អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​ប្រទេស​បូស្ន៊ី​កំពុង​យក​គំរូ​តាម​បដិវត្ត​អារ៉ាប់​ឬ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​បូស្ន៊ី តំាង​ពី​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​មក​ហើយ​ដែល​ប្រជាជន​បាន​នំា​គ្នា​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆំាង​នឹង​ភាព​ក្រីក្រ និង​ភាព​អត់ការងារ​ធ្វើ។ តាម​រយៈ​ក្បួន​បាតុកម្ម​ដែល​កាន់​តែ​មាន​ទ្រង់ទ្រាយ​ធំ​ឡើងៗ​នា​ពេល​នេះ គឺ​ជា​សក្ខីកម្ម​មួយ​ដែល​ពួក​បាតុករ​ចង់​សម្តែង​ការ​មិន​សប្បាយ​ចិត្ត​របស់​ខ្លួន​ចំពោះ​ភាព​អសត្ថភាព​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជួយ​គិតគូរ​ពី​ជីវភាព​រស់នៅ​របស់​ពួក​គេ។ រហូត​មក​ដល់​ពេល​នេះ ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ហិង្សា​រវាង​កម្លំាង​ប៉ូលីស និង​ក្រុមបាតុករ​បាន​បណ្តាល​ឲ្យ​មាន​អ្នករងរបួស​ប្រមាណ​ជា ១៥០នាក់។ នៅ​ថ្ងៃ​សុក្រ ទី៧ កុម្ភៈ​ម្សិលមិញ កំហឹង​របស់​បាតុករ​បាន​ឡើង​ខ្លំាង រហូត​ដល់​មាន​ការ​ដុតបំផ្លាញ​វិមាន​ប្រធានាធិបតី និង​អគារ​រដ្ឋបាល​ជា​ច្រើន​ផង។

តើ​ប្រទេស​បូស្ន៊ី​កំពុង​យក​គំរូ​តាម​បដិវត្ត​អារ៉ាប់​ឬ?
តើ​ប្រទេស​បូស្ន៊ី​កំពុង​យក​គំរូ​តាម​បដិវត្ត​អារ៉ាប់​ឬ? REUTERS/Dado Ruvic (BOSNIA AND HERZEGOVINA - Tags: POLITICS CIVI
ផ្សាយពាណិជ្ជកម្ម

អ្វី​ដែល​បាន និង​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​បូស្ន៊ី​ពេល​នេះ គឺ​ព្រឹត្តិការណ៍​មួយ​ធ្ងន់ធ្ងរ​ដែល​អតីត​រដ្ឋ​របស់​សាធារណរដ្ឋ​យូកូស្លាវី​មួយ​នេះ​មិន​ធ្លាប់​ពើប​ប្រទះ​ទេ​តំាង​ពី ១៩ឆ្នំា​កន្លង​ទៅ ពោល​តំាង​ពី​ក្រោយ​ការ​បិទបញ្ចប់​សង្រ្គាមស៊ីវិល​ចន្លោះ​ឆ្នំា ១៩៩២ ១៩៩៥ ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ​ជា ១០ម៉ឺននាក់។ ក្នុង​រយៈពេល ១៩ឆ្នំា​កន្លង​ទៅ ប្រទេស​ក្នុង​តំបន់​បាល់កង់​មួយ​នេះ​បាន​រស់នៅ​ដោយ​សុខសាន្តត្រាន និង​មិន​ដែល​ស្គាល់​ចលនា​បះបោរ​សង្គម​ធំដុំ​គួរ​ឲ្យ​កត់សម្គាល់​អ្វី​ទេ។ តែ​បញ្ហា​នៅ​ត្រង់​ថា ក្នុង​រយៈពេល ១៩ឆ្នំា​នោះ ស្ថានភាព​សេដ្ឋកិច្ច​ទូទៅ​របស់​ប្រទេស​បូស្ន៊ី​បាន​ធ្លាក់​ដុនដាប​កាន់​តែ​ខ្លំាង​ឡើងៗ។ កំណើន​ចំនួន​អ្នកអត់ការងារ​ធ្វើ កំណើន​អ្នកក្រក្រី កំណើន​អំពើ​ពុករលួយ អវត្តមាន​កម្មវិធី​នយោបាយ​សេដ្ឋកិច្ច​ច្បាស់លាស់ ទំាង​នេះ​សុទ្ធសឹង​ជាមូលហេតុ​ដែល​បាន​ធ្វើ​ឲ្យ​ប្រជាជន​បូស្ន៊ី​មិន​អាច​បន្ត​ទ្រំាទ្រ​បាន​ទៀត​ឡើយ។

ជាលើក​ទីមួយ ការ​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​របស់​ប្រជាជន​បូស្ន៊ី​តំាង​ពី​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​មក​នេះ គឺ​មិន​មែន​ដើម្បី​ប្រឆំាង​នឹង​សត្រូវ​របស់​ខ្លួន​ជាថ្មី​កាល​ពី​ជិត ២០ឆ្នំា​កន្លង​មក​ទេ តែ​ដើម្បី​ទាមទារ​លក្ខខណ្ឌ​រស់នៅ​សមរម្យ និង​ថ្លៃថ្នូរ​របស់​ខ្លួន​ដូច​ជា​ប្រជាជន​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ផ្សេង​ទៀត ពិសេស​ចង់​បាន​អភិបាលកិច្ច​ល្អ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។ ចលនា​បះបោរ​បាន​ចាប់​ផ្តើម​ដំបូង​នៅ​ស្រុក​ទូឡា តែ​ឥឡូវ​នេះ និង​បន្តិច​ម្តងៗ ក្បួនបាតុកម្ម​កាន់​តែ​មាន​ទ្រង់ទ្រាយ​ធំ​ឡើងៗ ព្រម​ទំាង​រីករាល​ដាល​នៅ​ទូទំាង​ប្រទេស។ ការ​កត់សម្គាល់​មួយ​ទៀត គឺ​ការ​ផ្ទុះ​ចេញ​នូវ​អំពើហិង្សា​រវាង​កម្លំាង​ប៉ូលីស និង​ក្រុមបាតុករ​ដែល​មាន​អ្នក​របួស​សរុប​មក​ទល់​ពេល​នេះ ប្រមាណ​ជា ១៥០នាក់។ នៅ​ថ្ងៃ​សុក្រ ទី៧ កុម្ភៈ ក្រុមបាតុករ​បាន​វាយលុក​ចូល​ដុត​វិមាន​ប្រធានាធិបតី ព្រម​ទំាង​អគារ​រដ្ឋាភិបាល​ជា​ច្រើន​កន្លែង។

ប្រទេសបូស្ន៊ីកំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវ​បដិវត្តអារ៉ាប់ !

តើ​ពិត​ជា​អាច​និយាយ​បាន​ថា អ្វី​ដែល​បាន និង​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​បូស្ន៊ី​ពេល​នេះ គឺ​ជា​ការ​ចម្លង​យក​គំរូ​បដិវត្ត​អារ៉ាប់ ព្រោះ​ថា ការ​ផ្ទុះ​បដិវត្ត​អារ៉ាប់​ដំបូង​នៅ​ក្នុង​ប្រទេស​ទុយនីស៊ី​ក៏​បាន​ផ្តើម​ចេញ​ពី​កំហឹង​របស់​ប្រជាជន​ដែរ ពិសេស​កំហឹង​របស់​ក្រុម​យុវវ័យ​ដែល​មាន​សញ្ញាប័ត្រ​ខ្ពស់ តែ​ដើរ​ទាត់ខ្យល់ ឬ​មួយ​ក៏​ដើរ​លក់​របស់របរ​បន្តិចបន្តួច​ដើម្បី​ចិញ្ចឹម​ក្រពះ។ ទំាង​នេះ​មិន​ភ្លេច​និយាយ​ទេ ពី​កំហឹង​របស់​អ្នកក្រីក្រ។ ករណី​ប្រទេស​បូស្ន៊ី​សព្វថ្ងៃ ក៏​បាន​ផ្តើម​ចេញ​ពី​ហេតុផល​ដូច​នៅ​ក្នុង​ប្រទេស​ទុយនីស៊ី​អ៊ីចឹង​ដែរ។ តំាង​ពី ១៩ឆ្នំា​មក​ហើយ​ដែល​រដ្ឋាភិបាល​ទីក្រុង​សារ៉ាយ៉េវ៉ូ​បាន​រស់នៅ​ដោយ​សុខសាន្ត និង​ចាក់ឫស​កាន់​តែ​ជ្រៅទៅៗ​ទៅ​ក្នុង​អំពើ​ពុករលួយ បក្សពួកនិយម និង​ជាតិនិយមជ្រុល។ តែ​អ្វី​ដែល​ថ្នាក់ដឹកនំា​គិត​មិន​ដល់​នោះ​គឺ​ថា កំហឹង​របស់​ប្រជាជន​ក៏​បាន​សន្សំ​បន្តិច​ម្តងៗ​តំាង​ពី ១៩ឆ្នំា​មក​ហើយ​ដែរ និង​ដែល​ទើប​បាន​ធ្លាយ​ចេញ​នៅ​ពេល​នេះ។

ការ​សម្គាល់​មួយ​ទៀត គឺ​ដំណើរ​មិន​ទៅ​មុខ​របស់​ប្រទេស​បូស្ន៊ី ធៀប​នឹង​ប្រទេស​ដទៃទៀត​ដែល​ជា​អតីត​រដ្ឋ​របស់​សាធារណរដ្ឋ​យូកូស្លាវី​ដូច​គ្នា ពិសេស​ការ​ប្រឹងប្រែង​បញ្ចូល​ខ្លួន​ទៅ​ក្នុង​សហភាព​អឺរ៉ុប។ ប្រទេស​ស្លូវេនី និង​ក្រូអាស៊ី​បាន​ក្លាយ​ជា​សមាជិក​អឺរ៉ុប​រួច​ហើយ រីឯ​ប្រទេស​ស៊ែរប៊ី ម៉ុងតេណេហ្រ្គោ និង​ប្រទេស​ម៉ាសេដ្វាន​កំពុង​ដាក់​បេក្ខភាព​របស់​ខ្លួន។ គួរ​ជម្រាប​ជូន​ថា តំាង​ពី​បាន​ទទួល​ឯករាជ្យ​ដំបូង​មក បូស្ន៊ី​មាន​ប្រជាជន​សរុប​ជាង ៤លាននាក់ តែ​សព្វ​ថ្ងៃ នៅ​សល់​តែ ៣លាន ៨សែននាក់​ប៉ុណ្ណោះ ដោយ​ភាគ​ច្រើន​បាន​រត់​ចេញ​ទៅ​រស់​នៅ​ក្នុង​ប្រទេស​ជិត​ខាង​ដែល​មាន​ស្ថានភាព​សេដ្ឋកិច្ច​ល្អ។ ជា​ប្រទេស​ក្រីក្រ​ជាង​គេ​ក្នុង​ទ្វីបអឺរ៉ុប​ដែល​អត្រា​អ្នកអត់ការងារ​ធ្វើ​មាន​រហូត​ទៅ ៤៤% នៃ​ចំនួន​ប្រជាជន​សកម្ម។ ប្រាក់បៀវត្ស​ប្រចំាខែ​ជា​មធ្យម​មាន ៤២០អឺរ៉ូ និង​មាន​ប្រជាជន​ម្នាក់​ក្នុង​ចំណោម​ប្រជាជន ៥នាក់​រស់​ក្រោម​ខ្សែបន្ទាត់​ក្រីក្រ។

តើ​បូស្ន៊ី​ជា​ប្រទេស​ដែល​ត្រូវ​ទទួល​បដិវត្ត​អារ៉ាប់​នា​ថ្ងៃ​ខាង​មុខ ឬ​យ៉ាង​ណា?។ មាន​តែ​ប្រជាជន​បូស្ន៊ី​ខ្លួន​ឯង​ទេ ជា​អ្នក​សម្រេច​រវាង​ទ្រំាលំបាក​បន្ត​ទៀត ឬ​មួយ​ក៏​រើបម្រះ​ដើម្បី​ជីវិត​រុងរឿង​នៅ​ថ្ងៃ​អនាគត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ