ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT

កម្ពុជា​នៅក្នុង​សង្រ្គាម​វៀតណាម

កម្ពុជា​នៅក្នុង​សង្រ្គាម​វៀតណាម
 
លោក​រីឆាត និចសុន (Richard Nixon) ប្រធានាធិបតី​អាមេរិក នៅថ្ងៃ​ទី៣០ មេសា ១៩៧០ ​ក្នុង​ពេល​ប្រកាស​ឲ្យដឹង​អំពី​​ប្រត្តិបត្តិការ​យោធា​អាមេរិក​នៅ​ក្នុង​ទឹកដី​កម្ពុជា

នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​រៀបរាប់​អំពី​សង្រ្គាម​វៀតណាម ដោយសូម​លើកឡើង អំពី​ផលប៉ះពាល់​នៃ​សង្រ្គាម​ទៅលើ​ប្រទេស​​​កម្ពុជា។

សង្រ្គាម​វៀតណាម ត្រូវ​បាន​អ្នក​ប្រវត្តិសាស្រ្ត​ជាច្រើន​នាំគ្នា​ដាក់ឈ្មោះ​ថា “សង្រ្គាម​ឥណ្ឌូចិន​លើកទី២” ដោយសារ​តែ​សង្រ្គាម​នេះ​មិនមែន​កើតមាន​ឡើង​តែ​នៅ​ក្នុង​ប្រទេស​វៀតណាម​មួយ​នោះទេ តែ​វា​បាន​រាលដាល​ទៅកាន់​ប្រទេស​ពីរទៀត ក្នុង​តំបន់​ឥណ្ឌូចិន ហើយ​ដែល​ធ្លាប់​ជា​អាណានិគម​របស់​បារាំង គឺ​ប្រទេស​កម្ពុជា និង​ឡាវ។

តាំងពីក្រោយ​សង្រ្គាម​ឥណ្ឌូចិន​លើកទី១ (សង្រ្គាម​រវាង​វៀតណាម និង​បារាំង) កម្ពុជា​បាន​ប្រកាស​ខ្លួន​ជា​ប្រទេស​អព្យាក្រឹត ហើយ​អព្យាក្រឹតភាព​នេះ​ត្រូវ​បាន​ទទួលស្គាល់​យ៉ាងពេញលេញ នៅ​ក្នុង​សន្និសីទ​ក្រុង​ហ្សឺណែវ ឆ្នាំ​១៩៥៤។ ក៏ប៉ុន្តែ នៅពេលដែល​សង្រ្គាម​វៀតណាម​កាន់តែ​រីករាលដាល អព្យាក្រឹតភាព​របស់​កម្ពុជា​ក៏​កាន់តែ​ត្រូវ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ រហូត​ត្រូវ​បាត់បង់​តម្លៃ​ទាំងស្រុង​នៅ​ក្នុងការ​អនុវត្ត​ជាក់ស្តែង។

បញ្ហា​ដ៏ធំបំផុត ដែល​កម្ពុជា​ត្រូវ​ប្រឈម​នៅ​ក្នុង​សង្រ្គាម​វៀតណាម គឺ​ការ​ណ៍​ដែល​ពួក​វៀតកុង​​យក​ទឹកដី​កម្ពុជា​ធ្វើ​ជា​ទីជម្រក នៅ​ក្នុង​ការ​ប្រយុទ្ធតទល់​នឹង​វៀតណាម​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក។

កាលពីដំបូង ពួកវៀតកុង​​បានជ្រៀតចូល​មក​ក្នុង​ទឹកដី​កម្ពុជា ដោយ​មិនបាន​សុំ​ការអនុញ្ញាត​អ្វី​ទាំងអស់ ពោលគឺ ជា​ការ​រំលោភ​ទាំងស្រុង​ទៅលើ​បូរណភាព​ទឹកដី​របស់​កម្ពុជា។ តាមការពិត តាំងពីដើម​រៀងមក មេដឹកនាំ​វៀតណាម ដែល​តែងតែ​មាន​មហិច្ឆតា​ត្រួតត្រា​តំបន់​ឥណ្ឌូចិន​ទាំងមូល​នោះ មិនដែល​ទុក​ប្រទេស​កម្ពុជា និង​ឡាវ​ជា​ប្រទេស​ឯករាជ​នោះទេ។ ហេតុដូច្នេះ​ហើយ​បាន​ជា​វៀតណាម​កុម្មុយនិស្ត​បាន​ជ្រៀតចូល​មក​ក្នុង​ទឹកដី​កម្ពុជា ក៏ដូចជា​ទឹកដីឡាវ​ស្រេចតែ​អំពើ​ចិត្ត។ កម្ពុជា​វិញ ដែល​មាន​កម្លាំង​ទ័ព​ទន់ខ្សោយ​នោះ ក៏​គ្មាន​សមត្ថភាព​អ្វី​ទៅ​ពង្រឹង​សន្តិសុខ​តាម​ព្រំដែន ឬ​បណ្តេញ​ពួក​វៀតកុង​ចេញ​ពី​ទឹកដី​របស់​ខ្លួន​នោះដែរ។ ក្នុងពេល​ជាមួយគ្នា​នេះ កម្ពុជា​ត្រូវ​ប្រឈមមុខ​នឹងការគំរាមកំហែង​ដ៏ធំមួយ​ទៀត គឺ​ពី​សំណាក់​សហរដ្ឋ​អាមេរិក។
 

តាមការពិត ការណ៍​ដែលពួក​​វៀតកុង​អាច​ប្រើប្រាស់​ទឹកដី​កម្ពុជា​ធ្វើ​ជា​ទីជម្រក ដើម្បី​រត់គេច​ពី​ការវាយប្រហារ​ រួចហើយ​​ប្រមូលផ្តុំគ្នាឡើងវិញ ដើម្បី​​លប​ចូល​ទៅ​វាយឆ្មក់​លើ​កងទ័ព​វៀតណាម​ខាង​ត្បូង និង​កងទ័ព​អាមេរិក នៅ​ក្នុង​ទឹកដី​វៀតណាម​ខាង​ត្បូង វា​គឺ​ជា​បញ្ហា​ចោទ​ដ៏ធំ​ សម្រាប់​អាមេរិក​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​វៀតណាម​កុម្មុយនិស្ត។ ហេតុដូច្នេះហើយ​បាន​ជា​អាមេរិក​តែងតែ​ដាក់សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ធ្វើការ​បណ្តេញ​ពួកវៀតកុង​ចេញ​ពី​តំបន់​ព្រំដែន​របស់ខ្លួន ហើយ​ជាញឹកញយ កងទ័ព​អាមេរិក​បាន​បើក​ប្រតិបត្តិការ​យោធា​ឆ្លងព្រំដែន​វាយប្រហារ​ទៅលើ​ភូមិខ្មែរ ដើម្បី​តាម​ប្រមាញ់​ពួកវៀតកុង ក៏ប៉ុន្តែ ការវាយប្រហារ​ទាំងនេះ​តែងតែ​បង្ក​ការខូចខាត​ដល់​ជនស៊ីវិល​ខ្មែរ ច្រើន​ជាង​ដល់​ពួក​វៀតកុង។

បន្តិចម្តងៗ កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​ព្រះនរោត្តម​សីហនុ​ក៏​បាន​ងាកចេញ​ពី​នយោបាយ​អព្យាក្រឹត បែរ​ទៅ​ជា​ប្រកាន់​នយោបាយ​ស្និទ្ធ​នឹង​ចិន​កុម្មុយនិស្ត ហើយ​​ប្រឆាំង​អាមេរិកទៅវិញ។ នៅពេលនោះ​ហើយ ដែល​កម្ពុជា​ត្រូវ​ផុងខ្លួន​កាន់តែ​ជ្រៅ នៅ​ក្នុង​សង្រ្គាម​វៀតណាម។

នៅ​​​ឆ្នាំ​១៩៦៥ ដោយសំឡឹង​មើល​ឃើញ​ថា ចលនា​កុម្មុយនិស្ត​កំពុងតែ​មាន​ប្រៀប​ ហើយ​អាច​នឹង​ទទួល​ជ័យជម្នះ​​ត្រួតត្រា​តំបន់​អាស៊ីអាគ្នេយ៍ សម្តេច​ព្រះនរោត្តម​ សីហនុ ក៏​បាន​សម្រេច​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​អាមេរិក ហើយ​ងាក​ទៅ​គាំទ្រ​ប្លុក​កុម្មុយនិស្ត​ ដោយ​នៅ​ឆ្នាំ​​​១៩៦៦ ព្រះអង្គ​​បាន​ព្រមព្រៀង​ជាមួយ​មេដឹកនាំ​ចិន ឲ្យវៀតណាម​ខាងជើង និង​ពួក​វៀតកុង​​ប្រើប្រាស់​ទឹកដី​កម្ពុជា​ធ្វើ​ជា​មូលដ្ឋាន​ក្នុងការ​ធ្វើ​សង្រ្គាម​ទល់​នឹង​អាមេរិក។ លើសពីនេះ​ទៅទៀត កម្ពុជា​បាន​បើក​កំពង់ផែ​ក្រុង​ព្រះសីហនុ​ឲ្យ​ចិន​ប្រើ ដើម្បី​ដឹកជញ្ជូន​ជំនួយ​ទៅ​ឲ្យ​ពួក​វៀតកុង។ ចាប់ពីពេលនោះ​មក កម្ពុជា​ចាប់ផ្តើម​ផុងខ្លួន​កាន់តែ​ជ្រៅ ទៅក្នុង​សង្រ្គាម​វៀតណាម។

នៅ​សហរដ្ឋ​អាមេរិក អប្រជាប្រិយភាព​នៃ​សង្រ្គាម​វៀតណាម បាន​ធ្វើ​ឲ្យ​លោក Lyndon Johnson ត្រូវ​ធ្លាក់​ពី​អំណាច ហើយ​​លោក​ Richard Nixon បាន​ជាប់ឆ្នោត​ឡើងមកធ្វើ​​ជា​ប្រធានាធិបតី ជំនួស​លោក​ Lyndon Johnson នៅ​ឆ្នាំ​១៩៦៩។ ប្រឈមមុខ​នឹង​ចលនា​ប្រឆាំង ដែល​កំពុងតែ​កើតមាន​យ៉ាង​ខ្លាំងក្លា​នោះ លោក Richard Nixon ក៏​បាន​ដាក់ចេញ​នូវ​នយោបាយ​ជាអាទិភាព​មួយ គឺ​ត្រូវ​តែ​ធ្វើ​យ៉ាងណា​បញ្ចប់​សង្រ្គាម​វៀតណាម​ឲ្យ​បាន​ឆាប់។ ក៏ប៉ុន្តែ យុទ្ធសាស្រ្ត​ចម្បង​របស់​លោក Richard Nixon ដើម្បី​​បញ្ចប់​សង្រ្គាម​វៀតណាម គឺ​មុនដំបូង​ត្រូវ​តែ​ពង្រីក​សង្រ្គាម គឺ​ពង្រីក​​ប្រតិបត្តិការ​ទម្លាក់​គ្រាប់បែក ដើម្បី​កម្ទេច​ជម្រក​របស់​ពួក​វៀតកុង នៅ​ក្នុង​ទឹកដី​កម្ពុជា។

តាមការពិត យន្តហោះ​អាមេរិក​បាន​ធ្វើ​ការទម្លាក់​គ្រាប់បែក​ចូល​ទៅ​ក្នុង​ទឹកដី​កម្ពុជា តាំង​ពីឆ្នាំ​១៩៦៥ ពោលគឺ តាំង​ពី​សម័យរដ្ឋការ​របស់​លោក Lyndon Johnson មកម៉្លេះ គ្រាន់តែ​ថា នៅ​ពេលនោះ ប្រតិបត្តិការ​ទម្លាក់​​គ្រាប់បែក​នៅ​កម្ពុជា​ត្រូវ​បាន​ធ្វើឡើង​ដោយ​មានការ​លាក់លៀម និង​កម្រិត​នៅ​ត្រឹម​តែ​តំបន់​​ដែល​នៅ​ជាប់​នឹង​ព្រំដែន​ជាមួយ​វៀតណាម។ នៅ​ក្រោម​អាណត្តិ​លោក Richard Nixon ប្រតិបត្តិការ​ទម្លាក់គ្រាប់បែក​លើ​កម្ពុជា​ត្រូវ​បាន​បើក​ធ្វើ​​ដោយ​ចំហ​ជាងមុន និង​ក្នុង​លក្ខណៈ​ទូលំទូលាយ​ ដោយ​គ្មាន​បែងចែក​ថា​ជា​តំបន់​នៅ​ជាប់ ឬ​មិន​ជាប់ព្រំដែន​នោះទេ។
 

សម្តេច​ព្រះនរោត្តម សីហនុ នៅ​ពេល​ជួប​ជាមួយ​ម៉ៅសេទុង​នៅ​ប៉េកាំង

ប្រតិបត្តិការ​ទម្លាក់គ្រាប់បែក​លើ​កម្ពុជា ដែល​អាមេរិក​ដាក់ឈ្មោះ​ថា Operation Menu ​បាន​ចាប់ផ្តើម​ឡើង នៅយប់ថ្ងៃ​ទី១៨ ខែមីនា ឆ្នាំ​១៩៦៩ ហើយ​នៅ​ពេល​ដែល​ប្រតិបត្តិការ​នេះ​ត្រូវ​បាន​លោក Richard Nixon ប្រកាស​ឲ្យដឹង​ជា​សាធារណៈ ​នៅថ្ងៃ​ទី៣០​ ខែមេសា ឆ្នាំ​១៩៧០ វាបាន​ដុតបញ្ឆេះ​ចលនា​ប្រឆាំង​នឹង​សង្រ្គាម​វៀតណាម​ឲ្យ​កាន់តែ​ឆេះ​សន្ធោរសន្ធៅ​ខ្លាំងឡើង​ថែម​ទៀត។ សមាជិក​សភា​អាមេរិក​ជាច្រើន​បាន​នាំគ្នា​ផ្ទុះកំហឹង​នឹង​ការណ៍​ដែល​លោក​ Richard Nixon ហ៊ាន​ពង្រីក​សង្រ្គាម​វៀតណាម ទៅចូលឈ្លានពាន​កម្ពុជា​ ដែល​ជា​ប្រទេស​អធិបតេយ្យ​មួយ ដោយ​មិន​សុំ​ការ​អនុញ្ញាត​ពី​សភា​ជាមុន។

ក៏ប៉ុន្តែ បើទោះបីជា​មាន​ចលនា​ប្រឆាំង​បែបនេះ​ក៏ដោយ ប្រតិបត្តិការ​ទម្លាក់គ្រាប់បែក​លើ​កម្ពុជា​នៅតែ​បន្ត​ធ្វើ ហើយ​នៅ​ក្នុង​ពេល​ជាមួយគ្នា​នោះ ​រដ្ឋការ​របស់​លោក Richard Nixon បាន​ព្យាយាម​ប្រើ​គ្រប់មធ្យោបាយ ដើម្បី​ធ្វើ​យ៉ាងណា​ទាញ​កម្ពុជា​ឲ្យ​ឈប់​ជួយ​​ពួក​វៀតកុង។

នៅថ្ងៃ​ទី១៨ ខែមីនា ឆ្នាំ​១៩៧០ ក្រុម​អ្នក​នយោបាយ​ខ្មែរ ដែល​​ស្និទ្ធិ​នឹង​អាមេរិក ដឹកនាំ​ដោយ​សេនាប្រមុខ លន់ នល់ ក៏​បាន​ទម្លាក់​សម្តេច​ព្រះ​នរោត្តម សីហនុ ពី​អំណាច នៅ​ក្នុងពេល​ដែល​ព្រះអង្គ​កំពុង​បំពេញ​ទស្សនកិច្ច នៅ​ក្នុង​ទីក្រុង​ម៉ូស្គូ សហភាព​សូវៀត។ ចាប់តាំង​ពីពេលនោះមក កម្ពុជា ក្រោម​របបសាធារណរដ្ឋ​ខ្មែរ ក៏​បាន​ក្លាយ​ទៅជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក នៅ​ក្នុង​សង្រ្គាម​​​វៀតណាម ក៏ប៉ុន្តែ ក្រៅពី​ត្រូវ​ធ្លាក់ចូល​ទៅ​ក្នុង​សង្រ្គាម​ប្រឆាំង​នឹង​កុម្មុយនិស្ត​វៀតណាម កងទ័ព​សាធារណរដ្ឋ​ខ្មែរ​ក៏​ត្រូវ​ប្រឈមមុខ​នឹង​សង្រ្គាម​ទល់​នឹង​ចលនា​កុម្មុយនិស្ត​ក្នុង​ស្រុក​ខ្លួនឯង​ផងដែរ គឺ​​ក្រុមឧទ្ទាម​ខ្មែរក្រហម ដែល​ចូលរួមដៃគ្នា​ជាមួយ​នឹង​ចលនា​តស៊ូ​ដឹកនាំ​ដោយ​សម្តេច​ព្រះនរោត្តម សីហនុ និង​ដែល​មាន​ការ​គាំទ្រ​យ៉ាងពេញ​ទំហឹង​ពី​សំណាក់​សាធារណរដ្ឋ​​ប្រជាមានិត​ចិន។

និយាយ​សរុប​ជារួមមកវិញ សង្រ្គាម ដែល​គេ​ឲ្យ​ឈ្មោះ​ថា “សង្រ្គាមវៀតណាម” មាន​ជាប់ពាក់ព័ន្ធ​យ៉ាងជ្រៅ​ជាមួយ​នឹង​កម្ពុជា។ គិតជាសរុប នៅ​ពេញ​ក្នុង​អំឡុង​សង្រ្គាម​វៀតណាម គ្រាប់បែក​ប្រមាណ​ជា ៥សែន​​តោន ត្រូវ​បាន​អាមេរិក​ទម្លាក់​លើ​កម្ពុជា ហើយ​​ប្រជាជន​កម្ពុជា​ប្រមាណ​ពី ៥ម៉ឺន ទៅ ១៥ម៉ឺននាក់ ត្រូវ​បាត់បង់​ជីវិត​ដោយ​ការ​ទម្លាក់គ្រាប់បែក​នេះ។ ការប្រទាញប្រទង់គ្នា​ក្នុង​សង្រ្គាម​វៀតណាម​នេះ​ក៏​ជា​ដើមហេតុ​ដ៏សំខាន់​មួយ​ដែរ​ដែល​បាន​រុញច្រាន​កម្ពុជា​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ភ្នក់ភ្លើង​នៃ​​សង្រ្គាម​ស៊ីវិល​ ដែល​អូសបន្លាយពេល​ជាច្រើន​ឆ្នាំ​ក្រោយៗ​មក​ទៀត៕

  • អាប៉ូឡូទី១១៖ មនុស្សជាន់ដីព្រះចន្ទ​ជា​លើកទី១

    អាប៉ូឡូទី១១៖ មនុស្សជាន់ដីព្រះចន្ទ​ជា​លើកទី១

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​រៀបរាប់ អំពីព្រះចន្ទ​តទៅទៀត ដោយ​សូមលើកឡើង អំពីបេសកកម្ម​អាប៉ូឡូទី១១ ដែល​នាំ​ ​ទៅ​ចុះចត​លើ​​​ឋាន​ព្រះចន្ទ …

  • ដើមកំណើត​នៃ​គម្រោង​អាប៉ូឡូ​ទៅ​ឋានព្រះចន្ទ

    ដើមកំណើត​នៃ​គម្រោង​អាប៉ូឡូ​ទៅ​ឋានព្រះចន្ទ

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពីព្រះចន្ទ​តទៅទៀត ដោយ​សូមលើកឡើង អំពីដំណើរ​ដើម​ទង​នាំ​ទៅដល់​ការ​ចាប់កំណើត​នៃ​បេសកកម្ម​​អាប៉ូឡូ​​​ …

  • ព្រះចន្ទ៖ ​“ទ្វីបទី៨” ​នៃ​ភពផែនដី

    ព្រះចន្ទ៖ ​“ទ្វីបទី៨” ​នៃ​ភពផែនដី

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពី​ប្រវត្តិ​នៃ​ចក្រវាល​តទៅទៀត ហើយ​ឆ្លៀត​ក្នុង​ឱកាស​ខួប​គម្រប់ ៥០ឆ្នាំ …

  • តើ​ប្រព័ន្ធលេខ​បច្ចុប្បន្ន​មាន​ដើមកំណើត​មក​ពីណា?

    តើ​ប្រព័ន្ធលេខ​បច្ចុប្បន្ន​មាន​ដើមកំណើត​មក​ពីណា?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង …

  • ហេតុអ្វី​បានជា​ខែ​កុម្ភៈ​មាន​ត្រឹមតែ​២៨ថ្ងៃ?

    ហេតុអ្វី​បានជា​ខែ​កុម្ភៈ​មាន​ត្រឹមតែ​២៨ថ្ងៃ?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង …

  • ហេតុអ្វី​បានជា​គេ​បែងចែក​១ថ្ងៃ​ជា​២៤ម៉ោង?

    ហេតុអ្វី​បានជា​គេ​បែងចែក​១ថ្ងៃ​ជា​២៤ម៉ោង?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង …

  • តើនរណា​ជាអ្នក​រកឃើញ​ថា​មួយឆ្នាំ​មាន​៣៦៥ថ្ងៃ?

    តើនរណា​ជាអ្នក​រកឃើញ​ថា​មួយឆ្នាំ​មាន​៣៦៥ថ្ងៃ?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង …

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ