ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT

សង្រ្គាម​វៀតណាម៖ ​យុទ្ធសាស្រ្ត​ទ័ព​អាមេរិក​ទល់នឹង​តាក់ទិក​ទ័ពព្រៃ​កុម្មុយនិស្ត

សង្រ្គាម​វៀតណាម៖ ​យុទ្ធសាស្រ្ត​ទ័ព​អាមេរិក​ទល់នឹង​តាក់ទិក​ទ័ពព្រៃ​កុម្មុយនិស្ត
 
យន្តហោះ​ទម្លាក់គ្រាប់បែក​ធុន B-52 ដែល​អាមេរិក​ប្រើ​ក្នុង​សង្រ្គាម​វៀតណាម (PhotoTime Life Pictures/Us Air Force/Getty Images)

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​រៀបរាប់​​អំពី​សង្រ្គាម​វៀតណាម​តទៅទៀត ដោយ​សូមលើកឡើង អំពី​យុទ្ធសាស្រ្ត​ទ័ព​អាមេរិក ទល់​នឹង​តាក់ទិក​ទ័ព​ព្រៃ​របស់​ពួក​កុម្មុយនិស្ត។

នៅពេលដែល​អាមេរិក​ចូល​ធ្វើ​អន្តរាគមន៍​យោធា​នៅ​វៀតណាម តើ​មាន​អ្នកណា​ដែល​អាច​រំពឹងទុក​ជាមុន​ថា មហាអំណាច​យោធា​ដែល​គ្មាន​គូប្រៀប​មួយ​នេះ​នឹង​ត្រូវ​ទទួល​បរាជ័យ​ទល់​​នឹង​ក្រុមឧទ្ទាម​និង​ប្រទេស​តូចមួយ​ដូចជា​វៀតណាម​ខាងជើង​បែបនេះ? តាមការពិត បរាជ័យ​របស់​អាមេរិក​នៅ​វៀតណាម មិនមែន​មក​ពី​កងទ័ព​អាមេរិក​ខ្សោយ​ជាង​កងទ័ព​វៀតណាម​កុម្មុយនិស្ត​នោះទេ ប៉ុន្តែ បរាជ័យ​ដោយសារ​តែ​អាមេរិក​មិន​មាន​គោលដៅ​នយោបាយ​ច្បាស់លាស់ បូករួម​ជាមួយ​នឹង​យុទ្ធសាស្រ្ត​ទ័ព​មិន​សមស្រប​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សង្រ្គាម​ត្រូវ​អូសបន្លាយ​ពេលយូរ​នាំ​ឲ្យ​បាត់បង់​ការគាំទ្រ​ពី​សំណាក់​សាធារណមតិ។

នៅពេល​ដែល​អាមេរិកបញ្ជូន​កងទ័ព​ទៅច្បាំង​នៅ​វៀតណាម នៅ​ឆ្នាំ​១៩៦៥ គោលដៅ​ចម្បង គឺ​គ្រាន់តែ​ចង់​​​​រារាំង​កុំ​ឲ្យ​វៀតណាមកុម្មុយនិស្ត​លេបយក​​ប្រទេស​វៀតណាម​ខាង​ត្បូង​​តែប៉ុណ្ណោះ ​មិនមែន​​ដើម្បី​ចូលឈ្លានពាន​កាន់កាប់​ប្រទេស​វៀតណាមខាងជើង​នោះទេ ដោយសារ​តែ​អាមេរិក​មិន​ចង់​ប្រឈមមុខ​ដោយ​ផ្ទាល់​ជាមួយ​នឹង​កងទ័ព​ចិន ដូចកាល​ពី​សម័យ​សង្រ្គាមកូរ៉េ។

គេនៅចាំបាន​ថា នៅ​ក្នុង​សង្រ្គាម​កូរ៉េ គឺ​ដោយសារ​តែ​កងទ័ព​អាមេរិក​វាយលុក​ឆ្លង​ខ្សែស្រប​ទី៣៨ ចូល​កាន់កាប់​ទឹកដី​កូរ៉េ​ខាងជើង រហូត​ជិត​ទៅដល់​ព្រំដែន​ចិន ទើប​ម៉ៅសេទុង​បញ្ជូន​ទាហាន​ចិន​រាប់លាននាក់​ឲ្យ​ចូល​មក​ជួយ​កងទ័ព​កូរ៉េ​ខាងជើង។ ស្ថានភាព​ភូមិសាស្រ្ត​នៅ​វៀតណាម ក៏​ស្រដៀង​គ្នា​នឹង​កូរ៉េ​ដែរ គឺ​វៀតណាម​ខាងជើង​កាន់កាប់​ដោយ​ពួក​កុម្មុយនិស្ត ហើយ​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ចិន ហើយ​ឆ្លងកាត់​បទពិសោធន៍​នៅ​កូរ៉េ អាមេរិក​កំណត់​ក្នុង​ចិត្ត​យ៉ាងច្បាស់​ថា ចិន​ប្រាកដ​ជា​នឹង​មិន​ឈរឱបដៃ​មើល​ទុក​បណ្តោយ​ឲ្យ​កងទ័ព​អាមេរិក​ចូល​ទៅដល់​ទ្វារ​របង​របស់​ខ្លួន​នោះទេ។ ហេតុដូច្នេះ​ហើយ​បាន​ជា​អាមេរិក​មាន​ការ​ញញើតញញើម​​មិនបញ្ជូន​ទ័ព​ជើងគោក​ឲ្យ​ចូល​ឈ្លានពាន​កាន់កាប់​វៀតណាម​ខាង​ជើង ដោយ​ផ្តោត​តែ​ទៅលើ​ការ​ទម្លាក់គ្រាប់បែក​ពីលើ​អាកាស។ រីឯ​កងថ្មើរជើងវិញ​ធ្វើ​សកម្មភាព​សំខាន់​តែ​នៅ​ក្នុង​ទឹកដី​វៀតណាម​ខាង​ត្បូង។
 

និយាយ​ជារួម នៅ​ក្នុង​អំឡុង​សង្រ្គាម​វៀតណាម កងទ័ព​អាមេរិក​ដៅមុខព្រួញ​ចេញជាពីរ។ ទីមួយ គឺ​វាយប្រហារ​តាមផ្លូវ​អាកាស​ទៅលើ​ទឹកដី​វៀតណាម​ខាងជើង ដើម្បី​ធ្វើ​យ៉ាងណា​​បង្ខំ​ឲ្យ​រដ្ឋាភិបាល​កុម្មុយនិស្ត​​បញ្ឈប់​ការ​គាំទ្រ​ដល់​ក្រុម​ឧទ្ទាម​វៀតកុង។ ចំណែក​ឯ​មុខព្រួញ​ទីពីរ គឺ​​វាយប្រហារ​ទាំង​តាមផ្លូវអាកាស​និង​ផ្លូវគោកទៅលើ​ក្រុមឧទ្ទាម​វៀតកុង និង​កងទ័ពកុម្មុយនិស្ត​ដែល​​​វៀតណាម​ខាងជើង​បញ្ជូន​ឲ្យ​ចូល​មក​ធ្វើ​សកម្មភាព​នៅ​ក្នុង​ទឹកដី​វៀតណាម​ខាង​ត្បូង។ រីឯ​យុទ្ធសាស្រ្ត​ទ័ព​នៅ​ក្នុង​ទឹកដី​វៀតណាម​ខាង​ត្បូង​​នោះទៀត​សោត អាមេរិក​ក៏​មិន​ផ្តោត​អាទិភាព​ទៅលើ​ការ​វាយ​កាន់កាប់ទីតាំងរបស់​ក្រុមឧទ្ទាម​នោះដែរ គឺ​​គិតតែ​ធ្វើយ៉ាងណា​​វាយប្រហារ​ឲ្យ​សត្រូវ​ទទួលរង​ការ​ខូចខាត​ជា​អតិបរមា ដោយ​អាមេរិក​រំពឹង​ថា ប្រឈមមុខ​នឹង​ការស្លាប់​និង​ការ​ខូចខាត​ដ៏ខ្លាំងក្លា​បែបនេះ ពួក​កុម្មុយនិស្ត​វៀតណាម​នឹង​ត្រូវ​បង្ខំ​ចិត្ត​សុំ​ចុះចាញ់​បោះបង់ការប្រយុទ្ធ ហើយ​ដកថយ​ចេញ​ដោយខ្លួនឯង។ ក៏ប៉ុន្តែ ផ្ទុយ​ពី​ការ​រំពឹង​ទុក កងទ័ព​កុម្មុយនិស្ត​វៀតណាម​មិន​ព្រម​ចុះញ៉ម ហើយ​យុទ្ធសាស្រ្ត​ទ័ព​របស់​អាមេរិក​ត្រូវ​ទទួល​បរាជ័យ​នៅ​ចំពោះមុខ​តាក់ទិក​ទ័ពព្រៃ​របស់​ពួក​កុម្មុយនិស្ត។

យុទ្ធសាស្រ្ត​​ប្រើ​កម្លាំង​ទ័ព​បង្ក​ការខូចខាត​បង្ខំ​ឲ្យ​សត្រូវ​ចុះចាញ់ ដែល​​អាមេរិក​ប្រើ​​នៅវៀតណាម​ត្រូវ​ទទួល​បរាជ័យ ដោយ​មក​ពី​មូលហេតុធំៗ​ចំនួនពីរ។

ទីមួយ កងទ័ព​អាមេរិក​នៅពេលនោះ ត្រូវ​ប្រឈមមុខ​នឹង​គូសត្រូវ​ដែល​បដិសេធ​មិនចេញ​មុខច្បាំង។ ផ្ទុយទៅវិញ ពួក​កុម្មុយនិស្តវៀតណាម​បាន​ប្រើ​តាក់ទិក​លបវាយឆ្មក់​ ហើយ​​រត់គេច​និង​លាក់​ខ្លួន​តាមរបៀប​ទ័ព​ព្រៃ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កងទ័ព​អាកាស​អាមេរិក​ពិបាក​នឹង​រក​គោលដៅ​វាយប្រហារ។ តាក់ទិក​ទ័ពព្រៃ​នេះ​កាន់តែ​មាន​ប្រសិទ្ធភាព ដោយសារ​តែ​កងទ័ព​កុម្មុយនិស្ត​វៀតណាម​ស្ថិត​នៅ​ក្នុង​ទឹកដី​របស់​ពួកគេ ស្គាល់​ភូមិសាស្រ្ត​ច្បាស់លាស់ ហើយ​ជា​កងទ័ព​ដែល​មាន​បទពិសោធន៍​ក្នុងការ​ធ្វើ​សង្រ្គាម​ទល់​នឹង​កងទ័ព​បរទេស តាំង​ពី​សម័យ​សង្រ្គាម​ឥណ្ឌូចិន​លើកទី១​ទល់​នឹង​កងទ័ព​បារាំង។ ម្យ៉ាងវិញ​ទៀត ពួក​កុម្មុយនិស្ត​បាន​យក​ទឹកដី​ប្រទេស​ជិតខាង គឺ​កម្ពុជា និង​ឡាវ មក​ធ្វើ​ជា​ទីជម្រក​លាក់ខ្លួន ឬ​ជា​ច្រក​ផ្លូវ​ដឹកជញ្ជូន​ភស្តុភា ដែល​បង្ក​បញ្ហា​ឈឺក្បាល​កាន់តែ​ខ្លាំង​ដល់​កងទ័ព​អាមេរិក។ ទល់​នឹង​តាក់ទិក​ទ័ព​ព្រៃ​នេះ​ ប្រតិបត្តិការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​របស់​អាមេរិក នៅ​ក្នុង​អំឡុង​សង្រ្គាម​វៀតណាម បាន​បង្ក​ការ​ខូចខាត​ដល់​ជនស៊ីវិល​ច្រើន​ជាង​ដល់​​កងទ័ព​វៀតណាម​កុម្មុយនិស្ត ដែល​ជាហេតុ​ធ្វើ​ឲ្យ​អាមេរិក​ត្រូវ​ទទួលរង​នូវការ​រិះគន់​ពី​សំណាក់​មតិ​សាធារណៈ។

មូលហេតុ​ដ៏​សំខាន់​មួយ​ទៀត ដែល​ធ្វើ​ឲ្យ​យុទ្ធសាស្រ្ត​ទ័ព​អាមេរិក​ត្រូវ​ទទួល​បរាជ័យ​នៅ​វៀតណាម គឺ​ភាព​ប្តូរផ្តាច់​ស្លាប់​រស់​របស់​ពួក​កុម្មុយនិស្ត។ គេនៅចាំបានថា នៅ​ចុងឆ្នាំ​១៩៦៦ នៅ​ពេល​ដែល​​កងទ័ព​អាមេរិក​ចាប់ផ្តើម​ប្រឡូក​ចូល​ដោយ​ផ្ទាល់​ក្នុង​សង្រ្គាម​វៀតណាម លោក​ផាម វ៉ាន់ដុង នាយករដ្ឋមន្រ្តី​វៀតណាម​ខាងជើង​បាន​ប្រាប់​សារព័ត៌មាន​អាមេរិក​ថា នៅទីបំផុត​អាមេរិក​ប្រាកដ​ជា​ត្រូវ​ទទួល​បរាជ័យ ពីព្រោះ​ប្រជាជន​វៀតណាម​​ដែល​សុខចិត្ត​ពលី​ជីវិត​ដើម្បី​ការពារ​ទឹកដី​វៀតណាម​មាន​ចំនួនច្រើន​ជាង​អាមេរិក​​ ដែល​ជា​អ្នក​​ចូល​ទៅឈ្លានពាន​វៀតណាម។ នេះ​គឺ​ជា​អ្វី​ដែល​បាន​កើតឡើង នៅ​ក្នុង​សង្រ្គាម​វៀតណាម។

តាមការពិត​ទៅ វៀតណាម​ឈ្នះ​អាមេរិក​មិនមែន​ព្រោះតែ​​ទាហាន​វៀតណាម​ខ្លាំង​ជាង​ទាហាន​អាមេរិក​នោះទេ ក៏ប៉ុន្តែ ព្រោះតែ​វៀតណាម​ស៊ូស្លាប់​ជាង​អាមេរិក។ ជាក់ស្តែង​ គេ​សង្កេតឃើញ​ថា នៅ​ពេញ​ក្នុង​សង្រ្គាម​វៀតណាម​ទាំងមូល មាន​ទាហាន​អាមេរិក​ស្លាប់​តែ​ប្រមាណ​ជា ៦ម៉ឺននាក់​ប៉ុណ្ណោះ ចំណែក​ឯ​​ទាហាន​វៀតណាម​កុម្មុយនិស្តវិញ (ទាំង​កងទ័ព​វៀតណាម​ខាងជើង និង​ពួកឧទ្ទាម​វៀតកុង) ​ស្លាប់​រហូតដល់​ទៅ​ប្រមាណ​ជា ១លាននាក់ ពោលគឺ ច្រើន​ជាងទាហាន​អាមេរិក​រហូត​ដល់​ទៅ​ជិត​២០ដង។

ក៏ប៉ុន្តែ បើទោះបីជា​ស្លាប់​ច្រើន​ប៉ុណ្ណា ក៏​វៀតណាម​កុម្មុយនិស្ត​នៅតែ​ទទួល​នូវការ​គាំទ្រ​ពី​សំណាក់​ប្រជាជន ពីព្រោះ​តែ​ពួកគេ​យល់ថា វាជាតម្លៃ​ដែល​ត្រូវ​បង់ ដើម្បី​ការពារ​ប្រទេស​ពី​ការឈ្លានពាន​របស់​បរទេស។ ផ្ទុយទៅវិញ ការបាត់បង់ជីវិត​ទាហាន​អាមេរិក​ម្នាក់ៗ តែងតែ​បង្ក​ឲ្យ​មាន​ការ​រិះគន់​ពី​សំណាក់​​ប្រជាជន​អាមេរិក ដោយសារ​តែ​ពួកគេ​យល់ឃើញ​ថា វៀតណាម ដែល​ស្ថិត​នៅ​រាប់ម៉ឺន​គីឡូម៉ែត្រ​ពី​ទឹកដី​អាមេរិក គ្មាន​តម្លៃ​អ្វី​ដែល​គួរ​ឲ្យ​ចំណាយ​អាយុជីវិត​ទាហាន ដើម្បី​ការពារ​នោះទេ។

ជាការពិតថា បើ​តាម​ហេតុផល​ដែល​មេដឹកនាំ​អាមេរិក​បានលើកឡើង​នៅពេលនេះ អាមេរិកធ្វើ​សង្រ្គាម​នៅ​វៀតណាម​ គឺ​ដើម្បី​ការពារ​លទ្ធិប្រជាធិបតេយ្យ​សេរី ដែល​ជា​គោលការណ៍​គ្រឹះ​ដ៏មាន​តម្លៃ​របស់​អាមេរិក ទល់​នឹង​ពួក​កុម្មុយនិស្ត។ ក៏ប៉ុន្តែ របបដឹកនាំ​វៀតណាម​ខាង​ត្បូង ដែល​អាមេរិក​ធ្វើ​សង្រ្គាម​ការពារនៅ​ពេលនោះ ក៏មិនមែន​ជា​របប​ប្រជាធិតេយ្យ​នោះដែរ តែតាមពិត​គឺ​ជា​របបផ្តាច់ការ​ ពុករលួយ ហើយ​​អសមត្ថភាព​ក្នុងការ​ចាត់ចែង​កិច្ចការ​របស់​ប្រទេស​ជាតិ​ថែមទៀត។

សរុបសេចក្តីមកវិញ គេ​គួរនិយាយ​ថា បរាជ័យ​របស់​អាមេរិក​នៅ​ក្នុង​សង្រ្គាម​វៀតណាម ​មិនមែន​ជា​បរាជ័យ​ទល់​នឹង​​​វៀតណាម​កុម្មុយនិស្ត​នោះទេ ក៏ប៉ុន្តែ អាមេរិក​ចាញ់​ខ្លួនឯង គឺ​ចាញ់​ដោយសារ​នយោបាយ​ខ្លួនឯង និង​​ជាពិសេស ចាញ់​សាធារណមតិ​ជាតិខ្លួនឯង៕

  • អាប៉ូឡូទី១១៖ មនុស្សជាន់ដីព្រះចន្ទ​ជា​លើកទី១

    អាប៉ូឡូទី១១៖ មនុស្សជាន់ដីព្រះចន្ទ​ជា​លើកទី១

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​រៀបរាប់ អំពីព្រះចន្ទ​តទៅទៀត ដោយ​សូមលើកឡើង អំពីបេសកកម្ម​អាប៉ូឡូទី១១ ដែល​នាំ​ ​ទៅ​ចុះចត​លើ​​​ឋាន​ព្រះចន្ទ …

  • ដើមកំណើត​នៃ​គម្រោង​អាប៉ូឡូ​ទៅ​ឋានព្រះចន្ទ

    ដើមកំណើត​នៃ​គម្រោង​អាប៉ូឡូ​ទៅ​ឋានព្រះចន្ទ

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពីព្រះចន្ទ​តទៅទៀត ដោយ​សូមលើកឡើង អំពីដំណើរ​ដើម​ទង​នាំ​ទៅដល់​ការ​ចាប់កំណើត​នៃ​បេសកកម្ម​​អាប៉ូឡូ​​​ …

  • ព្រះចន្ទ៖ ​“ទ្វីបទី៨” ​នៃ​ភពផែនដី

    ព្រះចន្ទ៖ ​“ទ្វីបទី៨” ​នៃ​ភពផែនដី

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពី​ប្រវត្តិ​នៃ​ចក្រវាល​តទៅទៀត ហើយ​ឆ្លៀត​ក្នុង​ឱកាស​ខួប​គម្រប់ ៥០ឆ្នាំ …

  • តើ​ប្រព័ន្ធលេខ​បច្ចុប្បន្ន​មាន​ដើមកំណើត​មក​ពីណា?

    តើ​ប្រព័ន្ធលេខ​បច្ចុប្បន្ន​មាន​ដើមកំណើត​មក​ពីណា?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង …

  • ហេតុអ្វី​បានជា​ខែ​កុម្ភៈ​មាន​ត្រឹមតែ​២៨ថ្ងៃ?

    ហេតុអ្វី​បានជា​ខែ​កុម្ភៈ​មាន​ត្រឹមតែ​២៨ថ្ងៃ?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង …

  • ហេតុអ្វី​បានជា​គេ​បែងចែក​១ថ្ងៃ​ជា​២៤ម៉ោង?

    ហេតុអ្វី​បានជា​គេ​បែងចែក​១ថ្ងៃ​ជា​២៤ម៉ោង?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង …

  • តើនរណា​ជាអ្នក​រកឃើញ​ថា​មួយឆ្នាំ​មាន​៣៦៥ថ្ងៃ?

    តើនរណា​ជាអ្នក​រកឃើញ​ថា​មួយឆ្នាំ​មាន​៣៦៥ថ្ងៃ?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង …

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ