អានតួអត្ថបទ
ជប៉ុន

រដ្ឋាភិបាល​ជប៉ុន​នឹង​ប្រើ​ថវិកា​៣៦០លាន​អឺរ៉ូ​ ដោះស្រាយ​បញ្ហា​Fukushima​

នៅថ្ងៃ​អង្គារ​ម្សិលមិញ​នេះ រដ្ឋាភិបាល​ជប៉ុន​បានប្រកាស​ថា នឹង​ចំណាយ​​ថវិកា​៣៦០លានអឺរ៉ូ ​ដើម្បី​ដោះស្រាយ​បញ្ហា​​ទឹក​ដែលមានធាតុ​វិទ្យុសកម្ម​ នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ Fukushima។ គួរ​រំលឹកថា ទឹក​ប៉ះពាល់​ដោយ​ធាតុវិទ្យុសកម្មចំណុះ​ប្រមាណ​៤សែនតោន កំពុង​ជាប់គាំង​​នៅ​មជ្ឈមណ្ឌល។ ម្សិលមិញនេះ​ដែរ ជប៉ុន​​បាន​បង្ហាញ​ពី​គោលបំណងបន្សាប​ធាតុ​វិទ្យុសកម្ម​ក្នុង​ទឹក​ទាំងនេះ រួច​​​បង្ហូរវា​ចោលទៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។​

លោក​ស្ហ៊ីនហ្សូ អាបេ (Shinzo Abe) នាយករដ្ឋមន្រ្តី​ជប៉ុន ប្រកាស​ថា​រដ្ឋាភិបាល​នឹង​ចូលអន្តរាគមន៍​ដោះស្រាយ​វិបត្តិ​នៅ​ហ៊្វូគូស្ហ៊ីម៉ា
លោក​ស្ហ៊ីនហ្សូ អាបេ (Shinzo Abe) នាយករដ្ឋមន្រ្តី​ជប៉ុន ប្រកាស​ថា​រដ្ឋាភិបាល​នឹង​ចូលអន្តរាគមន៍​ដោះស្រាយ​វិបត្តិ​នៅ​ហ៊្វូគូស្ហ៊ីម៉ា REUTERS/Shizuo Kambayashi/Pool
ផ្សាយពាណិជ្ជកម្ម

 

នៅថ្ងៃ​អង្គារ​​ម្សិលមិញ រដ្ឋាភិបាល​ជប៉ុន​ប្រកាស​ចាយវាយ​ថវិកា​ ៣៦០លានអឺរ៉ូ ​ទប់ស្កាត់​បញ្ហាធាតុ​វិទ្យុសកម្ម​នៅ​ Fukushima​។ ការ​ប្រកាស​នេះ​ធ្វើឡើង​​តែ​៤ថ្ងៃ​ប៉ុណ្ណោះ មុន​នឹង​​គណៈ​កម្មាធិការ​អន្តរជាតិ​កីឡា​អូឡាំពិក​ ប្រកាស​លទ្ធផល​​ជ្រើសរើស​យក​ប្រទេស​ដែល​ត្រូវ​រៀបចំការប្រកួត​​កីឡាអូឡាំពិកឆ្នាំ​២០២០។ ក្រុង​តូក្យូ ដែល​ស្ថិត​នៅ​តែ​២៣០​គ.ម ​​​ពី​មជ្ឈមណ្ឌល​ហ្វ៊ូគូស្ហ៊ីម៉ា​នោះ ជា​គូប្រជែង​​ជាមួយ​​ក្រុង​ម៉ាឌ្រីដ ប្រទេស​អេស្ប៉ាញ និង​ក្រុង​​អ៊ីស្តង់ប៊ូល ប្រទេស​តួកគី។ រដ្ឋាភិបាល​ជប៉ុន​ប្រហែល​ជា​ចង់​បន្ថយ​ការ​ពុះកញ្ជ្រោល​នៃ​សារព័ត៌មាន​អន្តរជាតិ មុន​ការ​សំរេច​ជ្រើសរើស​របស់​​គណៈ​កម្មាធិការ​​​កីឡា​អូឡាំពិក​។

ដោយឡែក ពីរភាគ​នៃ​ថវិកា​ ៣៦០លានអឺរ៉ូ ដែល​រដ្ឋាភិបាល​នឹង​ចាយវាយ​នេះ នឹង​យក​ទៅ​ប្រើ​ក្នុង​ប្រតិបត្តិការ​បង្កក​ដី​ ​នៅ​ជុំវិញ​ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ។ ការ​បង្កក​ដី​នេះ នឹង​ជួយ​ទប់ស្កាត់​ទឹក​ដែល​មាន​ធាតុ​វិទ្យុសកម្ម ដែល​កំពុង​នៅ​ជាប់គាំង​នៅក្រោមដីនៃ​មជ្ឈមណ្ឌល​ហ្វ៊ូគូស្ហ៊ីម៉ា មិន​អោយ​ហូរចូល​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ ថវិកា​នៅ​សេសសល់​ ​​នឹង​យក​ទៅ​កែលំអ​ប្រព័ន្ធ​​សំអាត​ទឹក។

គួររំលឹក​ថា ទឹក​​​​​មាន​ជាតិពុល​ចំណុះ​៤សែនតោន បាន​លេច​ចេញ​នៅក្រោមដី​នៅ​​មជ្ឈមណ្ឌល ហើយ​​​ត្រូវ​បានយក​​ស្តុកទុក​ក្នុង​អាងទឹកប្រមាណ​ជា​មួយពាន់។ មួយភាគ​នៃ​បរិមាណ​ទឹក​នេះ ​ហូរចូល​ទៅសមុទ្រ​រាល់ថ្ងៃ ដោយសារតែ​ជប៉ុន​ខ្វះខាត​មធ្យោបាយ​ទប់ទឹក។ លើសពីនេះ ជារៀងរាល់​ថ្ងៃ​ នៅតែ​មាន​ទឹក​មានធាតុ​វិទ្យុសកម្ម​លេច​ចេញ​​​មក​នៅ​ហ្វ៊ូគូស្ហ៊ីម៉ា ​ដោយសារ​សកម្មភាព​ធ្វើអោយ​មានភាព​ត្រជាក់​ដល់​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​​​​​នានា​​។

រដ្ឋាភិបាល​ជប៉ុន​លែង​ចង់​អោយ​ក្រុមហ៊ុន​ថាមពល​អគ្គិសនី​ជប៉ុនតេបកូ ចាត់ចែង​បញ្ហា​​មជ្ឈមណ្ឌល​ហ្វ៊ូគូស្ហ៊ីម៉ា តែ​​ឯកឯង​ទៀតហើយ។ រដ្ឋាភិបាល​សំរេច​ចិត្ត​លូកដៃ​​​​ចូល​​ជាមួយ​ក្រុមហ៊ុន​ ដើម្បី​ធ្វើការ​ងារ​អោយ​មាន​ប្រសិទ្ធភាព៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ