តើប្រទេសណាមានសេដ្ឋកិច្ចប្រកួតប្រជែងបំផុតសម្រាប់ឆ្នាំ២០១៩?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:៥៨
សិង្ហបុរី បានស្ទុះឡើងនាំមុខសហរដ្ឋអាមេរិក ដើម្បីក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចប្រកួតប្រជែងបំផុត នៅលើពិភពលោក សម្រាប់ឆ្នាំ២០១៩។ តើមានកត្តាអ្វីខ្លះដែលធ្វើឱ្យសេដ្ឋកិច្ចនៃប្រទេសមួយមានភាពប្រកួតប្រជែងបំផុត?
ជារៀងរាល់ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ២០០៤ របាយការណ៍ស្ដីពីភាពប្រកួតប្រជែងសកល ត្រូវចេញផ្សាយដោយ វេទិកាសេដ្ឋកិច្ចពិភពលោក។ របាយការណ៍នេះ ជាសន្ទស្សន៍សេដ្ឋកិច្ចមួយ ដែលបង្កើតឡើងដោយ សេដ្ឋវិទូពីររូប គឺលោក Xavier Sala-i-Martin និង លោកស្រី Elsa V. Artadi។
របាយការណ៍ធ្វើការវាយតម្លៃអំពី ប្រទេសនានាលើពិភពលោក ក្នុងសមត្ថភាពដែលប្រទេសទាំងនោះ អាចផ្តល់ភាពរុងរឿងនៅកម្រិតខ្ពស់បំផុត ដល់ពលរដ្ឋរបស់ពួកគេ។ ដូច្នេះ វាពឹងផ្អែកទៅលើរបៀបដែលប្រទេសមួយ អាចប្រើប្រាស់ធនធានដែលពួកគេមាន។ ជារួម របាយការណ៍ស្ដីពីភាពប្រកួតប្រជែងសកល វាស់វែងអំពី ស្ថាប័ន គោលនយោបាយ និងកត្តាផ្សេងៗ ដែលកំណត់កម្រិតបច្ចុប្បន្ន និងអនាគត ពាក់ព័ន្ធនឹងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសមួយ។
មានកត្តាចម្បងៗចំនួន១២ នៅក្នុងសន្ទស្សន៍នេះ ដែលត្រូវគេរាប់បញ្ចូលក្នុងការវិភាគ ដើម្បីរកឱ្យឃើញពិន្ទុខ្ពស់បំផុតរបស់ប្រទេសមួយ ក្នុងចំណោមពិន្ទុសរុប ១០០/១០០។ កត្តាទាំងនោះរួមមាន ទី១. ស្ថាប័ន (Institutions) ទី២. ហេដ្ឋារចនាសម្ព័ន្ធ (Infrastructure) ទី៣. បច្ចេកវិទ្យា (ICT adoption) ទី៤. ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច (Macroeconomic stability) ទី៥. សុខភាព (Health) ទី៦. ជំនាញ (Skills) ទី៧. ទីផ្សារផលិតផល (Product market) ទី៨. ទីផ្សារការងារ (Labour market) ទី៩. ទីផ្សារហិរញ្ញវត្ថុ (Financial system) ទី១០. ទំហំទីផ្សារ (Market size) ទី១១. សក្តានុពលអាជីវកម្ម (Business dynamism) ទី១២. ការច្នៃប្រឌិត (Innovation capability)។
សម្រាប់ឆ្នាំនេះ របាយការណ៍ស្ដីពីភាពប្រកួតប្រជែងសកលឆ្នាំ២០១៩ បានចាត់ចំណាត់ថ្នាក់សិង្ហបុរី ជាប្រទេសមួយដែលមានសេដ្ឋកិច្ចប្រកួតប្រជែងបំផុត លើពិភពលោក ក្នុងចំណោមប្រទេស និងតំបន់ ទាំង១៤១។ សិង្ហបុរី បាននាំមុខគេលើកត្តាហេដ្ឋារចនាសម្ព័ន្ធ រួមមានគុណភាពផ្លូវ និងប្រសិទ្ធភាពនៃកំពង់ផែ និងព្រលានយន្តហោះ។
ប្រព័ន្ធហិរញ្ញវត្ថុ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច របស់សិង្ហបុរី ក៏បានបង្កើនចំណាត់ថ្នាក់របស់ខ្លួនផងដែរ ខណៈរបាយការណ៍បានចង្អុលបង្ហាញថា “ដើម្បីក្លាយជាមជ្ឈមណ្ឌលច្នៃប្រឌិតពិភពលោកមួយ សិង្ហបុរីចាំបាច់ត្រូវ លើកកម្ពស់សហគ្រិនភាព និងពង្រឹងមូលដ្ឋានជំនាញរបស់ខ្លួនបន្ថែមទៀត”។
គួររំលឹកផងដែរ សហរដ្ឋអាមេរិកស្ថិតនៅចំណាត់ថ្នាក់ទី២ សម្រាប់ឆ្នាំនេះ ដោយបានធ្លាក់ពីចំណាត់ថ្នាក់ទី១ កាលពីឆ្នាំ២០១៨។ ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ និងជម្លោះពាណិជ្ជកម្ម កំពុងជំរុញឱ្យមានភាពមិនច្បាស់លាស់ និងអាចធ្វើឱ្យសេដ្ឋកិច្ចសាកលធ្លាក់ចុះ។ ទោះជាយ៉ាងណា ប្រទេសមួយចំនួនទំនងជាអាចទាញប្រយោជន៍បាន ពីជម្លោះពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក រួមមាន សិង្ហបុរី និងវៀតណាម។
ងាកមកប្រទេសអាស៊ីក្បែររបងប្រទេសកម្ពុជាវិញ វៀតណាមបានបង្ហាញពី ការកើនឡើងយ៉ាងគួរឱ្យកត់សម្គាល់នូវចំណាត់ថ្នាក់របស់ខ្លួន។ ជាក់ស្ដែង វៀតណាមមានចំណាត់ថ្នាក់ទី៦៧ ពោលគឺកើនឡើងជាង១០លេខធៀបនឹងឆ្នាំមុន។ មូលហេតុចម្បង ដែលធ្វើឱ្យវៀតណាមធ្វើបានល្អយ៉ាងនេះ គឺបណ្តាលមកពី សង្គ្រាមពាណិជ្ជកម្មដែលរុញច្រានឱ្យ ក្រុមហ៊ុនផលិតយ៉ាងច្រើនបានចាកចេញពីប្រទេសចិន មកតាំងទីផលិតនៅវៀតណាមវិញ។
ឥណ្ឌូណេស៊ី បានធ្លាក់មកនៅលំដាប់ទី៥០ ដោយចំណាត់ថ្នាក់ធ្លាក់ចុះ៥លេខ ធៀបកាលពីឆ្នាំមុន។ របាយការណ៍ បានអំពាវនាវ ឱ្យប្រទេសសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ានមួយនេះ ត្រូវធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍបច្ចេកវិទ្យា និងការបន្តធ្វើកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុ។ ទោះជាយ៉ាងណា ឥណ្ឌូណេស៊ី នៅតែឈរលំដាប់ទី៤ក្នុងតំបន់អាស៊ាន តាមពីក្រោយ សិង្ហបុរី ម៉ាឡេស៊ី និងថៃ។ កត្តាចម្បងៗ តួយ៉ាង ទំហំទីផ្សារ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច នៅតែបន្តអនុញ្ញាតឱ្យសេដ្ឋកិច្ចប្រទេសមួយនេះ មានភាពប្រកួតប្រជែង។
ជាចុងក្រោយ ក្នុងចំណោមប្រទេសទាំង១៤១ ប្រទេសកម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី១០៦ ដោយបានកើនឡើង៤លេខ ពោលគឺនៅឆ្នាំ២០១៨ កម្ពុជាមានចំណាត់ថ្នាក់ទី១១០។ ក្នុងចំណោម១០០ពិន្ទុ កម្ពុជាសម្រេចបាន៥២ពិន្ទុ។ កត្តាដែលកម្ពុជាធ្វើបានល្អបំផុត រួមមាន ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ខណៈកត្តាផ្សេងៗរួមមាន គុណភាពស្ថាប័ន ជំនាញ និងលទ្ធភាពច្នៃប្រឌិត របស់កម្ពុជា ស្ថិតក្នុងកម្រិតទាបខ្លាំង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ