អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ណូបែលសេដ្ឋកិច្ច​២០១៩៖ តើការលុបបំបាត់ភាពក្រីក្រជារឿងសាមញ្ញ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជ័យលាភី​​ណូបែល​សេដ្ឋកិច្ច​ សម្រាប់​ឆ្នាំ​​២០១៩ ត្រូវ​​ប្រគល់​ជូន​ទៅឱ្យ​សាស្ត្រាចារ្យសេដ្ឋកិច្ចបីរូប សម្រាប់​​សិក្សា​ស្រាវជ្រាវ បង្កើតវិធីសាស្ត្រពិសោធន៍ ក្នុងការប្រយុទ្ធប្រឆាំង​នឹង​ភាពក្រីក្រសកល។ តើការលុបបំបាត់ភាពក្រីក្រជារឿងសាមញ្ញឬយ៉ាងណា? 

សេដ្ឋវិទូបារាំង លោកស្រី  Esther Duflo (នៅក្នុងសន្និសីទកាសែតមួយនៅទីក្រុង Oviedo ប្រទេសអេស្ប៉ាញក្នុងឆ្នាំ ២០១៥) គឺជាអ្នកឈ្នះម្នាក់ក្នុងចំណោមអ្នកឈ្នះរង្វាន់ណូបែលផ្នែកសេដ្ឋកិច្ចឆ្នាំ ២០១៩ ។
សេដ្ឋវិទូបារាំង លោកស្រី Esther Duflo (នៅក្នុងសន្និសីទកាសែតមួយនៅទីក្រុង Oviedo ប្រទេសអេស្ប៉ាញក្នុងឆ្នាំ ២០១៥) គឺជាអ្នកឈ្នះម្នាក់ក្នុងចំណោមអ្នកឈ្នះរង្វាន់ណូបែលផ្នែកសេដ្ឋកិច្ចឆ្នាំ ២០១៩ ។ REUTERS/Eloy Alonso/File Photo
ផ្សាយពាណិជ្ជកម្ម

ជ័យលាភីណូបែល ត្រូវ​ប្រគល់​ជារៀងរាល់ឆ្នាំ ទៅឱ្យ​បុគ្គលទាំងឡាយណា ​ដែល​បាន​រួមចំណែករករបកគំហើញថ្មី សម្រាប់ប្រយោជន៍មនុស្សជាតិ។ ក្រៅពីវិស័យទាំងប្រាំដំបូង រួមមាន រូបវិទ្យា គីមី អក្សរសិល្ប៍ វេជ្ជសាស្ត្រ និង​សន្តិភាព, វិទ្យាសាស្ដ្រសេដ្ឋកិច្ចជាពានរង្វាន់​ចុងក្រោយ ដែលត្រូវគេ​​បង្កើតឡើង​នៅឆ្នាំ១៩៦៨ សម្រាប់​ការ​ចងចាំដល់​លោក Alfred Nobel។

នៅឆ្នាំ២០១៩ ជ័យលាភីណូបែល​​សេដ្ឋកិច្ច ​ត្រូវ​​ប្រគល់ជូនសាស្ត្រាចារ្យបីរូប គឺ​លោក Abhijit Banerjee លោកស្រី Esther Duflo និង​លោក Michael Kremer សម្រាប់​ការរួមចំណែកបង្កើតវិធីសាស្ត្រពិសោធន៍ ក្នុងការប្រយុទ្ធប្រឆាំង​នឹង​ភាពក្រីក្រសកល។

ទិដ្ឋភាពបច្ចុប្បន្ននៃភាពក្រីក្រសកល និង​ម្ចាស់ជ័យលាភី

ចាប់​តាំង​ពីអំឡុង​ឆ្នាំ១៩៨០ ចំនួន​មនុស្ស​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ​ បាន​ធ្លាក់​ចុះ​សល់​តែ​ប្រមាណ មួយពាន់​លាន​នាក់ ប៉ុណ្ណោះ ក្នុង​ចំណោម​ប្រជាជន​ពិភពលោកទាំង៧,៧​ពាន់លាននាក់។ ពោលគឺការ​ធ្លាក់​ចុះ​អត្រានៃ​ភាពក្រីក្រ​សាកល​ ​មក​ត្រឹម​ប្រហែល​ដប់ភាគរយ ​នៃ​ប្រជាជន​ពិភពលោក​សរុប។ នេះ​វា​មាន​ន័យថា នៅ​ពេល​បច្ចុប្បន្ន​ មាន​តែ​មនុស្ស​ម្នាក់តែ​ប៉ុណ្ណោះ​ ​ក្នុង​ចំណោម​មនុស្សដប់​នាក់ ​ដែល​កំពុង​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ។

កើតចេញពីដំណើរផ្សងព្រេង ដោយ​សាស្រ្ដាចារ្យ​ទាំងបី ម្នាក់​មក​ពីឥណ្ឌាដែលជាជង្រុកនៃភាពក្រីក្រ ខណៈ​ពីរនាក់ផ្សេង​ទៀត មកពី​លោកខាងលិចដែលជាប្រទេសអ្នក​មាន និង​មាន​កម្រិតអភិវឌ្ឍខ្ពស់។ ពួកគាត់​បាន​ទៅសិក្សាផ្ទាល់ ពីជីវិតពិតជាក់ស្ដែង របស់​ប្រជាជនក្រីក្រនានា នៅលើពិភពលោក ជាពិសេស បណ្តាប្រទេស​នៅតំបន់អាហ្រ្វិក និង​នៅ​តំបន់អាស៊ី អំឡុង​រយៈពេលរាប់សិនឆ្នាំ។ ការស្រាវជ្រាវរបស់​សាស្ត្រាចារ្យទាំងបីរូប បាន​រួម​ចំណែក​បង្កើន​សមត្ថភាពរបស់​ពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រសកល។ ក្នុងរយៈពេលត្រឹមតែពីរទស្សវត្សរ៍ វិធីសាស្រ្តថ្មីនេះ ដែលពឹង​ផ្អែកលើការពិសោធន៍តាម​បែបវិទ្យាសាស្រ្ដពិត បាន​រួម​ចំណែក​ផ្លាស់ប្ដូរវិស័យសេដ្ឋកិច្ច​អភិវឌ្ឍ។

របកគំហើញ​នៃវិធីសាស្ត្រពិសោធន៍ដើម្បី​កាត់បន្ថយភាពក្រីក្រសកល

តើ​អ្វីទៅជាវិធីសាស្រ្តថ្មីដែលពឹងផ្អែកលើការពិសោធន៍តាមបែបវិទ្យាសាស្រ្ដពិត?

នៅក្នុង​វិទ្យាសាស្រ្ដពិត ជាពិសេស​នៅក្នុងវិទ្យាសាស្រ្ដសុខាភិបាល គេ​ហៅ​ វិធីសាស្រ្តនេះថា “Randomized Control Trial Methods”។ វិធីសាស្រ្ដនេះ ជាប្រភេទវិធីសាស្រ្ដពិសោធន៍មួយ ដែល​អាច​ឱ្យ​គេ​ស្វែងរក​ ហេតុនិងផល​ នៅ​ពី​ក្រោយ​ ឥទ្ធិពល​នៃការអន្តរាគមន៍គោលនយោបាយមួយ ថាតើការអន្តរាគមន៍ទាំងនោះ​ពិត​ជា​មាន​ឥទ្ធិពល​ឬក៏យ៉ាងណា។

ជាឧទាហរណ៍ ការពិសោធន៍ទៅលើ ប្រសិទ្ធភាពនៃ​ថ្នាំពេទ្យ​ដែល​គេទើប​នឹង​បង្កើតថ្មី។ ដើម្បីអាចឱ្យ​​គេដឹង​ពី​ឥទ្ធិពល​នៃថ្នាំពេទ្យ​ថ្មី​នេះ អ្ន​កវិទ្យាសាស្រ្ដបាន​បែក​ចែក​មនុស្ស​ជាពីរក្រុមផ្សេង​គ្នា ហើយ​ដែល​មាន​លក្ខណៈ​ស្រដៀងគ្នាទាំងអស់ ប៉ុន្តែអ្វីដែល​ខុសគ្នាគឺ មាន​ក្រុម​មួយ​ដែល​ទទួល​បាន​ថ្នាំពេទ្យ ខណៈក្រុមមួយផ្សេង​ទៀតមិន​បាន​ទទួល។ ល្គឹកណា ក្រុម​ដែល​ទទួល​បាន​ថ្នាំពេទ្យ​បង្ហាញ​​លទ្ធផលល្អប្រសើរជាង ក្រុមដែល​មិន​បាន​ទទួល នុ៎ះគេអាចសន្និដ្ឋានថា ថ្នាំពេទ្យថ្មី​នេះ​មាន​ប្រសិទ្ធភាព។

នៅក្នុង​វិស័យសេដ្ឋកិច្ចអភិវឌ្ឍក៏មាន​លក្ខណៈដូចគ្នាផងដែរ។ គេអាច​ធ្វើការពិសោធន៍ ដោយ​ការផ្តល់ឱកាសឱ្យ​ពលរដ្ឋក្រីក្រនៅក្រុមណាមួយ ទទួល​បាន​ឱកាសអប់រំ ឬ​សេវាសុខភាព ហើយ​ប្រៀបធៀបជាមួយ​ក្រុម​ពលរដ្ឋ​ក្រីក្រផ្សេង​ទៀត​ ដែល​មាន​លក្ខណៈដូចគ្នា ប៉ុន្តែខុសគ្នាតែការទទួល​បានការអន្តរាគមន៍ទាំងនេះ។

ជាលទ្ធផលផ្ទាល់ ពីការសិក្សាមួយ ក្នុងចំណោមការសិក្សាពិសោធយ៉ាងច្រើនរបស់​ម្ចាស់ជ័យលាភីកុមារឥណ្ឌាជាងប្រាំលាននាក់បានទទួលអត្ថប្រយោជន៍ ពីកម្មវិធីដ៏ប្រសិទ្ធភាពមួយ ពាក់ព័ន្ធនឹងការបង្រៀនតាមបែបបុរាណ នៅតាមសាលារៀន។ ឧទាហរណ៍មួយផ្សេងទៀត ពាក់ព័ន្ធនឹងការពិសោធន៍ ដោយ​ការផ្តល់​ប្រាក់ឧបត្ថម្ភ សម្រាប់ការទទួលបាន​សេវាថែទាំសុខភាព ហើយដែល​ត្រូ​វបាន​គេអនុវត្តន៍នៅក្នុងប្រទេស​យ៉ាង​ច្រើន។

គួររំលឹកផងដែរថា ពីអតីតកាល ការកាត់បន្ថយភាពក្រីក្រ ត្រូវ​អ្ន​កសេដ្ឋកិច្ច​ផ្តោត លើការសិក្សា​ជាលក្ខណៈម៉ាក្រូសេដ្ឋកិច្ច ដែល​ពាក់ព័ន្ធនឹងការផ្តល់ស្បៀងអាហារ ការផ្តល់លុយកាក់​ផ្ទាល់ទៅឱ្យ​ជន​ក្រីក្រ ការកែប្រែទីផ្សារសេដ្ឋកិច្ច ឬក៏ក្រោមរូបភាព គម្រោង​ជំនួយ​អភិវឌ្ឍ ជាដើម។ ក៏ប៉ុន្តែ ជារឿយៗ លទ្ធផល​នៃការសិក្សាយ៉ាង​ច្រើន បាន​វាយតម្លៃពីផល​អវិជ្ជមាន​នៃ​គម្រោងជំនួយ​ជាលុយកាក់ ដែល​វា​ធ្វើឱ្យ​ភាពក្រីក្រកាន់តែមាន​លក្ខណៈធ្ងន់ធ្ងន់ និង​ការពឹង​ពាក់លើជំនួយកាន់តែខ្លាំងជាងមុន។

សរុបជារួម មេរៀនទាញ​ចេញពីលទ្ធផលនៃការសិក្សារបស់ ម្ចាស់ជ័យលាភីណូបែលសេដ្ឋកិច្ចឆ្នាំនេះ អាច​ឱ្យ​យើងស្វែងយល់ថា ការជួយជនក្រីក្រ មិនមែនជារឿងងាយស្រួល ហើយវាមិនអាស្រ័យតែលើបេះដូងអ្នកជួយនោះទេ ប៉ុន្តែវាពឹងផ្អែកលើរបៀបនៃការជួយឱ្យបានត្រឹមត្រូវតែម្ដង។ ព្រោះថា ការជួយខ្លះមិនត្រឹមតែមិនបានជួយជនក្រីក្រទេ តែវាថែមទាំងបង្កជាផលលំបាក មិនមែនសម្រាប់តែជន​ក្រីក្រ តែពួកយើងអ្នកជួយតែម្ដង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ