អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

UN ​ជំរុញ​ឱ្យ​ដាំដើមឈើ​នៅ​ទីក្រុង​ ​ដើម្បី​ជួយ​កាត់​បន្ថយការ​កើន​កម្តៅ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​សប្តាហ៍​នេះ​ ​​អង្គការ​សហប្រជាជាតិដើម្បី​អភិវឌ្ឍ​កសិកម្ម​និង​ស្បៀង​អាហារ ហៅកាត់ថា ហ្វៅ (FAO)បាន​ប្រកាស​គម្រោងនៃគំនិត​​ផ្តួច​ផ្តើម​ថ្មីមួយ ហៅថា​ «ជញ្ជាំង​បៃតងសម្រាប់​​ទីក្រុង»។ គឺជា​គម្រោង​កម្មវិធី​​ដែល​ជំរុញ​លើកទឹកចិត្ត​ដល់​អង្គការ​ផ្នែក​បរិស្ថាន​និង​ប្រទេស​នីមួយៗ​​នៅ​តំបន់​អាហ្វ្រិក​និង​នៅ​អាស៊ី​ឱ្យ​យក​ចិត្តទុកដាក់​ពីបរិស្ថាន និងរួម​គ្នា​ដាំដើមឈើ​នៅ​បណ្តាទីប្រជុំ​ជន និង​នៅ​ក្នុង​ទីក្រុង។ បើ​តាម​អង្គការ​សហប្រជាជាតិ, ការ​ដាំដើមឈើ​នៅ​ទីក្រុង គឺ​ជាផ្នែក​មួយ​នៃ​ដំណោះស្រាយ​ដ៏​ល្អ​ សម្រាប់​ជួយ​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ។ 

គំរូមួយ នៃ Green City
គំរូមួយ នៃ Green City Reuters
ផ្សាយពាណិជ្ជកម្ម

ដាំដើមឈើ ដោះស្រាយ​បញ្ហា​ខ្វះ​​ខ្យល់បរិសុទ្ធ​សម្រាប់​ដកដង្ហើម​​ និងបញ្ហា​ផ្សែង​ពុល

កំណើន​កាន់​តែ​ច្រើន​ឡើងៗនៃ​ប្រជាជន​​នៅទីក្រុង គឺ​បន្ត​ជា​ការ​លំបាក​កាន់តែ​ខ្លាំង​ចំពោះ​បញ្ហា​រៀបចំហេដ្ឋារចនាសម្ព័ន្ធ​​ទីក្រុង ពិសេស​គឺគេត្រូវ​​គិត​គូរ​ពី​ការ​ខ្វះ​​ខ្យល់បរិសុទ្ធ​សម្រាប់​ដកដង្ហើម​​ និងការ​គ្រប់​គ្រង​ផ្សែង​ពុល។  នៅ​អាស៊ី​និង​អាហ្វ្រិក ត្រូវ​គេ​រំពឹង​ថា នឹងមានកំណើន​ប្រជាជន​ច្រើននៅក្រុង​ ប្រមាណ​ជា​៧០ភាគរយ នៅ​ឆ្នាំ​២០៣០ ហើយ​រឹតតែ​កើនឡើង​កាន់​តែច្រើន​បន្តទៀត នៅឆ្នាំ២០៥០​។ នៅ​ក្នុងរយៈ​កាល​ភ្លាមៗនេះ​ ​ដំណោះស្រាយ​ដ៏​មា​នប្រសិទ្ធភាព​ជាងគេ គឺការ​ដើម​ដាំឈើ​នៅក្រុង។​

ជញ្ជាំងបៃតង​សម្រាប់​ទីក្រុង (Great Green Wall for Cities)

ជញ្ជាំងបៃតង​សម្រាប់​ទីក្រុង (Une grande muraille verte pour les villes) ជា​គម្រោង​ថ្មី​ សម្រាប់​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី​និង​នៅ​អាហ្វ្រិក​ ដើម្បី​ជួយ​គាំទ្រផ្នែក​ស្មារតី ​បច្ចេកទេស និង​ថវិកាខ្លះៗ ដើម្បី​ឱ្យ​មានយុទ្ធការ​​ដាំ​ដើមឈើ​ ឱ្យ​បាន​រឹតតែ​ច្រើ​ននៅ​ទីប្រជុំជន​ក្រុង​។​​​ អង្គការ​សហប្រជាជាតិដើម្បី​អភិវឌ្ឍ​កសិកម្ម​និង​ស្បៀង​អាហារ ហៅកាត់ថា (FAO) សង្ឃឹមថា ចាប់ពីពេល​នេះ ដល់​ឆ្នាំ​២០៣០ នឹង​​អាច​មាន ទី​​ក្រុង ​យ៉ាង​ហោច​ចំនួន​៣ នៅក្នុង​មួយ​ប្រទេសនីមួយៗ​​ នៃ​ទ្វីប​អាហ្វ្រិក​និង​អាស៊ី​កណ្តាល ដែល​ចូលរួម​ដាំ​ដើមឈើ​នៅ​ទីក្រុង​។ ហើយ​គេ​សង្ឃឹមទៀត​ថា អាច​នឹង​មាន​ដើមឈើថ្មីៗ រាប់​សិប​ម៉ឺន​ហិតកា​បន្ថែមទៀត ដែល​ត្រូវ​អាជ្ញាធរ​រាជធានី និង​អភិបាល​ក្រុង​ យក​ចិត្ត​ទុក​ដាក់ នាំគ្នា​​ដាំ​។

ការ​បំផុស​ចលនា​ដាំដើមឈើ​នៅ​ទីក្រុង​និងទីប្រជុំ​ជន​នេះ ជា​យុទ្ធនាការ​​ប្រកាសឡើង​ដោយ​លោក Qu Dongyu (ជុយ តុងអ៊ុយ) នាយក​របស់​​អង្គការ​សហប្រជាជាតិដើម្បី​អភិវឌ្ឍ​កសិកម្ម​និង​ស្បៀង​អាហារ ហៅកាត់ថា ហ្វៅ (FAO) ​ដែល​បាន​ថ្លែង​នៅទី​ស្នាក់​ការ​អង្គការ​សហប្រជាជាតិ ក្នុង​សប្តាហ៍​នេះតែម្តង​។ លោកនាយកអង្គការ​ ហ្វៅ ថែមទាំង​បាន​លើកឡើង​នូវ​បទពិសោធ​របស់ខ្លួន​ប្រាប់​ដល់​សមាជិក​អង្គការ​សហប្រជាជាតិ​ ថា «នៅពេល១០ឆ្នាំមុន​ គ្រាដែល​លោក​​ធ្វើ​ជា​អភិបាល​ខេត្ត​មួយ​ក្នុង​ស្រុក​​ចិន លោក​បាន​ផ្តួច​ផ្តើម​បង្កើត​ឧទ្យានធម្មជាតិថ្មីៗ​​ សម្រាប់ប្រជា​​ពលរដ្ឋ​ទីក្រុង​។ នៅ​ពេល​ដែល​មាន​ដើម​ឈើច្រើន​ មានទីធ្លា​សួនច្បារ​​ល្អ វា​មិនមែន​ត្រឹមតែ​មាន​ពណ៌​ខៀវ បៃតង ឱ្យ​ល្អគន់​មើល​ប៉ុណ្ណោះ​ទេ បន្ថែមពីនេះ​ពលរដ្ឋ​នៅក្រុង​ ក៏​អាចនឹង​ដើរ​​លំហែ​កម្សាន្ត និង​ហាត់​ប្រាណ​ ដែល​ធ្វើ​ឱ្យ​មាន​សុខភាព​ល្អ​ថែមទៀត​ផង»។

បើតាម​ទស្សនៈ​របស់​លោក​​នាយក​របស់​​ហ្វៅ,  ការ​ដាំ​ដើម​ឈើ​នៅក្នុង​ទីក្រុងនិងបណ្តាទី​​ប្រជុំជន​ គឺ​មាន​ប្រយោជន៍​ខ្លាំងណាស់​ចំពោះ​យន្តការ​បន្ថយ​ក​​ម្តៅ​ក្នុង​អាកាសធាតុ។​ ពោលគឺ​ដើមឈើ​អាចជួយ​កាត់បន្ថយសីតុណ្ហភាពកុំ​ឱ្យ​ក្តៅ​ខ្លាំង, ធ្វើ​ឱ្យ​ខ្យល់បរិយាកាសល្អ និង​កាត់បន្ថយការ​ប្រើ​ប្រាស់​ម៉ាស៊ីនត្រជាក់។ ដើមឈើ​ជួយ​ស្រូប​យកទឹក​ កាត់​បន្ថយទឹកជំនន់ និងបង្កើនគុណភាពខ្យល់ តាម​រយៈ​ការ​ស្រូប​ធូលីនិងផ្សែង​បំពុល ហើយ​បញ្ចេញ​ខ្យល់​អុកស៊ីសែន​។

ក្នុង​គម្រោង​ថ្មី​នេះ អង្គការ​សហប្រជាជាតិ​ គិតថា អាច​ត្រូវ​ការ​គម្រោង​ថវិកា​ប្រមាណ​ ១,៥ពាន់​លាន​ដុល្លារ ដើម្បីអាច​ដើមឈើ​ ប្រមាណ​៨០ម៉ឺន​ហិកតា។​ ដើម្បី​អាច​សម្រេច​គម្រោង​នេះ អង្គការ​ហ្វៅ កំពុង​តែ​សហការ​ជាមួយ​អ្នក​ជំនាញបច្ចេកទេស​ខាង​រៀបចំ​ទីក្រុង,​ ស្ថាបត្យករ និង​អង្គការ​មូលធិនិអន្តរជាតិ​ធំៗ ជាច្រើន​​។

​ដាណឺម៉ាក ​រៃ​អង្គាស​ថវិកា​តាម​កម្មវិធី​ទូរទស្សន៍​ ដើម្បី​ដាំដើមឈើ

ទោះ​ជាយ៉ាងណាក្តី ប្រទេស​ខ្លះ គេ​ពុំ​ទន្ទឹង​ដេក​ចាំ​តែ​ជំនួយ​ពី​អង្គការ​សហប្រជាជាតិ​នោះទេ។ តួយ៉ាង​ ប្រទេស​ដាណឺម៉ាក ដែល​មាន​ប្រជាពលរដ្ឋ​តែ​ជាង​៥លាន ប្រទេស​នេះ​បាន​ចេញ​គំនិត​ផ្តួច​ផ្តើម​រៃ​អង្គាស​ថវិកា​ តាម​រយកម្មវិធីប្រមូល​មូលនិធិ​តាម​​ទូរទស្សន៍​ ដើម្បី​យក​លុយ​ចូលរួម​ដាំដើមឈើ។ កាលពី​សប្តាហ៍​មុន​នេះ​ ​ដាណឺម៉ាក ​ប្រមូលថវិកា​បាន​ ពីរលាន​បួន​សែន​អឺរ៉ូ ហើយ​គេ​នឹង​អាច​ដាំ​ដើមឈើ បានប្រហែល​​១​លាន​ដើម នៅ​​ចុង​ខែ​តុលា​ខាង​មុខ។

ប្រទេស​អេត្យូពី៖  នាយករដ្ឋមន្ត្រី ចុះ​ដាំ​ដើមឈើដោយ​ផ្ទាល់ ជាមួយ​បក្ស​ប្រឆាំង

ចំណែក​នៅ​អាហ្វ្រិក​វិញ ប្រទេស​អេត្យូពី បង្ហាញ​ឆន្ទៈ​ចង់​ដាំ​កូន​ឈើ ឱ្យ​បា​នចំនួន​៤ពាន់​លាន​ដើម នៅទូទាំងប្រទេស។ ជា​ច្រើន​សប្តាហ៍​មក​ហើយ​ដែល​គេ​ឃើញ នាយករដ្ឋមន្ត្រី​អេត្យូពី ដោះ​អាវ​ធំ​ទុក​ដោយ​ឡែក ហើយ​មូរ​ដៃ​អាវ​​ ឬពេលខ្លះ ​ពាក់​អាវ​យឺត ជ្រមុជក្បាល​ដាំ​ដើមឈើ ហើយ​មាន​រូប​ថត​​ខ្លះទៀត​ គឺ​គេ​ឃើញ​គាត់​ដៃ​កាន់​ប៉ែល ជីកដី​ដាំកូន​ឈើ។ បើ​ទោះបី​ជា​ពេលខ្លះ គេយល់ថា នេះជា​ការ​ឃោសនា​នយោបាយ​ផងក៏ដោយ​ តែ​នេះជា​សកម្មភាព​​គួរ​ឱ្យ​ចាប់​អារម្មណ៍ និងជាផ្នែកមួយ​ដែល​បម្រើ​ប្រយោជន៍​ដល់​បរិស្ថាន​ធម្មជាតិ។ នៅ​​អេត្យូពី អង្គការ​ផ្នែកបរិស្ថាន អ្នក​នយោបាយ​ក្រុម​បក្ស​ប្រឆាំង ក៏​ចូលរួម​ដៃ​ជាមួយ​បក្ស​កាន់អំណាច ដើម្បី​នាំគ្នា​ដាំ​ដើម​ជាមួយ​គ្នា៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ