អានតួអត្ថបទ
កម្ពុជា

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាថាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាល្អ បើប្រៀបធៀបក្នុងតំបន់

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ​ដែលជា​ស្ថាប័នមួយ​​របស់​​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ក្នុងប្រទេស​កម្ពុជា​ល្អ​ជាង​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់ ​តាម​ការ​វាយ​តម្លៃ​ជា​ទូទៅ​។ នេះ​បើ​តាម​សមា​ជិក​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ​នៅ​ថ្ងៃទី​២​៧​ ខែ​សីហា​នេះ​។​ ចំណែក​មន្ត្រី​អង្គការ​លីកាដូ​ថា​ ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា​ធ្លាក់​ចុះ​ធ្ងន់​ធ្ងរ​ប្រៀប​ធៀន​នឹង​​ឆ្នាំ​មុនៗ។ 

ស្ត្រី​អ្នកភូមិបឹងកក់ ដើរដង្ហែក្បួនដើម្បីទាមទារឱ្យមានការបញ្ឈប់អំពើហិង្សាលើស្ត្រី។
ស្ត្រី​អ្នកភូមិបឹងកក់ ដើរដង្ហែក្បួនដើម្បីទាមទារឱ្យមានការបញ្ឈប់អំពើហិង្សាលើស្ត្រី។ @rfi/siv chhana
ផ្សាយពាណិជ្ជកម្ម

លោកកត្តា អ៊ន សមា​ជិក​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ​បាន​​ប្រាប់​វិទ្យុបារាំង​នៅ​ព្រឹក​ថ្ងៃ​ទី២៧ ​សីហា​ថា រយៈពេល៧ខែ​មក​នេះ ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​​ល្អ ​ប្រៀប​ធៀប​នឹង​ប្រទេស​ជិត​ខាង​។ លោក​បញ្ជាក់​​ថា​ កម្ពុជា​មិន​​មាន​​​(បញ្ហា)​អ្វី​​​​ជា​ដុំ​កំ​ភួនទេ ទោះ​បី​ជា​មាន​ភាពមិន​ប្រក្រតី​មួយ​ចំនួន​បាន​កើត​ឡើង​ក្នុង​រយៈពេល​កន្លង​មក​។ ប៉ុន្តែ​​​(ករណី)​ទាំង​​អស់​នេះ​ជា​រឿង​តុលាការ ​ជា​រឿង​ព្រហ្មទណ្ឌ ​ជា​រឿង​បទ​ល្មើស ​ដែលជា​រឿង​អ្នក​នយោបាយ​វា​មិន​មែន​ជា​រឿង​នយោបាយនោះទេ។ លោក​បន្ថែម​ថា​វាជារឿង​អ្នក​នយោបាយប្រព្រឹត្តិ​បទ​ល្មើស​។

 
កាលពីថ្ងៃទី​១៨​ សីហា ​កន្លង​ទៅ​នេះ​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ ​និង​អន្តរ​ជាតិ​ប្រមាណ​១២​ ស្ថាប័ន​បាន​ដាក់​លិខិចំហ​មួយ​ទៅ​កាន់​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សាសិ​ទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ ​ដើម្បី​ឲ្យ​ស្ថាប័ន​របស់អង្គការ​សហ​ប្រជាជាតិ​មួយ​នេះ ​ដោះ​ស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ក្នុង​លិខិត​ចំហ​នោះ​អាង្កការ​ទាំង​១២ ​បាន​ដាក់​អនុសាសន៍​របស់​ខ្លួន​ចំនួន​១៣ចំណុច ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​​​កែ​​ប្រែ​សកម្មភាព​​របស់​​ខ្លួន​ជា​បន្ទាន់ ​ដើម្បី​រក្សា​កេរ្តិ៍ដំណែល​កិច្ចព្រម​ព្រៀង​សន្តិ​ភាព​ទី​ក្រុង​ប៉ារីស។

លោកកត្តា ​អ៊ន ​បាន​លើក​ឡើង​ថា​ការ​ដាក់​លិខិត​ចំហ​នេះ ​គឺ​ជា​សិទ្ធិ​សេរីភាព​របស់​អង្គការ​ទាំង​នោះ ​ប៉ុន្តែ​កម្ពុជា​គឺ​ជា​រដ្ឋឯក​រាជ្យ មានអធិបតេយ្យ ហើយកាតព្វកិច្ចនៃការ​អន្ត​រាគម​ទៅ​លើ​រដ្ឋ​អធិបតេយ្យ​ណា​មួយ​ ជា​រឿងសម្រេច​​របស់​​ក្រុម​​ប្រឹក្សា​​សិទ្ធិ​​មនុស្ស ​​ប៉ុន្តែ​​សា្ថន​ភាព​​សិទ្ធិ​​មនុស្ស​​នៅ​​កម្ពុជា​​ល្អ​​។

លោក​​បណ្ឌិត​​ មាស ​​នី​ ​អ្នក​​វិភាគ​​នយោបាយ​ ​និង​​ជា​​អ្នក​​ឃ្លាំ​​មើល​​សង្គម​​បាន​​បញ្ជាក់​​ថា​ ​ កម្ពុជា​នៅ​​​មា​ន​​បញ្ហាច្រើន​​ទាក់​​ទង​​នឹង​​សិទ្ធិ​​មនុស្ស​​នៅ​​កម្ពុជា​ ​ដូច​​ជា​​ការ​​បង្រ្កាប​​ទៅ​​លើ​​មហាជន ​ដែល​​ទាមទារ​​រក​​យុតិ្តធម៌​រឿង​ដីធ្លី និង​ការ​ដាក់​ទោស​សកម្ម​ជន​ផ្សេងៗ​ជា​ដើម​។ លោក​បន្ថែម​ថា​រដ្ឋាភិ​បាល​មិន​ងាយ​នឹង​ទទួល​យក​ការ​រិះ​គន់​ពីខាង​ក្រៅទេ ប៉ុន្តែ​បើ​ស្តាប់​ពី​របាយ​ការណ៍​ស្ថាប័ន​អន្តរ​ជាតិ​ ក៏​ដូច​ជា​អង្គការ​សហ​ប្រជា​ជាតិ​ បាន​សម្តែង​ការព្រួយ​បា​រម្ភ​ជា​បន្ត​បន្ទាប់​ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។

លោកអំ សំអាត​អ្នក​​គ្រប់​គ្រង​​​បច្ចេក​ទេស​​ស៊ើប​​អង្កេត​​នៃ​​អង្គការ​ លីកាដូ​បាន​ឲ្យ​ដឹង​ថា​ ស្ថាន​ភាព​​សិទ្ធិ​មនុស្សនៅ​កម្ពុជា​ធ្លាក់​ចុះ​ធ្ងន់​ធ្ងរ​ បើប្រៀប​ធៀប​នឹង​ឆ្នាំ​មុនៗ ​ហើយ​ទិដ្ឋ​ភាពបច្ចុប្បន្ន​មាន​ការ​បាញ់​សម្លាប់​អ្នក​វិភាគសង្គម​ អ្នក​ដែល​រិះគន់​មួយ​ចំនួន​ត្រូវ​បាន​ជាប់​បណ្តឹង​នៅ​តុលាការ​ ហើយ​មន្ត្រី​សិទ្ធិ​មនុស្ស​ក៏​ត្រូវ​បាន​ជាប់​ឃុំ គណបក្សប្រឆាំង​ក៏​ត្រូវ​បាន​ជាប់​ឃុំ​ជា​ហូរហែ រួម​ទាំង​ការ​ឃុំ​ខ្លួន​សមាជិក​ព្រឹទ្ធ​សភា​ សមា​ជិក​រដ្ឋសភា​ ដោ​យមិន​ទាន់ដក់​អភ័យ​ឯក​សិទ្ធិ​ជា​ដើម​។ លោក​បន្ថែម​ថា​ករណី​ទាំង​នេះ​ហើយ ​ដែល​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ពី​មតិ​ជាតិ​ និងអន្តរ​ជាតិ។

គួរ​រំលឹក​ជូនថា​កាល​ពី​ខែ​មិនា ​កន្លង​ទៅ​លោក​ស្រីរ៉ូណា ​ស្មីត ​អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជា​ជាតិស្តីពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​បាន​បញ្ជាក់​ថា ​ស្ថាន​ការណ៍​នយោបាយ​ដែល​រាប់​ទាំង​ ការ​គំរាម​កំហែងជា​ថ្មី ​កិច្ច​ដំណើរ​ការ​នីតិវិធី​របស់​តុលាការ ​និង​សូម្បី​តែ​ការ​វាយ​ដំលើ​រាង​កាយ​របស់​សមា​ជិក​ គណ​បក្សប្រឆាំង​ គឺ​សុទ្ធ​តែ​ជា​ការ​ព្រួយ​បារម្ភ​៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ