ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/11 12h00 GMT
general

រដ្ឋាភិបាល​នៃ​ប្រទេស​កាន់តែ​ច្រើន ​ដែល​ប្រើ​បណ្តាញ​សង្គម​ដើម្បី​បំពុល​មតិ​សាធារណៈ

media  
របាយការណ៍ ​Freedom of the​ Net ​របស់​អង្គការ ​Freedom​ House​ Freedom House

អង្គការ Freedom House ដែលជាអង្គការឃ្លាំមើលសិទ្ធិសេរីភាព ទើបតែបានចេញរបាយការណ៍មួយស្តីពីសិទ្ធិសេរីភាពនៅលើប្រព័ន្ធអ៊ីនធើនែត។ យោងតាមរបាយការណ៍នេះ ​មានរដ្ឋាភិបាលនៃប្រទេសកាន់តែច្រើន  ដែលបានប្រើប្រាស់បណ្តាញសង្គម ដើម្បីបំពុល និងបន្លំ មតិសាធារណៈ។ បញ្ហានេះ កំពុងធ្វើឲ្យប៉ះពាល់ យ៉ាងខ្លាំងទៅលើគោលការណ៍គ្រិះ នៃលទ្ធិប្រជាធិបតេយ្យ ព្រោះអាជ្ញាធរតាមប្រទេសទាំងនោះ បានជួលមនុស្ស ឲ្យបំប៉ោង ឲ្យប្រឌិត និង​ចែកចាយព័ត៌មានមិនពិត ​ឬសារនយោបាយ បោកប្រាស់នានា ដែលអាចជះឥទ្ធិពល​ដល់ការសម្រេចចិត្តរបស់ពួកគេ។

មិនមែនមានតែរុស្ស៊ី និងចិនទេ ដែលបានប្រើប្រាស់បណ្តាញសង្គម ដើម្បីបំពុលមតិសាធារណៈ។ មានប្រទេសកាន់​​តែច្រើន ដែលបានប្រើប្រាស់វិធីទាំងនេះ ក្នុងគោលដៅចំណេញនយោបាយ បំភ័ន្តការយល់ឃើញរបស់មនុស្សទូទៅ។ យោងតាមរបាយការណ៍របស់អង្គការ Freedom House ដែលបានស្រាវជ្រាវ​នៅតាមប្រទេស​ចំនួន ៦៥ គឺក្នុងនោះ មាន៣០ប្រទេស ដែលបានប្រើមធ្យោបាយ​​ផ្សេងៗ ដើម្បីបំពុលមតិមហាជន លើ​បណ្តាញសង្គម។ កាលពីឆ្នាំ២០១៦ គឺមានតែ២៣ប្រទេសប៉ុណ្ណោះ​។

វិធីដែលគេប្រើ ដើម្បីបំពុលមតិមហាជននៅតាមបណ្តាញសង្គម មានដូចជា ការជួលមនុស្សឲ្យចូលមកសរសេរបញ្ចេញយោបល់ រិះគន់ ឬគាំទ្រឲ្យបានច្រើន  ការជួលមនុស្សឲ្យធ្វើជាសារព័ត៌មានត្រូល (Troll ) ដើម្បីផ្សព្វផ្សាយរឿងអាស្រូវ ឬពាក្យចចាមអារ៉ាមណាមួយ ឬការប្រើប្រាស់គណនីស្វ័យប្រវត្តិ (bots) ដើម្បីបំប៉ោងតួលេខអ្នកអាន​ អ្នកចូល​ចិត្ត ឬអ្នកចែកចាយ ឲ្យបានច្រើន។ ហើយចុងក្រោយ គឺការប្រើប្រាស់ មនុស្សមួយក្រុម ឲ្យប្រឌិត ឬបំប៉ោងព័ត៌មាន ចុះផ្សាយនៅលើគេហទំព័រក្លែងក្លាយ (Fake News) មុននឹងបញ្ជូនទៅចែកចាយ បំផុសបំផុល នៅតាមបណ្តាញសង្គម ដូចជាFacebook Twitter Instagram ជាដើម។

៣ឆ្នាំជាប់គ្នាហើយ ដែលចិនជាប់លំដាក់ថ្នាក់លើគេ។ ក្រៅពីការប្រើបណ្តាញសង្គមដើម្បី បំពុល និងជះឥទ្ធិពលទៅលើការយល់ឃើញរបស់មហាជន រដ្ឋាភិបាលចិន បានថែមទាំង ចាប់ឃាត់ខ្លួន និងផ្តន្ទាទោស ទៅលើ អ្នកដែលហ៊ានរិះគន់​ខ្លួន នៅលើបណ្តាញ​សង្គម ទៀតផង។ ក្នុងន័យដើម្បីកៀបសង្កត់ ការបញ្ចេញមតិនេះដែរ  រុស្ស៊ី ទើបតែចេញច្បាប់ថ្មី តម្រូវឲ្យម្ចាស់ទំព័រប្លក់(Blog) ដែលមានអ្នកចូលទៅអានចាប់ពី៣០០០នាក់ ក្នុងមួយថ្ងៃទៅ គឺត្រូវតែចុះឈ្មោះនៅក្នុងបញ្ជីរពិសេសមួយ។

ជាឧទារហរណ៍មួយទៀត ហ្វីលីពីន បានជួលមនុស្ស ម្នាក់១០ដុល្លារមួយថ្ងៃ ឲ្យអង្គុយចែកចាយ ចូលចិត្ត ឬសរសេរសារគាំទ្រ ដល់យុទ្ធនាការបោសសំអាតបណ្តាញគ្រឿងញៀនរបស់រដ្ឋាភិបាល។ ធ្វើយ៉ាងនេះ ដើម្បីបំភ័ន្តមតិមហាជន ឲ្យជឿថាមានមនុស្សច្រើន ដែលគាំទ្រប្រតិបត្តិការដ៏ឃោរឃៅនេះ។ ដូចគ្នាដែរ តួកគី បានប្រើមនុស្សប្រមាណ ៦០០០​នាក់ ឲ្យចាំតវ៉ា រិះគន់ ឬជេរប្រមាថទៅលើអ្នកដែលរិះគន់រដ្ឋាភិបាលតួកគី នៅតាមបណ្តាញសង្គម។

របាយការណ៍សន្និដ្ឋានថា បច្ចេកទេសបំភ័ន្ត និងបន្លំមតិមហាជនទាំងនេះ បានចូលរួមជះឥទ្ធិពលដោយផ្ទាល់ ទៅលើការសម្រេចចិត្ត ក្នុងការបោះឆ្នោត នៅតាមប្រទេសចំនួន១៨ ក្នុងឆ្នាំកន្លងទៅនេះ ដែលក្នុងនោះ ក៏មានសហរដ្ឋអាមេរិកដែរ។ លោកស្រី Sanja Kelly នាយកដឹកនាំការស្រាវជ្រាវនេះ បានលើកឡើងថា ការទប់ស្កាត់សកម្មភាព​​បំពុលមតិមហាជនតាមប្រព័ន្ធអ៊ីនធើនែតនេះ គឺជារឿងដែលលំបាកធ្វើណាស់។ វាមិនមែនងាយ​ស្រួល ដូចជាការគ្រាន់តែហាមឃាត់ ឬ​បិទ​ចោល​គេហទំព័រក្លែងក្លាយណាមួយនោះទេ។ បន្ថែមពីនេះ ការហាមឃាត់ នូវប្រព័ន្ធVPN ហាក់បានកើនឡើងកាន់តែខ្លាំង នៅតាមបណ្តារប្រទេសជាច្រើន  ​ដែលមានការរិតត្បិត នូវការប្រើប្រាស់អ៊ីនធើនែត៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ