អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

សង្រ្គាម​វៀតណាម៖ ​ដំណើរ​ដើមហេតុ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​ក្នុង​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង ​​អំពី​ដំណើរដើមហេតុ ដែល​នាំ​ឲ្យ​ផ្ទុះ​​សង្រ្គាមវៀតណាម​ នៅ​ន្លោះ​ពី​ឆ្នាំ​១៩៥៥ ដល់​ឆ្នាំ​១៩៧៥។ ​សង្រ្គាម​ដែល​ត្រូវ​បាន​ប្រវត្តិសាស្រ្ត​ចារទុក​ថា​ជា​បរាជ័យ​ដ៏ធំមួយ​របស់​សហរដ្ឋ​អាមេរិក ​​នៅ​ក្នុង​សង្រ្គាម​ត្រជាក់។

លោក​ង៉ូ ឌិនហ្សៀម (Ngo Dinh Diem) ប្រធានាធិបតី​វៀតណាម​ខាង​ត្បូង និង​លោក Dwight D. Eisenhower ប្រធានាធិបតី​អាមេរិក ពេលជួបគ្នា​នៅ​វ៉ាស៊ីងតោន ថ្ងៃ​ទី៨ ឧសភា ១៩៥៧
លោក​ង៉ូ ឌិនហ្សៀម (Ngo Dinh Diem) ប្រធានាធិបតី​វៀតណាម​ខាង​ត្បូង និង​លោក Dwight D. Eisenhower ប្រធានាធិបតី​អាមេរិក ពេលជួបគ្នា​នៅ​វ៉ាស៊ីងតោន ថ្ងៃ​ទី៨ ឧសភា ១៩៥៧
ផ្សាយពាណិជ្ជកម្ម

សង្រ្គាមវៀតណាម គឺ​ជា​ជម្លោះ​ប្រដាប់​អាវុធ​ដ៏សំខាន់​មួយ នៅ​ក្នុង​ប្រវត្តិ​នៃ​​សង្រ្គាម​ត្រជាក់។ វា​គឺ​ជា​សង្រ្គាម រវាង​វៀតណាម​ខាងជើង (​វៀតណាម​កុម្មុយនិស្ត) គាំទ្រ​ដោយ​ប្លុក​កុម្មុយនិស្ត និង​វៀតណាម​ខាង​ត្បូង ដែល​មាន​ជំនួយ​ពី​កងទ័ព​អាមេរិក។ សង្រ្គាម​នេះត្រូវ​បាន​គេ​​ហៅ​ជាទូទៅ​ថា “សង្រ្គាមវៀតណាម” ប៉ុន្តែ​តាមពិត វា​មិនមែន​កើតឡើង​តែ​នៅ​ក្នុង​ប្រទេស​វៀតណាម​មួយ​នោះទេ គឺ​បានរាលដាល​ទៅដល់​ផ្នែកខ្លះ​នៃ​ទឹកដី​កម្ពុជា និង​ឡាវ​ផងដែរ។

ហេតុដូច្នេះហើយ​បាន​ជា​អ្នក​ប្រវត្តិសាស្រ្ត​ខ្លះ បាន​ហៅ​សង្រ្គាមនេះ​ថា “សង្រ្គាម​ឥណ្ឌូចិន​លើកទី២” បន្ត​ពី​សង្រ្គាម​ឥណ្ឌូចិន​លើកទី១ គឺ​សង្រ្គាម រវាង​មហាអំណាច​អាណានិគម​​បារាំង និង​វៀតណាម នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៤៥ ដល់​ឆ្នាំ​១៩៥៤។ តាមការពិត គឺ​ផលវិបាក​ដែល​បន្សល់​ទុក​ដោយ​សង្រ្គាម​ឥណ្ឌូចិន​លើកទី១​នេះហើយ ដែល​ជា​ឫសគល់​​នាំ​ឲ្យ​មាន​សង្រ្គាម​ឥណ្ឌូចិន​លើកទី២ ឬ​សង្រ្គាម​វៀតណាម។

ប្រទេស​​វៀតណាម​ត្រូវ​បាន​ពុះចែក​ជា​ពីរ នៅ​ក្នុង​អំឡុង​សង្រ្គាម​ឥណ្ឌូចិន​លើកទី១ គឺ​នៅ​ឆ្នាំ​១៩៤៩ ហើយ​គឺ​បារាំង ដែល​ជា​អ្នក​ផ្តួចផ្តើម​គំនិត​បង្កើត​រដ្ឋាភិបាល​​វៀតណាម​ខាង​ត្បូង​ ដោយ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​ព្រះចៅបាវដាយ អតីត​អធិរាជ​នៃ​នគរ​អាណ្ណាម ដោយ​នៅពេលនោះ បារាំង​មាន​ការគាំទ្រ​ពី​សហរដ្ឋ​អាមេរិក។

តាមការពិត នៅ​ក្នុង​អំឡុង​សង្រ្គាម​លោកលើកទី២ សហរដ្ឋអាមេរិក​ធ្លាប់​គាំទ្រ​ចលនា​តស៊ូ​វៀតណាម​ ដឹកនាំ​ដោយ​ហូជីមិញ ដើម្បី​ប្រឆាំង​នឹង​ជប៉ុន ហើយ​មេដឹកនាំ​អាមេរិក​ក៏​តែងតែ​ប្រកាន់​ជំហរ​ប្រឆាំង​នឹង​អាណានិគម​ផងដែរ ទាំងអាណានិគម​នៅ​ឥណ្ឌូចិន ក៏ដូចជា​អាណានិគម​នៅ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ទូទាំង​ពិភពលោក។

ក៏ប៉ុន្តែ នៅក្រោយ​ពី​​សង្រ្គាម​លោកលើកទី២​ត្រូវ​បញ្ចប់​ ហើយ​នៅពេល​ដែល​ពិភពលោក​ត្រូវ​ធ្លាក់​ចូល​ទៅ​ក្នុង​សង្រ្គាម​ត្រជាក់ អាមេរិក​បែរ​ជា​ទៅ​គាំទ្រ​បារាំង​ក្នុងការ​បង្រ្កាប​ចលនា​ទាមទារ​ឯករាជ្យ​នៅ​វៀតណាម​ទៅវិញ។ នេះ​ក៏ដោយសារ​តែ​បារាំង​គឺ​ជា​សម្ព័ន្ធមិត្ត​ដ៏សំខាន់​​របស់​អាមេរិក ចំណែក​ឯចលនា​ទាមទារ​ឯករាជ្យ​វៀតណាម ដែល​ដឹកនាំ​ដោយ​ហូជីមិញ គឺជា​ចលនា​កុម្មុយនិស្ត​គាំទ្រ​ដោយ​សហភាព​សូវៀត និង​ចិន។ និយាយ​ជារួម មេដឹកនាំ​អាមេរិក​បាន​ក្បត់​នឹង​គោលគំនិត​ប្រឆាំង​អាណានិគម​របស់​ខ្លួន ធ្វើ​យ៉ាងណា​ឲ្យ​តែ​អាច​បញ្ចៀស​កុំ​ឲ្យ​តំបន់​ឥណ្ឌូចិន​ត្រូវ​ធ្លាក់​ក្រោម​ការ​កាន់កាប់​របស់​ពួក​កុម្មុយនិស្ត។ ក៏ប៉ុន្តែ នៅទីបំផុត បារាំង​នៅតែ​​ត្រូវ​ចាញ់​ពួក​កុម្មុយនិស្ត​វៀតណាម​ គឺ​បរាជ័យ​​នៅ​ឌៀនបៀនភូ នៅ​ឆ្នាំ​១៩៥៤ ហើយ​អាមេរិក​ក៏​ចាប់ផ្តើម​ផុងខ្លួន​បន្តិចម្តងៗ​កាន់តែ​ជ្រៅ​ទៅ​ក្នុង​ជម្លោះ​នៅ​ឥណ្ឌូចិន។

នៅថ្ងៃទី២១ ខែ​កក្កដា ​ឆ្នាំ​១៩៥៤ បារាំង​បាន​ចុះ​កិច្ចព្រមព្រៀង​បញ្ចប់​សង្រ្គាម​ឥណ្ឌូចិន នៅ​ក្នុង​សន្និសីទ​ក្រុង​ហ្សឺណែវ ដោយ​បារាំង​បាន​សុខចិត្ត​ប្រគល់​ឯករាជ្យ​ដល់​វៀតណាម ក៏ប៉ុន្តែ នៅ​ក្នុង​សន្និសីទ​ក្រុង​ហ្សឺណែវ​នេះ ប្រទេស​វៀតណាម​ត្រូវ​បាន​គេ​បន្ត​ទុក​ឲ្យ​នៅ​ពុះចែក​ជា​ពីរ​ដដែល ដោយ​បាន​ត្រឹមតែ​កំណត់​ថា វៀតណាម​ទាំងពីរ​នឹង​ត្រូវ​បង្រួបបង្រួម​គ្នា​មកវិញ នៅ​ក្រោយ​ការបោះឆ្នោត​ជាតិមួយ​ ដែល​គេ​គ្រោងរៀបចំ​ធ្វើ​ឡើង​នៅ​ទូទាំង​ប្រទេស​វៀតណាម នៅ​ឆ្នាំ​១៩៥៦។
 

ក៏ប៉ុន្តែ ផែនការ​រៀបចំ​ការ​បោះឆ្នោត​ជាតិ​នេះ ត្រូវ​បាន​ច្រានចោល​ដោយ​វៀតណាម​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក ដែល​ជា​សម្ព័ន្ធមិត្ត។ នៅ​ពេលនោះ វៀតណាម​ខាង​ត្បូង​បាន​បដិសេធ​មិន​គោរព​តាម​​កិច្ចព្រមព្រៀង​ក្រុង​ហ្សឺណែវ ដោយ​លើកហេតុផល​ថា វៀតណាម​ខាង​ត្បូង​មិនមែន​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ក្រុង​ហ្សឺណែវ​នេះ​ទេ គឺ​មានតែ​គណៈប្រតិភូ​មក​ពី​​វៀតណាម​ខាងជើង​តែ​ប៉ុណ្ណោះ ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ។ ចំណែក​ឯ​សហរដ្ឋ​អាមេរិកវិញ បាន​រិះគន់​ផែនការ​​បោះឆ្នោត​ដែល​ចែង​ក្នុង​កិច្ចព្រមព្រៀង​ក្រុងហ្សឺណែវ ដោយលើក​ហេតុផល​ថា ខ្លួន​បាន​ទាមទារ​ឲ្យ​ការ​បោះឆ្នោត​ជាតិវៀតណាម​នេះ​ត្រូវ​រៀបចំ​ធ្វើ​ដោយ​អ.ស.ប ដើម្បី​ធានា​នូវ​ភាព​សេរី និង​យុត្តិធម៌​ ក៏ប៉ុន្តែ សហភាព​សូវៀត​ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​វៀតណាម​ខាងជើង​បាន​ជំទាស់។

ក្តីសង្ឃឹម​អំពី​ការ​បង្រួបបង្រួម​ប្រទេស​វៀតណាម​កាន់តែ​ត្រូវ​រលាយ​សាបសូន្យ នៅ​ឆ្នាំ​១៩៥៥ នៅ​ពេល​ដែល​នាយករដ្ឋមន្រ្តី​វៀតណាម​ខាង​ត្បូង គឺ​លោក ង៉ូ ឌិន ហ្សៀម (Ngo Dinh Diem) ដែល​ជា​អ្នក​មាន​គំនិត​ប្រឆាំង​នឹង​កុម្មុយនិស្ត​ដ៏​ស្រួចស្រាវនោះ បាន​រៀបចំ​ការ​បោះឆ្នោត​ នៅ​តែ​ក្នុង​រង្វង់​​ទឹកដី​វៀតណាម​ខាង​ត្បូង។ នៅ​ពេលនោះ ង៉ូ ឌិនហ្សៀម បាន​បណ្តេញ​ព្រះចៅបាវដាយ​ពី​អំណាច រួចហើយ​បង្កើត​ជា​របបសាធារណរដ្ឋ​មួយ​ឡើង ដោយ​​ប្រកាស​តាំង​​ខ្លួនឯង​ជា​ប្រធានាធិបតី។

នៅ​ក្នុងពេល​ជាមួយគ្នា​នោះ ចលនាឧទ្ទាម​កុម្មុយនិស្ត​ស្និទ្ធ​នឹង​វៀតណាម​ខាងជើង​ក៏​បាន​ចាប់ផ្តើម​រីកដុះដាល​ឡើង​កាន់តែខ្លាំង នៅ​ក្នុង​ទឹកដី​វៀតណាម​ខាង​ត្បូង គឺ​ចលនាឧទ្ទាម​ដែល​​ត្រូវ​បាន​គេ​ហៅ​ជាទូទៅ​ថា “វៀតកុង”។ ដើម្បី​កុំ​ឲ្យ​មាន​ការ​ច្រលំគ្នា គេគួរធ្វើការ​បែងចែក​ឲ្យ​ច្បាស់​​ថា “វៀតមិញ” គឺ​ចលនាកុម្មុយនិស្ត​ដឹកនាំ​ដោយ​ហូជីមិញ ដែល​ប្រយុទ្ធទាមទារ​ឯករាជ្យ​ពីបារាំង ហើយ​​ដែល​ក្រោយមក​បាន​ឡើង​កាន់អំណាច​នៅ​វៀតណាម​ខាងជើង ចំណែក​ឯ​ “វៀតកុង” គឺ​ចលនា​​កុម្មុយនិស្ត ដែល​ជា​ក្រុម​ឧទ្ទាម​​​ស្ថិត​នៅ​ក្នុង​ទឹកដី​វៀតណាម​ខាង​ត្បូង។

ជាមួយនឹង​ការ​កើនឡើង​នៃ​ចលនាឧទ្ទាម​កុម្មុយនិស្ត​វៀតកុង នៅ​វៀតណាម​ខាង​ត្បូង លោក​ Dwight Eisenhower ប្រធានាធិបតី​អាមេរិក​​​បាន​បង្កើន​ការគាំទ្រ​កាន់តែ​ខ្លាំង​ដល់​របបដឹកនាំ​​របស់​លោក ង៉ូ ឌិន ហ្សៀម តាមរយៈ​ការ​ផ្តល់​ជំនួយ​ជាលុយ និង​​គ្រឿងសព្វាវុធ ព្រមទាំង​បញ្ជូន​ទីប្រឹក្សា​យោធា​​ជាច្រើន​នាក់​ឲ្យ​ទៅ​ជួយ​ហ្វឹកហ្វឺន​​ពង្រឹងកម្លាំង​ទ័ព​វៀតណាម​ខាង​ត្បូង ដើម្បី​​​ប្រយុទ្ធតទល់​នឹង​វៀតណាម​កុម្មុយនិស្ត។

បាន​ជំនួយ​ពីអាមេរិក កងកម្លាំង​របស់​លោក ង៉ូ ឌិន ហ្សៀម បានចាប់​​បើក​ប្រតិបត្តិការ​វាយបង្រ្កាប​ដោយ​ឥតប្រណីដៃ ​ទៅលើ​ចលនាឧទ្ទាម​វៀតកុង នៅ​វៀតណាម​ខាង​ត្បូង ដែល​ជា​ចំណុច​ចាប់ផ្តើម​នៃ​សង្រ្គាម​វៀតណាម។ ក៏ប៉ុន្តែ នៅ​ពេល​ចាប់ផ្តើម​ដំបូង​នោះ ជម្លោះ​ប្រដាប់អាវុធ​បាន​កើតមានឡើង​តែ​រវាង​កងកម្លាំង​រដ្ឋាភិបាល​វៀតណាម​ខាង​ត្បូង និង​ចលនា​ឧទ្ទាម​វៀតកុង​តែ​ប៉ុណ្ណោះ ដោយ​មិនទាន់​មាន​អន្តរាគមន៍​ដោយ​ផ្ទាល់​ពី​សំណាក់​កងទ័ព​អាមេរិក និង​កងទ័ព​វៀតណាម​ខាងជើង​នៅឡើយទេ។ រហូតទាល់តែ​ដល់​ដើម​ទសវត្សរ៍​ឆ្នាំ​៦០ ទើប​ជម្លោះ​ប្រដាប់អាវុធ​នេះ​រាលដាល​កាន់តែ​ធំ រហូតមាន​អន្តរាគមន៍​យោធា​ដោយ​ផ្ទាល់​ពី​សហរដ្ឋ​អាមេរិក ចាប់ពីឆ្នាំ​១៩៦៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ