អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

សង្រ្គាម​វៀតណាម៖ អន្តរាគមន៍​និង​ការ​ផុងខ្លួន​របស់​កងទ័ព​អាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​រៀបរាប់​អំពី​សង្រ្គាម​វៀតណាម​តទៅទៀត ដោយ​លើកឡើង អំពី​អន្តរាគមន៍​ដោយ​ផ្ទាល់​របស់​កងទ័ព​អាមេរិក។

លោក Lyndon Johnson ប្រធានាធិបតី​អាមេរិក ពេល​ទៅ​សួរសុខទុក្ខ​ទាហាន​អាមេរិក​នៅ​វៀតណាម នៅ​ឆ្នាំ​១៩៦៦
លោក Lyndon Johnson ប្រធានាធិបតី​អាមេរិក ពេល​ទៅ​សួរសុខទុក្ខ​ទាហាន​អាមេរិក​នៅ​វៀតណាម នៅ​ឆ្នាំ​១៩៦៦
ផ្សាយពាណិជ្ជកម្ម

ចាប់ពី​អំឡុង​ឆ្នាំ​១៩៥៥ ជម្លោះ​ប្រដាប់អាវុធ​បាន​ចាប់​កើតមានឡើង រវាង​រដ្ឋាភិបាល​វៀតណាម​ខាងត្បូង និង​​ក្រុម​ឧទ្ទាម​កុម្មុយនិស្ត​វៀតកុង (ក្រុមឧទ្ទាម​កុម្មុយនិស្ត​ដែល​មាន​មូលដ្ឋាន និង​ធ្វើ​សកម្មភាព​នៅ​ក្នុង​ទឹកដី​វៀតណាម​ខាង​ត្បូង ដោយ​មាន​ការឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​វៀតណាម​ខាងជើង)។ ក៏ប៉ុន្តែ ជម្លោះ​ប្រដាប់អាវុធ​នេះ​នៅមាន​ទ្រង់ទ្រាយ​តូចៗ​នៅឡើយ ហើយ​ក៏​មិនទាន់​មាន​អន្តរាគមន៍​យោធា​ដោយ​ផ្ទាល់​ពី​សំណាក់​សហរដ្ឋ​អាមេរិក និង​វៀតណាម​ខាងជើង​នៅឡើយដែរ។

នៅចុង​​ឆ្នាំ​១៩៦០ នយោបាយ​ប្រើធម៌ក្តៅ​របស់​លោក ង៉ូ ឌិនហ្សៀម ដែល​បាន​ធ្វើការ​​​បង្រ្កាប​ដោយ​ឥតប្រណី​ទៅលើ​ចលនា​ប្រឆាំង​ទាំង​កុម្មុយនិស្ត និង​មិនមែន​កុម្មុយនិស្ត​ បាន​ជំរុញ​ឲ្យ​ក្រុម​ប្រឆាំង​រដ្ឋាភិបាល​ដែល​មិនមែន​ជា​កុម្មុយនិស្ត នាំគ្នា​ទៅចូលដៃ​ជាមួយ​នឹង​ពួកវៀតកុង ​បង្កើត​​ទៅ​ជា​កងកម្លាំង​ប្រឆាំង​​រួម​មួយ​ ដែល​គេដាក់​ឈ្មោះ​ថា “រណសិរ្ស​រំដោះជាតិ” (National Liberation Front/NLF)។ ចាប់ពីពេលនោះមក កងកម្លាំង​ឧទ្ទាម​វៀតកុង​ក៏​មាន​កម្លាំងកាន់តែកើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ ហើយ​ចាប់ផ្តើម​បើក​ប្រតិបត្តិការ​វាយបក​ទៅលើ​កងទ័ព​រដ្ឋាភិបាល​វៀតណាម​ខាង​ត្បូង​កាន់តែ​ខ្លាំង។

ប្រឈមមុខ​នឹង​ការគំរាមកំហែង​ពីសំណាក់​ក្រុមឧទ្ទាម​វៀតកុង អាមេរិក​បាន​បង្កើន​ជំនួយ​យោធា និង​វត្តមាន​កងទ័ព​អាមេរិក​នៅ​វៀតណាម​ខាង​ត្បូង​រហូតដល់​ទៅ​ជិត​១ម៉ឺននាក់ ក៏ប៉ុន្តែ លោក John Kennedy ដែល​ទើប​នឹង​ជាប់ឆ្នោត​ឡើងមកកាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ជំនួស​លោក Eisenhower​ នៅតែ​ប្រកាន់​ជំហរ​មិនចង់​ឲ្យ​កងទ័ព​អាមេរិក​​​ចូល​ប្រឡូក​ដោយ​ផ្ទាល់​ក្នុង​សង្រ្គាម​នៅ​វៀតណាមនោះទេ។
 

សម្រាប់​លោក John Kennedy ការ​វាយបង្រ្កាប​ចលនា​ឧទ្ទាម​កុម្មុយនិស្ត​នៅ​វៀតណាម​ខាង​ត្បូង វា​គឺ​ជា​ភារកិច្ច​របស់​វៀតណាម​ខាង​ត្បូង ចំណែក​ឯ​អាមេរិក​វិញ​គួរមាន​តួនាទី​ត្រឹមតែ​​ជួយ​ពង្រឹង​កម្លាំង​ទ័ព​វៀតណាម​ខាង​ត្បូង​តែ​ប៉ុណ្ណោះ​ តាមរយៈ​ការ​​ផ្តល់​លុយកាក់ គ្រឿងសព្វាវុធ​ និង​ការហ្វឹកហ្វឺន។ ក៏ប៉ុន្តែ ខុសពី​ការ​រំពឹង​ទុក ជំនួយ​អស់ទាំងនេះ​មិនបាន​ធ្វើ​ឲ្យ​កម្លាំង​ទ័ព​វៀតណាម​ខាង​ត្បូងមានការ​កើនឡើង​នោះទេ ដោយសារ​តែ​​​អំពើ​ពុករលួយ​ និង​ភាព​កម្សោយ​ក្នុងការ​ដឹកនាំ​ទាំង​នៅ​ក្នុង​ជួរ​កងទ័ព និង​នៅ​ក្នុង​ជួររដ្ឋាភិបាល​របស់​លោក​ ង៉ូ ឌិន ហ្សៀម។ ដោយ​អស់សង្ឃឹម​នឹង​ការដឹកនាំ​របស់ ង៉ូ ឌិនហ្សៀម សហរដ្ឋ​អាមេរិក តាមរយៈ​ទីភ្នាក់ងារ​ចារកិច្ច CIA ក៏​បានជំរុញ​ឲ្យ​​​មេដឹកនាំ​កងទ័ព​វៀតណាម​​ធ្វើ​រដ្ឋប្រហារ​ ដើម្បី​ទម្លាក់​​​លោក ង៉ូ ឌិន​ហ្សៀម ពីតំណែង​នៅ​ថ្ងៃ​ទី១ ខែ​វិច្ឆិកា ឆ្នាំ​១៩៦៣។ លោក​ង៉ូ ឌិន ហ្សៀម និង​ប្អូនប្រុស ដែល​ជា​មនុស្ស​ដ៏មាន​ឥទ្ធិពល​បំផុត នៅ​ក្នុង​កងកម្លាំង​សន្តិសុខ​វៀតណាម​ខាងត្បូង ត្រូវ​បាន​ចាប់ខ្លួន និង​បាញ់​សម្លាប់ចោល មួយថ្ងៃ​ក្រោយ​រដ្ឋប្រហារ។ ២០ថ្ងៃ​ក្រោយ​មក គឺ​នៅថ្ងៃ​ទី២២ ខែ​វិច្ឆិកា ឆ្នាំ​១៩៦៣ លោក John Kennedy​ ក៏​ត្រូវ​គេ​លបធ្វើ​ឃាត​ដែរ នៅក្នុង​ពេល​ធ្វើ​ដំណើរ​ទៅបំពេញ​ទស្សនកិច្ច​នៅ​ដាឡាស់ (រដ្ឋតិចសាស់)។ លោក Lyndon Johnson ដែល​ជា​អនុប្រធានាធិបតី បាន​ឡើង​មក​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក ជំនួស​លោក John Kennedy។

នៅ​ក្រោម​ការដឹកនាំ​របស់​លោក Lyndon Johnson នយោបាយ​របស់​អាមេរិក​នៅ​វៀតណាម​មិនមាន​អ្វី​ផ្លាស់ប្តូរ​ពី​លោក John Kennedy នោះទេ ក៏ប៉ុន្តែ រដ្ឋការ​របស់​លោក​ Lyndon Johnson ត្រូវ​ប្រឈមមុខ​នឹង​ផលវិបាក​ដ៏ធ្ងន់ធ្ងរ ដែល​បន្សល់​ទុក​ពី​​រដ្ឋប្រហារ​ទម្លាក់​លោក​ង៉ូ ឌិនហ្សៀម។

ខុស​ពីការ​រំពឹងទុក​របស់​អាមេរិក ការធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ង៉ូ ឌិនហ្សៀម មិនបាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ខាង​ត្បូង​មាន​ភាព​រឹងមាំ និង​ដឹកនាំ​ប្រកប​ដោយ​ប្រសិទ្ធភាព​ជាងពេលមុន​នោះទេ ផ្ទុយទៅវិញ​ វាមានតែ​បង្ក​ឲ្យ​មាន​អស្ថិរភាព​នយោបាយ និង​បង្កើត​ភាព​អនាធិបតេយ្យ​ខ្លាំង​ជាង​មុន​ទៅទៀត។ គ្រាន់តែ​ក្នុងរយៈពេល​១ឆ្នាំ ក្រោយ​រដ្ឋប្រហារ​ទម្លាក់​​លោក ង៉ូ ឌិនហ្សៀម ពី​តំណែង វៀតណាម​ខាង​ត្បូង​បាន​ឆ្លងកាត់​​រដ្ឋប្រហារ​ថ្មីៗ​ទៀត​រហូតដល់​ទៅ ៧លើក។
 

លោក John Kennedy (ឆ្វេង) ប្រធានាធិបតី​អាមេរិក និង​លោក Robert Mcnamara រដ្ឋមន្រ្តី​ការពារជាតិ​ក្នុង​សម័យសង្រ្គាម​វៀតណាម
លោក John Kennedy (ឆ្វេង) ប្រធានាធិបតី​អាមេរិក និង​លោក Robert Mcnamara រដ្ឋមន្រ្តី​ការពារជាតិ​ក្នុង​សម័យសង្រ្គាម​វៀតណាម

ឆ្លៀតក្នុងពេល​ដែល​នយោបាយ​នៅ​វៀតណាម​ខាង​ត្បូង​កំពុង​ស្ថិត​ក្នុង​ភាព​អនាធិបតេយ្យ​ មេដឹកនាំ​កុម្មុយនិស្ត​នៅ​វៀតណាម​ខាងជើង​បាន​សម្រេច​ដាក់ចេញ​នូវ​យុទ្ធសាស្រ្ត​ថ្មី គឺ​បង្កើន​ជំនួយ​ដល់​ក្រុម​ឧទ្ទាម​វៀតកុង និង​ក្នុងពេល​ជាមួយគ្នា បញ្ជូន​កងទ័ព​វៀតណាម​ខាងជើង​ឲ្យ​ជ្រៀតចូល​ទៅ​ធ្វើ​សកម្មភាព នៅ​ក្នុង​ទឹកដី​វៀតណាម​ខាង​ត្បូង។

​ការ​កើនឡើង​នៃ​​អន្តរាគមន៍​យោធា​របស់​វៀតណាម​ខាងជើង និង​អស្ថិរភាព​នយោបាយ​នៅ​វៀតណាម​ខាង​ត្បូង​ បាន​ជំរុញ​ឲ្យ​អាមេរិក​លូកដៃ​ចូល​កាន់តែ​ជ្រៅឡើង ទៅក្នុង​សង្រ្គាម​វៀតណាម ហើយ​នៅ​ពាក់​កណ្តាល​ឆ្នាំ​១៩៦៤ នៅពេល​ដែល​កងកម្លាំង​ឧទ្ទាម​​កុម្មុយនិស្ត​វៀតកុង​វាយដណ្តើម​កាន់កាប់​ទឹកដី​វៀតណាម​ខាង​ត្បូង​បាន​ដល់​ទៅ​ជិតពាក់កណ្តាល លោក​ប្រធានាធិបតី​ Lyndon Johnson ក៏​បាន​សម្រេច​ឲ្យ​កងទ័ព​អាមេរិក​​​ចូល​ប្រឡូក​ដោយ​ផ្ទាល់​ក្នុង​សង្រ្គាម​ប្រឆាំង​នឹង​វៀតណាម​ខាងជើង។

នៅ​ខែ​សីហា ឆ្នាំ​១៩៦៤ យន្តហោះចម្បាំង​អាមេរិក​បាន​បើក​ការ​វាយប្រហារ​ទៅលើ​ទ័ព​ជើងទឹក​របស់​វៀតណាម​ខាងជើង ដោយ​នៅពេលនោះ រដ្ឋការ​របស់​លោក Lyndon Johnson ​បាន​ចោទ​វៀតណាមខាងជើង​ថា​បាន​បាញ់​ប្រហារ​មក​លើ​នាវាចម្បាំង​របស់​អាមេរិក​មុន នៅ​ពេល​ដែល​នាវាចម្បាំង​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដែន​សមុទ្រ​អន្តរជាតិ ក្នុង​ឈូងសមុទ្រ​តុងកឹង។ ភ្លាមៗក្រោយ​ពីមាន​ការ​ប៉ះទង្គិចគ្នា​នៅ​ឈូងសមុទ្រ​តុងកឹង​នេះ សភា​អាមេរិក​​បាន​អនុម័ត​លើ​សេចក្តីសម្រេច​មួយ​ទៅតាម​សំណើ​​របស់​លោក​ Lyndon Johnson ដើម្បី​​អនុញ្ញាត​ឲ្យ​កងទ័ព​អាមេរិក​​បើក​ធ្វើ​សង្រ្គាម​នៅ​វៀតណាម។ ក៏ប៉ុន្តែ ក្រោយៗមកទៀត តាមរយៈ​ការ​សិក្សា​ស្រាវជ្រាវ​របស់​អ្នក​ប្រវត្តិសាស្រ្ត និង​ការ​បើក​កកាយ​ឯកសារ​សម្ងាត់​ទាក់ទង​នឹង​សង្រ្គាម​វៀតណាម គេ​បាន​រកឃើញ​ថា ហេតុការណ៍​នៅ​ឈូងសមុទ្រ​តុងកឹង​​ ​ត្រូវ​បាន​​រដ្ឋការ​របស់​លោក Lyndon Johnson ធ្វើការ​បំប៉ោងឡើង ដើម្បី​​បំភ័ន​មតិសាធារណៈ និង​ទាក់ទាញ​សភា​ឲ្យ​គាំទ្រ​ការបើក​ធ្វើ​សង្រ្គាម​នៅ​វៀតណាម។

ក្រោយ​ពី​ទទួល​បាន​ការ​អនុញ្ញាត​ពី​សភា រដ្ឋាភិបាល​អាមេរិក​​ក៏​បាន​បញ្ជូន​ទ័ព​ប្រយុទ្ធ​រាប់ម៉ឺននាក់​ឲ្យ​​ចូល​ទៅ​ធ្វើ​សង្រ្គាម​នៅ​វៀតណាម។ គិត​ត្រឹម​ខែ​មិថុនា​ឆ្នាំ​១៩៦៥ ចំនួន​កងទ័ព​ប្រយុទ្ធ​អាមេរិក​នៅ​វៀតណាម​មាន​ជាង ៨ម៉ឺននាក់​ ហើយ​ចំនួន​នេះ​បាន​កើនឡើង​ជាលំដាប់ រហូតដល់​ទៅ​ប្រមាណ​ជា ២០ម៉ឺន​នាក់ នៅ​ឆ្នាំ​១៩៦៦ និង​ប្រមាណ​ជា​កន្លះលាននាក់ នៅ​ចុងឆ្នាំ​១៩៦៧។ នេះ​នៅមិនទាន់​រាប់បញ្ចូល​ទាហាន​ប្រមាណ​ជាង ៦ម៉ឺននាក់​ផ្សេងទៀត ដែល​មក​ពី​បណ្តា​ប្រទេស​ជា​សម្ព័ន្ធមិត្ត​អាមេរិក រួមមាន កូរ៉េ​ខាង​ត្បូង ថៃ ហ្វីលីពីន អូស្រ្តាលី និង​នូវែលសេឡង់ (បូករួម​ជាមួយ​នឹង​កងទ័ព​ជាតិ​របស់​វៀតណាម​ខាង​ត្បូង ដែល​មាន​ជាង​៨០ម៉ឺននាក់)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ