អានតួអត្ថបទ
អវកាស

យានអវកាស​របស់​ទីភ្នាក់ងារ ​NASA ​ធ្វើដំណើរ​ទៅដល់​កូនភព​ភ្លុយតុង

យានអវកាស ដែល​ទីភ្នាក់ងារ​អវកាស NASA បាញ់​បង្ហោះកាល​ពី​៩ឆ្នាំមុន បាន​ធ្វើ​ដំណើរ​ទៅដល់​កូនភព​ភ្លុយតុង ហើយ​នឹង​ត្រូវ​ហោះកាត់​ជិត​បំផុត នៅ​ថ្ងៃ​អង្គារ​ខាងមុខ។ យានអវកាស​នេះ​នឹង​ធ្វើការ​ថតរូប ព្រមទាំង​សិក្សា​លម្អិត អំពី​បរិយាកាស និង​សណ្ឋានដី​របស់​ភ្លុយតុង ដែល​ជាអតីត​ភព​ទី៩ នៃ​ប្រព័ន្ធ​ព្រះអាទិត្យ មុននឹង​ត្រូវ​គេ​បញ្ចុះឋានៈ​មក​​នៅ​ត្រឹម​ជា​ “កូនភព” កាល​ពី​ចុងឆ្នាំ​២០០៦។

យាន​អវកាស​គ្មាន​មនុស្ស​បើក ឈ្មោះ ​New Horizon នឹង​ត្រូវ​ហោះកាត់​កូនភព​ភ្លុយតុង នៅថ្ងៃអង្គារ ១៤​កក្កដា ២០១៥
យាន​អវកាស​គ្មាន​មនុស្ស​បើក ឈ្មោះ ​New Horizon នឹង​ត្រូវ​ហោះកាត់​កូនភព​ភ្លុយតុង នៅថ្ងៃអង្គារ ១៤​កក្កដា ២០១៥ NASA
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​អង្គារ ទី១៤​កក្កដា ប្រមាណ​ជា​ម៉ោង ១២ថ្ងៃ​ត្រង់​ម៉ោងសកល (ត្រូវនឹង​ម៉ោង ៧ល្ងាច​ម៉ោង​នៅ​ប្រទេស​កម្ពុជា) យានអវកាស ដែល​មាន​ឈ្មោះ​ថា “New Horizon” នឹង​ហោះកាត់​ ក្នុងរយៈចម្ងាយ​ជិត​បំផុត គឺ​ប្រមាណត្រឹមតែ​ ១ម៉ឺន​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ ពី​កូនភព​ភ្លុយតុង ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណជិត ៥ពាន់លាន​គីឡូម៉ែត្រ​ពី​ភពផែនដី។

នេះ​គឺ​ជា​លើក​ដំបូង​បង្អស់​​ក្នុង​ប្រវត្តិសាស្រ្ត ដែល​មនុស្ស​​អាច​បញ្ជូន​យាន​អវកាស​ទៅ​ដល់​ក្បែរ​ភ្លុយតុង (ត្រូវបាន​គេ​រកឃើញ​ដំបូង​នៅ​ឆ្នាំ​១៩៣០) ក្នុងពេល​ដែល​ភព​ផ្សេងៗ​ទៀត ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ សុទ្ធតែ​ធ្លាប់​មាន​យានអវកាស​ហោះកាត់​យ៉ាងតិច​ម្តងរួចមកហើយ។

នៅ​ក្នុង​ល្បឿន​​លឿន​រហូតដល់​ទៅ​ជិត ៥ម៉ឺន​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង យាន​អវកាស New Horizon ​អាច​បាន​ត្រឹម​តែហោះកាត់​​​ភ្លុយតុង​​ប៉ុណ្ណោះ ​ដោយ​មិន​​អាច​ចុះចត ឬ​​​​ហោះ​ក្នុង​តារាវិថី​ជុំវិញ​ភ្លុយតុង​បាន​នោះទេ។ នេះ​មានន័យ​ថា យាន​អវកាស New Horizon ​នឹង​មាន​ឱកាស​តែម្តង​ប៉ុណ្ណោះ​នៅថ្ងៃ​អង្គារ ក្នុងការ​ផ្តិត​យក​រូបភាព​ក្នុងរយៈចម្ងាយ​ជិតបំផុត ដើម្បី​ឲ្យ​អ្នក​វិទ្យាសាស្រ្ត​អាច​សិក្សា​លម្អិត​អំពី​បរិយាកាស និង​សណ្ឋានដី​របស់​ភ្លុយតុង។

គួរបញ្ជាក់ថា នៅ​ពេល​ដែល​យានអវកាស New Horizon ត្រូវ​បាន​ទីភ្នាក់ងារ NASA បាញ់​បង្ហោះ នៅថ្ងៃ​ទី១៩ ខែ​មករា ឆ្នាំ​២០០៦ ភ្លុយតុង​​ នៅ​មាន​ឈ្មោះ​ជា​ភពទី៩ នៃ​ប្រព័ន្ធ​ព្រះអាទិត្យ​នៅឡើយ។ ក៏ប៉ុន្តែ នៅ​ខែ​កញ្ញា ឆ្នាំ​២០០៦​ សហភាព​តារាវិទូ​អន្តរជាតិ (International Astronomical Union/Union astronomique internationale) បាន​សម្រេច​បញ្ចុះ​ឋានៈ​ភ្លុយតុង​ឲ្យ​មក​នៅ​ត្រឹម “កូនភព” វិញ ដោយសារ​តែ​​គេ​យល់ថា ភ្លុយតុង​មាន​ទំហំ​តូច ពោលគឺ មាន​ទំហំ​ប្រហាក់​ប្រហែល ឬ​តូចជាង​កូនភព​ខ្លះ ដែល​គេ​ទើប​នឹង​រកឃើញ​ក្រោយៗ​មក​ទៀត នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ។

ចាប់តាំង​ពី​មាន​សេចក្តីសម្រេច​របស់​សហភាព​តារាវិទូ​អន្តរជាតិ នៅ​​ខែ​កញ្ញា ឆ្នាំ​២០០៦​នោះមក ប្រព័ន្ធ​ព្រះអាទិត្យ ដែល​ពីមុន​ត្រូវ​បាន​គេ​កំណត់​ថា​មាន​ភព​ចំនួន៩ ត្រូវ​បាន​បន្ថយ​មក​នៅ​ត្រឹម ៨ភព​វិញ ហើយ​សៀវភៅ​សិក្សា​ចាស់ៗ​កាលពីមុន​​ត្រូវ​ក្លាយ​ជា​សៀវភៅ​ហួស​សម័យ ដែល​តម្រូវ​ឲ្យ​មាន​ការ​កែប្រែឡើងវិញទាំងអស់។

ក៏ប៉ុន្តែ ភ្លុយតុង បើទោះបីជា​ត្រូវ​បាន​គេ​បញ្ចុះ​ឋានៈ​ពី “ភព” មកនៅ​ត្រឹមជា “កូនភព” តែ​គេ​សង្កេតឃើញ​ថា ចំណាប់​អារម្មណ៍​របស់​អ្នក​វិទ្យាសាស្រ្ត​ចំពោះ​ភ្លុយតុង​មិន​បាន​ថយចុះ​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ