អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ចិន​ប្រមូល​ទិញ​​ប្រទេស​ក្រិក​យ៉ាង​ដូចម្តេច ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នា​ឱកាស​​​ទស្សនកិច្ចរបស់​លោក​នាយក​រដ្ឋមន្ត្រី​ចិន លី ខឺឈាំង ​នៅ​ប្រទេស​ក្រិក សប្តាហ៍នេះ មាន​កិច្ចព្រមព្រៀង សហប្រត្តិបត្តិការ​ជា​ច្រើន​ មាន​អាទិ៍ ផ្នែក​ភស្តុភារ ថាមពល ដឹក​ជញ្ជូន​ផ្លូវ​សមុទ្ទ អចលនាទ្រព្យ​ ការ​នាំ​ចេញ​ស្រា​ និង​ប្រេង​អូលីវ ត្រូវ​ចិន​និង​ក្រិក​បាន​ចុះកិច្ចព្រមព្រៀង​រវាងគ្នា។ មិន​តែ​ប៉ុណ្ណោះ​ អាជ្ញាធរ​ប៉េកាំង​បាន​លើក​ចិត្ត​ឱ្យក្រុមហ៊ុន​សហគ្រាសចិន ចូល​រួម​ចំណែក​ធ្វើ​ឯកជនភាវូបនីកម្ម​ប្រទេស​​​ក្រិក​ផង។ តាំង​ពី​​មាន​ផ្ទុះ វិបត្តិ​ហិរញ្ញវត្ថុ​មក​ ជាពិសេស​នៅ​ពេល​ដែល​រដ្ឋាភិបាល​ក្រិក​បាន​ដាក់​លក់​ក្រុមហ៊ុន​រដ្ឋ​​ឱ្យ​ឯកជន​មក ចិន​បាន​សម្រុក​ចូល​ធ្វើ​វិនិយោគ​​នៅ​ក្នុង​ប្រទេស​នេះ និង​ចង់​ដើរ​តួ​ជាជើង​​ឯក​ នៅក្នុង​ប្រទេស​ដែល​ជា​មាត់​ច្រក​ចូល​អឺរ៉ុប។

ចិន​បាន​ទទួល​សិទ្ធិ​គ្រប់គ្រង​កំពង់​ផែ​ក្រុ​ង​អាថែន កំពង់​ផែ​ធំ​ជាង​បង្អង់​របស់​ក្រិក​តាំង​ពី​ឆ្នាំ ២០០៨
ចិន​បាន​ទទួល​សិទ្ធិ​គ្រប់គ្រង​កំពង់​ផែ​ក្រុ​ង​អាថែន កំពង់​ផែ​ធំ​ជាង​បង្អង់​របស់​ក្រិក​តាំង​ពី​ឆ្នាំ ២០០៨ EyesWideOpen/Getty Images
ផ្សាយពាណិជ្ជកម្ម

នៅ​ឆ្នាំ​១៩៧២ ចិន​និងក្រិក​ ផ្តោះប្តូរ​ពាណិជ្ជកម្ម​នឹង​គ្នា​ក្នុង​ទំហំ​ទឹក​​ប្រាក់ ១លាន​ដុល្លារ​ប៉ុណ្ណោះ។ មក​ដល់​ឆ្នាំ​២០១២ ការ​ផ្តោះប្តូរ​បាន​កើនឡើង​២៥០% ពោល​គឺ​ស្មើ​នឹង​ប្រមាណ​៤ពាន់​លាន​ដុល្លារ។ នៅពីរ​ឆ្នាំ​ខាង​មុខ​ប្រទេស​ទាំង​ពីរ​សង្ឃឹម​​ពង្រីក​​ទីផ្សារ​មួយ​ទ្វេ​ជាពីរ។ អំបោះកូតុង ថ្មម៉ាប ស្រា សុទ្ធ​សឹង​ជា​ផលិតផល​ដែល​ចិន​ស្រក់ទឹក​មាត់​ចង់​បានពី​ក្រិក។ លើសពី​នេះ​ទៅទៀត នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​គ្រាន់​តែ​ក្នុង​រវាង​ពី​ឆ្នាំ​២០០៦-២០១០ ចិន​បាន​បង្កើន​​សកម្មភាព​វិនិយោគ​ ជាមួយ​ក្រិក ពី​មួយទៅ​​​មួយពាន់។

 
ក្រិក​មិន​មែន​ត្រឹម​តែ​មាន​ទីតាំង​ភូមិសាស្ត្រ​ល្អ ជា​ច្រក​ទ្វារ​សម្រាប់​បើក​ដើរ​ចូល​អឺរ៉ុប​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ច្រក​ផ្លូវ អា​ចនាំ​ចិន​ឱ្យ​ងាយ​ចូល​ទៅ​កាន់​តំបន់​​សមុទ្ទ ខ្មៅ និង​តំបន់​បាល់កង់​។ ទីតាំង​ដ៏​ល្អ​នេះ ត្រូវ​បាន​ចិន​សំឡឹង​ចង់​បាន និង​ចង់​ក្រសោប​យក​ដើម្បី ធ្វើ​វិនិយោគ​​បាន​ច្រើន​ក្នុង​វិស័យ​ថាមពល​ និង​ដឹកជញ្ជូន។

យើង​បាន​ដឹងហើយ​ថា ក្រោយ​ពី​ឆ្លង​កាត់​វិបត្តិ​ដ៏​ធ្ងន់​ធ្ងរ​ ប្រឈម​នឹង​ការ​ក្ស័យធន​​យ៉ាង​ត្រដាប​ត្រដួស​នោះ ក្រិក​ត្រូវ​ស្ថិត​នៅក្រោម​សម្ពាធ​អន្តរជាតិ ជាក់​ស្តែង​សម្ពាធ​ពី​គណៈកម្មការអឺរ៉ុប ពី​ធនាគារ​កណ្តាល​អឺរ៉ុប និង​ពី​មូលនិធិរូបិយវត្ថុ​អន្តរជាតិ ដែល​ទាមទារ​ឱ្យ​ក្រុង​គែរ​ធ្វើ​កំណែទម្រង់​។ កាលពី​ឆ្នាំ​២០១២ ក្រិក​ត្រូវ​បង្ខំ​ចិត្ត​​ធ្វើ​ឯកជនភាវូបនីកម្ម​ ក្រុមហ៊ុន​រដ្ឋ​ក្នុង​ទ្រង់ទ្រាយ​ធំ ដោ​យ​ត្រូវ​លក់​ក្រុមហ៊ុន​ធំៗ​ចំនួន​២៨​។ លក់​ក្រុមហ៊ុន​ឱ្យ​ឯកជន​ ដែល​ចិន​ចង់​បាន​​បំផុត និង​ចង់ក្លាយ​ជា​ប្រទេស​ទីមួយ​ មាន​ក្រុមហ៊ុន​ក្នុង​ប្រទេសក្រិក​នេះ។ ចិន​ត្រូវ​ប្រកួត​ប្រជែង​ខ្លាំង​ជាមួយ​រុស្ស៊ី ដែល​ចង់​បាន​​​​ក្រុមហ៊ុន​ផ្លូវដែកដែរ។ ចំណែកក្រិក​វិញ ចង់​ផ្តល់​ក្រុមហ៊ុនទេសចរណ៍ និង​សំណង់​ទៅ​ឱ្យ​ចិន​គ្រប់គ្រង ព្រោះ​ឃើញ​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ខ្លាំង។

ប៉ុន្តែ​គឺ​ក្នុង​វិស័យ​កំពង់ផែ ដែលចិន​បាន​ជោគជ័យ​ខ្លាំង។ តាំង​ពី ៦​ឆ្នាំ​មក​ហើយ​ ដែលកំពង់​ផែ​ទី​មួយ របស់ក្រិក នៅទីក្រុង​អាថែន ធ្វើ​សមាហរណកម្ម​ជាមួយ​ចិន។ ក្រុមហ៊ុន​ចិនCosco ដែល​ជា​លើកទីមួយ បាន​ទទួល​សិទ្ធិ​រក​ស៊ី និង​គ្រប់គ្រង​​​​កំពង់ផែ ជាមួយ​កិច្ច​សន្យា​រយៈពេលដ៏​​វែង​មិន​ធ្លាប់​មាន គឺ​ដល់​ទៅ​៣៥​ឆ្នាំ។ ក្រុមហ៊ុន​យក្ស​ចិន​ បាន​មក​តាំង​ទី​នៅក្រិក​នេះ ជា​ផ្លូវការ​នៅ​ឆ្នាំ​២០១០។ ការធ្វើ​សមាហរណកម្ម​កំពង់ផែ ពីរ៉ាអ៊ឺស បាន​ទទួល​ការ​ស្វាគមន៍ និង​ពេញ​ចិត្ត​ទាំង​ពីរ​ភាគី ព្រោះ​ថា​ ​វត្តមាន​ចិន​នេះ បាន​ជួយ​លើក​ស្ទួយ​សេដ្ឋកិច្ច​តំបន់​ផង ទីផ្សារ​ការងារ​ផង​ ដែល​ក្រិក​ទើប​ងើប​ពី​វិបត្តិ​ត្រូវ​ការ​បំផុត។ ​សកម្មភាព​កំពង់​ផែ ដែល​មាន​បុគ្គលិក​សរុប​៧៥០នាក់ មាន​ប្រើ​កម្លាំង​ពលកម្ម​ចិន​តែ​ ​៨​នាក់​ប៉ុណ្ណោះ ដូច្នេះ​គេ​អាច​ចាត់ទុក​ថា ​ជា​ក្រុមហ៊ុន​ក្រិក​ពិតៗ។ ចំណែក​ខាង​ចិន​វិញ បាន​ចំណេញ​ទាំង​ប្រាក់​ចំណូល​ ទាំង​រូបភាព។ ចិន ត្រូវ​ការ​ចង់​បាន​ពាក្យ​ថា "Made in Europe” ដូច្នេះ​ គេ​យក​ផ្នែក​ណា​មួយ​នៃ​ផលិតផល​​​ឱ្យ​ធ្វើ​​នៅ​​អឺរ៉ុប​ ដើម្បី​កុំ​ឱ្យ​អស់​ថ្លៃការងារ​ច្រើន តែ​បាន​ចំណេញ​ឈ្មោះ​ ព្រោះ​ចេញ​ពី​អឺរ៉ុប ពោល​គឺ​ឆ្លើយ​តប​បាន​ទៅ​នឹង​បទដ្ឋាន​អឺរ៉ុប​។

ឥលូវ​ពេល​នេះ កំពង់​ផែ​ ក៏​មាន​ឈ្មោះ​ក្នុង​បញ្ជី​ត្រូវ​ធ្វើ​ឯកជន​ភាវូបនីកម្ម​។ ក្រុមហ៊ុន​កូស្កូ​ សព្វថ្ងៃ​មាន​ភាគ​ហ៊ុនសិទ្ធិ​គ្រប់​គ្រង​​ប្រមាណ​៦៧%​ ។ ដោយមាន​កំពង់​ផែ​ក្រុង​អាថែន​ជាគំរូ​​ កំពង់ផែ​ និង​អាកាសយានដ្ឋាន​​​តំបន់ ចំនួន​១២​ទៀត ក៏​កំពុង​ដាក់​លក់​ឱ្យ​ឯកជន​ដែរ ព្រោះ​រដ្ឋាភិបាល​ក្រិក​ត្រូ​វ​ការ​គោរព​កិច្ច​សន្យា​ជាមួយ​ម្ចាស់​បំណុល ក្នុង​នោះ​មាន​ពីរ​​កន្លែង​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ចិន លី ខឺឈាំង អម​ដោយ​ក្រុម​អ្នក​វិនិយោគ​គ្រាក់​អម​ដំណើរ​ទៅ​ជាមួយ​ផង។ នេះ​មិន​មែន​មាន​ន័យ​ថា​ ចិន​កំពុង​សំឡក់​ចង់​ក្រសោប​កំពង់ផែ ​ក្រិក​បន្ថែម​ទៀត​ទេឬ ?!

កំពង់ផែ​ ឧស្សាហកម្ម​នាវា​ដឹក​ជញ្ជូន​ គឺ​ជា​វិស័យ​ដ៏​សំខាន់​របស់​ក្រិក​ និង​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​លើ​ពិភពលោក​។ ក្រិក​ជា​ទីផ្សារ​ផលិត​នាវា​ទំនិញ​ដ៏​ធំ​ ជា​អ្នក​ដែល​មាន​បទ​ពិសោធន៍​ការងារ​ខ្លាំង បូកផ្សំ​នឹង​ចិន​ពូកែ​ខាង​ធ្វើ​ពាណិជ្ជកម្ម​​ទំនិញ​ គឺ​អាច​បំពេញគ្នា​ទៅ​មក​បាន​យ៉ាង​ប្រសើរ។ វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ​២០០៨ និង​វិបត្តិ​ប្រាក់​បំណុល​ នៅ​ឆ្នាំ​២០១០ បាន​ធ្វើ​ឱ្យ​ឧស្សាហកម្ម​នាវា​ដឹក​ជញ្ជូន​ក្រិក​ មាន​រង​គ្រោះ​យ៉ាង​ខ្លាំង​ ប៉ុន្តែ​វិស័យ​នេះ បាន​ចាប់​រើប​ឡើង​វិញ​មុន​គេ​គួរ​ឱ្យ​កត់​សម្គាល់ ដែល​ចិន​មិន​ឱ្យ​រំលង​ខាត​ចោល​ឡើយ។

ចិន​​មើល​ឃើញ​ប្រយោជន៍​​ពី ក្រិក​ មិន​មែន​​ចាប់​ត្រឹម​ពី​ក្រិក​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ទេ។ តាំង​ពី​ឆ្នាំ​ ២០០៥ មក រដ្ឋាភិបាល​ស្តាំ​និយម​ក្រិក​ បាន​បក់​ដៃ​ហៅ​ចិន។ ហើយ​នៅ​ឆ្នាំ​២០០៦ ក្រុមហ៊ុន​ចិន​ក៏​ផ្តើម​ចុះ​ទៅ​ក្រិក​។ អតីត​នាយក​​រដ្ឋមន្ត្រី​​ចិន វេន ជាប៉ាវ ​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ក្រិក​កាលពី​ឆ្នាំ​២០១០ ក្នុង​ពេ​ល​ក្រិក​ធ្លាក់​គ្រោះ​ជំពាក់​បំណុល​ ជាមួយ​នឹង​ការ​ចុះ​កិច្ច​សន្យា​​សេដ្ឋកិច្ច​ជា​ច្រើន។ ហើយ​ថ្ងៃ​នេះ​​នាយក​រដ្ឋមន្ត្រី​ចិន​ថ្មី លោក លីខឺឈាំង​ បាន​ផ្តល់សារៈ​សំខាន់​ថ្មី និង​ទំនុក​ចិត្ត​ថ្មី​ដល់ក្រិក តាម​រយៈ​ដំណើរ​ទស្សនកិច្ច​ដែល​មាន​ការ​ចុះ​ហត្ថលេខា​ព្រម​ព្រៀផង​ធ្វើ​សហប្រតិបត្តិការ​ តម្លៃ​៨៨០០​លាន​ដុល្លារ​ ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ នាវា​ដឹក​ជញ្ជូន​ និង​ការ​នាំ​ចេញ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ