​ចន្ទ។

ទៅ​តាម​ដីកា​របស់​រដ្ឋអាជ្ញា ដែល​ស៊ើបអង្កេត​ទៅ​លើ​បណ្តាញ​អ៊ីតាលី ដែល​គាំទ្រ​ក្រុមជ្រុលនិយម នៅ​អ៊ុយក្រែន ប៉ូលិស​បាន​បើក​ប្រតិបត្តិការ​វាយឆ្មក់ ចូល​ចាប់ខ្លួន​មនុស្ស​បីនាក់ ដែលនៅក្នុង​នោះ ១នាក់ ជា​អតីត​បេក្ខជន​របស់​គណបក្ស​ហ្វាស៊ីស​ថ្មី នៅ​អ៊ីតាលី។ នៅក្នុង​ឃ្លាំង​មួយ​កន្លែង ដែល​ជា​កម្មសិទ្ធិ​របស់ Fabio Del Bergiolo ​អតីត​បេក្ខជន​គណបក្ស​ហ្វាស៊ីស​ថ្មី​អ៊ីតាលី ប៉ូលិស​បាន​រឹបអូស​បាន​មីស៊ីល​អាកាស​មួយដើម ប្រភេទ Matra Super 530F ទម្ងន់ ២៤៥​គីឡូក្រាម និង​ផលិតដោយ​ប្រទេស​បារាំង នៅ​ឆ្នាំ ១៩៨០។ តាម​ប៉ូលិស មីស៊ីល​នៅ​ដំណើរការ​ល្អ និង​ជា​កម្មសិទ្ធិ​របស់ប្រទេស​កាតា ដែល​កុម្មង់ទិញ ពី​បារាំង សម្រាប់​បំពាក់​ឲ្យ​កងទ័ព​របស់ខ្លួន។ តាម​អ្នកជំនាញ​ខាង​មីស៊ីល ដែល​ទីភ្នាក់ងារ ព័ត៌មាន​បារាំង​បាន​ទាក់ទង​សុំ​ការព្យល់ មីស៊ីល​អាកាស ដែល​ប៉ូលិស​អ៊ីតាលី​រឹបអូស​បាន​ពី​ជនសង្ស័យ ជា​មីស៊ីល បាញ់​ចេញ​ពី​យន្តហោះ​ក្នុង​ចម្ងាយ ២៥គីឡូម៉ែត្រ។ ដូច្នេះ បាញ់​មីស៊ីល​ប្រភេទ​នេះ ពី​ដី នឹង​ធ្វើ​ឲ្យ​គេ​ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់បំផុត។

ក្រៅតែ​ពីមីស៊ីល​អាកាស ប៉ូលិស​អ៊ីតាលី រឹបអូស​បាន​សព្វាវុធ​សង្រ្គាម​ផ្សេងទៀត ដូចជា កាំភ្លើង​ស្វ័យប្រវត្តិ និង​សម្ភារៈ​យោធា​ជាច្រើនរយមុខ រួម​ទាំង​គ្រាប់បែក ជាង ៨០០​គ្រាប់។ នៅក្នុង​ឃ្លាំង​របស់​ជនសង្ស័យ ប៉ូលិស​រកឃើញ​ផងដែរ បន្ទប់បើកបរ​របស់​យន្តហោះចម្បាំង ហើយ​និង​ពាក្យឃោសនា​របស់​ក្រុមណាហ្ស៊ីថ្មី រួមទាំង​ស្លាក​មាន​សរសេរ​ឈ្មោះ ហ៊ីត្លែ។

តាម​ប៉ូលិស ការរឹបអូស​បាន​អាវុធ​យុទ្ធភ័ណ្ឌ​ដ៏សំខាន់​លើកនេះ ជារឿង​ដែលកម្រមាន​នៅអ៊ីតាលី។ សម្រាប់​ប៉ូលិស​ប្រឆាំង​ភេរវកម្ម គ្មាន​ភស្តុតាង​ណាមួយ ដែល​បញ្ជាក់ថា ជនសង្ស័យ ម្ចាស់​សព្វាវុធ​ខាងលើ​មាន​ផែនការ​ធ្វើ​វិទ្ធង្សនា​នោះទេ។

តាម ប៉ូលិស​អ៊ីតាលី សារ​របស់​ជនសង្ស័យ នៅក្នុង​កម្មវិធី Whatsapp ដែល​ប៉ូលិស​បាន​ចូលលួចតាមដាន​មើល មាន​និយាយ​ច្រើន​តែ​ពីការលក់​មីស៊ីល ហើយ​និង​សព្វាវុធ​តែប៉ុណ្ណោះ។ តាមការចុះផ្សាយ​របស់​កាសែត​ក្នុង​ស្រុក​អ៊ីតាលី គេ​ជឿ​ថា ជនសង្ស័យ​សង្ឃឹម​លក់​មីស៊ីល​បាន​ក្នុង​តម្លៃ ជាង ៤៧០០០០​អឺរ៉ូ។

រហូតមកដល់​ពេលនេះ គេ​នៅតែ​មិនទាន់ដឹង​ពី​ប្រភព ដំណើរដើមទង ដែល​ធ្វើ​ឲ្យ​មីស៊ីល​របស់​ទ័ព​អាកាស​កាតា ទម្ងន់ ២៤៥ ធ្លាក់​ទៅក្នុងដៃ​របស់ ជនសង្ស័យ​ដែល​គាំទ្រ​ក្រុមស្តាំនិយមជ្រុល​នៅ​អ៊ីតាលី។ សម្រាប់ គណបក្ស​ប្រឆាំង ដែលមក​ពី​ក្រុមកណ្តាល ឆ្វេង ប្រជាធិបតេយ្យ​អ៊ីតាលី វាជារឿង​មិនគួរ​ឲ្យ​ជឿ ហើយ​និង​ជា​រឿងធ្ងន់ធ្ងរ ដែល​ក្រុមស្តាំនិយម​ជ្រុល​នៅ​អ៊ីតាលី ជួញដូរ សព្វាវុធ​សង្រ្គាម សូម្បី​តែ​មីស៊ីល​បាញ់លើ​អាកាស។ គណបក្ស​ប្រឆាំង​នៅ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស្តាំនិយមជ្រុល​អ៊ីតាលី ចាត់វិធានការ​តឹងរ៉ឹង ប្រឆាំង​ក្រុមស្តាំនិយមជ្រុល​ទៀតផង នៅពេល​ដែលរដ្ឋាភិបាល​មក​ពី​គណបក្ស​ស្តាំនិយមជ្រុល នៅ​ស្ងាត់​មាត់ មិនទាន់​ធ្វើអត្ថាធិប្បាយ​អ្វី​នៅក្រោយ​ការចាប់រឹបអូស​មីស៊ីល កាលពី​ថ្ងៃ​ចន្ទ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ