អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​​ប្រកាស​​ទប់​ស្កាត់​​និង​​លុប​បំបាត់​​ក្រុម​​ចង​ការ​​ប្រាក់​​ក្រៅ​​ប្រព័ន្ធ​

គណៈកម្មការ គោលនយោបាយ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដែល​ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈន់ នឹង​រៀបចំ​ក្រុម​ការងារ​ដើម្បី​ទប់ស្កាត់ និង​លុបបំបាត់ ក្រុម​ចងការ​ប្រាក់​ក្រៅ​ប្រព័ន្ធ។ ឈរ​ក្រោម​ស្លាក​មីក្រូហិរញ្ញវត្ថុ ក្រុម​ចងការ​ប្រាក់​ក្រៅ​ប្រព័ន្ធ​ត្រូវ​គេ​រក​ឃើញ​ថា មាន​ចំនួន​រាប់រយ​ហើយ​កំពុង​ផ្តល់​ប្រាក់​កម្ចី​ដល់​ប្រជាពលរដ្ឋ ដោយ​យក​ការ​ប្រាក់​ខ្ពស់ ជាង​កម្ចី​តាម​មីក្រូហិរញ្ញវត្ថុ​ស្របច្បាប់។

ការដាក់​ប្រាក់​ក្នុង​កូន​ជ្រូក​។
ការដាក់​ប្រាក់​ក្នុង​កូន​ជ្រូក​។ @បណ្តាញសង្គម
ផ្សាយពាណិជ្ជកម្ម

ក្រុម​អ្នក​ចងការ​ប្រាក់​ក្រៅ​ប្រព័ន្ធ ឬ​កម្ចី​ខ្នាតតូច​ដែល​មិន​រៀបរយ នឹង​ត្រូវ​ប្រឈម​មុខ​ចំណាត់ការ​ផ្លូវច្បាប់​នា​ពេល​ខាង​មុខ​នេះ ដោយសារ​តែ​ក្រុម​ផ្តល់​ប្រាក់​កម្ចី​ទាំង​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​ជីវភាព​ប្រជាពលរដ្ឋ។

លោក ប៊ុន មុនី ប្រធាន​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ជា​នាយក​ប្រតិបត្តិ​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ក្រុម​ចងការ​ប្រាក់​ក្រៅ​ប្រព័ន្ធ​មួយ​ចំនួន​ធំ មិន​មាន​ក្រមសីលធម៌​នោះទេ ដោយ​ពួកគេ​យក​ការ​ខ្ពស់ ហើយ​អ្នក​រងគ្រោះ​គឺ​ប្រជាពលរដ្ឋ។ ការ​ពោល​ដូច្នេះ គឺ​មិន​សំដៅ​ទៅ​លើ​ប្រជាពលរដ្ឋ ដែល​ធ្លាប់​ខ្ចី​លុយ​គ្នា ពឹងពាក់​គ្នា​នៅ​ក្នុងភូមិ​ទៅ​វិញ​ទៅ​មក​នោះ​ទេ។

កាល​ពី​ថ្ងៃ​ទី​២៧​មករា​កន្លង​ទៅ​នេះ តាមរយៈ​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​តំណាង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត លោក​ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ គាត ឈន់ ប្រធាន​គណៈកម្មការ​គោល​នយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ជម្រុញ​ឲ្យ​មាន​ការ​ដោះស្រាយ​លើ​បញ្ហា​ចងការ​ប្រាក់​ក្រៅ​ប្រព័ន្ធ​នេះ ដែល​លោក​ចាត់​ទុក​ថា ជា​ការ​ប្រឈម​មួយ​ទៅ​ដល់​អនាគត​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​ទាំង​នៅ​ទី​ក្រុង និង​ជនបទ។

បច្ចុប្បន្ន​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ផ្លូវការ​មាន​ចំនួន​៤០ ក៏ប៉ុន្តែ​តាមរយៈ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ គេ​រកឃើញ​ស្ថាប័ន​ឲ្យ​ខ្ចី​លុយ​តូច​ៗ​ពី៣០០ ទៅ​៤០០​ស្ថាប័ន ផ្សេង​ទៀត ដែល​មាន​ភាព​មិន​ស្របច្បាប់ ហើយ​កំពុង​ប្រតិបត្តិការ​នៅ​តាម​តំបន់​នានា​ទូទាំង​ប្រទេស។ គេ​មិន​ដឹង​ថា​ទឹក​ប្រាក់​សរុប​នៃ​ក្រុម​ខ្ចីលុយ​ក្រៅ​ប្រព័ន្ធ​នេះ​សរុប​ប៉ុន្មាន​នោះ​ទេ។

ក្នុង​ចំណោម​ក្រុម​ចង​ការ​ប្រាក់​ក្រៅ​ប្រព័ន្ធ​ទាំងនេះ ត្រូវ​គេ​រកឃើញ​ទៀត​ថា បាន​ជ្រក​នៅ​ក្រោម​ស្លាក​អង្គការ​ក្រៅ​រដ្ឋាភិបាល នេះ​មិន​គិត​ពី​អង្គការ​មួយ​ចំនួន​ដែល​ផ្តល់​ប្រាក់​កម្ចី​ក្នុង​ជំនួយ​មនុស្ស​ធម៌​នោះ​ទេ។

លោក ប៊ុន មុនី លើក​ឡើង​ថា វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​ទូទៅ​ថា​មាន​ការ​រីកចំរើន​ខ្លាំង ហើយ​ការ​ឆ្លៀត​ឱកាស​របស់​អតីត​ភ្នាក់ងារ​ឥនទាន​មួយ​ចំនួន ដែល​មាន​លុយ ពី ៣ម៉ឺន​ដុល្លារ រួម​បញ្ចូល​គ្នា ដើម្បី​ផ្តល់​កម្ចី ដល់​ប្រជាជន​ដោយ​យក​ការ​ប្រាក់​ខ្ពស់​នោះ​ក៏​កើត​មាន​កាន់​តែ​ច្រើន។

ទោះជា​យ៉ាងនេះ​ក្តី គេ​នៅ​មិន​ទាន់​សម្រេច​យ៉ាងណា​នៅ​ឡើយ​ទេ ទាក់ទង​ទៅ​នឹង​ការ​ចុះ​អនុវត្ត​លុប​បំបាត់ ក្រុម​ចងការ​ប្រាក់​ខុស​ច្បាប់​ដោយ​ពាក់​ឈ្មោះ​មីក្រូហិរញ្ញវត្ថុ​ក្លែងក្លាយ​នៅ​ពេលណា​នៅ​ឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ