អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ផលវិបាក​ដែល​បន្សល់ទុក​ពី​សង្រ្គាម​វៀតណាម

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​បន្ត​រៀបរាប់​អំពី​សង្រ្គាម​វៀតណាម ដោយ​លើកឡើង​ពី​ផលវិបាក​នៃ​​សង្រ្គាម។

ជនជាតិ​វៀតណាម​ខាង​ត្បូង​ដែល​រត់ភៀសខ្លួន​ចេញ​ពី​ប្រទេស នៅ​ក្រោយ​ពេល​កងទ័ព​កុម្មុយនិស្ត​វាយ​ចូល​កាន់កាប់​ក្រុង​សៃហ្កន
ជនជាតិ​វៀតណាម​ខាង​ត្បូង​ដែល​រត់ភៀសខ្លួន​ចេញ​ពី​ប្រទេស នៅ​ក្រោយ​ពេល​កងទ័ព​កុម្មុយនិស្ត​វាយ​ចូល​កាន់កាប់​ក្រុង​សៃហ្កន
ផ្សាយពាណិជ្ជកម្ម

សង្រ្គាម​វៀតណាម ដែល​បិទបញ្ចប់​ទៅ នៅ​ឆ្នាំ​១៩៧៣ សម្រាប់​សហរដ្ឋ​អាមេរិក និង​នៅ​ខែ​មេសា ឆ្នាំ​១៩៧៥ សម្រាប់​វៀតណាម​ខាងជើង​ និង​វៀតណាម​ខាង​ត្បូង បាន​បន្សល់ទុក​នូវ​ផលវិបាក​​យ៉ាងច្រើន ទាំង​ចំពោះ​វៀតណាម និង​អាមេរិក ទាំង​ប្រទេស​ជាច្រើន​ផ្សេងទៀត ជាពិសេស ប្រទេស​នៅ​ក្នុង​តំបន់​ឥណ្ឌូចិន។

រហូតមកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ អ្នក​ប្រវត្តិសាស្រ្ត​នៅតែ​មិនទាន់​មាន​ការឯកភាពគ្នា​នៅឡើយទេ ជុំវិញ​តួលេខ​អ្នក​ស្លាប់ និង​របួស ដោយសារ​សង្រ្គាមវៀតណាម។ ការសិក្សា​ជាច្រើន​បាន​បង្ហាញ​តួលេខ​ខុសៗគ្នា ដោយសារ​តែ​មាន​ការ​កំណត់ពេល​ខុសគ្នា។ អ្នក​ខ្លះ​កំណត់​យក​ឆ្នាំ​១៩៦៥ ដែល​អាមេរិក​ចាប់ផ្តើម​ចូល​ធ្វើ​អន្តរាគមន៍​យោធា​នៅវៀតណាម​ដោយ​ពេញទំហឹង និង​ដោយ​ចំហ ជា​ចំណុច​ចាប់ផ្តើម​នៃ​សង្រ្គាម​វៀតណាម។ អ្នកខ្លះ​ទៀត កំណត់​យក​ឆ្នាំ​១៩៥៥ ជា​ចំណុច​ចាប់ផ្តើម ដោយសារ​តែ​គេ​គិត​ថា ថ្វីដ្បិត​តែ​អាមេរិក​មិន​ទាន់​ចូល​ធ្វើ​អន្តរាគមន៍​ដោយ​ផ្ទាល់ និង​ជាផ្លូវការ ក៏ប៉ុន្តែ សង្រ្គាម​ក្នុង​ទ្រង់ទ្រាយ​តូចធំ បាន​កើតមានឡើង​នៅ​វៀតណាម​តាំងពីពេល​នោះមកម៉្លេះ។ បញ្ហា​ចោទ​ដ៏ធំមួយ​ទៀត នៅ​ក្នុងការ​កំណត់​ចំនួន​អ្នក​ស្លាប់​ដោយ​សង្រ្គាម​វៀតណាម ជាពិសេស ការ​ស្លាប់​ជនស៊ីវិល គឺ​ដោយសារ​តែ​មាន​ប្រតិបត្តិការ​យោធា​ជាច្រើន​ត្រូវ​បាន​ធ្វើឡើង​ដោយ​សម្ងាត់។

តាមការ​ប៉ាន់ស្មាន​ជាទូទៅ សង្រ្គាម​វៀតណាម​បាន​សម្លាប់​មនុស្ស​ក្នុង​ចន្លោះ​ប្រមាណ​ពី ២លាន ទៅ​ជាង​​៣លាន​នាក់ ដោយ​ក្នុងនោះ ភាគច្រើន គឺ​ជា​ជនស៊ីវិល។ អ្នក​រងគ្រោះ​ខ្លាំងជាងគេ គឺ​ជនស៊ីវិល​វៀតណាម​ខ្លួនឯង​ផ្ទាល់ ដែល​មាន​ចំនួន​អ្នក​ស្លាប់​រហូតដល់​ទៅ​ប្រមាណ​ជា ២លាននាក់ ទាំង​នៅ​វៀតណាម​ខាងជើង និង​នៅ​វៀតណាម​ខាង​ត្បូង។ ក៏ប៉ុន្តែ ជនស៊ីវិល​នៅ​ក្នុង​ប្រទេស​ពីរទៀត ដែល​នៅ​ក្បែរខាង​ក៏​ត្រូវ​រងគ្រោះ​មិនតិច​នោះដែរ​ដោយសារ​សង្រ្គាម​វៀតណាម គឺ​នៅ​ឡាវ​មាន​​ស្លាប់​​​ប្រមាណ​ជា ២០ម៉ឺននាក់ និង​នៅកម្ពុជា​ប្រមាណ​ជា ៣០ម៉ឺននាក់។
 

ចំពោះ​សហរដ្ឋ​អាមេរិក សង្រ្គាម​វៀតណាម​ គឺ​ជា​បរាជ័យ​ដ៏សែនជូរចត់​បំផុត​មួយ នៃ​សង្រ្គាម​ត្រជាក់ ហើយ​បរាជ័យ​របស់​អាមេរិក មិនមែន​ត្រឹមតែ​ជា​បរាជ័យ​ខាង​ផ្នែក​យោធា​ប៉ុណ្ណោះទេ តែ​សំខាន់បំផុត គឺ​បរាជ័យ​ខាង​ផ្នែក​នយោបាយ និ​ង​ការទូត។

គេ​មិន​ត្រូវ​ភ្លេចទេ​ថា នៅពេល​ដែល​​មេដឹកនាំ​អាមេរិក​​សម្រេច​​បញ្ជូន​កងទ័ព​ទៅ​ធ្វើ​សង្រ្គាម​​នៅវៀតណាម ដែល​ស្ថិត​នៅ​ចម្ងាយ​រាប់ពាន់​គីឡូម៉ែត្រ​ពី​ប្រទេស​របស់​ខ្លួន​ គោលដៅ​ធំបំផុត គឺ​ដើម្បី​បណ្តេញ​ពួក​កុម្មុយនិស្ត​ចេញ​ពី​វៀតណាម​ខាង​ត្បូង និង​ទប់ស្កាត់​កុំ​ឲ្យ​ចលនា​កុម្មុយនិស្ត​រីករាលដាល​ទៅ​កាន់​ប្រទេស​ផ្សេងទៀត នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ ក៏ប៉ុន្តែ ក្រោយ​ពី​ធ្វើ​សង្រ្គាម​អស់រយៈពេល​ជាច្រើន​ឆ្នាំ ចំណាយលុយ​រហូតដល់​ទៅ​ប្រមាណ​ជា ១៣០ពាន់លាន​ដុល្លារ មាន​ទាហាន​ស្លាប់​​ដល់​ទៅ​ជិត ៦ម៉ឺននាក់ និង​រាប់សិបម៉ឺននាក់​ផ្សេងទៀតត្រូវ​របួស នៅ​ទីចុងបំផុត​ទៅ គោលដៅ​ណាមួយ​ក៏​អាមេរិក​មិន​អាច​សម្រេច​បាន​តាម​ការ​គ្រោង​ទុក​នោះដែរ។

អាមេរិក​មិន​ត្រឹមតែ​មិន​អាច​បណ្តេញ​ពួក​កុម្មុយនិស្ត​​បាន​នោះទេ តែ​សូម្បីតែ​វៀតណាម​ខាង​ត្បូង​​ដែល​ជា​សម្ព័ន្ធមិត្ត​ក៏​អាមេរិក​មិន​អាច​ការពារ​បានដែរ។ របបសាធារណរដ្ឋ​វៀតណាម​ត្រូវ​ដួលរលំ ហើយ​នៅថ្ងៃ​ទី២ ខែ​កក្កដា ឆ្នាំ​១៩៧៦ វៀតណាម​ទាំងពីរ​ត្រូវ​បាន​រំលាយ​បញ្ចូល​គ្នា​​ជាផ្លូវការ បង្កើត​ទៅជា​ប្រទេស​តែមួយ គឺ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម។ នៅ​ក្នុង​រយៈពេល​ប្រមាណ​ជាង​ ១០​ឆ្នាំ​ ក្រោម​ការដឹកនាំ​របស់​បក្ស​កុម្មុយនិស្ត​វៀតណាម ប្រជាជន​វៀតណាម​ខាង​ត្បូង ក្នុងចន្លោះ​ពី ១លាន ទៅ២,៥​លាននាក់ ត្រូវ​បាន​របបកុម្មុយនិស្ត​ចាប់យក​ទៅដាក់​ក្នុង​ជំរំ​លត់ដំ ហើយ​ក្នុងចំណោម​នោះ មាន​ប្រមាណ​ជា ១៦ម៉ឺននាក់​ត្រូវ​ស្លាប់​ ដោយ​ត្រូវគេ​សម្លាប់ចោល ឬ​ស្លាប់​ដោយ​ការ​ធ្វើការ​ធ្ងន់ហួស​កម្លាំង។ ក៏ប៉ុន្តែ សោកនាដកម្ម​នេះ​នៅតិចតួចណាស់ ប្រើប្រៀបធៀប​នឹង​ប្រទេស​កម្ពុជា។

តាមការពិត នៅ​ក្រោយ​ពី​បរាជ័យរបស់​អាមេរិក​នៅ​វៀតណាម មិនមែនមាន​តែ​វៀតណាម​មួយទេ ដែល​ត្រូវធ្លាក់​ក្នុងដៃ​ពួក​កុម្មុយនិស្ត។ កម្ពុជា និង​ឡាវ ដែល​ជា​ប្រទេស​ជាប់ពាក់ព័ន្ធ​យ៉ាងជ្រៅ នៅ​ក្នុង​សង្រ្គាម​វៀតណាម ក៏​ត្រូវ​ធ្លាក់​ក្រោម​ការ​កាន់កាប់​របស់​ពួក​កុម្មុយនិស្ត​ដែរ នៅ​ក្នុង​ឆ្នាំ​១៩៧៥តែមួយ។

នៅ​កម្ពុជា របបសាធារណរដ្ឋ​ខ្មែរ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ក្នុង​សង្រ្គាម​វៀតណាម ត្រូវ​បាន​កងទ័ព​ឧទ្ទាម​កុម្មុយនិស្ត​ខ្មែរក្រហម​ផ្តួលរំលំ នៅ​ថ្ងៃ​ទី១៧ មេសា ឆ្នាំ​១៩៧៥ ហើយ​ប៉ុន្មាន​ខែ​ក្រោយ​មក​ទៀត របបរាជានិយម​ឡាវ​ក៏​ត្រូវ​បាន​បក្ស​កុម្មុយនិស្ត “ប៉ាថេតឡាវ” ផ្តួលរំលំ​​ដែរ។ នៅទីចុង​បំផុត គឺ​តំបន់​ឥណ្ឌូចិន​ទាំងមូល ដែល​ត្រូវ​ធ្លាក់​ក្រោម​ការ​កាន់កាប់​របស់​ពួក​កុម្មុយនិស្ត។
 

ទាហាន​ខ្មែរក្រហម​ចូល​កាន់កាប់​ទីក្រុង​ភ្នំពេញ នៅថ្ងៃ​ទី​១៧ មេសា ១៩៧៥ (រូបថតឯកសារ)
ទាហាន​ខ្មែរក្រហម​ចូល​កាន់កាប់​ទីក្រុង​ភ្នំពេញ នៅថ្ងៃ​ទី​១៧ មេសា ១៩៧៥ (រូបថតឯកសារ) AFP

នៅ​សហរដ្ឋ​អាមេរិក សង្រ្គាម​វៀតណាម​បាន​បន្សល់ទុក​នូវ​ស្នាម​របួស​យ៉ាងជ្រៅ ទាំង​ខាង​ផ្នែក​នយោបាយ សេដ្ឋកិច្ច ​សង្គម និង​ខាង​ផ្លូវចិត្ត។

ការចំណាយ​ដ៏ច្រើន​សន្ធឹកសន្ធាប់ នៅ​ក្នុងការ​ធ្វើ​សង្រ្គាម​នៅ​វៀតណាម បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អាមេរិក​ត្រូវ​ជួប​នឹង​វិបត្តិ​ ជាពិសេស គឺ​វិបត្តិ​អតិផរណា ហើយ​វិបត្តិ​នេះ​​បាន​ធ្លាក់ចុះ​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត នៅក្រោយ​ពី​មាន​វិបត្តិប្រេងពិភពលោក នៅ​ឆ្នាំ​១៩៧៣។

កាន់តែ​ធ្ងន់ធ្ងរ​ទៅទៀត គឺ​ការបាក់បែក​នៅ​ក្នុង​សង្គម​អាមេរិក គឺ​ការបាក់បែក​ រវាង​អ្នក​គាំទ្រ និង​អ្នក​ប្រឆាំង​នឹង​សង្រ្គាម​វៀតណាម និង​ជាពិសេស គឺ​ការបាក់បែក រវាង​ប្រជាជន និង​មេដឹកនាំ​នយោបាយ​និង​កងទ័ព។

នៅមុន​សង្រ្គាម​វៀតណាម ប្រជាជន​អាមេរិក​ភាគច្រើន​លើសលុប ដែល​មាន​មោទនភាព​នឹង​ជោគជ័យ​ក្នុង​សង្រ្គាម​លោកលើកទី២ បាន​បង្ហាញ​នូវ​ជំនឿទុកចិត្ត​​ដោយ​គ្មាន​មន្ទិល​សង្ស័យ​​​ចំពោះ​មេដឹកនាំរបស់ខ្លួន។ ក៏ប៉ុន្តែ នៅក្រោយ​សង្រ្គាម​វៀតណាម អ្វីៗ​ត្រូវ​ផ្លាស់ប្តូរ ដោយ​ការ​ស្ទាបស្ទង់មតិ​ជាច្រើន​សុទ្ធតែ​បង្ហាញ​ថា ប្រជាជន​អាមេរិកភាគច្រើន​លើសលុប​ លែង​មាន​ជំនឿ​លើ​មេដឹកនាំ​របស់​ខ្លួន ទាំង​ប្រធានាធិបតី ទាំង​សភា និង​ទាំង​កងទ័ព។

ការបាត់បង់​ទំនុកចិត្ត​នេះ​កើតមានឡើង ក្រោយ​ពី​មាន​ការ​លេចធ្លាយ​ការណ៍​សម្ងាត់​ជាច្រើន ដែល​បង្ហាញ​ថា គ្រប់រដ្ឋាភិបាល​អាមេរិក​​ទាំងអស់​នៅ​ក្នុង​អំឡុង​សង្រ្គាម​វៀតណាម ទាំង​រដ្ឋាភិបាល​លោក​លីនដុន ចនសុន ​ដែល​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​រដ្ឋាភិបាល​របស់​លោក​រីឆាដ និចសុន ដែល​មក​ពី​គណបក្ស​សាធារណរដ្ឋ សុទ្ធតែ​បាន​នាំគ្នា​បិទបាំង បំប៉ោង ឬ​បំភ្លៃ​ព័ត៌មាន​ទាក់ទង​នឹង​សង្រ្គាម​វៀតណាម។

លោក​លីនដុន ចនសុន បាន​បំប៉ោង​ព័ត៌មាន​ទាក់ទង​នឹង​ហេតុការណ៍​នៅ​ឈូងសមុទ្រ​តុងកឹង កាល​ពីឆ្នាំ​១៩៦៤ ដើម្បី​បំភ័ន​មតិសាធារណៈ និង​បញ្ចុះបញ្ចូល​ឲ្យ​សភា​អនុម័ត​សេចក្តីសម្រេច​អនុញ្ញាត​ឲ្យ​កងទ័ព​អាមេរិក​ចូល​ធ្វើ​សង្រ្គាម​នៅវៀតណាម។ ចំណែក​ឯ​លោក​រីឆាដ និចសុន​វិញ ដែល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដោយ​ផ្តោត​លើ​ការ​សន្យា​បញ្ចប់​សង្រ្គាម​វៀតណាម ក៏ប៉ុន្តែ នៅ​ពេល​ជាប់ឆ្នោត​ បែរ​ជា​បាន​លួច​ពង្រីក​សង្រ្គាម ហើយ​ចូល​ឈ្លាន​ប្រទេស​កម្ពុជា ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​សភា។ នេះ​នៅមិនទាន់​និយាយ​ដល់​រឿងអាស្រូវ​ដ៏ធ្ងន់ធ្ងរមួយ​ទៀត គឺ​រឿងអាស្រូវ Watergate ដែល​សុទ្ធតែ​មាន​ជាប់ពាក់ព័ន្ធ​នឹង​ការ​កុហក បោកប្រាស់ និង​ការ​រំលោភ​អំណាច ដោយ​រដ្ឋការ​របស់​លោក​រីឆាដ និចសុន នៅ​ក្នុង​អំឡុង​ដើម​ទសវត្សរ៍​ឆ្នាំ​៧០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ