អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

UNDP៖ កង្វះ​អាហារូបត្ថម្ភ​របស់​មនុស្ស កាន់តែ​ធ្ងន់ធ្ងរ​ និង​ច្រើន​ប្រទេស​

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គការUNDP ទើបបានចេញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ដើម្បីបូកសរុប ក៏ដូចជាបង្ហាញអំពី ស្ថានភាពនៃការវិវឌ្ឍន៍ របស់មនុស្សជាតិ។ យោងតាមរបាយការណ៍នេះ  ​ពិភពលោក កំពុងតែប្រឈមមុខខ្លាំងបំផុត នឹងបញ្ហាកង្វះអាហារូបត្ថម្ភ។ មានមនុស្សកាន់តែច្រើន ដែលប្រឈមមុខនឹងបញ្ហានេះ ហើយមិនមែនមាននៅតែតាមប្រទេសក្រីក្រទេ។ កង្វះអាហារ កង្វះជីវជាតិ ឬសំបូរចំណី តែជា​ចំណីដែលគ្មានជីវជាតិ សុទ្ធតែបានបង្ករជាបញ្ហាសុខភាពធ្ងន់ធ្ងរ ដល់មនុស្ស នឹងបានបង្អាក់ឲ្យពួកគេកាន់តែរស់នៅ ក្នុងភាពក្រីក្រ។

កុមារ​រ៉ូហ៊ីងយ៉ា​២​នាក់​ ខ្វះ​​ចំណី​អាហារ មាន​​បញ្ហា​​សួត​​ធ្ងន់ធ្ងរ។ នៅ​ក្បែរ​​ជំរុំ ​Cox's Bazar ប្រទេស​​បង់ក្លាដែស ​ថ្ងៃទី​២៨ ​តុលា​ ២០១៧
កុមារ​រ៉ូហ៊ីងយ៉ា​២​នាក់​ ខ្វះ​​ចំណី​អាហារ មាន​​បញ្ហា​​សួត​​ធ្ងន់ធ្ងរ។ នៅ​ក្បែរ​​ជំរុំ ​Cox's Bazar ប្រទេស​​បង់ក្លាដែស ​ថ្ងៃទី​២៨ ​តុលា​ ២០១៧ REUTERS/Adnan Abidi
ផ្សាយពាណិជ្ជកម្ម

ប្រទេស១៤០ប្រទេស កំពុងប្រឈមមុខ

មានមនុស្សកាន់ច្រើន ដែលប្រឈមមុខនឹងបញ្ហានេះ ហើយ មិនមែនមាននៅតែតាមប្រទេសក្រីក្រទេ គឺមាននៅសឹងតែគ្រប់ប្រទេសទាំងអស់ គ្រាន់តែថា ទំរង់នៃបញ្ហាកង្វះអាហារូបត្ថម្ភនេះ វាមានលក្ខណៈខុសគ្នា។ យោងតាមការផ្ទៀងផ្ទាត់ តាមដាន យ៉ាងច្បាស់លាស់ របស់ក្រុមការងារស្រាវជ្រាវ នៃអង្គការ UNDP គឺថាបច្ចុប្បន្ននេះ ប្រទេសដែលប្រឈមមុខនឹងបញ្ហាកង្វះអាហារូបត្ថម្ភនេះ  មានដល់ទៅ ១៤០ប្រទេស។ បញ្ហាដែលប្រឈម គឺមានដូចជា ការយឺតយ៉ាវនៃការលូតលាស់របស់កុមារ  កង្វះជាតិដែកចំពោះស្រ្តី  កង្វះវីតាមីនសំខាន់ៗ និងបញ្ហាលើសទំងន់ ចុកខ្លាញ់ជាដើម។

ប្រទេសក្រីក្រ នៅតំបន់អាហ្វ្រិក ឬនៅតំបន់អាស៊ី គឺប្រជាជនភាគច្រើនដែលស្ថិតក្នុងភាពទីទ័លលំបាកបផុត ពួកគេពុំមានចំណីអាហារគ្រប់គ្រាន់​ ទើបវាឈានទៅកើតជាខ្វះជីវជាតិ ខ្វះវីតាមីន ដើម្បីទ្រទ្រង់សរីរាង្គ។ ឯចំណែកនៅប្រទស កំពុងអភិវឌ្ឍន៍​និងប្រទេសអ្នកមានវិញ  ប្រជាជនគេសំបូរហូរហៀរពេក វាទៅកើតជំងឺចុកខ្លាញ់ លើសទំងន់។ ការមានអាហារូបត្ថម្ភគ្រប់គ្រាន់ មិនមែនទាល់តែមានចំណីអាហារហូបឆ្អែតនោះទេ។ តែវាអាស្រ័យទៅលើប្រភេទចំណីអាហារអ្វី ត្រូវមានបន្លែ មានសាច់ មានផ្លែឈើ ឲ្យបានគ្រប់មុខ និង ទៀងទាត់ ទើបធ្វើឲ្យសរីរាង្គយើង ទទួលបានជីវជាតិគ្រប់គ្រាន់។ បញ្ហាជំងឺលើសទំងន់ នេះក៏គឺជាបញ្ហាកង្វះអាហាររូបត្ថម្ភដែរ ព្រោះដោយសារតែមនុស្សបរិភោគ តែចំណីអាហារ ដែលមានជាតិខ្លាញ់  មានតែជាតិកូឡេស្តេរូល ឬជាតិស្ករជាដើម។

២ពាន់លាននាក់ ខ្វះជីវជាតិទ្រទ្រង់សរីរាង្គ

របាយការណ៍ UNDP បង្ហាញថា មានមនុស្សយ៉ាងហោច ២ពាន់លាននាក់ ដែលកំពុងតែជួបនឹងបញ្ហា​ កង្វះ​ជីវជាតិ​​ទ្រទ្រង់សំខាន់ៗ ឧទាហរណ៍ ដូចជា​សារជាតិដែក  វីតាមីនA និង ជាតិអ៊ីយ៉ូត ជាដើម។ កុមារប្រមាណ ១៥៥លាននាក់ អាយុក្រោម៥ឆ្នាំ  មានជួបនឹងជំងឺលូតលាស់មិនគ្រប់គ្រាន់ ដែលក្នុងចំណោមនេះ គឺមាន៥៥លាននាក់ ដែលគ្នាស្គមខ្លាំងបំផុត សល់តែស្បែកគ្របឆ្អឹង។ បញ្ហានេះ មាននៅតាមប្រទេសអាហ្វ្រិក និងប្រទេសអាស៊ីយើង ដែលក្រីក្រខ្លាំង។ ចំពោះមនុស្សធំវិញ​ មានប្រមាណជា១៩០០លាននាក់ ដែលជួបនឹងបញ្ហាធាត់លើសទំងន់ រីឯក្មេងក្រោម៥ឆ្នាំ មានបញ្ហានេះ ប្រមាណជា៤១លាននាក់។

យោងតាមតួលេខរបាយការណ៍ ពីមួយឆ្នាំទៅមួយឆ្នាំ គឺតួលេខកើនឡើងរហូត ដែលនេះហើយគឺជាការព្រួយបារម្ភខ្លាំង។ ក្នុងឆ្នាំ ២០១៦កន្លងទៅនេះ មនុស្សប្រមាណ ៨១៥លាននាក់ ដែលពុំមានអ្វីបរិភាគទេ នៅពេលល្ងាច។​ គឺថា​ដេកទាំងពោះទទេរ។ តួលេខនេះ នៅក្នុងឆ្នាំ ២០១៥ មានតែ៧៧៧លាននាក់ទេ។ មានន័យថា រំលងមួយឆ្នាំ វាបានកើនឡើង ដល់ទៅ ជិត ៤០លាននាក់បន្ថែមទៀត។ យ៉ាងណាមិញ របត់កើនឡើង នៃ​ចំនួនមនុស្ស ដែលគ្មានអ្វីបរិភោគនេះ ក៏ត្រូវបានរបាយការណ៍មួយទៀត របស់អង្គការ ស្បៀងអាហារពិភពលោក សន្និដ្ឋានដែរ។

របាយការណ៍ទទួលស្គាល់ថា កំរិតមរណភាពរបស់កុមារអាយុក្រោម៥ឆ្នាំ បានថយចុះ នៅតាមប្រទេសមួយចំនួនពិតមែន ក៏ប៉ុន្តែ ការថយចុះនៃតួលេខទូទៅ នៅមិនទាន់អាចទទួលយក​បានទេ បើសិនជាគេចង់កាត់បន្ថយវាឲ្យអស់ លែងមាន នៅឆ្នាំ២០៣០។​ ចំណែកមនុស្សស្រី អាយុ ពី ១៥ ដល់ ៤៩ឆ្នាំ ដែលជាវ័យអាចពរពោះបាន  គឺជួបនឹងបញ្ហាកង្វះជាតិដែក កាន់តែច្រើនឡើងៗ បើរាប់ពីឆ្នាំ២០១២មក។ បើម្តាយខ្វះជាតិដែក នោះបញ្ហានេះ គឺវាជះឥទ្ធិពលដោយផ្ទាល់​ទៅលើទារក។ នៅអាមេរិក និងកាណាដា មនុស្សធាត់ជ្រុល មាន១ភាគ៣។ បើនៅអាហ្វ្រិកវិញ មានកុមារ១០លាននាក់ ដែលធាត់លើសទំងន់។ ដូច្នេះ ជំងឺចុកខ្លាញ់ លើសទំងន់ មិនមានតែនៅតាមប្រទេសអ្នកមានទេ ប្រទេសក្រីក្រ ឬកំពុងអភិវឌ្ឍន៍ក៏មានដែរ ដោយសារទំលាប់បរិភោគចំណី មិនត្រឹមត្រូវសមរម្យ។

បញ្ហាកង្វះអាហារូបត្ថម្ភ និង ភាពក្រីក្រ ជះឥទ្ធិពលឲ្យគ្នាទៅវិញទៅមក

វាជាកាតព្វកិច្ច របស់រដ្ឋាភិបាលប្រទេសនីមួយៗ ដែលត្រូវតាមដាន​ ពីបញ្ហាសុខភាព បញ្ហាកង្វះអាហារូបត្ថម្ភនេះ ថាប្រទេសខ្លួន  ប្រជាជនខ្លួន កំពុងប្រឈមមុខនឹងបញ្ហាអ្វីខ្លះ។​ បន្ទាប់មកទៀត ត្រូវដាក់ចេញ នូវគោលនយោបាយ លើកកំពស់ អប់រំ បណ្តុះបណ្តាល ដើម្បីជួយប្រជាពលរដ្ឋ។

បញ្ហាកង្វះអាហារូបត្ថម្ភនេះ ជាជាប់ពាក់ព័ន្ធ និងកត្តាជីវភាពរបស់ប្រជាជននេះ។ ពោលគឺ កង្វះអាហាររូបត្ថម្ភ និងបញ្ហាភាពក្រីក្រនេះ វានៅជាមួយគ្នា  ជះឥទ្ធិពលឲ្យគ្នាទៅវិញទៅមក។ មូលហេតុនៃកង្វះអាហារូបត្ថម្ភ គឺមកពីភាពក្រីក្រ ហើយកង្វះអាហារូបត្ថម្ភនេះ ក៏ធ្វើឲ្យមនុស្ស កាន់តែស្ថិតនៅក្នុងភាពក្រីក្រទៀត។ មនុស្សខ្វះអាហារូបត្ថម្ភ គឺពួកគេ មិនអាចបំពេញការងារ បានគ្រប់គ្រាន់ ហើយត្រូវប្រឈមមុខនឹង បញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជាជំងឺរ៉ាំរ៉ៃ តួយ៉ាង ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺបេះដូង ព្រមទាំងជំងឺមហារីកមួយចំនួនទៀតផង។ បញ្ហាសុខភាពទាំងនេះ វានឹងទាញជីវភាពពួកគេ ឲ្យកាន់តែក្រីក្រ

ដូច្នេះហើយ បានជាគោលនយោបាយសាធារណៈ ការវិនិយោគ ក្នុងវិស័យអាហារូបត្ថម្ភនេះ សំខាន់ណាស់។​ ជួយមនុស្សឲ្យមានលទ្ធភាពអាចមានចំណីអាហារបរិភោគ ឲ្យគ្រប់គ្រាន់ និងមានជី​វជាតិគ្រប់ គឺជួយផ្តល់កំណើនសេដ្ឋកិច្ច ហើយឈានទៅកាត់បន្ថយភាពក្រីក្រ។ ក្មេងម្នាក់ ដែលមានចំណីបរិភោគគ្រប់គ្រាន់ អាចមានសមត្ថភាព គេចផុតពីភាពក្រីក្រនៅពេលដែលគ្នាធំ លើសក្មេងដែលហូបមិនឆ្អែត ដល់ទៅ៣០%។ ព្រោះថាមានចំណីអាហារគ្រប់គ្រាន់ សរីរាង្គ កាយសម្បទា ភាពឆ្លាតវៃលូតលាស់ល្អ ការរៀនសូត្រ ក៏បានល្អទៅតាមនោះ ដែលធ្វើឲ្យពួកគេមានចំនេះ មានសមត្ថភាព អាចរកកំរៃចិញ្ចឹមជីវិត។

រដ្ឋត្រូវមានការទទួលខុសត្រូវ ផ្តល់សារៈសំខាន់ ដល់ ការលើកកំពស់ វិស័យកសិក​ម្ម ការ​ផលិត ការដាំដុះដើម្បីបរិភោគ ឲ្យគ្រប់គ្រាន់ ព្រមទាំងការផ្សព្វផ្សាយបណ្តុះបណ្តាល ឲ្យមានការយល់ដឹងជាទូទៅទំលាប់បរិភោគអាហារ ដែលមានប្រយោជន៍ដល់សរីរាង្គ។ មួយវិញទៀត វិស័យសាធារណៈ ក៏ដូចជាវិស័យឯកជន ក៏ត្រូវបន្ថែមការដាក់​ទុន​វិនិយោគ ក្នុងវិស័យ ចំណីអាហារនេះ ឲ្យបានច្រើន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ