អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

វិបត្តិ​មីស៊ីល​គុយបា​ឆ្នាំ​១៩៦២៖ ដំណើរ​ដើមហេតុ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​រៀបរាប់​ អំពី​ដំណើរដើមហេតុ​ដំបូង ដែល​នាំ​ឲ្យ​គុយ​បា​​ក្លាយ​ជា​ចំណុច​ក្តៅ​នៃ​ការ​ប្រឈមមុខ​ដាក់គ្នា រវាង​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត នៅ​ក្នុង​អំឡុង​សង្រ្គាម​ត្រជាក់។

មេដឹកនាំ​កុម្មុយនិស្ត​គុយបា ហ្វីដែល កាស្រ្តូ (ឆ្វេង) និង​មេដឹកនាំ​សហភាព​សូវៀត នីគីតា គ្រូសឆេវ ឆ្នាំ​១៩៦១
មេដឹកនាំ​កុម្មុយនិស្ត​គុយបា ហ្វីដែល កាស្រ្តូ (ឆ្វេង) និង​មេដឹកនាំ​សហភាព​សូវៀត នីគីតា គ្រូសឆេវ ឆ្នាំ​១៩៦១
ផ្សាយពាណិជ្ជកម្ម

វិបត្តិ​មីស៊ីល​គុយ​បា​នៅ​ឆ្នាំ​១៩៦២ គឺ​ជា​ចំណុច​ក្តៅបំផុត​នៃ​សង្រ្គាម​ត្រជាក់ ដោយ​គូបដិបក្ខ​ធំៗ​​ទាំងពីរ គឺ​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត​ បាន​ប្រឈមមុខ​ដាក់គ្នា​យ៉ាង​​ខ្លាំង រហូតហៀប​នឹង​ត្រូវ​ផ្ទុះ​សង្រ្គាម​នុយក្លេអ៊ែរ។

អ្វីៗ​បានចាប់ផ្តើម​ឫសគល់​ពីដំបូង​កាល​ពី​ជាង៣ឆ្នាំមុន។ នៅ​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​១៩៥៩ ក្រុម​ឧទ្ទាម​កុម្មុយនិស្ត ដឹកនាំ​ដោយ​ហ្វីដែល កាស្រ្តូ បាន​ឡើង​កាន់អំណាច​នៅ​គុយ​បា ដោយ​​​បាន​ផ្តួលរំលំ​​​មេដឹកនាំផ្តាច់ការ គឺ​ឧត្តមសេនីយ៍ Fulgencio Batista ​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក។

ការដួលរលំ​នៃ​របបផ្តាច់ការ Batista ត្រូវ​បាន​ទទួល​ស្វាគមន៍​ពី​សំណាក់​ប្រជាជន​គុយបា​ជាទូទៅ ក៏ប៉ុន្តែ សម្រាប់​អាមេរិក ​ដែល​បាន​ខិតខំ​ប្រើ​គ្រប់មធ្យោបាយ​ ដើម្បី​ប្រឆាំង​នឹង​ការ​រីកសាយភាយ​នៃ​លទ្ធិ​កុម្មុយនិស្ត​នៅ​ទូទាំង​ពិភពលោក​ ស្រាប់តែ​មក​ត្រូវ​បាត់បង់​​​គុយបា ដែល​ជា​ប្រទេស​​ស្ថិត​នៅ​នឹង​មាត់របងរបស់​អាមេរិក ទៅក្នុងដៃ​កុម្មុយនិស្ត គឺ​ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន។ ហេតុដូច្នេះ​ហើយ​បាន​ជា​ក្រសួង​ការបរទេស​អាមេរិក រួមជាមួយ​នឹង​ទីភ្នាក់ងារ​ចារកិច្ច CIA បាន​ព្យាយាម​ស្វែងរក​គ្រប់មធ្យោបាយ​ទាំងអស់ ដើម្បី​បណ្តេញ​ហ្វីដែល កាស្រ្តូ ចេញ​ពី​អំណាច។ CIA ក៏​បាន​ចាប់ផ្តើម​ប្រមែរប្រមូល​ក្រុម​ប្រឆាំង​គុយបា ដែល​កំពុង​និរទេស​ខ្លួន​ក្នុង​ទឹកដី​អាមេរិក ឲ្យ​មក​បង្កើត​ជា​រដ្ឋាភិបាល​និរទេសមួយ ព្រមទាំង​បាន​​ធ្វើការ​ហ្វឹកហ្វឺន និង​បំពាក់​គ្រឿងសព្វាវុធ​ដល់​ពួកគេ ដើម្បី​ត្រៀម​​វាយផ្តួលរំលំ​របបដឹកនាំ​ ​ហ្វីដែល កាស្រ្តូ។

ក្នុងពេល​ជាមួយគ្នា​នោះ ទំនាក់ទំនង រវាង​អាមេរិក និង​គុយបា​ កាន់​តែ​មាន​សភាព​តានតឹងឡើង ពីមួយថ្ងៃ​ទៅមួយថ្ងៃ។ ហ្វីដែល កាស្រ្តូ បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​សហភាព​សូវៀត ហើយ​ព្រមទាំង​បាន​​បណ្តេញ​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក​ឲ្យ​ឈប់​រកស៊ី នៅ​គុយបា តាមរយៈ​យុទ្ធនាការ​ជាតូបនីយកម្ម​​ក្រុមហ៊ុន​បរទេស។
 

នៅ​ខែ​មករា ឆ្នាំ​១៩៦១ សហរដ្ឋ​អាមេរិក​ក៏​បាន​កាត់ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​គុយបា ហើយ​ត្រៀម​ចាប់ផ្តើមបើក​ប្រតិបត្តិការ​ចូល​ឈ្លានពាន​គុយបា។ ប្រតិបត្តិការ​ដែល​ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា “ការឈ្លានពាន​នៅ Bay of Pigs”។ ផែនការ​ឈ្លានពាន​ទៅលើ​គុយបា​​​ត្រូវ​បាន​រៀបចំ​ធ្វើ​ដោយ​សម្ងាត់​បំផុត ក៏ប៉ុន្តែ ដោយសារ​តែ​អ្នក​នៅ​ក្នុង​រដ្ឋាភិបាល​និរទេស​គុយបាន​មិនចេះ​លាក់​ការណ៍​សម្ងាត់ ផែនការ​ឈ្លានពាន​របស់ CIA ក៏​ត្រូវ​បាន​លេចធ្លាយ​​​ទៅដល់​​​ភ្នាក់ងារ​ចារកិច្ច​គុយបា និង​ KGB របស់​សូវៀត​។

នៅយប់ថ្ងៃ​ទី១៤ ឈានចូល​ថ្ងៃ​ទី១៥ ខែ​មេសា ឆ្នាំ​១៩៦១ យន្តហោះចម្បាំង​អាមេរិក​ចំនួន ៨គ្រឿង ដែល​ត្រូវ​បាន​គេ​លាបពណ៌​និង​ដោតទង់ជាតិ​​​​របស់​រដ្ឋាភិបាល​និរទេស​គុយបា បាន​បើក​ការ​វាយប្រហារ​ទៅលើ​​មូលដ្ឋាន​ទ័ព​អាកាស​របស់​គុយបា ដើម្បី​ជា​ការ​បើកផ្លូវ​​សម្រាប់​ការ​វាយលុក​តាម​ជើងគោក។ ក៏ប៉ុន្តែ ប្រតិបត្តិការ​ជំហាន​ទីមួយ​នេះ​ត្រូវ​ទទួល​បរាជ័យ ដោយសារ​តែ​គុយបា​បាន​ដឹង​ជាមុន ហើយ​បាន​ជម្លៀស​យន្តហោះ​ចម្បាំង​ទាំងអស់​ចេញ​ពី​ទីតាំង​ដែល​ជា​ចំណុច​ស៊ីប​របស់​អាមេរិក។

នៅយប់ថ្ងៃ​ទី១៦ ឈានចូល​ថ្ងៃ​ទី១៧ មេសា ប្រតិបត្តិការ​ដំណាក់កាល​ទីពីរ​ក៏​បាន​ចាប់ផ្តើម ដោយ​កងកម្លាំង​រដ្ឋាភិបាល​និរទេស​គុយបា ដែល​មាន​គ្នា​ប្រមាណ​ជា ១ពាន់៥រយនាក់ បាន​បើក​ការ​វាយប្រហារ​ចូល​ឈ្លានពាន​គុយបា ដោយ​វាយលុក​ចូល​តាម​ឆកសមុទ្រ ដែល​មាន​ឈ្មោះ​ថា “Bay of Pigs”។ ប្រតិបត្តិការ​ដំណាក់កាល​ទីពីរ​នេះ​ក៏​ត្រូវ​ទទួល​បរាជ័យ​ដែរ ដោយ​កងកម្លាំង​រដ្ឋាភិបាល​និរទេស​ត្រូវ​បានទាហាន​របស់​ហ្វីដែល ​កាស្រ្តូ វាយឡោមព័ទ្ធ​ជាប់​នៅ​នឹង​មាត់ឆ្នេរ ហើយ​ត្រូវ​បង្ខំចិត្ត​ទម្លាក់​អាវុធ​ចុះចាញ់។

គិត​មក​ត្រឹមពេលនោះ ប្រតិបត្តិការឈ្លានពាន​នៅ Bay of Pigs ថ្វីដ្បិត​តែ​អាមេរិក​ខិតខំ​លាក់បាំង​ក្លែងបន្លំ​ថា​ជា​ជម្លោះ​ផ្ទៃក្នុង​គុយបា តែ​គ្រប់គ្នា​សុទ្ធតែ​ដឹង​ថា នេះ​គឺ​ជា​ការឈ្លានពាន​​ដែល​រៀបចំ​ធ្វើឡើង​ដោយ​ភ្នាក់ងារ​ចារកិច្ច​អាមេរិក។ ហើយ​បរាជ័យ​នៃ​ប្រតិបត្តិការ​នេះ គឺ​ជា​ភាព​អាម៉ាស់​ដ៏ធំមួយ​ សម្រាប់​អាមេរិក ដែល​នៅពេលនោះ​ស្ថិត​ក្រោម​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី John Fitzerald Kennedy។

បរាជ័យ​នេះ​ក៏​បាន​បង្ក​នូវ​ផលប៉ះពាល់​យ៉ាង​ច្រើន​ដែរ ដល់​នយោបាយ​អាមេរិក ក្នុងការ​ប្រឆាំង​នឹង​ចលនាកុម្មុយនិស្ត នៅ​ក្នុង​តំបន់​អាមេរិកឡាទីន។ សកម្មភាព​ឈ្លានពាន​របស់​អាមេរិក នៅ Bay of Pigs បាន​ធ្វើ​ឲ្យ​ហ្វីដែល កាស្រ្តូ ទទួល​បាន​នូវការ​គាំទ្រ​កាន់តែ​ខ្លាំង ហើយ​ចលនា​បដិវត្តន៍​កុម្មុយនិស្ត​ប្រឆាំង​នឹង​ចក្រពត្តិ​អាមេរិក​ក៏​ មាន​ប្រជាប្រិយភាព​​កាន់តែ​ខ្លាំងឡើង​ដែរ ទាំង​នៅ​ក្នុង​ប្រទេស​គុយបា និង​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ផ្សេងទៀត នៅ​អាមេរិក​ឡាទីន។

លើសពីនេះ​ទៅទៀត សកម្មភាព​ឈ្លានពាន​របស់​អាមេរិក​បាន​រុញ​ហ្វីដែល កាស្រ្តូ ឲ្យ​ខិត​ទៅ​កៀក​នឹង​​សហភាព​សូវៀតកាន់តែ​ខ្លាំងឡើងថែមទៀត ដោយសារ​តែ​មេដឹកនាំ​កុម្មុយនិស្ត​គុយបា​​ចង់​ស្វះស្វែង​រក​ការការពារ​ពី​សំណាក់​សូវៀត ដើម្បី​ទប់ទល់​នឹង​ការឈ្លានពាន​ណាមួយ​ថ្មី​ទៀត​របស់​អាមេរិក។ ដោយសារ​តែ​ក្តីបារម្ភ​ជា​ប្រចាំ ខ្លាច​ទទួល​រង​នូវការ​ឈ្លានពាន​សាជាថ្មី​ពី​អាមេរិក​នេះ​ហើយ ទើប​នៅ​ខែ​ឧសភា ឆ្នាំ​១៩៦២​ (មួយឆ្នាំ​ក្រោយ​ការឈ្លានពាន​របស់​អាមេរិក​នៅ Bay of Pigs) ហ្វីដែល កាស្រ្តូ ​បាន​ព្រមព្រៀង​ជាមួយ​លោក​ ​នីគីតា គ្រូឆេវ ឲ្យ​សហភាព​សូវៀត​ដំឡើង​មីស៊ីល​​បំពាក់​ក្បាលគ្រាប់​នុយក្លេអ៊ែរ នៅលើទឹកដី​គុយបា។
 

កាំជ្រួចមីស្ស៊ីល​​នុយក្លេអ៊ែររបស់​សូវៀត ប្រភេទ SS-4 ដែល​នៅ​បន្សល់​ទុក​តាំង​នៅ​ប្រទេស​គុយបា (រូបថតឯកសារ)
កាំជ្រួចមីស្ស៊ីល​​នុយក្លេអ៊ែររបស់​សូវៀត ប្រភេទ SS-4 ដែល​នៅ​បន្សល់​ទុក​តាំង​នៅ​ប្រទេស​គុយបា (រូបថតឯកសារ) REUTERS/Desmond Boylan/Files

សម្រាប់​មេដឹកនាំ​សហភាព​សូវៀត​ ការដំឡើង​មីស៊ីល​នុយក្លេអ៊ែរ​នៅ​គុយបា គឺ​ជា​ការឆ្លើយតប​ទៅនឹង​យុទ្ធសាស្រ្ត​នុយក្លេអ៊ែរ​របស់​អាមេរិក ដែល​កំពុង​មាន​ប្រៀប​លើ​សូវៀត តាមរយៈ​ការ​ដាក់ពង្រាយ​មីស៊ីល​នុយក្លេអ៊ែរ​នៅ​តាម​បណ្តា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ខាងលិច។ គិតត្រឹម​ឆ្នាំ​១៩៦១ មីស៊ីល​ជាង ១០០ដើម ​ត្រូវ​បាន​អាមេរិក​ដំឡើង​នៅក្នុង​ប្រទេស​អ៊ីតាលី និង​តួកគី ដោយ​មីស៊ីល​នីមួយៗ​សុទ្ធតែ​អាច​បំពាក់​ក្បាលគ្រាប់នុយក្លេអ៊ែរ បាញ់​ទៅដល់​ក្រុងម៉ូស្គូ។ សូវៀតវិញ មាន​មីស៊ីល​​​តែ ២០ដើម​ប៉ុណ្ណោះ ដែល​អាច​បំពាក់​ក្បាលគ្រាប់​នុយក្លេអ៊ែរ បាញ់​ទៅលើ​ទឹកដី​សហរដ្ឋ​អាមេរិក​បាន គឺ​ជា​មីស៊ីល​អន្តរទ្វីប ដែល​ត្រូវ​បាញ់​​​ចេញ​ពី​ទឹកដី​សូវៀត ហើយ​ដែល​មិនសូវ​ជា​មាន​ប្រសិទ្ធភាព​ក្នុងការ​បាញ់​ឲ្យ​ចំទិសដៅ ដោយសារ​តែ​នៅពេលនោះ បច្ចេកវិទ្យា​មីស៊ីល​អន្តរទ្វីប​របស់​សូវៀត​​មិនទាន់​ជឿនលឿន​គួរ​ឲ្យ​ទុកចិត្ត​បាន​ ១០០% នៅឡើយ។ ដូច្នេះ ការ​ដំឡើង​មីស៊ីល​នុយក្លេអ៊ែរ​​រយៈចម្ងាយ​មធ្យម នៅ​ក្នុង​ទឹកដី​គុយបា ក្បែរ​សហរដ្ឋ​អាមេរិក គឺ​ជា​ឱកាស​ល្អមួយ​ឲ្យ​សហភាព​សូវៀត​​ស្វែងរក​តុល្យភាព​កម្លាំងទ័ព​នុយក្លេអ៊ែរ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។

ហ្វីដែល កាស្រ្តូវិញ យល់ថា ការ​ដំឡើង​មីស៊ីល​នុយក្លេអ៊ែរ​នៅ​លើ​ទឹកដី​គុយបា គឺ​ជា​មធ្យោបាយ​ដ៏ល្អមួយ ដើម្បី​កំញើញ​អាមេរិក​កុំ​ឲ្យ​បើក​ការ​ឈ្លានពាន​ទៅលើ​គុយបា​សាជាថ្មី​ម្តងទៀត។ ក៏ប៉ុន្តែ សម្រាប់​សហរដ្ឋ​អាមេរិក វត្តមាន​មីស៊ីល​នុយក្លេអ៊ែរ​សូវៀត​នៅ​គុយបា ដែល​មាន​ចម្ងាយ​ប្រមាណ​តែ​ជាង ១០០គីឡូម៉ែត្រ​ពី​រដ្ឋ Florida គឺ​ជា​ការគំរាមកំហែង​ដ៏ធំបំផុត សម្រាប់​សន្តិសុខ​ជាតិ ដែល​អាមេរិក​ត្រូវតែ​ប្រើគ្រប់មធ្យោបាយ​ទាំងអស់ ដើម្បី​កម្ចាត់ចោល។ វិបត្តិ​មីស៊ីល​គុយបា​ក៏​បាន​ផ្ទុះឡើង បង្ក​ឲ្យ​មាន​ការ​ប្រឈមមុខ​ដាក់គ្នា​​ខាង​ផ្នែកយោធា​​យ៉ាង​ខ្លាំងបំផុត រហូត​ស្ទើរតែ​ត្រូវ​ផ្ទុះ​ទៅជា​សង្រ្គាម​នុយក្លេអ៊ែរ នៅ​ខែ​តុលា ឆ្នាំ​១៩៦២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ