ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT

ស៊្វីស៖ តើ​ជនអន្តោប្រវេសន៍ដណ្តើមការងារ ឬ​បង្កើតការងារឱ្យ​ម្ចាស់ស្រុក?

ស៊្វីស៖ តើ​ជនអន្តោប្រវេសន៍ដណ្តើមការងារ ឬ​បង្កើតការងារឱ្យ​ម្ចាស់ស្រុក?
 
ក្រុមគ្រួសារអន្តោប្រវេស្តន៍​ មកដល់​មជ្ឈមណ្ឌលទទូលអន្តោប្រវេស្តន៍មួយ​បន្ទាប់​ពីរួចការឃុំឃាំង នៅ McAllen (Texas), ថ្ងៃទី៤កក្កដា​២០១៨ . REUTERS/Luis Echeverria

យោងតាម​ភ័ស្តុតាងពី ការសិក្សាស្រាវជ្រាវថ្មីមួយ​ ពាក់ព័ន្ធ​នឹង​លំហូរកម្លាំងពលកម្មដោយសេរី ក្នុង​ប្រទេស​ស៊្វីស បង្ហាញថា លំហូរចូល​នៃ​កម្លាំងពលកម្មបរទេស ដែល​គេស្គាល់ថា ជនអន្តោប្រវេសន៍ ឬពលរដ្ឋចំណាកស្រុក បាន​រួម​ចំណែក​កាត់​បន្ថយ​ អត្រាអ្នក​អត់ការងារ របស់​ម្ចាស់ស្រុក។ តើ​មកពីមូលហេតុអ្វី?

ប្រទេស ស៊្វី​ស ឬ​គេហៅជាផ្លូវការថា សហព័ន្ធស៊្វីស (Confédération Suisse) គឺជារដ្ឋអធិបតេយ្យ​មួយ ដែល​មាន​ទីតាំងនៅកណ្តាលទ្វីប​អឺរ៉ុប និង​មាន​ព្រំប្រទល់ជាប់ប្រទេស​អឺរ៉ុប​ធំៗ ក្នុងនោះ ខាង​លិច​ជាប់បារាំង ខាង​ជើង​ជាប់​អាល្លឺម៉ង់ ខាង​ត្បូង​ជាប់​អ៊ីតាលី និង​ខាង​កើតជាប់​​អូទ្រីស និងលិចតិនស្តាញ។

គិតត្រឹម​ឆ្នាំ​២០១៩ ស៊្វី​ស មាន​ប្រជាជន​សរុប​ប្រមាណ ៨លាន​៥សែន​នាក់​។ ​​ប្រជាជន​ភាគច្រើន​មាន​ដើមកំណើត​ និង​និយាយភាសា អាល្លឺម៉ង់ បារាំង អ៊ីតាលី និង​ ភាសា Romansh។ ទោះជាយ៉ាងណា យោងតាម​អ្នក​ប្រវត្តិសាស្រ្ដ អត្តសញ្ញាណជាតិរបស់ប្រទេសស៊្វីស មានឫសគល់ ក្នុងពង្សាវតារប្រវត្តិសាស្រ្ត និង​គុណតម្លៃរួម តួយ៉ាង គោលការណ៍សហព័ន្ធ និង ប្រជាធិបតេយ្យដោយផ្ទាល់។

នៅឆ្នាំ១៩៩៩ ស៊្វី​ស បាន​ដាក់​ចេញ​ឱ្យ​អនុវត្ត​ គោលការណ៍នៃលំហូរ​កម្លាំងពលកម្មដោយ​សេរី ក្រោយ​ពី​បាន​សម្រេច​កិច្ចព្រមព្រៀងជាមួយ បណ្តាប្រទេស​នៃ​សហភាពអឺរ៉ុប និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប។ ជាជំហានៗ កិច្ច​ព្រមព្រៀង​នេះ បានលុបបំបាត់ រាល់ច្បាប់​រឹតត្បិត លើការជួល និងជ្រើសរើស ជនអន្តោប្រវេសន៍ និងពលករឆ្លងដែន មកធ្វើការ​ក្នុង​ប្រទេសស៊្វី​ស។

ក្រោយមក ប្រទេសស៊្វីសបានលុបចោលនូវ នីតិវិធីបែបការិយាធិបតេយ្យនានា ដើម្បីបង្កើន​រយៈពេលស្នាក់នៅ និងការលុប​បំបាត់​ចំនួនកូតា សម្រាប់ការទទួលយកជនអន្តោប្រវេសន៍។

នៅក្នុងរយៈពេលនៃកំណែទម្រង់ ជនអន្តោប្រវេសន៍ក្នុង​ប្រទេសនេះមាន​ការកើនឡើង។ ជាង​មួយទសវត្សរ៍ ចំនួនប្រជាជនដែល​បាន​កើតនៅបរទេស ហើយបានចូលមករស់នៅ និង​ធ្វើការ​ក្នុង​ប្រទេស​ស៊្វីស បាន​កើនឡើងពី ២៣,១ភាគរយ ដល់ ២៨,៣ភាគរយ អំឡុង​ពីឆ្នាំ២០០៣ ដល់​ឆ្នាំ​២០១៣។ ក្នុង​នោះ ពួកគេ​ភាគច្រើនមាន​ដើម​កំណើត​ពី​បណ្តាប្រទេសអឺរ៉ុបជិតខាង។

ជាក់ស្ដែង ក្នុងតំបន់​ធំមួយ នៅ​ទីក្រុង Lausanne ក្នុង​ចំណោម​តំបន់​ធំៗទាំងប្រាំបី​ នៃ​ប្រទេសស៊្វីស ដែល​គេឱ្យ​ឈ្មោះតាមភាសាបារាំងថា Le Canton de Vaud, ស្ថិតិនៃ​ជន​បរទេស តំណាង​ប្រមាណជាង ៣០,៥ភាគរយ នៃ​ប្រជាជន​សរុប។ ប្រជាជន​ទាំងនោះ មានដើមកំណើត​ពី ១៧៥ពូជសាសន៍ខុសៗគ្នា។ ក្នុង​មួយឆ្នាំ​ៗ តំបន់​នេះ​ស្វាគមន៍ជនបរទេស ​ប្រហែល​ ពីរម៉ឺននាក់។

ទោះជាយ៉ាងណា នៅអំឡុង​ប៉ុន្មានឆ្នាំចុងក្រោយ គេអង្កេតឃើញថា ចលនាប្រឆាំង​នឹង​គោលការណ៍នៃ លំហូរ​កម្លាំងពលកម្មដោយ​សេរី បា​ននិងកំពុង​បន្តកើន​ឡើង នៅក្នុង​ប្រទេសអឺរ៉ុបភាគច្រើន។ ចលនានយោបាយ​ស្ដាំនិយម និងប្រជានិយម ដែល​បាន​ទាមទារឱ្យ​មាន​ការរឹតត្បិតលើ​ជនបរទេស បាន​ទទួលសំឡេងគាំទ្រ​កាន់តែច្រើន ​ក្នុង​បណ្តាប្រទេស​អឺរ៉ុប។

ជាឧទាហរណ៍ជាក់ស្ដែង គេអាចអង្កេតឃើញ ពី​ការ​បោះឆ្នោតប្រជាមតិ​ចាកចេញពីសភាពអឺរ៉ុប របស់​ពលរដ្ឋ​នៃ​ចក្រភាពអង់គ្លេស ឬ​ Brexit។

​ក្នុងស្ថានភាព​ប្រទេសស៊្វីសបច្ចុប្បន្ន ការពិភាក្សា និង​ការខ្វែងគំនិតគ្នា នៅតែមានបន្ត ទាំងក្នុងសង្គម​មនុស្សទូទៅ និង​ក្នុង​រដ្ឋាភិបាល។ ឧទាហរណ៍ ពាក់ព័ន្ធទៅនឹង​ការចង់​ឱ្យ​មាន​ការដាក់ចេញ​នូវ ការធ្វើប្រជាមតិ​ដើម្បីទាមទារ​ឱ្យអនុវត្ត​ចំនួនកូតា ក្នុង​ការទទួលជន​បរទេស​ ក្នុងមួយ​ឆ្នាំៗ។

តើជនអន្តោប្រវេសន៍ដណ្តើមការងារ ឬបង្កើតការងារឱ្យ​ម្ចាស់ស្រុក?

ផ្អែកលើលទ្ធផល​នៃ​ការសិក្សាមួយ របស់​សេដ្ឋវិទូស៊្វីសពីររូប ពីសាកលវិទ្យាល័យ Zurich និង​ពីវិទ្យាស្ថាន​សេដ្ឋកិច្ចស៊្វីស KOF ដោយ​ប្រើប្រាស់​ ទិន្នន័យរដ្ឋបាលស៊្វីស អំឡុង​​ពីឆ្នាំ​២០០២ ដល់​ឆ្នាំ​២០១១ បង្ហាញថា ប្រជាជនមាន​ដើមកំណើតស៊្វីស មិន​បាន​បាត់បង់ការងាររបស់​ពួកគេ​ នោះទេ ប៉ុន្តែ ពួកគេថែមទាំងបានទទួលអត្ថប្រយោជន៍ពី លំហូរចូលនៃជនអន្តោប្រវេសន៍ទាំងនោះទៀតផង តាំងពី​ឆ្នាំ​២០០២។

មូលហេតុ​ចម្បង ដើម្បី​ពន្យល់រឿងនេះ គឺថា ជនអន្តោប្រវេសន៍ បានរួមចំណែក​បង្កើតការងារបន្ថែម ខណៈ​ម្ចាស់ស្រុក​ក្នុងជំនាន់ក្រោយៗ តែងតែផ្លាស់ប្ដូរ និងអភិវឌ្ឍខ្លួន ទៅរកការងារ​ដែល​មាន​ជំនាញកាន់តែខ្ពស់ជាងមុន ដើម្បីឆ្លើយតប​ទៅនឹងលំហូរនៃពលរដ្ឋ​ចំណូលថ្មី៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ