អានតួអត្ថបទ
អឺរ៉ុប

អឺរ៉ុប​ក៏​ប្រើ​ប្រព័ន្ធ​ចារកិច្ច​ដូច​សហរដ្ឋ​អាមេរិក​ដែរ

សារព័ត៌មាន​អង់គ្លេស​បានបង្ហើប​ព័ត៌មាន​ថ្មី​មួយ​ទៀត​ហើយ ! ព័ត៌មាន​ដែល​ថា បណ្តា​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ ក៏​អនុវត្ត​​ចារកិច្ច​​ ប្រហែល​គ្នា​នឹង​សហរដ្ឋ​អាមេរិក​​ដែរ។ ភ្នាក់ងារ​ស៊ើបការណ៍​អាល្លឺម៉ង់ បារាំង អេស្ប៉ាញ និង​ស៊ុយអែត បាន​ដាក់​ឱ្យ​ដំណើរ​ការ​ប្រព័ន្ធ​លួច​តាម​ដាន​ស្តាប់​បទ​សន្ទនា​ផ្សេងៗ​តាម​ទូរស័ព្ទ និង​តាម​ប្រព័ន្ធ​អ៊ីនធឺណែត​ ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ស្អិត​ល្មួត​ពី​ភ្នាក់​ងារ​ចារកិច្ច​អង់គ្លេស។ នេះ​បើ​តាមការ​បក​អាក្រាត​ព័ត៌មាន​ចុះ​ផ្សាយ​ក្នុង​ទំព័រ​កាសែត​ The Guardian ។

កាសែត​ Guardian (រូបចេញ​ផ្សាយ​ថ្ងៃ​ទី ២១ សីហា ២០១៣) បង្ហើប​ពី​ការ​ប្រើ​ប្រព័ន្ធ​ស៊ើបការណ៍​របស់​អឺរ៉ុប
កាសែត​ Guardian (រូបចេញ​ផ្សាយ​ថ្ងៃ​ទី ២១ សីហា ២០១៣) បង្ហើប​ពី​ការ​ប្រើ​ប្រព័ន្ធ​ស៊ើបការណ៍​របស់​អឺរ៉ុប REUTERS/Suzanne Plunkett
ផ្សាយពាណិជ្ជកម្ម

ការ​បង្ហើប​ព័ត៌មាន​សម្ងាត់​នេះ បាន​ធ្លាយ​មក​ក្នុង​ខណៈ​ដែលអឺរ៉ុប និង​អាស៊ី កំពុង​​ខឹង​សម្បារ​សហរដ្ឋ​អាមេរិក​​ដែលបាន​​លួច​ស្តាប់​ទូរស័ព្ទ​ លួច​យក​ព័ត៌មាន​និង​ទិន្នន័យ​តាម​ប្រព័ន្ធ​អ៊ីនធឺណែត​ ក្នុង​ទ្រង់ទ្រាយ​ធំ។ ការ​លួច​ស្តាប់​និង​លួច​ប្រមូល​ព័ត៌មាន​ទាំង​នេះ បើ​តាម​ស្នូឌិន គឺ​ជា​លទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​​​​រវាង​​​​ភ្នាក់ងារសន្តិសុខ​អាមេរិក NSA​ អូស្ត្រាលី កាដាណា នូវែលហ្សេឡង់​​​និង​ អង់គ្លេស​ ឬ​ហៅ​ថា​ក្រុម​ភ្នែក​ច្រមុះ​ទាំង​៥។

 

អាល្លឺម៉ង់ បារាំង អេស្ប៉ាញ និង​ស៊ុយអែត សហការ​ជាមួយ​នឹង​ភ្នាក់ងារ​អង់គ្លេស ដែល​ជា​ភ្នែក​ម្ខាង​របស់​អាមេរិក បាន​​ប្រើ​ប្រាស់​ ​ប្រព័ន្ធ​ស៊ើប​ការណ៍​ ប្រកប​ដោយ​បច្ចេកវិទ្យា​ទំនើប​បំផុត និង​មាន​កម្លាំង​អាច​ចូល​ដល់​បេះដូង​អ៊ីនធឺណែត​តែ​ម្តង។ នេះ​បើ​តាម​ការ​ទម្លាយ​ឱ្យ​ដឹង​នៅ​ល្ងាច​មិញ ក្នុង​ទំព័រ​កាសែត The Guardian ដែល​បាន​គូស​បញ្ជាក់ថា អឺរ៉ុប​បាន​ប្រើ​ប្រព័ន្ធ​នេះ តាំង​ពី​ឆ្នាំ​២០០៨​មក ហើយ​គឺ​ភ្នាក់ងារ​ចារកិច្ច​អង់គ្លេស​ជា​អ្នក​ផ្តល់​​ប្រឹក្សា​ដល់​សមភាគី​អឺរ៉ុប ពី​របៀប​បង្វែរ​ច្បាប់​ដែល​កំរិត​​អំណាច​​​ស៊ើបការណ៍​របស់​ភ្នាក់ងារចារកិច្ច។

 

មាន​តែ​អាល្លឺម៉ង់​មួយ​ប៉ុណ្ណោះ ដែល​បាន​បញ្ចេញ​ប្រតិកម្ម​តប​វិញ​ភ្លាម​ ច្រាន​ចោល​ដំណឹង​ចុះ​ផ្សាយ​របស់ កាសែត​អង់គ្លេស ដោយ​ពន្យល់​ថា​ កាលពី​ឆ្នាំ​២០០៨ អាល្លឺម៉ង់​ បាន​ផ្តោះ​ប្តូរ​បទ​ពិសោធ​ន៍​ជាមួយ​អង់គ្លេស​ តែ​លើ​ចំណុច​បច្ចេកទេស​ប៉ុណ្ណោះ​ មិន​មែន​ទាក់​ទង​ច្បាប់​ទេ។ ការ​ផ្តោះប្តូរ​បទពិសោធន៍​បច្ចេកទេស​អឺរ៉ុប​គឺ​មាន​ជា​រៀង​រហូតមក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ