ស្របតាមរាជក្រឹត្យលើកលែងទោសរបស់ព្រះមហាក្សត្រ ស្ត្រីថៃ៣រូបត្រូវបានដោះលែងពីពន្ធនាគារនៅថ្ងៃសៅរ៍នេះ។ ក្នុងចំណោមស្ត្រីទាំង៣រូប មានម្នាក់ ឈ្មោះ Darunee Charnchoengsilpakul ឆានឆឹងស៊ីឡាប៉ាគុល ត្រូវបានតុលាការដាក់ទោសអោយជាប់ពន្ធនាគារ១៥ឆ្នាំ កាលពីឆ្នាំ២០១១ ពីបទថ្លែងសន្ទកថាប៉ះពាល់ព្រះចេស្តា។ ស្ត្រីរូបនេះត្រូវបានគេស្គាល់ច្បាស់ ថាជាអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត់ ពេញទំហឹង។
ស្ត្រីម្នាក់ទៀតរងការកាត់ទោសអោយជាប់ពន្ធនាគារ២ឆ្នាំកន្លះ ពីបទសំដែងល្ខោនប៉ះពាល់របបរាជានិយម។ ហើយម្នាក់ទៀត ជាប់ទោសពីបទប្រមាថរូបថតព្រះមហាក្សត្រ។
យោងតាមច្បាប់ថៃ រាល់អ្នកដែលប្រមាថព្រះមហាក្សត្រ អាឌុលយ៉ាដេ រឺក៏ប្រមាថគ្រួសារព្រះអង្គអាចជាប់គុករហូត១៥ឆ្នាំ។ តាំងពីមានរដ្ឋប្រហារយោធាឆ្នាំ២០១៤មក ការចាប់ខ្លួននិងដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រ មានការកើនឡើងជាងមុន។
ក្នុងចំណោមមនុស្សជាង៦០នាក់ដែលជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវប្រមាថក្សត្រថៃ ភាគច្រើនត្រូវតុលាការយោធាកាត់ទោស។ គេនៅចាំច្បាស់ថា មានបុរសម្នាក់ត្រូវអាជ្ញាធរចាប់ខ្លួន ពីបទបានថ្លែងពាក្យពេចន៍មាក់ងាយឆ្កែមួយក្បាល របស់ព្រះមហាក្សត្រ៕