អានតួអត្ថបទ
នុយក្លេអ៊ែរ-អង្គការសហប្រជាជាតិ

លោកបាន គីមូន សុំឲ្យ​ប្រទេស​ទាំងអស់​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​មិន​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

លោក​បាន គីមូន​ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​បាន​ថ្លែង​ចេញ​ពី​ទី​ក្រុង​វីយែន ​ទីស្នាក់​ការ​កណ្តាល​របស់​ភ្នាក់ងារ​បរិមាណូ​អន្តរជាតិ​ ដោយ​សុំ​ឲ្យ​ប្រទេស​ទាំង​៨​ ដែល​នៅ​មិន​ទាន់​ធ្វើ​សច្ចាប័ន​លើ​សន្ធិសញ្ញា​ ស្តីពី​ការ​មិន​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ​ឲ្យ​ប្រញ៉ាប់ប្រញាល់​ធ្វើ​វា​ឡើង ​ ដើម្បី​ឲ្យ​សន្ធិសញ្ញា​នេះ ​អាច​ចូល​ជា​ធរមាន​បាន​ជា​ស្ថាពរ។

លោក បាន គី មូន អគ្គលេខាធិកា​ អង្គការសហប្រជាជាតិ
លោក បាន គី មូន អគ្គលេខាធិកា​ អង្គការសហប្រជាជាតិ Reuters
ផ្សាយពាណិជ្ជកម្ម

សន្ធិសញ្ញា​ស្តីពី​ការ​មិន​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​១៩៩៦។ ប៉ុន្តែ​ដរាប​ណា​ប្រទេស​ទាំងអស់​ដែល​បាន​ចុះ​ហត្ថលេខា ​មិន​ព្រម​ផ្តល់​សច្ចាប័ន​ទេ​នោះ ​ ​នោះ​សន្ធិសញ្ញា​នេះ ​មិន​អាច​ចូល​ជា​ធរមាន ​និង​មាន​តម្លៃ​គតិយុត្តិ​បាន​ឡើយ។ មក​ដល់​ពេល​នេះ ​ មាន​ប្រទេស​ចំនួន​ ១៦៤​ ដែល​បាន​ធ្វើ​ការ​ផ្តល់​សច្ចាប័ន​រួចរាល់ ​ ក្នុងនោះ​មាន​ជាអាទិ៍​រុស្ស៊ី​ បារាំង ​និង​អង់គ្លេស​ជាដើម។

 
ប៉ុន្តែ​នៅ​មាន​ប្រទេស​ធំៗ​​ចំនួន​៨ ​ដែល​នៅ​តែ​មិន​ព្រម​ធ្វើ​សច្ចាប័ន ​ ហើយ​ធ្វើ​ឲ្យ​ការ​អនុវត្ត​សន្ធិសញ្ញា​នេះ​ នៅ​ជាប់​គាំង។ ប្រទេស​ទាំង​៨នោះ​ មាន​ សហរដ្ឋ​អាមេរិក ​ចិន​ អេហ្ស៊ីប ​អ៊ីស្រាអែល ​អ៊ីរ៉ង់​ ឥណ្ឌា ​ប៉ាគីស្ថាន ​និង​កូរ៉េ​ខាងជើង។

លោក​ បាន គីមូន​ បាន​ថ្លែង​នៅ​ថ្ងៃ​ពុធ​ទី​ ២៧​មេសា​ថា ​ប្រទេស​ទាំង​៨​នេះ ​ត្រូវតែ​ប្រញ៉េប​ប្រញ៉ាប់​ផ្តល់​សច្ចាប័ន​ដល់​សន្ធិសញ្ញា​នេះ​ ដើម្បី​ទប់ស្កាត់​សកម្មភាព​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ទូទាំង​ពិភពលោក។ លោក ​បាន​បន្ថែម​ថា ​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ​ មិន​ត្រឹមតែ​បង្ករ​អស្ថិរភាព​ដល់​សន្តិសុខ​ពិភពលោក​ប៉ុណ្ណោះ​ទេ ​តែ​សារធាតុ​នុយក្លេអ៊ែរ ​បាន​បំពុល​ប្រព័ន្ធ​ទឹកស្អាត ​ បង្ករ​ជា​ជំងឺ​មហារីក​ ដោយសារ​តែ​ជាតិ​វិទ្យុសកម្ម​ ដែល​នៅ​សេសសល់​ក្នុង​បរិយាកាស​ ​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់។

តាម​ការពិត​សន្ធិសញ្ញា​នេះ​ ត្រូវបាន​ផ្តួចផ្តើម​ឡើង​ក្រោម​គំនិត​របស់​រដ្ឋាភិបាល​លោក​ Bill Clinton ​ក៏​ប៉ុន្តែ​ផ្ទុយ​ទៅវិញ ​សភា​ទាំងពីរ​របស់​សហរដ្ឋ​អាមេរិក ​បាន​រារាំង​មិន​ឲ្យ​ធ្វើ​សច្ចាប័ន​ជា​ដាច់ខាត។ លោក ​បារ៉ាក់ អូបាម៉ា ​ក៏​ធ្លាប់​សន្យា​ផងដែរ​ថា​ ក្នុង​អាណត្តិ​របស់​លោក ​ លោក​នឹង​ខិតខំ​រក​វិធី ​ដើម្បី​ផ្តល់​សច្ចាប័ន​ដល់​សន្ធិ​សញ្ញា​នេះ​ឲ្យ​បាន ​ ក៏​ប៉ុន្តែ​ក្រុម​អ្នក​តំណាងរាស្ត្រ ​និង​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ ដែល​មក​​ពី​គណបក្ស​សាធារណៈរដ្ឋ​ បាន​បិទខ្ទប់​ជានិច្ច។

កាល​ដើមឡើយ ​គំនិត​ប្រឆាំង​នឹង​សន្ធិសញ្ញា​នេះ ​ដោយសារ​តែ​គេ​មិន​ទុក​ចិត្ត​ថា ​តើ​ប្រទេស​ហត្ថលេខី ​នឹង​គោរព​បាន​កំរិត​ណា។ តែ​ហេតុផល​នេះ ​ លែង​មាន​ប្រសិទ្ធិភាព​ អាច​យក​មក​ធ្វើ​លេស​បាន​ទៀត​ហើយ ​ដោយសារ​បច្ចុប្បន្ន​នេះ ​អង្គការ​សហប្រជាជាតិ ​ក៏ដូច​ជា​ភ្នាក់ងារ​បរមាណូ​អន្តរជាតិ ​មាន​យន្តការ ​និង​មធ្យោបាយ​គ្រប់គ្រាន់ ​ដើម្បី​ដឹង​ថា​មាន​សកម្មភាព​សាកល្បង​នុយក្លេអ៊ែរ​ នៅ​គ្រប់​ទីកន្លែង​ យ៉ាង​មាន​ប្រសិទ្ធភាព។

គួររំលឹផងដែរថា​ ចាប់​ពី​ឆ្នាំ​១៩៤៥​មក ​ មាន​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ដល់​ទៅ​ ២០០០​លើក។ រុស្ស៊ី​សាក​ចុងក្រោយ​បំផុត​ នៅ​ឆ្នាំ​១៩៩០​ អង់គ្លេស​នៅ​ឆ្នាំ​៩១ ​អាមេរិក​ នៅ​ឆ្នាំ​៩២ ​ចិន​និង​បារាំង​នៅ​ឆ្នាំ​៩៦។ ឆ្នាំ៩៨ ​ជា​ឆ្នាំ​ដែល​ឥណ្ឌា​ និង​ប៉ាគីស្ថាន​បាន​ធ្វើការ​សាកល្បង​អាវុធនុយក្លេអ៊ែរ​ ម្នាក់​ដល់​ទៅ​២​លើក។ កូរ៉េ​ខាងជើង​បាន​សាកល្បង​ចំនួន​៤ដង ​ គិត​ចាប់​ពី​ឆ្នាំ​២០០៦​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ