ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT

សង្រ្គាម​វៀតណាម៖ ​ដំណើរការ​ចរចាសន្តិភាព

សង្រ្គាម​វៀតណាម៖ ​ដំណើរការ​ចរចាសន្តិភាព
 
លោក​ហិនរី ឃីស៊ីងហ្គ័រ (ស្តាំ) និង​លោក​ឡេ ឌឹកថូ នៅ​ក្នុង​ពេល​ចរចា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​បញ្ចប់​សង្រ្គាម​វៀតណាម

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​រៀបរាប់​អំពី​សង្រ្គាម​វៀតណាម ដោយ​លើកឡើង​ពី​ដំណើរ​ការ​ចរចា​ រវាង​អាមេរិក និង​វៀតណាម​កុម្មុយនិស្ត ដើម្បី​ឈាន​ទៅ​បិទបញ្ចប់​សង្រ្គាម។

ការចរចា​ រវាង​អាមេរិក និង​វៀតណាម​ខាងជើង​បាន​ចាប់ផ្តើម​ធ្វើ តាំង​ពី​ឆ្នាំ​១៩៦៨ នៅ​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​អាមេរិក​មើលឃើញ​ថា​សង្រ្គាម​នៅ​ឥណ្ឌូចិន​នេះ​អូសបន្លាយ​ពេល​យូរ​ហួស​ពី​ការ​រំពឹងទុក និង​ជាពិសេស នៅ​ក្រោយ​ពី​ចលនា​ប្រឆាំង​នឹង​សង្រ្គាម​បាន​រីកដុះដាល​ខ្លាំង នៅ​ផ្ទៃក្នុង​ប្រទេស​អាមេរិក​ខ្លួនឯង​ផ្ទាល់។

នៅ​ដើមឆ្នាំ​១៩៦៨ នៅ​ក្នុង​អំឡុង​​រដូវ​បុណ្យ​ចូលឆ្នាំ​វៀតណាម កងទ័ព​កុម្មុយនិស្ត​វៀតណាម​ខាងជើង​និង​ក្រុម​ឧទ្ទាម​វៀតកុង​បាន​បើក​ប្រតិបត្តិការ​យោធា​​ទ្រង់ទ្រាយធំ​មួយ ដែល​គេ​ឲ្យ​ឈ្មោះ​ថា “យុទ្ធនាការវាយលុក​បុណ្យចូលឆ្នាំ” (Tet Offensive) ដោយ​​កងកម្លាំង​កុម្មុយនិស្ត​ប្រមាណ ៧ម៉ឺននាក់ ក្រោម​បញ្ជា​របស់​ឧត្តមសេនីយ៍ វ៉ូ ង្វៀន ចាប់ (Vo Nguyen Giap) បាន​បើក​ការ​​វាយប្រហារ​ព្រមៗ​គ្នា ទៅលើ​ទីតាំងសំខាន់ៗ​​ជាង ១០០កន្លែង នៅ​ក្នុង​​ទឹកដី​វៀតណាម​ខាងត្បូង។

បើ​និយាយ​ពី​តាក់ទិក​ទ័ព យុទ្ធនាការ​វាយលុក​បុណ្យចូលឆ្នាំ​នេះ​ត្រូវ​ទទួល​បរាជ័យ​យ៉ាង​ដំណំ ដោយ​កងទ័ព​កុម្មុយនិស្ត​ត្រូវ​បាន​កងទ័ព​វៀតណាម​ខាងត្បូង និង​កងទ័ព​អាមេរិក​វាយ​បក​ឲ្យ​បែកខ្ចាត់ខ្ចាយ ព្រមទាំង​ត្រូវ​ទទួល​រងនូវ​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​បំផុត។ ក៏ប៉ុន្តែ ទោះជាយ៉ាងនេះ​ក៏ដោយ យុទ្ធនាការ​វាយលុក​បុណ្យចូលឆ្នាំ គឺ​ជា​ចំណុច​របត់​ដ៏សំខាន់​មួយ​ នៅ​ក្នុង​សង្រ្គាម​វៀតណាម ដែល​គេ​អាច​និយាយ​បាន​ថា វៀតណាម​កុម្មុយនិស្ត​ចាញ់​លើ​សមរភូមិ​​តែ​បោះជំហាន​ទៅរក​ជោគជ័យ​នៃ​សង្រ្គាម។

នៅ​ទីក្រុង​វ៉ាស៊ីងតោន ដោយ​មើល​ឃើញ​ពី​កម្លាំងទ័ព​និង​ភាព​ប្តូរផ្តាច់​របស់​ទាហាន​កុម្មុយនិស្ត​វៀតណាម នៅ​ក្នុង​យុទ្ធនាការ​វាយលុក​បុណ្យចូលឆ្នាំ​ លោក​ប្រធានាធិបតី Lyndon Johnson បាន​ទាញ​នូវ​ក្តីសន្និដ្ឋាន​មួយ​ថា កងទ័ព​​អាមេរិក​នៅ​វៀតណាម​​មិន​អាច​យក​ឈ្នះ​លើ​កងកម្លាំងកុម្មុយនិស្ត​ក្នុង​ពេល​ឆាប់ៗ​ដូច​ការរំពឹង​ទុក​កាលពីមុន​នោះទេ។ ដោយសារ​តែ​មាន​ចលនា​ប្រឆាំង​នឹង​សង្រ្គាម​ ដែល​កាន់តែ​រីកដុះដាល​ខ្លាំង ហើយ​ប្រជាប្រិយភាព​ក៏​ត្រូវ​ធ្លាក់ចុះ​យ៉ាងខ្លាំង​ផងនោះ លោក​ Lyndon Johnson ក៏​បាន​សម្រេច​ដកខ្លួនលែង​ឈរឈ្មោះ​ជា​ប្រធានាធិបត​សម្រាប់​អាណត្តិ​ថ្មី ហើយ​សន្យាថា​នឹង​ចំណាយពេល​សេសសល់​នៃ​អាណត្តិ​របស់​លោក ដើម្បី​ស្វែងរក​សន្តិភាព​​បញ្ចប់​សង្រ្គាម​នៅ​វៀតណាម។
 

លោក Lyndon Johnson បាន​ចេញ​បញ្ជា​ឲ្យ​បញ្ឈប់​ការ​ទម្លាក់គ្រាប់បែក​នៅ​ផ្នែក​ខ្លះ​នៃ​​ទឹកដី​វៀតណាម​ខាងជើង ដើម្បី​ជា​ការ​បើកផ្លូវ​ឲ្យ​មាន​ការចរចា​សន្តិភាព។ សំណើ​ចរចា​របស់​អាមេរិក​ត្រូវ​បាន​មេដឹកនាំ​ក្រុង​ហាណូយ​ឆ្លើយតប​ជា​វិជ្ជមាន ហើយ​ការចរចា​ រវាង​អាមេរិក និង​វៀតណាម​ខាងជើង​ក៏​ចាប់បើក​ធ្វើ នៅ​ក្នុង​ទីក្រុង​ប៉ារីស នៅ​ខែ​ឧសភា ឆ្នាំ​១៩៦៨។ ក៏ប៉ុន្តែ ដំណើរការ​ចរចា​នេះ​បាន​ធ្វើឡើង​​ដោយ​យឺតយ៉ាវ​បំផុត ដោយ​ត្រូវ​ជាប់គាំង​ជាច្រើន​លើក ហើយ​អូសបន្លាយ​ពេល​ជាច្រើន​ខែ រហូត​ដល់​លោក Lyndon Johnson ត្រូវ​ផុត​អាណត្តិ នៅ​ចុងឆ្នាំ​១៩៦៨។

នៅ​ពេល​ដែល​លោក Richard Nixon ឡើង​មក​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក ជំនួស​លោក Lyndon Johnson នៅ​ខែ​មករា ឆ្នាំ​១៩៦៩ អាមេរិក​នៅតែ​បន្ត​ប្រកាន់​ជំហរ​ចង់​បញ្ចប់​សង្រ្គាម​វៀតណាម​តាមរយៈ​ការចរចា ក៏ប៉ុ​ន្តែ លោក Richard Nixon បាន​ដាក់ចេញ​នូវ​យុទ្ធសាស្រ្ត​មួយ គឺបង្កើន​ប្រតិបត្តិការ​យោធា​នៅលើ​សមរភូមិ ដើម្បី​យក​ប្រៀប​នៅលើ​តុចរចា។

នៅ​ខែ​សីហា​ឆ្នាំ​១៩៦៩ ទន្ទឹម​នឹង​​ដំណើរការ​ចរចា​ដោយ​ចំហ​​នៅ​ទីក្រុង​ប៉ារីស អាមេរិក និង​វៀតណាម​ខាងជើង​បាន​បើក​ការ​ចរចា​ដោយ​​​សម្ងាត់ គឺ​កិច្ចចរចា រវាង​លោកហិនរី ឃីស៊ីងហ្គ័រ (Henry Kissinger) ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក Richard Nixon និង​លោក​ឡេ ឌឹកថូ (Le Duc Tho) រដ្ឋមន្រ្តី​ការបរទេស​វៀតណាម​ខាងជើង និង​ជា​សមាជិក​គណៈអចិន្រ្តៃយ៍​នៃ​​​បក្ស​កុម្មុយនិស្ត​វៀតណាម។ ក្នុងពេល​ជាមួយគ្នា​នោះ លោក Richard Nixon ចេញ​បញ្ជា​ឲ្យ​កងទ័ព​អាមេរិក​ពង្រីក​ប្រតិបត្តិការ​យោធា​ចូល​ឈ្លានពាន​ក្នុង​ទឹកដី​កម្ពុជា ក្នុងគោលដៅ​តាម​កម្ទេច​ទីតាំង​វៀតកុង ដែល​តាំង​ពី​ពេល​ផ្ទុះសង្រ្គាម​មក បាន​យក​ទឹកដី​កម្ពុជា​ធ្វើ​ជា​ទី​ជម្រក ដើម្បី​ធ្វើការ​វាយឆ្មក់​ទៅលើ​កងទ័ព​អាមេរិក និង​កងទ័​ព​វៀតណាម​ខាង​ត្បូង។

ការសម្រេច​ចូល​ឈ្លានពាន​កម្ពុជា ត្រូវ​បាន​អ្នក​ប្រវត្តិសាស្រ្ត​ជាទូទៅ​ចាត់ទុក​ថា​ជា​កំហុសឆ្គង​ដ៏ធំមួយ​របស់​លោក Richard Nixon នៅ​ក្នុង​សង្រ្គាម​វៀតណាម ព្រោះ​វា​បាន​ដុតបញ្ឆេះ​ចលនា​ប្រឆាំង​នឹង​សង្រ្គាម ដែល​កំពុងតែ​មានសន្ទុះខ្លាំង​ស្រាប់ ឲ្យ​កាន់តែ​ឆេះសន្ធោរសន្ធៅ​ខ្លាំងឡើង​ថែម​ទៀត។

ចាប់ពី​ថ្ងៃ​ទី៣០ ខែ​មេសា ឆ្នាំ​១៩៧០ នៅ​ពេល​ដែល​លោក Richard Nixon ប្រកាស​ឲ្យដឹង​ជា​សាធារណៈ អំពី​ប្រតិបត្តិការ​ឈ្លានពាន​កម្ពុជា បាតុកម្ម​ប្រឆាំង​នឹង​សង្រ្គាម​បាន​កើតមាន​ឡើង​​ជាប់ជា​ប្រចាំ ដោយ​មាន​អ្នក​ចូលរួម​រាប់លាន​នាក់​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ រហូត​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា សាលារៀន​ត្រូវ​បិទទ្វារ ហើយ​និស្សិត​ជាច្រើ​ននាក់​​ត្រូវ​ស្លាប់ និង​របួស នៅ​ក្នុង​ហេតុការណ៍​បាញ់​បង្រ្កាប​បាតុកម្ម។

ចលនា​ប្រឆាំង​នឹង​សង្រ្គាម​នេះ មិនត្រឹមតែ​​ជា​សម្ពាធ​នយោបាយ​ដ៏ធ្ងន់​ដល់​លោក Richard Nixon នៅឯ​រដ្ឋធានី​វ៉ាស៊ីងតោន​ប៉ុណ្ណោះទេ តែ​វា​ក៏​ជា​​​សម្ពាធផ្លូវចិត្ត​ដ៏ធ្ងន់ធ្ងរ​​ផងដែរ ​ដល់​ទាហាន ដែល​កំពុង​ច្បាំង​នៅលើ​សមរភូមិ។ នៅ​ពេលដែលដឹង​ថា សង្រ្គាម​ដែល​ខ្លួន​កំពុងតែ​ច្បាំង​ដោយ​ត្រូវ​ប្រថុយ​អាយុជីវិត​តែ​គ្មាន​ការគាំទ្រ​ពី​ប្រជាជន ទាហាន​អាមេរិក​ក៏​នាំគ្នា​បាក់ទឹកចិត្ត​ក្នុងការ​ច្បាំង ហើយ​នៅពេលដែល​ចលនា​ប្រឆាំង​កាន់តែ​កើនឡើង ហេតុការណ៍​ទាហាន​រត់ចោលជួរ កូនទាហាន​បាញ់​សម្លាប់​មេបញ្ជាការ​ខ្លួនឯង ទាហាន​ប្រើប្រាស់​ថ្នាំញៀន ព្រមទាំង​វិបត្តិផ្លូវ​ចិត្ត​​ក៏​កើតមានឡើង​កាន់តែ​ច្រើន នៅក្នុង​ជួរកងទ័ព​អាមេរិក ដែល​កំពុងឈរជើង​នៅ​វៀតណាម។ ចំណែក​ឯ​ប្រទេស​សម្ព័ន្ធមិត្ត​អាមេរិក ដែល​ចូលរួម​ធ្វើ​សង្រ្គាម​នៅ​វៀតណាម​ក៏​ត្រូវ​បាក់ទឹកចិត្ត ដោយ​អូស្រ្តាលី និង​នូវែលសេឡង់ បាន​នាំគ្នា​ដកកងទ័ព​ចេញ​ពី​វៀតណាម នៅ​ឆ្នាំ​១៩៧១។

នៅទីបំផុត​ទៅ នយោបាយ​របស់​លោក Richard Nixon មិនត្រឹមតែ​មិន​អាច​យកប្រៀប​លើ​វៀតណាម​ខាងជើង​នៅលើ​តុចរចា​ប៉ុណ្ណោះទេ តែ​បែរ​ជា​ត្រូវ​ចាញ់​ប្រៀបទៅវិញ ដោយ​ត្រូវ​ត្រូវ​បង្ខំចិត្ត​​ធ្វើ​សម្បទាន​យ៉ាងច្រើន​ទៅតាម​ការទាមទារ​របស់​វៀតណាម​ខាងជើង ធ្វើយ៉ាងណា​ឲ្យ​តែ​អាច​បញ្ចប់​សង្រ្គាម​ ហើយ​អាច​ដក​កងទ័ព​ចេញ​ពី​វៀតណាម​ឲ្យ​បាន​ឆាប់។

នៅថ្ងៃ​ទី២៧ ខែមករា ឆ្នាំ​១៩៧៣ កិច្ចព្រមព្រៀង​សន្តិភាព​ត្រូវ​បាន​ចុះ នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ហើយ​ប្រមាណ​ជា ៧ខែ​ក្រោយមក អាមេរិក​ក៏​បាន​ដក​កងទ័ព​ស្ទើរតែ​ទាំងអស់​ចេញ​ពី​វៀតណាម ក៏ប៉ុន្តែ សង្រ្គាម​នៅតែ​បន្ត​កើតមាន រហូត​ដល់​ឆ្នាំ​១៩៧៥៕

  • អាប៉ូឡូទី១១៖ មនុស្សជាន់ដីព្រះចន្ទ​ជា​លើកទី១

    អាប៉ូឡូទី១១៖ មនុស្សជាន់ដីព្រះចន្ទ​ជា​លើកទី១

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​រៀបរាប់ អំពីព្រះចន្ទ​តទៅទៀត ដោយ​សូមលើកឡើង អំពីបេសកកម្ម​អាប៉ូឡូទី១១ ដែល​នាំ​ ​ទៅ​ចុះចត​លើ​​​ឋាន​ព្រះចន្ទ …

  • ដើមកំណើត​នៃ​គម្រោង​អាប៉ូឡូ​ទៅ​ឋានព្រះចន្ទ

    ដើមកំណើត​នៃ​គម្រោង​អាប៉ូឡូ​ទៅ​ឋានព្រះចន្ទ

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពីព្រះចន្ទ​តទៅទៀត ដោយ​សូមលើកឡើង អំពីដំណើរ​ដើម​ទង​នាំ​ទៅដល់​ការ​ចាប់កំណើត​នៃ​បេសកកម្ម​​អាប៉ូឡូ​​​ …

  • ព្រះចន្ទ៖ ​“ទ្វីបទី៨” ​នៃ​ភពផែនដី

    ព្រះចន្ទ៖ ​“ទ្វីបទី៨” ​នៃ​ភពផែនដី

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពី​ប្រវត្តិ​នៃ​ចក្រវាល​តទៅទៀត ហើយ​ឆ្លៀត​ក្នុង​ឱកាស​ខួប​គម្រប់ ៥០ឆ្នាំ …

  • តើ​ប្រព័ន្ធលេខ​បច្ចុប្បន្ន​មាន​ដើមកំណើត​មក​ពីណា?

    តើ​ប្រព័ន្ធលេខ​បច្ចុប្បន្ន​មាន​ដើមកំណើត​មក​ពីណា?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង …

  • ហេតុអ្វី​បានជា​ខែ​កុម្ភៈ​មាន​ត្រឹមតែ​២៨ថ្ងៃ?

    ហេតុអ្វី​បានជា​ខែ​កុម្ភៈ​មាន​ត្រឹមតែ​២៨ថ្ងៃ?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង …

  • ហេតុអ្វី​បានជា​គេ​បែងចែក​១ថ្ងៃ​ជា​២៤ម៉ោង?

    ហេតុអ្វី​បានជា​គេ​បែងចែក​១ថ្ងៃ​ជា​២៤ម៉ោង?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង …

  • តើនរណា​ជាអ្នក​រកឃើញ​ថា​មួយឆ្នាំ​មាន​៣៦៥ថ្ងៃ?

    តើនរណា​ជាអ្នក​រកឃើញ​ថា​មួយឆ្នាំ​មាន​៣៦៥ថ្ងៃ?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង …

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ