អានតួអត្ថបទ
ការគោរពសិទ្ធិមនុស្ស

Amnesty International៖ ឆ្នាំ​២០១៦​ ជា​ឆ្នាំ​អាក្រក់​បំផុត ​សម្រាប់​ការ​គោរព​សិទ្ធិ​មនុស្ស

អង្គការ​Amnesty International ​ទើប​បាន​ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ ស្តីអំពី​ស្ថានភាព ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​ នៅ​ទូទាំង​ពិភពលោក។ សម្រាប់​អង្គការ​ឃ្លាំមើល​ការ​គោរព​សិទ្ធិ​មនុស្ស ដ៏​ធំ​មួយ​នេះ ​ឆ្នាំ​២០១៦ ​គឺ​ជា​ឆ្នាំ​ដែល​ការ​គោរព​សិទ្ធិ​មនុស្ស​ បាន​ធ្លាក់​ចុះ​ខ្លាំង​បំផុត។ របាយការណ៍ ​បាន​លើក​ឡើង​អំពី​ការ​កើនឡើង​នូវ​ចរន្ត​នយោបាយ ​ញុះញង់ ​ទំលាក់​កំហុស ​បង្ក​ការ​ស្អប់ខ្ពើម​រើសអើង​គ្នា ​ដែល​ធ្វើ​ឲ្យ​មនុស្សជាតិ​បែប​បាក់​គ្នា ​កាន់តែ​ខ្លាំង។ ចរន្ត​នេះ​ មិនមែន​មាន​តែ​នៅ​តាម​ប្រទេស​តូចតាច​ទេ ​តែ​ជា​ពិសេស ​គឺមាន​នៅ​សហរដ្ឋ​អាមេរិក ​និង​នៅ​ប្រទេស​អឺរ៉ុប​ ដែល​សុទ្ធ​តែ​មាន​ប្រវត្តិ​ ជា​ប្រទេស​គោរព​សិទ្ធិ​មនុស្ស​គំរូ។

លោក Salil Shetty ​អគ្គលេខាធិការ​Amnesty International លើក​​បង្ហាញ​របាយ​ការណ៍​ឆ្នាំ​​២០១៦-២០១៧
លោក Salil Shetty ​អគ្គលេខាធិការ​Amnesty International លើក​​បង្ហាញ​របាយ​ការណ៍​ឆ្នាំ​​២០១៦-២០១៧ Amnesty Int
ផ្សាយពាណិជ្ជកម្ម

ឆ្នាំ២០១៦ ​ជា​ឆ្នាំ​អាក្រក់​បំផុត ​សម្រាប់​ការ​គោរព​សិទ្ធិ​មនុស្ស”។ នេះ​គឺ​ជា​សេចក្តី​សង្ខេប​ដ៏​ខ្លី ​នៃ​របាយការណ៍​ដែល​មាន​កំរាស់​ ជាង​៤០០​ទំព័រ ​របស់​អង្គការ ​Amnesty International ​ដែល​បាន​ប្រកាស​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ។ អង្គការ​ឃ្លាំមើល​ការ​គោរព​សិទ្ធិ​មនុស្ស ​និង​ដែល​តែងតែ​ធ្វើ​ការ​អង្កេត​តាមដាន ​ដោយ​មិន​ខ្លាច​ញញើត ​ពីការ​រំលោភ​សិទ្ធិ​មនុស្ស​ នៅ​ទូទាំង​ពិភព​លោក​មួយ​នេះ ​បាន​ទាញ​សញ្ញា​អាសន្ន ​ស្តី​អំពី​ដំណើរ​ថយក្រោយ ​និង​ស្ថានភាព​ដ៏​សែន​ខ្មៅ​អួរអាប់ ​នៃ​បរិយាកាស​សកលលោក ​ដែល​ពោរពេញ​ទៅ​ដោយ​អំពើ​ហិង្សា ​និង​ការ​រំលោភ​បំពាន​សិទ្ធិ។

 
អង្គការ​នេះ​បាន​លើកឡើង​ អំពី​ចរន្ត​នយោបាយ​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​ នៅ​តាម​ប្រទេស​ធំៗ ​ដូច​ជា​សហរដ្ឋ​អាមេរិក ​និង​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អឺរ៉ុប។ នោះគឺ​ចរន្ត​គំនិត​បែប​ រុញច្រាន ​ទំលាក់​កំហុស​ឲ្យ​គ្នា ​ទៅ​វិញ​ទៅមក​ ទៅ​លើ​ប្រជាជន ​ដែល​មាន​ជាតិ​សាសន៍​ខុស​គ្នា ​រឺ​ក៏​ដែល​កាន់​សាសនា​ខុសគ្នា។ របាយការណ៍​នេះ ​ បាន​លើក​ឡើង​អំពី​ការ​កើនឡើង​នូវ​នយោបាយ​ប្រជាភិថុត ​ឆក់​ឱកាស​ ដែល​ស្រែក​ញ៉ុះញង់ ​ឲ្យ​​មនុស្ស​ស្អប់គ្នា ​មើល​ងាយ​រើស​អើង​គ្នា​ទៅ​វិញ​ទៅ​មក។

ប្រទេស​បារាំង​ និង​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​អឺរ៉ុប ​កំពុង​តែ​ប្រឈមមុខ​ខ្លាំង​ឡើងៗ​ នឹង​ចរន្ត​នយោបាយ​ស្អប់ខ្ពើម​រើសអើង​គ្នា​នេះ​ដែរ ​ ដោយសារ​តែ​បញ្ហា​សេដ្ឋកិច្ច ​ វិបត្តិ​ជនភៀសខ្លួន​ និង​បញ្ហា​សន្តិសុខ។ លោក ​Salil Shetty អគ្គលេខាធិការ​នៃ​Amnesty International ​បាន​បញ្ជាក់​ថា ​សម្តី​របស់​អ្នក​នយោបាយ​ ដែល​ចង់​កេង​ចំណេញ ​តាម​រយៈ​ការ​និយាយ​បំភិតបំភ័យ ​គឺ​ជា​រឿង​មួយ​គ្រោះថ្នាក់​បំផុត​ សម្រាប់​អនាគត​មនុស្សជាតិ ​ជាក់ស្តែង​សម្តី​របស់​លោក​ដូណាល់ ត្រាំ ​ដែល​មាន​កំរិត​ធ្ងន់ធ្ងរ​ ហួស​និស្ស័យ។

របាយការណ៍ Amnesty International ​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​អូស្ត្រាលី ​ដោយ​ត្រង់ៗ​ ថា​បាន​ធ្មេច​ភ្នែក​ បណ្តោយ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ ទៅលើ​សហគមន​ជនជាតិ​ដើម​ម្ចាស់ស្រុក ​ និង​ទៅ​លើ​ជនភៀសខ្លួន​ដែល​មាន​បំណង​មក​សុំ​សិទ្ធិ​ជ្រកកោន​នៅ​អូស្ត្រាលី។ យោង​តាម​ការ​ស៊ើប​អង្កេត ​​អង្គការ​នេះ ​បាន​លើក​ឡើង​អំពី​ករណី​ធ្វើ​ទារុណកម្ម ​គ្មាន​មេត្តា ​និង​អំពី​ភាព​អយុត្តិធម៌​ ដែល​អាជ្ញាធរ​ និង​ប្រព័ន្ធ​តុលាការ​អូស្ត្រាលី ​បាន​ធ្វើ​ទៅ​លើ​សហគម​ជនជាតិ​ដើម។ មិនត្រឹម​តែ​ប៉ុណ្ណោះ ​រដ្ឋាភិបាល​អូស្ត្រាលី ​មិនបាន​ប្រឹងប្រែង​ ជួយ​ដល់​ជីវភាព ​ក៏​ដូច​ជា​ការ​អភិវឌ្ឍន៍​ដល់​សហគម​ជនជាតិ​ដើម​ម្ចាស់​ស្រុក ​​ដែល​មាន​ប្រមាណ​ជា​ជាង​៧សែន​នាក់​ ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ