អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

វិបត្តិមីស៊ីល​គុយបា​ឆ្នាំ​១៩៦២៖ ​ពិភពលោក​នៅ​មាត់ជ្រោះ​នៃ​សង្រ្គាម​នុយក្លេអ៊ែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា​ សូម​រៀបរាប់​ជូនលោក​អ្នក​ស្តាប់ អំពី​ការប្រឈមមុខ​ដាក់គ្នា រវាង​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត នៅ​ក្នុង​វិបត្តិ​មីស៊ីល​គុយបា នៅ​ឆ្នាំ​១៩៦២។ ការ​ប្រឈមមុខ​ដាក់គ្នា ដែល​ស្ទើរតែ​នឹង​ផ្ទុះ​ជា​សង្រ្គាម​នុយក្លេអ៊ែរ។

កាំជ្រួចមីស្ស៊ីល​​នុយក្លេអ៊ែររបស់​សូវៀត ប្រភេទ SS-4 ដែល​នៅ​បន្សល់​ទុក​តាំង​នៅ​ប្រទេស​គុយបា (រូបថតឯកសារ)
កាំជ្រួចមីស្ស៊ីល​​នុយក្លេអ៊ែររបស់​សូវៀត ប្រភេទ SS-4 ដែល​នៅ​បន្សល់​ទុក​តាំង​នៅ​ប្រទេស​គុយបា (រូបថតឯកសារ) REUTERS/Desmond Boylan/Files
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ទី១៤ ខែ​តុលា ឆ្នាំ​១៩៦២ យន្តហោះ​ស៊ើបការណ៍​​ធុន U-2 របស់​សហរដ្ឋ​អាមេរិក​បាន​ហោះកាត់ពីលើ​គុយបា ហើយ​រូបថតដែល​គេ​ថតបាន​​​ពី​គុយបានឹង​ធ្វើ​ឲ្យ​ពិភពលោក​ត្រូវ​ប្រឈមមុខ​នឹង​មាត់ជ្រោះ​នៃ​សង្រ្គាម​នុយក្លេអ៊ែរ។

កាលពីប៉ុន្មាន​ខែ​មុន គឺ​នៅ​ខែ​ឧសភា សហភាព​សូវៀត ដោយ​មាន​ការ​ព្រមព្រៀង​ពី​សំណាក់​ហ្វីដែល កាស្រ្តូ បាន​រៀបចំ​ដំឡើង​មីស៊ីល​បំពាក់​ក្បាលគ្រាប់នុយក្លេអ៊ែរ​ជាច្រើន​គ្រឿង នៅ​ក្នុង​ទឹកដី​គុយបា។ ការដំឡើង​មីស៊ីល​នៅ​គុយបា​នេះ​ត្រូវ​បាន​ធ្វើឡើង នៅ​ក្នុងគោលដៅធំៗ​ពីរ។ ទីមួយ គឺ​​ដើម្បី​កំញើញ​អាមេរិក​កុំ​ឲ្យ​ចូល​ឈ្លានពាន​គុយបា ក្រោយ​ពី​អាមេរិក​ធ្លាប់​បាន​ចូល​ឈ្លានពាន​ម្តងរួចមកហើយ នៅ Bay of Pigs កាល​ពី​ខែ​មេសា ឆ្នាំ​១៩៦១ ក៏ប៉ុន្តែ ត្រូវ​ទទួល​បរាជ័យ។ គោលដៅ​ទីពីរ គឺ​​ដើម្បី​ឆ្លើយតប​នឹង​យុទ្ធសាស្រ្ត​នុយក្លេអ៊ែរ​របស់​អាមេរិក​ ដែល​បាន​ដាក់ពង្រាយ​មីស៊ីល​នុយក្លេអ៊ែរ​នៅ​អឺរ៉ុប​ខាងលិច ​ជាពិសេស គឺ​ការដាក់ពង្រាយ​មីស៊ីល​នុយក្លេអ៊ែរ នៅ​ក្នុង​ប្រទេស​តួកគី ដែល​ជា​ប្រទេស​មាន​ព្រំដែន​ជាប់​នឹង​សហភាព​សូវៀត។

នៅថ្ងៃ​ទី១៦ ខែ​តុលា ឆ្នាំ​១៩៦២ រូបថត​មីស៊ីល​នុយក្លេអ៊ែរ ដែល​យន្តហោះ​ស៊ើបការណ៍​សម្ងាត់ U-2 ថតបាន​នៅ​គុយបា ត្រូវ​បាន​បញ្ជូន​ទៅដល់​សេតវិមាន ហើយ​គ្រាន់តែ​បាន​ទទួល​ដំណឹង​នេះ​ភ្លាម ​លោក​ប្រធានាធិបតី Kennedy ក៏​បាន​កោះប្រជុំ​មន្រ្តីជំនិតៗ​ជាបន្ទាន់​ភ្លាមៗ ដើម្បី​ពិភាក្សា​គ្នា​អំពី​វិធានការ​តប​នឹង​ការដំឡើងមីស៊ីល​សូវៀត​នៅ​គុយបានេះ។

សម្រាប់​រដ្ឋការ​របស់​លោក​ John Kennedy មីស៊ីល​នុយក្លេអ៊ែរ​សូវៀត​នៅលើ​ទឹកដី​គុយបា ដែល​​ស្ថិត​នៅ​ចម្ងាយ​តែ​ប្រមាណ​ជាង ១០០គីឡូម៉ែត្រ​​ពី​ទឹកដី​អាមេរិក គឺ​ជា​ការ​គំរាមកំហែង​ដ៏ធំ​ដល់​សន្តិសុខ​ជាតិ​អាមេរិក ដែល​ជា​រឿង​មិន​អាច​ទទួល​យក​បាន​ជា​ដាច់ខាត។ ដូច្នេះ អាមេរិក​ចាំបាច់​ត្រូវ​តែ​ប្រើគ្រប់​មធ្យោបាយ​ទាំងអស់ ដើម្បី​កម្ចាត់​មីស៊ីលនុយក្លេអ៊ែរ​សូវៀត​ចេញ​ពី​គុយបា។
 

ជម្រើសជាច្រើន​ត្រូវ​បាន​មេទ័ព​អាមេរិក​ដាក់ជូន​លោក​ប្រធានាធិបតី John Kennedy ធ្វើការ​សម្រេច​ ក្នុងនោះ​ក៏​រួមមាន​ផងដែរ ការ​បើក​ការ​វាយប្រហារ​តាមផ្លូវ​អាកាស​ទៅលើ​ទីតាំង​មីស៊ីល​នុយក្លេអ៊ែរ​សូវៀត​នៅគុយបា និងការ​វាយលុក​​ចូល​ឈ្លានពាន​គុយបា​ដោយ​ពេញ​ទំហឹង។ ក៏ប៉ុន្តែ នៅទីបំផុត លោក John Kennedy ដែល​ចង់​បញ្ចៀស​សង្រ្គាម​នុយក្លេអ៊ែរ​ ក៏​បាន​សម្រេច​ជ្រើសរើស​វិធានការ​តប​ជា​ដំណាក់កាល ដោយ​ចាប់ផ្តើម​ដំបូង​ពី​ការ​ឡោមព័ទ្ធ​ឆ្នេរសមុទ្រ​គុយបា ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​សូវៀត​ដឹកជញ្ជូន​មីស៊ីល​នុយក្លេអ៊ែរ​បន្ថែម​​ចូល​ទៅ​គុយបា ហើយ​ជំហាន​បន្ទាប់​នឹង​ដាក់​ឱសានវាទ​ឲ្យ​សូវៀត​ដក​មីស៊ីល​ចេញ​ពី​គុយបា​ទៅវិញ។ ក្នុងពេល​ជាមួយគ្នា លោក​ប្រធានាធិបតី​អាមេរិក​ក៏​បាន​ដាក់​បញ្ជា​ផងដែរ​ឲ្យ​មេទ័ព​អាមេរិក​បន្ត​រៀបចំ​ផែនការ​វាយប្រហារ​លើ​ទី​តាំងមីស៊ីល និង​ផែនការ​វាយលុក​ចូល​ឈ្លានពាន​គុយបា ដើម្បី​បម្រុងទុក​ជា​ជម្រើស​ចុងក្រោយ។

នៅថ្ងៃ​ទី២២​ តុលា លោក​ប្រធានាធិបតី John Kennedy បាន​ធ្វើ​សេចក្តីថ្លែងការណ៍​តាម​ទូរទស្សន៍ ដើម្បី​ប្រាប់​ពលរដ្ឋ​អាមេរិក​ទាំងអស់​ឲ្យដឹង អំពី​វត្តមាន​មីស៊ីល​នុយក្លេអ៊ែរ​សូវៀត​នៅ​គុយបា និង​ប្រកាស​ជា​សាធារណៈ​អំពី​វិធានការ​របស់​អាមេរិក ក្នុងការ​ដាក់​ពង្រាយ​នាវាចម្បាំង​ឡោមព័ទ្ធ​ជុំវិញ​គុយបា។ ក្នុងពេល​ជាមួយគ្នា លោក​ប្រធានាធិបតី​អាមេរិក​ក៏​បាន​សង្កត់ធ្ងន់ផងដែរ​ថា លោក​ត្រៀម​ខ្លួន​នឹង​ប្រើ​កម្លាំង​ទ័ព​ប្រសិនចាំបាច់ ដើម្បី​កម្ចាត់​មីស៊ីល​នុយក្លេអ៊ែរ​ឲ្យ​ចេញ​ពី​គុយបា។

ការប្រឈមមុខ​ដាក់គ្នា រវាង​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត​បាន​កើនឡើង​ដល់​កម្រិត​កំពូល នៅថ្ងៃ​ទី២៤​តុលា នៅ​ពេល​ដែល​នាវាចម្បាំង​សូវៀត​ជាច្រើន​គ្រឿង​បាន​បើក​ជិត​ទៅដល់​គុយបា ហើយ​លោក​នីគីតា គ្រូសឆេវ បាន​ផ្ញើ​តេលេក្រាម​មួយ​ច្បាប់​ទៅ​លោក​ John Kennedy ដោយ​ព្រមាន​ទុកជាមុន​ថា សម្រាប់​សូវៀត ការឡោមព័ទ្ធ​ឆ្នេរសមុទ្រ​គុយបា​ដោយ​នាវាចម្បាំង​អាមេរិក គឺ​ជា​ “អំពើ​ឈ្លានពាន” ហើយ​ថា នាវាចម្បាំង​របស់​សូវៀត​នឹង​បើក​ទម្លាយ​​ខ្សែត្រៀម​អាមេរិក ដើម្បី​ចូល​ទៅប្រទេស​គុយបា។
 

លោក John Kennedy ប្រធានាធិបតីអាមេរិក (ស្តាំ) និង​លោក Robert McNamara រដ្ឋមន្រ្តី​ការពារជាតិ ក្នុង​អំឡុង​វិបត្តិ​មីស៊ីល​គុយបា ខែតុលា ឆ្នាំ​១៩៦២
លោក John Kennedy ប្រធានាធិបតីអាមេរិក (ស្តាំ) និង​លោក Robert McNamara រដ្ឋមន្រ្តី​ការពារជាតិ ក្នុង​អំឡុង​វិបត្តិ​មីស៊ីល​គុយបា ខែតុលា ឆ្នាំ​១៩៦២

មួយថ្ងៃ​ក្រោយមកទៀត គឺ​នៅថ្ងៃ​ទី២៥​តុលា សហរដ្ឋ​អាមេរិក​បាន​ស្នើ​ឲ្យ​កោះប្រជុំ​បន្ទាន់ ក្រុមប្រឹក្សា​សន្តិសុខ ដើម្បី​ជជែក​អំពី​វិបត្តិ​មីស៊ីល​គុយបា​នេះ។ ក្នុងពេល​ជាមួយគ្នា លោក John Kennedy បាន​ចេញ​បញ្ជា​ដាក់​កងកម្លាំង​នុយក្លេអ៊ែរ​អាមេរិក​​​​ទាំងអស់​ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​ប្រុងជើងការ​ខ្ពស់​​លំដាប់ទី២ (DEFCON2) ពោលគឺ​តែ​មួយកម្រិត​ប៉ុណ្ណោះ មុនការផ្ទុះ​សង្រ្គាម​នុយក្លេអ៊ែរ។ នៅ​ពេលនោះ យន្តហោះ​ទម្លាក់គ្រាប់បែក​ធុន B-52 ជាច្រើន​គ្រឿង​បំពាក់ទៅដោយ​គ្រាប់បែក​នុយក្លេអ៊ែរ​ ​ត្រូវ​បាន​អាមេរិក​បញ្ជូន​ឲ្យ​ទៅ​ហោះក្រវែល​​ក្បែរ​​​ដែន​អាកាស​របស់​សូវៀត។ ចំណែក​ឯ​មីស៊ីល​អន្តរទ្វីប​ចំនួន ១៤៥ដើម ដែល​បំពាក់​ទៅដោយ​ក្បាលគ្រាប់នុយក្លេអ៊ែរ ក៏​ត្រូវ​បាន​គេត្រៀម​ជាស្រេច​ផងដែរ រង់ចាំតែ​បញ្ជា ដើម្បី​បាញ់​សម្តៅ​ទៅកាន់​ទីតាំង​សំខាន់ៗ​នៅ​ក្នុងទឹកដី​សហភាព​សូវៀត។

នៅ​ក្នុង​ប្រវត្តិសាស្រ្ត មានតែ​នៅ​ក្នុង​អំឡុង​វិបត្តិ​មីស៊ីល​គុយបា​នេះ​មួយទេ ដែល​អាមេរិក​ដាក់​កងកម្លាំង​នុយក្លេអ៊ែរ​ឲ្យ​ស្ថិត​ក្នុង​សភាព​ប្រុងជើងការ​ខ្ពស់​លំដាប់​ទី២​បែបនេះ។ ហើយ​ពេញ​នៅ​ក្នុង​សង្រ្គាម​ត្រជាក់​ទាំងមូល មាន​តែ​វិបត្តិ​មីស៊ីល​គុយបា​នេះមួយទេ ដែល​ការ​ប្រឈមមុខ​ដាក់គ្នា​ខាង​ផ្នែក​យោធា​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត ស្ទើរតែ​ត្រូវ​ផ្ទុះ​ទៅជា​សង្រ្គាម​នុយក្លេអ៊ែរ។

ទាំង​ប្រជាជន​អាមេរិក ទាំង​ប្រជាជន​នៅតាម​បណ្តា​ប្រទេស​ជាច្រើន​ផ្សេងទៀត នៅ​ទូទាំង​ពិភពលោក សុទ្ធតែ​នាំគ្នា​ទន្ទឹង​រង់ចាំមើល ដោយ​ក្តីបារម្ភ​ថា ប្រសិន​បើ​នាវាចម្បាំង​សូវៀត​ពិតជា​បើក​ទម្លាយ​ខ្សែត្រៀម​អាមេរិក​ចូល​ទៅ​គុយបាពិតមែន សង្រ្គាម​​អាច​នឹង​ត្រូវ​ផ្ទុះឡើង ហើយ​សង្រ្គាម​រវាង​មហាអំណាច​នុយក្លេអ៊ែរ​ទាំងពីរ​នេះ ប្រាកដ​ជា​​នឹង​ធ្វើ​ឲ្យ​ពិភពលោក​ត្រូវ​ជួប​នឹង​គ្រោះមហន្តរាយ​​ពិបាក​នឹង​ពិពណ៌នាជា​មិនខាន។

នៅទីបំផុត នាវាចម្បាំង​សូវៀត​បាន​ឈប់​មុនពេល​ទៅដល់​ខ្សែត្រៀម​នៃ​នាវាចម្បាំង​របស់​អាមេរិក។ ការប្រឈមមុខ​ដាក់គ្នា​ខាងផ្នែក​យោធា រវាង​អាមេរិក និង​សូវៀត​នៅតែ​បន្តកើតមាន ក៏ប៉ុន្តែ នៅ​ពីក្រោយ​ឆាក គូបដិបក្ខ​ទាំងពីរ​បាន​ចាប់ផ្តើម​ធ្វើការ​ចរចាគ្នា​ដោយ​សម្ងាត់ ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ចៀស​សង្រ្គាម ដោយ​មិន​ឲ្យ​ភាគី​ណាមួយ​ត្រូវ​បាក់មុខ។

នៅថ្ងៃ​ទី២៧ ខែតុលា លោក​ John Kennedy និង​លោក នីគីតា គ្រូសឆេវ បាន​ព្រមព្រៀងគ្នា​បញ្ចប់​វិបត្តិ ដោយ​សហភាព​សូវៀត​សុខចិត្ត​ដក​មីស៊ីល​ចេញ​ពី​គុយបា ចំណែក​ឯ​សហរដ្ឋ​អាមេរិក​​វិញ​សុខចិត្ត​ដក​មីស៊ីល​នុយក្លេអ៊ែរ​ចេញ​ពី​ប្រទេស​តួកគី ព្រមទាំង​សន្យា​ថា​នឹង​មិន​ឈ្លានពាន​គុយបា។

វិបត្តិ​មីស៊ីល​គុយបា ដែល​មានរ​យៈពេល ១៣ថ្ងៃ ត្រូវ​បិទបញ្ចប់។ គ្រោះថ្នាក់​នៃ​សង្រ្គាម​នុយក្លេអ៊ែរ ដែល​បង្ករឡើង នៅ​ក្នុង​វិបត្តិ​នេះ បាន​ជំរុញ​ឲ្យ​អាមេរិក និង​សូវៀត សម្រេច​បង្កើត​បណ្តាញ​ទំនាក់ទំនង​ពិសេស​មួយ ដែល​គេច្រើន​តែហៅ​ថា “ទូរស័ព្ទក្រហម” ដើម្បី​ឲ្យ​មេដឹកនាំ​ប្រទេស​ទាំងពីរ​អាច​ជជែក​ពិភាក្សា​គ្នា​ដោយ​ផ្ទាល់ នៅ​ក្នុងពេល​មាន​ការប្រឈមមុខ​ដាក់គ្នា ដូច​ក្នុង​វិបត្តិ​មីស៊ីល​គុយបា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ