Greta Thunberg និមិត្តរូបនៃកុមារលើពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៤៣
កុមារី Greta Thunberg គឺជានិមិត្តរូបរបស់ក្មេងៗនៅលើពិភពលោក ដែលនាំគ្នាក្រោកឈរតស៊ូប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ នាងចាប់ផ្តើមតស៊ូមតិតែម្នាក់ឯងគត់នៅមុខរដ្ឋសភា របស់ប្រទេសស៊ុយអេត ប៉ុន្តែជាងមួយឆ្នាំក្រោយមក គឺមានកុមារ សិស្សនិស្សិត ឋ្និងមនុស្សធំ ជាង៤លាននាក់ បានចូលរួមសកម្មភាពជាមួយនាង។ នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ នាង ហ្គ្រេតតា ធុនប៊ែក បានធ្វើសេចក្តីថ្លែងការណ៍យ៉ាងកក្រើកនៅអង្គការសហប្រជាជាតិ ចំពោះមុខថ្នាក់ដឹកនាំប្រទេសជាច្រើនរយកនាក់។ មិនតែប៉ុណ្ណោះ នាងបានដាក់ពាក្យប្តឹងប្រទេសធំៗមួយចំនួន ទៅកាន់អង្គការសហប្រជាជាតិ ដោយចោទថា ប្រទេសទាំងនោះ មិនបានយកចិត្តទុកដាក់ចំពោះអាកាសធាតុ និងមិនបានប្រឹងប្រែងឱ្យអស់សមត្ថភាពក្នុងការជួយសង្គ្រោះភពផែនដី។ ដូច្នេះ តើកុមារី ហ្គ្រេតតា ធុនប៊ែក មានបុគ្គលិកលក្ខណៈពិសេសយ៉ាងណា?
ត្រឹមវ័យ១៦ឆ្នាំ យុវតី ហ្គ្រេតតា ធុនប៊ែក មានចំណុចពិសេសៗប្លែងៗជាច្រើន ដែលនាំឱ្យសារព័ត៌មានបស្ចិមលោកតាមដាននិងផ្តិតយករូបនាងមកចុះផ្សាយ។ នៅក្នុងរដូវក្តៅឆ្នាំ២០១៩នេះ កាសែតនៅបរទេស សរសេររៀបរាប់ពីសកម្មភាពរបស់រូបនាងច្រើនជាង រហូតដល់ទស្សនវដ្តី Times ចាត់ទុកថា ជាក្មេងស្រីម្នាក់ នៅក្នុងចំណមកុមារ២៥នាក់ ដែលល្បីជាងគេ នៅលើពិភពលោក។
មិនជិះយន្តហោះ ហើយធ្វើដំណើរដោយមធ្យោយបាយដែលបំពុលបរិយាកាសទាបបំផុត
ចំណុចពិសេសរបស់សកម្មជនបរិស្ថានដ៏វ័យក្មេងនេះ គឺនាងបដិសេធមិនព្រមជិះយន្តហោះ នៅក្នុងការធ្វើដំណើរ។ ពីព្រោះថា ការធ្វើដំណើរតាមយន្តហោះ ធ្វើឱ្យបំពុលបរិយាកាសធ្ងន់ធ្ងរ តាមរយៈការបញ្ចេញឧស្ម័នពុលដ៏ច្រើនសន្ធឹកសន្ធាប់។ នៅក្នុងទ្វីបអឺរ៉ុប នៅពេលផ្លាស់ទីដើម្បីចូលរួមតស៊ូមតិនីមួយៗ នាង ហ្គ្រេតតា ធុនប៊ែក ព្យាយាមរកមធ្យោបាយដែលបំពុលបរិស្ថានតិចតួចបំផុត ដូចជាត្រូវដើរ ជិះកង់ ហើយជិះរថភ្លើងដែលបំពុលបរិស្ថានជាងជិះយន្តហោះ។ ឧទាហរណ៍ជាក់ស្តែងមួយទៀត នៅក្នុងការធ្វើដំណើរពីអឺរ៉ុបទៅសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិនៅកញ្ញានេះ គឺនាងមិនជិះយន្តហោះទេ តែនាងជិះទូកត្តោងអស់ជាច្រើនថ្ងៃ ឆ្លងកាត់មហាសមុទ្រអាត្លង់ទិក ដើម្បីទៅដល់ទីក្រុងញូវយ៉ក។
មិនទទួលទានសាច់
លក្ខណៈពិសេសមួយទៀត គឺហ្គ្រេតតា ធុនប៊ែក ទទួលទានអាហារម្ហូបបួស ដោយនាងបដិសេធមិនបរិភោគសាច់។ កុមារីរូបនេះរស់នៅក្នុងគ្រួសារដែលភ្ញាក់ស្មារតីយកចិត្តទុកដាក់ចំពោះបរិស្ថាន។ ម្តាយរបស់នាង ជាតារាចម្រៀងអូប៉េរា ដែលតម្រូវឱ្យផ្លាស់ទីច្រើន តែគាត់ត្រូវសម្រេចចិត្តឈប់ពីការងារដែលត្រូវជិះយន្តច្រើន នាំឱ្យបំពុលបរិយាកាសខ្លាំង។ ហើយឪពុករបស់នាង ក៏ឈប់ប្រើរថយន្តដែលចាក់សាំងឬម៉ាស៊ូត ហើយងាយមកប្រើឡានដើរដោយចរន្តអគ្គិសនីវិញ។
មានជំងឺអូទីសឹម ធ្លាក់ទឹកចិត្ត និងគិតខុសគេ
ពេលអាយុបាន១១ឆ្នាំ កុមារី ហ្គ្រេតតា ធុនប៊ែក បានទស្សនាភាពយន្តឯកសារពីការរលាយទឹកកក និងការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យប៉ះពាល់ផ្លូវចិត្តយ៉ាងខ្លាំង ហើយនាងមានការប្រែប្រួលអាកប្បកិរិយា រហូតដល់លិចចេញជារោគសញ្ញានៃជំងឺអូទីស។ នាងធ្លាប់មានបញ្ហាប៉ះទង្គិចផ្លូវចិត្ត ឬជំងឺ Depression ប្រមាណជាជាង៨ខែ សូម្បីតែឪពុកបង្កើតរបស់នាងក៏ធ្លាប់ប្រាប់សារព័ត៌មានដែរថា កូនស្រីរបស់ខ្លួនស្ងប់ស្ងាត់ ស្រងូតស្រងាត់ មិនសូវចេះនិយាយស្តី ហើយ ច្រើននៅម្នាក់ឯង និងមានភាពអឹមអៀនច្រើន ខុសប្លែកពីក្មេងៗធម្មតា។ ហ្គ្រេតតា ធុនប៊ែក ធ្លាប់លាតត្រដាងត្រង់ចំណុចនេះថា «ប្រសិនបើរូបនាងមិនខុសប្លែកពីក្មេងដទៃនោះទេ ម្ល៉េះសមនាងនឹងជាប់ក្នុងអន្ទាក់ក្រឹត្យក្រមសង្គម ហើយមនុស្សគ្រប់គ្នាគិតតែពីសើចចម្អកឱ្យនាងបាត់ទៅហើយ។ នាងអាចតស៊ូជម្នះក្នុងជីវិតនេះ ក៏ដោយសារតែភាពខុសប្លែកគេរបស់នាងនេះហើយ»។
ផ្តើមពីម្នាក់ឯង រហូតមានគេធ្វើតាមជាច្រើនលាននាក់
ក្នុងដំណើរតស៊ូក្នុងរឿបបរិស្ថានអាកាសធាតុនេះ ហ្គ្រេតតា ធុនប៊ែក បានចាប់ផ្តើមតែម្នាក់ឯងគត់ ដោយតវ៉ាលើកបដា នៅមុខសភាក្រុងស្តុកខុម ប្រទេសស៊ុយអែត នៅក្នុងសីហា ឆ្នាំ២០១៨។ នាងឈប់រៀនមួយថ្ងៃក្នុងសប្តាហ៍ គឺរៀងរាល់ថ្ងៃសុក្រ ដោយយកពេលវេលានោះ ទៅនាំគេធ្វើបាតុកម្ម។ នៅក្នុងបទសម្ភាសមួយ ជាមួយវិទ្យុបារាំង RFI កុមារី ហ្គ្រេតតា ធុនប៊ែក បានឱ្យដឹងថា នាងក្រោកឈរតស៊ូដើម្បីអាកាធាតុនេះ និងធ្វើពហិការមិនចូលរៀន គឺដោយតែឃើញក្មេងៗនៅអាមេរិក គេក្រោកឈរធ្វើពហិកាមិនចូលសាលា ដើម្បីសម្តែងមតិប្រឆាំងនឹងនយោបាយលក់អាវុធ។ ចំណែកនាងមិនចូលរៀន ដោយប្រឆាំងនឹងការមិនយកចិត្តទុកដាក់ចំពោះបរិស្ថានអាកាសធាតុ ពីសំណាក់ថ្នាក់ដឹកនាំប្រទេស។ សម្រាប់ឆ្នាំសិក្សាឆ្នាំ២០១៩នេះ គឺនាងសម្រេចចិត្តមិនចុះឈ្មោះចូលរៀនទេ ដោយទុកពេលដើរធ្វើបាតុកម្មដើម្បីបរិស្ថាន។
ជាច្រើនខែកន្លងមកនេះ ហ្គ្រេតតា ធុនប៊ែក បានចូលរួមតស៊ូសម្តែងមតិនៅក្នុងប្រទេសជាច្រើនក្នុងទ្វីបអឺរ៉ុប មានស៊ុយអែត ស្វីស ប៉ូឡូញ ប៊ែលស្ស៊ិក បារាំង អ៊ីតាលី អាល្លឺម៉ង់ អង់គ្លេស បន្តរហូតដល់ កាណាដា អូស្ត្រាលី និងអាមេរិកជាដើម។ នាងបានជួបតទល់ជាមួយអ្នកតំណាងរាស្ត្រអឺរ៉ុប និងជួបថ្នាក់ដឹកនាំពិភពលោក រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ, ប្រមុខរដ្ឋបារាំង, អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា រួមទាំងសម្តេច ប៉ាប់ ហ្វ្រង់ស័រ ប្រមុខសាសនាគ្រិស្ត ជាដើមផង។
សាររបស់នាង ហ្គ្រេតតា ធុនប៊ែក ដែលធ្លាប់និយាយដាស់ស្មារតីថ្នាក់ដឹកនាំ៖
«អ្នកនិយាយពេញៗមាត់ថា អ្នកស្រឡាញ់កូនៗរបស់អ្នក!
ប៉ុន្តែអ្នកកម្ទេចអនាគតរបស់ពួកគេ!
អ្នកបំផ្លាញអនាគតរបស់កូនចៅនិងអ្នកជំនាន់ក្រោយ
ដោយពុំបានគិតគូរ និងគ្មានធ្វើសកម្មភាពវិជ្ជមានអ្វីសោះ
ដើម្បីសង្គ្រោះបរិស្ថាននិងភពផែនដី»។
ឥទ្ធិពលនៃការក្រោកឈររបស់យុវតីវ័យ១៦ឆ្នាំរូបនេះ បានផ្តល់ជានិមិត្តរូបគំរូដល់ក្មេងៗជាច្រើនផ្សេងទៀតលើលោក ចាប់តាំងពីទ្វីបអឺរ៉ុប ដល់អាស៊ីនិងអាហ្វ្រិក។ នៅប្រទេសថៃ ជាប់ក្បែរខាងកម្ពុជា ក៏មានក្មេងស្រី យកគំរូតាមនាង ហើយនៅអាហ្វ្រិក ដូចជាប្រទេសអូហ្គាន់ដា ជាដើម ក៏ដើរតាមគន្លងរបស់នាង ហ្គ្រេតតា ធុនប៊ែក ដែរ។
ក៏ប៉ុន្តែ មនុស្សមួយចំនួន ដែលមិនសូវពេញចិត្តនឹងការចេញមុខចេញមាត់ខ្លាំងពេករបស់នាង ក៏បានរិះគន់ថា រូបនាងកំពុងតែត្រូវដើរតាមខ្សែញាក់របស់ឪពុកម្តាយ ឬដើរតាមការបង្គាប់បញ្ជារបស់អង្គការសង្គមស៊ីវិលខាងបរិស្ថាន ឬក៏កំពុងតែដើរតាមបន្ទាត់មនោគមវិជ្ជារបស់បក្សនយោបាយផ្សេងៗ ដែលនៅពីក្រោយរូបនាង។
«កុំជឿខ្ញុំ តែត្រូវស្តាប់និងជឿអ្នកវិទ្យាសាស្ត្រ»
ទោះបីយ៉ាងណាក៏ដោយ នៅក្នុងសន្ទរកថាជាច្រើនរបស់ ហ្គ្រេតតា ធុនប៊ែក នាពេលកន្លងមក នាងតែងតែប្រាប់និងពន្យល់ថា កុំជឿនាងអី តែត្រូវស្តាប់និងជឿទៅលើរបាយការណ៍ស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ ដែលចង្អុរបង្ហាញ ថាពិភពលោកកំពុងតែជួបគ្រោះថ្នាក់ដោយសារការប្រែប្រួលអាកាសធាតុ និងដែលត្រូវការសង្គ្រោះជាបន្ទាន់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ