អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កិច្ចចរចា​អាកាសធាតុ៖ ​ហេតុអ្វី​២អង្សា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​កិច្ចចរចា​ស្តីពី​អាកាសធាតុ ដែល​កំពុង​ប្រព្រឹត្ត​ទៅ នៅ​ក្នុង​ទីក្រុង​ប៉ារីស គេតែងតែ​ឮ​និយាយ​អំពី​ “២អង្សា”។ ២អង្សា ដែល​ជា​កម្រិត​កំណើន​អតិបរមា​នៃ​​សីតុណ្ហភាព​មធ្យម​នៅលើ​ភពផែនដី ដែល​គេ​ចាំបាច់​ត្រូវ​តែ​ចាត់វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​ហួស​ពីនេះ។ ក៏ប៉ុន្តែ សំណួរ​សួរ​ថា តើ​ហេតុអ្វី​បាន​ជា​គេ​កំណត់​យក​​ចំនួន ២អង្សា​នេះ? តើ​ ២អង្សា​នេះ​មាន​ដើមកំណើត​ចេញ​មកពីណា?

គោលដៅ​នៃ​ការ​ចរចា​អាកាសធាតុ គឺ​ទប់ស្កាត់​កុំ​ឲ្យ​សីតុណ្ហភាព​កើនឡើង​លើស​ពី ២អង្សា​នៅ​ចុងសតវត្សរ៍​ទី២១
គោលដៅ​នៃ​ការ​ចរចា​អាកាសធាតុ គឺ​ទប់ស្កាត់​កុំ​ឲ្យ​សីតុណ្ហភាព​កើនឡើង​លើស​ពី ២អង្សា​នៅ​ចុងសតវត្សរ៍​ទី២១ Crédits : Petra Schramböhmer/Getty Images
ផ្សាយពាណិជ្ជកម្ម

ទប់ស្កាត់​កុំ​ឲ្យ​សីតុណ្ហភាព​មធ្យម​នៃ​ភពផែនដី កើនឡើង​លើស​ពី ២អង្សា នៅ​ចុងសតវត្សរ៍​ទី២១ ដោយ​ប្រៀបធៀប​ទៅនឹង​សីតុណ្ហភាព​មធ្យម​មុនបដិវត្តន៍​ឧស្សាហកម្ម។ នេះ​គឺ​ជា​គោលដៅ​ដ៏ចម្បងបំផុត ដែល​ជា​មគ្គុទេសន៍​បង្ហាញ​ផ្លូវ នៅ​ក្នុង​កិច្ចចរចា​អាកាសធាតុ ដែល​គណៈប្រតិភូ​មក​ពី​បណ្តា​ប្រទេស​ជិត​ពីររយ​នៅ​ទូទាំង​ពិភពលោក​កំពុងធ្វើ ក្នុង​ទីក្រុង​ប៉ារីស នៅ​ក្នុង​ពេល​បច្ចុប្បន្ន។

កម្រិត​កំណើន​សីតុណ្ហភាព​អតិបរមា ២អង្សា​នេះ ត្រូវ​បាន​អ្នក​វិទ្យាសាស្រ្ត​ និង​អ្នក​នយោបាយ​ទូទៅ​​នៅ​ទូទាំង​ពិភពលោក​កំណត់ឡើង ដោយសារ​តែ​គេ​យល់​ថា ប្រសិនបើ​សីតុណ្ហភាព​មធ្យម​នៃ​ភពផែនដី​កើនឡើង​លើស​ពីនេះ ​ភពផែនដី​នឹង​ត្រូវ​ជួប​នឹង​គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ ដែល​មនុស្សជាតិ​ពិបាក​នឹង​ទប់ទល់​រួច។

សំណួរសួរថា តើ​ហេតុអ្វី “២អង្សា”?

តាមការពិត ចំនួន ២អង្សា​នេះ មាន​ប្រភព​ដើមដំបូង​ កាល​ពី​ឆ្នាំ​១៩៧៧ គឺ​ចេញ​ពី​ការសិក្សា​​របស់​អ្នក​ជំនាញ​សេដ្ឋកិច្ច​ម្នាក់ មក​ពី​សកលវិទ្យាល័យ​ Yale នៅ​សហរដ្ឋ​អាមេរិក ទៅលើ​ផលប៉ះពាល់​ដែល​បង្ក​ឡើង​ដោយ​ការ​ឡើង​កម្តៅ​នៃ​ភពផែនដី។ អ្នក​សេដ្ឋកិច្ច​រូបនេះ​បាន​ទទួលស្គាល់​ថា ការ​កំណត់​យក​​ចំនួន ២អង្សា ជា​កម្រិត​អតិបរមា​នៃ​កំណើន​សីតុណ្ហភាព​មធ្យម​ ដែល​ភពផែនដី​អាច​ទទួល​យក​បាន គឺ​គ្រាន់តែ​ជា​ការ​ប៉ាន់​ស្មាន​ប៉ុណ្ណោះ ដោយ​មិនមាន​តួលេខ​វិទ្យាសាស្រ្ត​គ្រប់គ្រាន់​ ដែល​អាច​បញ្ជាក់​ច្បាស់លាស់​នោះទេ។

ទោះជាយ៉ាង​នេះ​ក៏ដោយ ក្រោយៗ​មក​ទៀត អ្នក​វិទ្យាសាស្រ្ត​នៅ​អឺរ៉ុប​បាននាំគ្នា​យក​កម្រិត ២អង្សា​នេះ​ធ្វើ​ជា​ចំណុចគោល​របស់​ខ្លួន ​ក្នុងការ​សិក្សា​លើ​ផលប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ ហើយ​នៅ​ឆ្នាំ​១៩៩០ អ្នក​ជំនាញ​ខាង​អាកាសធាតុ​អឺរ៉ុប​បាន​ចេញផ្សាយ​នូវ​របាយការណ៍​មួយ ដោយ​ធ្វើ​សេចក្តីសន្និដ្ឋាន​ថា កំណើន​សីតុណ្ហភាព​មធ្យម​ត្រឹមតែ​​ចាប់ពី​១អង្សា​ឡើង​ទៅ ក៏​នឹង​បង្ក​នូវ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ភពផែនដី​ដែរ មិនចាំបាច់​តែ​ដល់ ២អង្សា​នោះទេ។ ក៏ប៉ុន្តែ ដោយសារ​តែ​គេ​​ដឹងច្បាស់​ថា ស្ថានភាព​នៃ​ការឡើង​កម្តៅភពផែនដី​បាន​ចូល​ដល់​ដំណាក់​កាល​យឺតពេល​ខ្លាំង ដែល​គេ​មិន​អាច​ទប់ស្កាត់​មិន​ឲ្យ​សីតុណ្ហភាព​មធ្យម​កើនឡើង​ត្រឹម ១អង្សា ទើប​អ្នក​ជំនាញ​អាកាសធាតុ​បាន​ផ្តល់​អានុសាសន៍​ឲ្យ​អ្នក​នយោបាយ​អន្តរជាតិ​កំណត់​យក ២អង្សា ជា​គោលដៅ​ នៅ​ក្នុងការ​ចរចា​អាកាសធាតុ។ គោលដៅ ដែល​ត្រូវ​បាន​ក្រុមប្រឹក្សា​អឺរ៉ុប​អនុម័ត​យក នៅ​ឆ្នាំ​១៩៩៥ ហើយ​បាន​ក្លាយ​ជា​ចំណុច​គោល​នៃ​កិច្ចចរចា​អាកាសធាតុ រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន។

ដូច្នេះ សរុប​សេចក្តីមកវិញ គោលដៅ ២អង្សា មិនមែនជា​តួលេខ ដែល​កើតចេញ​ពី​លក្ខណៈ​វិទ្យាសាស្រ្ត​សុទ្ធសាធ​ ហើយ​ដែល​មាន​ភាព​សុក្រិត​ ១០០%​នោះទេ តែ​វា​ជា​តួលេខ ដែល​មាន​លក្ខណៈ​វិទ្យាសាស្រ្ត​ផង និង​​នយោបាយ​ផង។

នៅ​ក្នុងពេល​បច្ចុប្បន្ន​នេះ នៅ​ក្នុងពេល​ដែល​កិច្ចចរចា​អាកាសធាតុ​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ទីក្រុង​ប៉ារីស មាន​សកម្មជន​បរិស្ថាន​ និង​អ្នក​វិទ្យាសាស្រ្ត​ជាច្រើន បាន​ចោទ​ជា​សំណួរ​ជុំវិញ​ការ​កំណត់​យក​គោលដៅ ២អង្សា​នេះ ដោយ​មាន​អ្នក​ខ្លះ​​ទាមទារ​ឲ្យ​អ្នក​ចរចា​លើ​កិច្ចព្រមព្រៀង​អាកាសធាតុ ត្រូវតែ​កំណត់គោលដៅ​ទាបជាងនេះ​ទៅទៀត​ គឺ​ត្រឹម ១,៥អង្សា​ប៉ុណ្ណោះ ដោយសារ​តែ​គេ​គិត​ថា កំណើន​សីតុណ្ហភាព​មធ្យម​ដល់​ទៅ ២អង្សា ប្រាកដ​ជា​នឹង​ធ្វើ​ឲ្យ​មនុស្ស​ជាតិ​ត្រូវ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដែល​ពិបាក​នឹង​ស្តារ​ឡើងវិញ​បាន។

អ្នក​ដែល​យល់​ឃើញ​បែបនេះ គឺ​ផ្អែក​ទៅលើ​ការ​សង្កេតមើល​ទៅលើ​ស្ថានភាព​នៃ​អាកាសធាតុ​​ជុំវិញ​ពិភពលោក នៅ​ក្នុងពេល​បច្ចុប្បន្ន។ យោងតាម​អ្នក​ជំនាញ​ខាង​អាកាសធាតុ សីតុណ្ហភាព​មធ្យម​លើ​ភពផែនដី នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ មាន​ការ​កើនឡើង​ប្រមាណ​ជា ០,៨៥អង្សា ធៀប​នឹង​មុន​សម័យ​បដិវត្តន៍​ឧស្សាហកម្ម ក៏ប៉ុន្តែ ត្រឹម​កម្រិត​នេះ គេ​បាន​សង្កេតឃើញ​​​បាតុភូត​អាកាសធាតុ​ធំៗ​ជាច្រើន​រួចជាស្រេច​ទៅហើយ។ ដូច្នេះ បើ​សិន​ជា​គេ​ទុក​បណ្តោយ​ឲ្យ​សីតុណ្ហភាព​កើនឡើង​ដល់ ២អង្សា តើ​ភពផែនដី​នឹង​ត្រូវ​ប្រឈមនឹង​គ្រោះមហន្តរាយ​ដល់​កម្រិត​ណា​ទៅទៀត?

ក៏ប៉ុន្តែ ទោះជាយ៉ាងណា អ្នក​នយោបាយ និង​អ្នក​វិទ្យាសាស្រ្ត​ភាគច្រើន​នៅតែ​យល់ឃើញ​ថា ២អង្សា គឺ​ជា​គោលដៅ​ដែល​មាន​ភាព​ប្រាកដ​និយម​ជាង ដោយហេតុថា ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ វា​ហួសពេល​ទៅហើយ ក្នុងការ​ទប់ស្កាត់​​​សីតុណ្ហភាព​មធ្យម​នៃ​ភពផែនដី​មិន​ឲ្យ​កើនឡើង​លើស​ពី ១,៥អង្សា។

យោងតាម​អ្នក​ជំនាញ​អាកាសធាតុ បើទោះបីជា​នៅ​ពេលនេះ​ ​គ្រប់ប្រទេស​នៅទូទាំង​ពិភពលោក​​កាត់បន្ថយ​ការ​បញ្ចេញ​ផ្ទះកញ្ចក់​ឲ្យ​មក​នៅ​ត្រឹម​កម្រិត​សូន្យក៏ដោយ ក៏​សីតុណ្ហភាព​មធ្យម​នៃ​ភពផែនដី​នឹង​​នៅតែ​បន្ត​កើនឡើង​រហូតដល់ ១,៥អង្សា​ដែរ នៅ​ឆ្នាំ​២១០០​ខាងមុខ ដោយសារ​តែ​ឥទ្ធិពល​នៃ​ឧស្ម័ន​ផ្ទះកញ្ចក់ ដែល​គេ​បាន​បញ្ចេញ​ទៅ​ក្នុង​បរិយាកាស​រួចទៅហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ