អានតួអត្ថបទ
បច្ចេកវិទ្យា

Google ​បញ្ចេញ​ផលិតផល ភ្ជាប់បច្ចេកវិទ្យា​ Artificial Intelligence ​ ប្រជែង​ជាមួយ ​Amazon​ និង​ Apple

ក្រុមហ៊ុន​​​​ Google ​ទើបតែ​បាន​បង្ហាញ ​ផលិត​ផល​ទំនើប​ថ្មី​មួយ​ចំនួន​ របស់​ខ្លួន​ ដើម្បី​វាយលុក​ទីផ្សារ​បច្ចេកវិទ្យា​ទំនើប ​ជាមួយ​នឹង​ក្រុមហ៊ុន​យក្ស​ផ្សេងៗ​ ដូចជា ​Amazon ​ឬ ​Apple។ អ្វី​ដែល​ពិសេស ​ជាមួយ​នឹង​ផលិត​ផល​របស់ ​Google ​ គឺ​គេ​បាន​ផ្តោត​សំខាន់​ ទៅ​លើ​ការ​បញ្ចូល​បច្ចេកវិទ្យា ​« Artificial Intelligence »  ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិភាព ​និង​ទំនើប​បំផុត។

Google hardware products are displayed during a launch event in San Francisco, California, U.S. October 4, 2017.
Google hardware products are displayed during a launch event in San Francisco, California, U.S. October 4, 2017. REUTERS/Stephen
ផ្សាយពាណិជ្ជកម្ម

ជាមួយ​នឹង​ផលិតផល​ថ្មី ​ដែល​ទើប​ដាក់​តាំង​បង្ហាញ ​ Google​ បាន​ក្លាយ​ខ្លួន​ជា​គូរ​ប្រជែង​ពេញ​មុខ ​របស់ ​Appel​ និង ​Amazon  ​ក្នុង​ការ​ផលិត​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប។ កន្លង​មក​ Google​ ធ្លាប់តែ​នៅ​ក្រៅ​សៃវៀន​ប្រកួត ​ ដោយ​គ្រាន់តែ​ជា​អ្នក​ផលិត​កម្មវិធី​ Software ​ដើម្បី​លើក​ឲ្យ​ក្រុមហ៊ុន​ផ្សេង​ យក​ទៅ​ប្រើ​ប្រាស់​ នៅក្នុង​ផលិត​ផល​សម្រេច​ Hardware ​ឧទាហរណ៍​ដូចជា​ ប្រព័ន្ធ ​Androïde ​ជាដើម។

លោក​ ពិឆ័យ  ​ស៊ុនដារ ​អគ្គនាយក ​Google​ បាន​និយាយ​ថា ​ក្រុម​ការងារ ​មាន​មោទនភាព​ណាស់ ​ដែល​បាន​សម្រេច​បាន​នូវ​ផលិតផល​ថ្មី ​ដោយ​ប្រមូល​ផ្តុំ​បច្ចេកវិទ្យា ​Artificiel Intelligence ​ទៅ​ក្នុង​ផលិត​ផល​បច្ចេក​វិទ្យា​ចល័ត​ដ៏​ទំនើប។ បច្ចេកវិទ្យា​នេះ​ គឺ​ជា​បដិវដ្តន៍​ថ្មី ​ដែល​ធ្វើ​ឲ្យ​គេ​ត្រូវ​គិតគូរ​ សា​ឡើង​វិញ​ទាំងអស់ ​អំពី​ដំណើរការ​ របស់​ផលិតផល​នីមួយៗ ​ព្រមទាំង​របៀប​ប្រើ​វា។

Google-Pixel 2
Google-Pixel 2 Reuters

ក្នុង​ចំណោម ​ផលិតផល​ថ្មី​របស់ ​Google ​ ខាង​ផ្នែក​Software ​គឺមាន ​Google Assistant ​ដែលជា​កម្មវិធី​ជំនួយ​តាម​រយៈ​សម្លេង។ កម្មវិធី​ថ្មី​នេះ ​នឹង​ប្រើ​បច្ចេកវិទ្យា ​Artificial Intelligence ​ ដែល​អាច​ ស្គាល់ ​និង​ចំណាំ​សម្លេង ​របស់​មនុស្ស​ម្នាក់ៗ​ក្នុង​គ្រួសារ​ ដើម្បី​ងាយ​ស្រួល​ផ្តល់​ចំលើយ​ ឲ្យ​សម​ស្រប​ទៅ​តាម​មនុស្ស​ម្នាក់ៗ។

 

ចំណែក​ខាង​ផលិត​ផល​ Hardware ​វិញ​ Google ​បាន​ចេញ​ទូរស័ព្ទ​ដៃ​ថ្មី​មួយ​ប្រភេទ ​ឈ្មោះ ​Pixel 2។ ភ្ជាប់​ដោយ​ម៉ាស៊ីន​ថតរូប​ដ៏​ទំនើប​ចុង​ក្រោយ ​ព្រម​ជាមួយ​នឹង​បច្ចេកវិទ្យា​ចុងក្រោយ​នានា​របស់ ​ប្រព័ន្ធ​Androïde ​ទូរស័ព្ទថ្មី​របស់ ​Google​ នេះ ​នឹង​ក្លាយ​ជា​ដៃគូរ ​ប្រជែង​  ​របស់ ​iPhone ​និង​ Galaxy Sumsung

Google-Pixel Buds
Google-Pixel Buds Reuters

ជាមួយ​គ្នា​នេះ ​Google​ បាន​បង្ហាញ​នូវ​កាស​ស្តាប់​ត្រចៀក ​គ្មាន​ខ្សែ​ដ៏​ទំនើប​មួយ ​មុន​គេ​បង្អស់ ​ឈ្មោះ​ថា ​Pixel Buds។ កាស​ដ៏​ទំនើប ​ដើរ​ដោយ​ប្រព័ន្ធ ​Bluetooth ​នេះ​ បើតាម​ការ​បញ្ជាក់ ​គឺ​អាច​បក​ប្រែ​ការ​សន្ទនា​ផ្ទាល់ ​ ក្នុង​ភាសា ​ចំនួន​៤០​ផ្សេង​គ្នា។  កាស​ស្តាប់​ដ៏​ទំនើប​នេះ ​ក៏​អាច​អាន​ឲ្យ​យើង​ស្តាប់ ​នូវ​សារ​អ៊ីម៉ែល ​ បង្ហាញ​ផ្លូវ​ ឬ​ ប្រាប់​ពី​ការ​ណាត់ជួប​នានា ​ទៅ​តាម​ភាសា​ដែល​ចង់​បាន​ ក្នុង​ចំណោម​៤០។

 

Google ​ក៏បាន​បង្ហាញ ​ម៉ាស៊ីន​ថត​រូប​ដ៏​តូច​បំផុត​ ប្រើ​បច្ចេកវិទ្យា ​Artificial Intelligence ​មួយ​ ឈ្មោះ ​Clips។ ម៉ាស៊ីន​នេះ ​អាច​ថត​រូប​ និង​វីដេអូ ​ដោយ​ខ្លួន​ឯង​ ដោយ​ស្ងៀមស្ងាត់​ជា​ទី​បំផុត ​ដោយ​មិន​ចាំបាច់  ​មាន​ការបញ្ជារ​ពី​មនុស្ស។ ជាមួយ​បច្ចេកវិទ្យា​ Artificial Intelligence   ​Clips​ អាច​ថតផ្តិត​យក​រូបភាព ​ពី​សកម្មភាព​ប្រចាំ​ថ្ងៃ​ ឬ​សកម្មភាព​អនុស្សាវរីយ៍​នានា ​របស់​ម្ចាស់​វា ​ដោយ​ខ្លួន​ឯង។

ដើម្បី​ប្រជែង ​ជាមួយ ​Amazon ​ដែល​គ្រប់គ្រង​ទីផ្សារ​ផលិត​ផល​ធុងបាស​សម្លេង​ តាមប្រព័ន្ធ  ​Bluetooth​ ខ្នាត​តូច​ នា​ពេល​បច្ចុប្បន្ន​នេះ ​Google ​ក៏បាន​បញ្ចេញ ​ធុងបាស​សម្លេស ​Google Home ​ចំនួន ​២ធន់​ គឺ​ Home Mini​ និង ​Home Max។ ធុងបាស​ទាំងនេះ ​សុទ្ធ​តែ​ភ្ជាប់​ដោយ ​Google Assistant ​នៃ​បច្ចេកវិទ្យា ​Artificial Intelligence

ជាចុងក្រោយ​ Google​ បាន​បង្ហាញ​ ម៉ាស៊ីន​កំព្យូទ័រ ​តូច​ស្តើង​ប្រភេទ​ថ្មី ​ឈ្មោះ ​PixelBook ​ព្រម​ជាមួយ​វែនតា ​Virtual Reality ​ប្រភេទ​ថ្មី​មួយ​ប្រភេទ​ទៀត។ ផលិត​ផល ​Google​ ទាំងនេះ ​នឹង​វាយ​លុក​ចូល​ទៅ​ក្នុង​ទីផ្សារ​បច្ចេកវិទ្យា​ទំនើប ​ដែល​នៅ​តាម​ផ្ទះ ​តាម​គ្រួសារ​នីមួយៗ​ កំពុង​ពេញ​និយម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ