អានតួអត្ថបទ

អ្នកវិទ្យាសាស្រ្ត​ថា​ជីវិត​លើ​ភពផែនដី​កំពុង​ ​"ប្រឈមមុខ​នឹង​ការ​វិនាស​ផុត​ពូជ"

ភពផែនដី​របស់​យើង​កំពុងតែ​បោះជំហាន​ចូល​ទៅក្នុង​ដំណាក់កាល​នៃ​ការ​វិវឌ្ឍ​ដែល​នាំ​ឲ្យ​ជីវិត​មនុស្ស​សត្វ​ត្រូវ​វិនាស​ផុតពូជ។ នេះ​គឺ​ជា​សេចក្តីសន្និដ្ឋាន​របស់​ក្រុម​​អ្នកវិទ្យាសាស្រ្ត​មក​ពី​សកលវិទ្យាល័យ​ល្បីៗ​របស់​អាមេរិក នៅ​ក្នុង​​ផ្សាយ​របាយការណ៍​ចេញ​ផ្សាយ កាល​ពីថ្ងៃ​សុក្រ។ អ្នក​វិទ្យាសាស្រ្ត​ទាំងនេះ​បាន​លើកឡើង​ថា ដំណាក់កាល​នៃ​ការ​វិនាស​ផុតពូជនេះ​នឹង​មាន​ទំហំ​ធំធេង​បំផុត ចាប់តាំង​ពី​ការ​ស្លាប់​ផុតពូជសត្វ​ឌីណូស័រ កាល​ពី​​ ៦៥លាន​ឆ្នាំមុន។

អ្នក​វិទ្យាសាស្រ្ត​ថា​ការប្រែប្រួល​អាកាសធាតុ​គឺ​ជា​ហេតុផល​ដ៏ចម្បង​មួយ​នៃ​ការ​ស្លាប់​វិនាស​ផុតពូជ​សត្វ​​ក្នុង​អត្រា​ដ៏​ខ្ពស់​នៅ​ពេល​បច្ចុប្បន្ន
អ្នក​វិទ្យាសាស្រ្ត​ថា​ការប្រែប្រួល​អាកាសធាតុ​គឺ​ជា​ហេតុផល​ដ៏ចម្បង​មួយ​នៃ​ការ​ស្លាប់​វិនាស​ផុតពូជ​សត្វ​​ក្នុង​អត្រា​ដ៏​ខ្ពស់​នៅ​ពេល​បច្ចុប្បន្ន gscf.fr
ផ្សាយពាណិជ្ជកម្ម

 

ក្រុម​អ្នក​ជំនាញ​មក​ពីសកលវិទ្យាល័យ​ដ៏ល្បីៗ​ចំនួន ៣ នៅ​សហរដ្ឋ​អាមេរិក គឺ​សកលវិទ្យាល័យ ​Princeton, Stanford និង Berkeley បាន​ធ្វើការ​សិក្សា​ទៅលើ​​អត្រា​នៃ​ការ​ស្លាប់​ផុតពូជ​នៃ​ប្រភេទ​សត្វ​មួយ​ចំនួន ដែល​កំពុង​កើតមាន​ឡើង​នៅ​ក្នុង​ពេល​បច្ចុប្បន្ន ហើយ​បាន​រកឃើញ​ថា អត្រា​នៃ​ការ​ស្លាប់​ផុតពូជ​សត្វ​នេះ​មាន​ល្បឿនលឿន​ជាង​ធម្មតា រហូត​ដល់ទៅ​ ១១៤ដង។

 

ក្រុម​អ្នក​វិទ្យាសាស្រ្ត​បាន​លើកឡើង​ថា តាមរយៈ​ការ​សិក្សា​នេះ គេ​អាច​​ធ្វើការ​សន្និដ្ឋាន​ “ដោយគ្មាន​ក្តីសង្ស័យ” ថា ពិភពលោក​យើង​កំពុងតែ​បោះជំហាន​ចូល​ក្នុង​ដំណាក់​កាល​នៃ​ការ​វិនាស​ផុតពូជ​​​សត្វ​ទាំងអស់​​នៅ​ទូទាំង​ផែនដី ហើយ​មនុស្ស​ក៏​អាច​ជា​អ្នក​រងគ្រោះ​មួយ​ដែរ នៅ​ក្នុង​ហេតុការណ៍​នេះ។

 

គួរបញ្ជាក់ថា បើ​យោងតាម​ការ​សិក្សា​របស់​អ្នក​វិទ្យាសាស្រ្ត នៅ​ក្នុង​ប្រវត្តិ​ភពផែនដី រយៈពេល ៤ពាន់៥រយលាន​ឆ្នាំ​កន្លងទៅនេះ ហេតុការណ៍​ស្លាប់​វិនាសផុតពូជ​សត្វ​​នៅ​ទូទាំង​ផែនដី ធ្លាប់​បាន​កើតមានឡើង​ចំនួន ៥ដងមកហើយ។ ហេតុការណ៍​ស្លាប់​ផុតពូជ​ធំជាងគេ​លើក​ចុងក្រោយ​បង្អស់ គឺ​ការ​ស្លាប់​ផុតពូជ​សត្វ​ឌីណូស័រ កាល​ពី​ ៦៥លាន​ឆ្នាំមុន ដែល​គេ​សង្ស័យ​ថា​បណ្តាល​មក​ពី​អាចម៍​ផ្កាយ​ដ៏ធំសម្បើម​មួយ ដែល​បាន​ធ្លាក់​មក​លើ​ភពផែនដី គឺ​នៅ​ត្រង់​ម្តុំ​ប្រទេស​ម៉ិចស៊ិក​បច្ចុប្បន្ន។

 

ចំណែក​ឯ​ការស្លាប់​ផុតពូជ​សត្វ ដែល​ភពផែនដី​កំពុង​ប្រឈម​មុខ​​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ បើ​យោងតាម​របាយការណ៍​ដែល​ត្រូវ​បាន​ចុះផ្សាយ​នៅលើ​ព្រឹត្តិបត្រ​វិទ្យាសាស្រ្ត​ឈ្មោះ “Science Advances” គឺ​បណ្តាល​មក​ពី​មូលហេតុ​ចម្បងៗ​មួយ​ចំនួន ដែលមាន​ជាប់ទាក់ទង​នឹង​សកម្មភាព​របស់​មនុស្ស​ខ្លួនឯងផ្ទាល់ រួមមានដូចជា ការ​ប្រែប្រួល​អាកាសធាតុ ការ​បំពុល​បរិស្ថាន និង​ការ​កាប់បំផ្លាញ​ព្រៃឈើ​ ជាដើម។

 

ហេតុដូច្នេះ​ហើយ​បាន​ជា​នៅ​ក្នុង​របាយការណ៍​នេះ ក្រុម​អ្នក​វិទ្យាសាស្រ្ត​បាន​ធ្វើការ​អំពាវនាវ​ឲ្យមានការ​ចាត់វិធានការ​ជា​បន្ទាន់ ដើម្បីអភិរក្ស​ប្រភេទ​សត្វ​ដែល​កំពុង​ប្រឈមមុខ​នឹង​ការ​ស្លាប់​ផុតពូជ​ដោយសារ​ការ​បាត់បង់​ព្រៃឈើ​ដែល​ជា​ទីជម្រក ការ​ធ្វើ​អាជីវកម្ម​សេដ្ឋកិច្ច​ហួស​ព្រំដែន និង​ការ​ប្រែប្រួល​អាកាសធាតុ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ