អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើប្រទេសណាមានសេដ្ឋកិច្ចប្រកួតប្រជែងបំផុតសម្រាប់ឆ្នាំ២០១៩?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សិង្ហបុរី បានស្ទុះឡើងនាំមុខសហរដ្ឋអាមេរិក ដើម្បីក្លាយជា​​ប្រទេស​ដែល​មាន​សេដ្ឋកិច្ចប្រកួតប្រជែងបំផុត នៅលើ​ពិភពលោក សម្រាប់​ឆ្នាំ​២០១៩។ តើ​មាន​កត្តា​អ្វីខ្លះ​ដែល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​នៃ​ប្រទេស​មួយ​មានភាពប្រកួតប្រជែងបំផុត?

ទិដ្ឋភាពនៃ​អគារ​​អាជ្ញាធររូបិយវត្ថុ នៅសិង្ហបុរី​
ទិដ្ឋភាពនៃ​អគារ​​អាជ្ញាធររូបិយវត្ថុ នៅសិង្ហបុរី​ , 2016. REUTERS/Edgar Su/File Photo
ផ្សាយពាណិជ្ជកម្ម

ជារៀងរាល់​ឆ្នាំ ពោលគឺចាប់តាំងពី​ឆ្នាំ​២០០៤ របាយការណ៍ស្ដីពីភាពប្រកួតប្រជែង​សកល​ ត្រូវចេញផ្សាយ​ដោយ វេទិកាសេដ្ឋកិច្ចពិភពលោក។ របាយការណ៍នេះ ​ជា​សន្ទស្សន៍​សេដ្ឋកិច្ចមួយ ដែល​បង្កើតឡើងដោយ សេដ្ឋវិទូពីររូប គឺលោក Xavier Sala-i-Martin និង​ លោកស្រី Elsa V. Artadi។  

របាយការណ៍ធ្វើការវាយតម្លៃអំពី ប្រទេសនានាលើពិភពលោក ក្នុង​សមត្ថភាពដែល​ប្រទេស​ទាំងនោះ អាច​ផ្តល់​ភាពរុងរឿងនៅកម្រិតខ្ពស់បំផុត ដល់ពលរដ្ឋរបស់ពួកគេ។ ដូច្នេះ វា​ពឹងផ្អែកទៅលើ​របៀបដែលប្រទេសមួយ អាចប្រើប្រាស់ធនធានដែលពួកគេ​មាន។ ជារួម របាយការណ៍ស្ដីពីភាពប្រកួតប្រជែងសកល វាស់វែងអំពី ស្ថាប័ន គោលនយោបាយ និងកត្តាផ្សេងៗ ដែលកំណត់កម្រិតបច្ចុប្បន្ន និងអនាគត ពាក់ព័ន្ធ​នឹងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេស​មួយ។

មាន​កត្តាចម្បងៗចំនួន១២ ​នៅក្នុងសន្ទស្សន៍នេះ ដែល​​ត្រូវ​គេ​រាប់បញ្ចូលក្នុងការវិភាគ ដើម្បីរកឱ្យ​ឃើញ​ពិន្ទុខ្ពស់​បំផុត​របស់ប្រទេស​មួយ ក្នុង​ចំណោម​ពិន្ទុសរុប ១០០/១០០។ កត្តា​ទាំងនោះរួមមាន ទី១. ស្ថាប័ន (Institutions)​ ទី២. ហេដ្ឋារចនាសម្ព័ន្ធ (Infrastructure)​ ទី៣. បច្ចេកវិទ្យា (ICT adoption) ទី៤. ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច (Macroeconomic stability)​ ទី៥. សុខភាព (Health)​ ទី៦. ជំនាញ (Skills) ទី៧. ទីផ្សារផលិតផល (Product market) ទី៨. ទីផ្សារការងារ (Labour market) ទី៩. ទីផ្សារហិរញ្ញវត្ថុ (Financial system) ទី១០. ទំហំទីផ្សារ (Market size) ទី១១. សក្តានុពលអាជីវកម្ម (Business dynamism) ទី១២. ការច្នៃប្រឌិត (Innovation capability)។

សម្រាប់ឆ្នាំ​នេះ របាយការណ៍ស្ដីពីភាពប្រកួតប្រជែងសកល​ឆ្នាំ​២០១៩ បានចាត់ចំណាត់ថ្នាក់​សិង្ហបុរី ជា​ប្រទេស​មួយដែល​មាន​សេដ្ឋកិច្ច​ប្រកួតប្រជែងបំផុត លើ​ពិភពលោក ក្នុង​ចំណោមប្រទេស​ និង​តំបន់​ ទាំង​១៤១។ សិង្ហបុរី បាននាំមុខគេលើកត្តា​ហេដ្ឋារចនាសម្ព័ន្ធ រួមមានគុណភាពផ្លូវ និងប្រសិទ្ធភាពនៃកំពង់ផែ និងព្រលានយន្តហោះ។

ប្រព័ន្ធហិរញ្ញវត្ថុ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច របស់សិង្ហបុរី ក៏បានបង្កើនចំណាត់ថ្នាក់របស់ខ្លួនផងដែរ ខណៈរបាយការណ៍បានចង្អុលបង្ហាញថា “ដើម្បីក្លាយជាមជ្ឈមណ្ឌលច្នៃប្រឌិតពិភពលោកមួយ សិង្ហបុរីចាំបាច់ត្រូវ លើកកម្ពស់សហគ្រិនភាព និងពង្រឹងមូលដ្ឋានជំនាញរបស់ខ្លួនបន្ថែមទៀត”។

គួររំលឹកផងដែរ សហរដ្ឋអាមេរិក​ស្ថិត​នៅចំណាត់ថ្នាក់ទី២ សម្រាប់​ឆ្នាំនេះ ដោយបានធ្លាក់ពីចំណាត់ថ្នាក់ទី១ កាលពីឆ្នាំ​២០១៨។ ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ និងជម្លោះពាណិជ្ជកម្ម កំពុងជំរុញឱ្យមានភាពមិនច្បាស់លាស់ និងអាចធ្វើឱ្យសេដ្ឋកិច្ចសាកល​ធ្លាក់ចុះ។ ទោះជាយ៉ាងណា ប្រទេសមួយ​ចំនួនទំនងជាអាច​ទាញ​ប្រយោជន៍បាន ពីជម្លោះពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក រួមមាន សិង្ហបុរី និងវៀតណាម។

ងាកមក​ប្រទេសអាស៊ីក្បែររបងប្រទេស​កម្ពុជាវិញ វៀតណាមបានបង្ហាញពី ការកើន​ឡើង​យ៉ាងគួរឱ្យ​កត់សម្គាល់​នូវចំណាត់ថ្នាក់របស់ខ្លួន។ ជាក់ស្ដែង វៀតណាមមានចំណាត់ថ្នាក់​ទី៦៧ ពោលគឺកើនឡើងជាង​១០លេខធៀបនឹង​ឆ្នាំមុន។ មូលហេតុចម្បង​ ដែល​ធ្វើឱ្យ​វៀតណាម​ធ្វើបាន​ល្អយ៉ាងនេះ គឺបណ្តាលមកពី សង្គ្រាមពាណិជ្ជកម្មដែល​​រុញច្រានឱ្យ​ ក្រុមហ៊ុនផលិតយ៉ាងច្រើនបាន​ចាកចេញពីប្រទេស​ចិន មកតាំងទីផលិត​នៅវៀតណាមវិញ។

ឥណ្ឌូណេស៊ី បានធ្លាក់មកនៅលំដាប់ទី៥០ ដោយចំណាត់ថ្នាក់ធ្លាក់ចុះ៥លេខ ធៀបកាលពីឆ្នាំមុន។ របាយការណ៍ បានអំពាវនាវ ឱ្យ​ប្រទេសសេដ្ឋកិច្ច​ដ៏ធំបំផុតរបស់អាស៊ានមួយ​នេះ ត្រូវ​ធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍ​បច្ចេកវិទ្យា និង​ការបន្តធ្វើកំណែទម្រង់​ប្រព័ន្ធហិរញ្ញវត្ថុ។ ទោះជាយ៉ាងណា ឥណ្ឌូណេស៊ី នៅតែឈរលំដាប់ទី៤ក្នុងតំបន់អាស៊ាន តាមពីក្រោយ សិង្ហបុរី ម៉ាឡេស៊ី និងថៃ។ កត្តាចម្បងៗ តួយ៉ាង ទំហំទីផ្សារ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច នៅតែបន្តអនុញ្ញាតឱ្យ​សេដ្ឋកិច្ច​ប្រទេសមួយនេះ មានភាពប្រកួតប្រជែង។

ជាចុងក្រោយ ក្នុងចំណោមប្រទេស​ទាំង១៤១ ប្រទេស​កម្ពុជាស្ថិត​នៅចំណាត់ថ្នាក់ទី១០៦ ដោយបានកើនឡើង​៤លេខ ពោលគឺនៅឆ្នាំ​២០១៨ កម្ពុជាមានចំណាត់ថ្នាក់ទី១១០។ ក្នុងចំណោម​១០០ពិន្ទុ កម្ពុជាសម្រេចបាន​៥២ពិន្ទុ។ កត្តាដែល​កម្ពុជាធ្វើបានល្អបំផុត រួមមាន ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ខណៈ​កត្តាផ្សេងៗរួមមាន គុណភាពស្ថាប័ន ជំនាញ និង​លទ្ធភាពច្នៃប្រឌិត របស់កម្ពុជា ស្ថិតក្នុងកម្រិតទាបខ្លាំង៕​  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ