ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/10 12h00 GMT
general

អង្គការFAO៖​ កាត់​បន្ថយ​កង្វះ​ចំណី​អាហារ​ និង​ភាព​ក្រីក្រ ​ត្រូវ​ឆ្លងកាត់​ការ​អភិវឌ្ឍន៍​តំបន់​ជនបទ​

media  
ប្រជាជន​នៅ​អាហ្វ្រិក ​និង​អាស៊ី​ខាងត្បូង ​៨១៥​លាន​នាក់ ​ប្រឈមមុខ​នឹង​បញ្ហា​​កង្វះ​​ស្បៀង​អាហារ fao.org

អង្គការ​ស្បៀង​អាហារ ​និង​កសិកម្ម ​ហៅកាត់​ថា​ FAO​ ដែល​ជា​ផ្នែក​មួយ​របស់​អង្គការ​សហប្រជាជាតិ ​ទើប​បាន​ចេញ​របាយការណ៍​មួយ ​ស្តីអំពី​ផែនការ ​យុទ្ធនាការ ​ដើម្បី​កាត់​បន្ថយ ​បញ្ហា​កង្វះ​ចំណី​អាហារ ​និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ​របស់​ប្រជាជន​នៅ​ទូទាំង​ពិភពលោក។ យោង​តាម​របាយការណ៍​នេះ​ វិធីសាស្ត្រ​ដ៏សំខាន់​បំផុត​ដើម្បី​ឈាន​ទៅ​ដល់​គោលដៅ ​គឺ​ត្រូវ​ផ្តើម​ចេញពីការ​អភិវឌ្ឍន៍​កសិកម្ម ​និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ នៅតាម​តំបន់​ជនបទ​ ដាច់​ស្រយ៉ាល ​ដើម្បី​ជួយ​ជីវភាព​របស់​ប្រជាជន​ក្រីក្រ។

តើ​ធ្វើ​យ៉ាងណា ​ដើម្បី​ជួយ​ជីវភាព​ប្រជាជន​ក្រីក្រ ​ដែល​ប្រឈម​មុខ​នឹង​បញ្ហា​កង្វះ​ស្បៀងអាហារ? ​ផែនការ​យុទ្ធសាស្ត្រ​ឆ្នាំ​២០៣០ ​របស់​អង្គការ​ស្បៀង​អាហារ ​និង​កសិកម្ម ​ហៅកាត់​ថា FAO ​បាន​សង្កត់​ធ្ងន់​ថា​ ការ​សម្រេច​គោលដៅ​រួម​នៃ​ផែន​ការ​នេះ ​គឺ​ត្រូវ​ផ្សារ​ភ្ជាប់​ជា​ដាច់ខាត  ​ជាមួយ​នឹង​ផែនការ ​អភិវឌ្ឍន៍​ជនបទ​ ព្រោះថា​ ​គឺ​នៅ​តាម​ទី​ជនបទ​នេះ​ហើយ ​ដែល​សំបូរ​ទៅដោយ​ប្រជាជន​ក្រីក្រ ​ដែល​រងគ្រោះ​ខ្លាំង​បំផុត​ ដោយ​បញ្ហា​កង្វះ​ស្បៀង​អាហារ។

កាល​ពី​ពេល​ថ្មីៗ​ នេះ ​អង្គការ​ FAO ​បាន​សង្កេត​ឃើញ​ថា ​១០ឆ្នាំ​ចុង​ក្រោយ​នេះ​ ចំនួន​ប្រជាជន​ក្រីក្រ ​ដែល​ខ្វះ​ស្បៀង​អាហារ ​បាន​ថយចុះ​ជា​លំដាប់។​ ក៏​ប៉ុន្តែ​ ក្នុង​ឆ្នាំ ​២០១៦ ​ចំនួន​ប្រជាជន​ ដែល​ជួប​និង​បញ្ហា​ខ្វះ​ចំណី​អាហារ​បរិភោគ ​បាន​កើន​ឡើង​ខ្លាំង​ គួរ​ឲ្យ​ព្រួយ​បារម្ភ​ ដែល​ចំនួន​នេះ ​មាន​ទៅ​ដល់ ​ប្រមាណ​៨១៥​លាន​នាក់។ ក្នុង​ចំណោម​ប្រជាជន​ដែល​រងគ្រោះ ​គឺ​ភាគច្រើន​ ស្ថិត​នៅ​តំបន់​អាហ្វ្រិក​ ខាង​ក្រោម​សមុទ្រ​ខ្សាច់​សាហារ៉ា ​និង​ប្រជាជន​នៅ​តំបន់​អាស៊ី​ខាង​ត្បូង។

នៅក្នុង​របាយការណ៍​ អង្គការ​នេះ​ បាន​លើកឡើង​ជា​អនុសាសន៍​ ច្រើន​ចំណុច ​ដើម្បី​ធ្វើ​ឲ្យ​ផែនការ​អភិវឌ្ឍន៍​តំបន់​ជនបទ ​កាន់តែ​មាន​ប្រសិទ្ធិភាព។ តួយ៉ាង​ដូចជា​ការ​អភិវឌ្ឍន៍​វិស័យ ​កសិកម្ម​បែប​ទ្រង់ទ្រាយ​ធំ​ នឹង​រួមគ្នា​ជា​បណ្តាញ ​តាម​រយៈ​ការ​បង្កើត​ឲ្យ​មាន ​ប្រព័ន្ធ​ស្តុកទុក​ ប្រព័ន្ធ​កែច្នៃ​កសិផល ​ព្រមទាំង​ការ​លក់ដុំ​ នូវ​ផលិតផល​កសិកម្ម។ បន្ថែម​ពី​នេះ ​អង្គការ​នេះ​ បាន​លើក​ឡើង​ថា ​ត្រូវតែ​ផ្សារភ្ជាប់ ​តំបន់​ជនបទ​ដាច់​ស្រយ៉ាល ​ដែល​ជា​ប្រភព​នៃ​កសិផល ​ជាមួយ​នឹង​ទី​ប្រជុំជន ​ឬ​ទីក្រុង​តូចៗ។

របាយការណ៍ ​ពន្យល់​ថា ​ជាទូទៅ ​ការ​រីកចំរើន​សេដ្ឋកិច្ច ​ជីវភាព ​និង​ចំនួន​ប្រជាជន ​នៅតាម​ទី​ប្រជុំជន ​ឬទីក្រុង​ខ្នាត​តូច​និង​មធ្យម​នានា ​វា​អាច​ជួយ ​ដល់​ជីវភាព​របស់​ប្រជាជន ​ដែល​ជា​កសិករ​នៅ​តាម​ទី​ជនបទ​ដាច់​ស្រយ៉ាល។ ប្រជាជន​ដែល​ជា​កសិករ​ទាំង​នោះ ​អាច​យក​កសិផល​របស់​ខ្លួន ​មក​លក់​បំពេញ​តំរូវការ​របស់​ប្រជាជន​នៅ​តាម​ទី​ប្រជុំជន។

តែ​យ៉ាងណា​ ការ​កើនឡើង​នូវ​តំរូវការ​ផលិតផល​កសិកម្ម ​ នៅតាម​ទីក្រុង ​ឬ​ទី​ប្រជុំជន​ តែ​មួយមុខ​ នៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ ​ក្នុង​ការ​ជួយ​ជីវភាព​អ្នកក្រ​ នៅ​ទី​ជនបទ​ទេ។ អាជ្ញាធរ​រដ្ឋ ​ត្រូវ​បង្កើន​ការ​វិនិយោគ​សាធារណៈ ​នៅ​តាម​ទី​ជនបទ ​និង​រៀបចំ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ ​តភ្ជាប់ ​ពី​ជនបទ ​មក​ទី​ប្រជុំជន​ដែល​នៅ​ជិត​បំផុត។ ការ​អភិវឌ្ឍន៍​ជនបទ ​ដោយ​ផ្អែក​ភ្ជាប់ ​ជាមួយ​នឹង​ទី​ប្រជុំ​ជន​ដែល​នៅ​កៀក ​គឺ​ជា​វិធីសាស្ត្រ​ដើម្បី​ជំរុញ​ចរន្ត​សេដ្ឋកិច្ច ​ហើយ​កាត់​បន្ថយ​គំលាត ​រវាង​កសិករ​ក្រីក្រ ​នៅ​តាម​ជនបទ ​និង​អ្នកមាន​ នៅ​តាម​ទីក្រុង៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ