អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ចំណី​អាហារ​ដែល​ផ្តល់​ប្រយោជន៍​ដល់​សុខភាព

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់​ពី​សប្តាហ៍​នេះ​ទៅ ជា​រៀង​រាល់​មួយ​ខែ​ម្តង នាទី​សុខភាព​របស់​វិទ្យុ​បារាំង​នឹង​លើក​យកមក​ជម្រាប​ជូន​លោក​អ្នក​នាង អំពី​គុណប្រយោជន៍​របស់​បន្លែ ផ្លែឈើ មួយ​ម្តងៗ ដែល​ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​សិក្សា​ស្រាជ្រាវ​រក​ឃើញ​ថា អាច​ជួយ​ការ​ពារ​សុខភាព​មនុស្ស​ប្រឆាំង​នឹង​រោគា​ផ្សេងៗ។ 

បន្លែ​និង​ផ្លែ​ឈើ​ខ្លះ​មាន​សមត្ថភាព​ការពារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក
បន្លែ​និង​ផ្លែ​ឈើ​ខ្លះ​មាន​សមត្ថភាព​ការពារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក
ផ្សាយពាណិជ្ជកម្ម

ការសិក្សា​ចុងក្រោយ​ ទើប​បាន​បញ្ជាក់​ជា​ថ្មី​ទៀត អាហារ​ក្នុង​ចាន​របស់​យើង​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​ចំពោះ​សុខភាព។ ជ្រើសរើស​បរិភោគ​អាហារ​ គឺ​ជា​មធ្យោបាយ​ការពារ​ដ៏​ប្រសើរ​​ប្រឆាំង​នឹង​ជំងឺ​មហារីក ជំងឺ​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​វង្វេងវង្វាន់។ អាហារ​អាច​បញ្ចៀស​មិន​ឱ្យ​ជួប​គ្រោះ​ កើត​​ជំងឺ​មហារីក​ពង​ស្វាស ៤០%​ និង​ដល់​ទៅ​៦០%​ជំងឺមហារីក​សុដន់។ ដោយ​ផ្អែក​លើ​​ឯកសារ​ស្រាវជ្រាវ​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​សុខាភិបាល​ផ្នែក​ចំណី​អាហារ មាន​បន្លែ​ផ្លែ​ឈើ​ចំនួន ៣០​មុខ ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​ថា​មាន​គុណប្រយោជន៍​ខ្លាំង​ចំពោះ​សុខភាព​ មាន​ជាអាទិ៍​ ខ្លឹម​ស តែ​បៃតង ផ្លែឈើ​ពណ៌​ក្រហម ឬ​រមៀត ​...

 
បន្ទាប់​ពី​បាន​ចំណាយ​ពេល​វេលា​ សិក្សា​ស្រាវជ្រាវ​​ អស់​ជាង​៣០​ឆ្នាំ​ ពេលនេះ​ ឥទ្ធិពល​ឬ​តួនាទី​របស់​ចំណី​អាហារ​ចំពោះ​សុខភាព ត្រូវ​បាន​ទទួល​ស្គាល់​ពី​គ្រប់​ស្ថាប័ន។ ការ​សិក្សា​របស់​អឺរ៉ុប​មួយ​ទៀត​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ក្នុង​ចំណោម​​អនុសាសន៍​១០​ចំណុច​របស់​មូលនិធិ​ពិភពលោក​សា្រវជ្រាវ​ប្រឆាំង​នឹង​មហារីក​ ចេញ​ផ្សាយ​កាលពី​ឆ្នាំ​២០០៧ មាន​៦​ចំណុច​ទាក់ទង​នឹង​ចំណីអាហារ។

ប្រសិន​បើ​មាន​របប​អាហារ​ត្រឹមត្រូវ គ្រោះ​កើត​ជំងឺ​មហារីក​ជាទូទៅ នឹង​ត្រូវ​កាត់បន្ថយ​បាន​ ២០% - ២៥​%​ចំពោះ​មហារីក​ពោះវៀន​ធំ ៣០%​ចំពោះ​មហារីក​តម្រង​នោម ៤០%​មហារីក​ដុំ​សាច់​ក្រពះ​និង​បំពង់​រំលាយ​អាហារ​ និង​បាន​ដល់​ទៅ​៥០%​​ចំពោះ​មហារីក​ប្លោក​នោម​និង​ក្រពះ។ ដូច្នេះ ក្នុង​ការ​អនុវត្តន៍​ជាក់​ស្តែង គេ​អាច​ការពារ​មិន​ឱ្យ​កើត​ជំងឺមហារីក​មួយ​ក្នុង​ចំណោម​ជំងឺ​មហារីក៥ ដោយ​ប្រតិបត្តិ​​​ខ្ជាប់​ខ្ជួនរបប​ចំណី​​អាហារ​ បរិភោគ​ប្រចាំ​ថ្ងៃ។ ជាង​នេះ​ទៅ​ទៀត ប្រសិន​បើ​អ្នក​មិន​ជក់​បារី មិន​ចូល​ចិត្ត​សំដិល​ថ្ងៃ​ និង​ធ្វើ​ពលកម្ម លំហាត់​ប្រាណ​៣០​នាទី​ជា​ប្រចាំ​ រាល់​ថ្ងៃ​ នោះ​គ្រោះ​កើត​ជំងឺ​មហារីក នឹង​ត្រូវ​កាត់​បន្ថយ​អស់​ ៧០% និង​អាច​ជួយ​ការពារ​ប្រឆាំង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​បេះ​ដូង និង​ជំងឺ​វង្វេងវង្វាន់​ទៀត​ផង។

និយាយ​អំពី​​របប​អាហារ មិន​មែន​បាន​ន័យ​ថា​ត្រូវ​តម​នេះ ឬ​តម​នោះ ឬ​លែង​ហ៊ាន​បរិភោគ​នោះ​ទេ។ អាហារ​មិន​មែន​សុទ្ធ​តែមាន​ឥទ្ធិពល​ការពារ​សុខភាព ទាំងអស់​ឡើយ។ បន្លែ​ផ្លែឈើ​​ដែល​ផ្តល់​គុណប្រយោជន៍​ការពារ​​​សុខភាព ទទួ​ល​ស្គាល់​ដោយ​វិទ្យាសាស្ត្រ មាន​តែ​ប៉ុន្មាន​ជាង​២០​ប្រភេទ​ប៉ុណ្ណោះ​ មានជាអាទិ៍​ បន្លៃ​បៃតង ពពួក​ផ្លែឈើ​តូចៗ ពពួក​ដើម​វល្លិ៍ តែ​បៃតង​ ​រមៀត ដែល​ជា​រុក្ខជាតិ​មាន​អំណាច​បំផុត​ប្រឆាំង​នឹង​ការ​រាលដាល​នៃ​មេរោគ ពពួក​ក្រូច និង​ពពួក​ខ្ទឹម ខ្ទឹម​ស​-ក្រហម ខ្ទឹម​បារាំង ។ល។ និង​។ល។ បន្លែ​ផ្លែឈើ​ទាំង​នេះ មាន​ផ្ទុក​មូលេគុល ដែលអាច​បង្កើត​សរីរៈ​ប្រឆាំង​នឹង​ការ​អភិវឌ្ឍន៍​ដុំ​ពក Tumeur។​

ប៉ុន្តែ​សូម​កុំ​យល់​ច្រលំ ! ​រមៀត​មិន​អាច​ព្យាបាល​មហារីក​បានទេ ឬ​ក៏​ពិសារ​ម្រះ​ទៅ​ជា​ជំងឺទឹក​នោម​ផ្អែម​ នោះ​ក៏​ទេដែរ ! ម្ហូប​អាហារ​បន្លែ​ផ្លែ​ឈើ​ ដែល​ថា​មាន​គុណប្រយោជន៍​ចំពោះ​សុខភាព​នេះ គឺពិសារ​ទៅ​បាន​ទាំង​ឆ្អែត​ ទៅ​ចិញ្ចឹម​រាងកាយ​ផង និង​បាន​​ជា​ការ​ការពារផង- មិនមែន​ព្យាបាល​ទេ។ ការពារ​ប្រសើរ​ជាងព្យាបាល​ ហើយ​ការ​ការពារ​នេះ គ្មាន​ផ្តល់​ផល​បះពាល់​បន្ទាប់​បន្សំ​អ្វី​សោះ ព្រម​ទាំង​មិន​បាន​ចំណាយ​អ្វី​ឱ្យ​លើល​ពី​សេចក្តី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ។ សូមជម្រាប​ជូន​ថា មនុស្ស​គ្រប់រូប តាម​ការពិត​ទៅ​ក្នុង​មួយ​ថ្ងៃ​ៗ ខ្លួន​ប្រាណ​យើង​ផលិត​កោសិកា​អាច​ក្លាយ​ជា​កោសិកា​មហារីកបាន​ដល់​ជាង​១​លាន​កោសិកា ដូច្នេះ​ប្រសិន​បើ​យើង​បរិភោគ​អាហារ​ដែល​មាន​សមត្ថភាព​​ទប់​ស្កាត់ ឬ​ប្រឆាំង​នឹង​មូលេគុល​មហារីក​ ដុំ​ពក​នោះ​នឹង​មិន​អាច​វិវឌ្ឍន៍​​ទៅ​ជា​ជំងឺ​មហារីក​ទេ។​

កម្មវិធី​សុខភាព​របស់​វិទ្យុ​ធ្លាប់​បាន​ជម្រាប​ជូន​​អំពី​អនុសាសន៍​របស់​អង្គការ​សុខភាព​ពិភពលោក ឱ្យ​បរិភោគ​បន្លែ​ផ្លែ​ឈើ​ ៥ មុខ ក្នុង​មួយ​ថ្ងៃ​។ គ្រប់​​បន្លែ ផ្លែ​ឈើ នីមួយៗ សុទ្ធ​តែ​មាន​​គុណប្រយោជន៍ជួយ​រក្សា​​​សុខភាព​ដូចគ្នា ក៏​ប៉ុន្តែ​សមត្ថភាព ជា​ថ្នាំ​ “​ការពារ​” មិន​ដូចគ្នាទេ ! ដូច្នេះ លោកអ្នកនាង​ត្រូវតែ បរិភោគ​ ឱ្យ​ប្លែកៗគ្នា ឱ្យ​ទទួល​ច្រើន​លើស​ពី​៥ ទៅ​ទៀត​ កាន់​តែ​ប្រសើរ ព្រោះ​សូម​បញ្ជាក់​ថា​អនុសាសន៍​របស់​អាជ្ញាធរ​សុខភាពនេះ​ ជា​ការ​ណែនាំ​ឱ្យ​ធ្វើ​អ្វី​មួយ​ក្នុង​កំរិត​អប្បបរិមាប៉ុណ្ណោះ។


ញ៉ាំ​ដើម្បី​រស់ ឬ រស់​ដើម្បី​ញ៉ាំ​ ?​ មាន​អត្ថន័យ​ខុស​គ្នា​ស្រលះ ! លោកអ្នក​នាង​ជ្រាប​ជា​ស្រេច​ហើយ  ! ហើយ​ពាក្យ​នេះ​ ពិត​ជា​មាន​ន័យ​អប់​រំ​គ្រប់គ្រាន់ មិន​មែន​សម្រាប់​តែ​លើ​សុជីវធម៌​រស់​នៅ​ក្នុង​សង្គមប៉ុណ្ណោះ​ទេ ​តែក៏​មាន​ប្រយោជន៍​ខ្លាំង​​ចំពោះ​សុខភាព តាម​បែប​វេជ្ជសាស្ត្រ និង​វិទ្យាសាស្ត្រ​ដែរ។  ទទួល​ទាន​អាហារ​ ពិត​ណាស់​គឺ​ដើម្បីយក​ទៅ​​​ចិញ្ចឹម​សរីរាង្គ​កាយ​ ឱ្យ​រស់​រាន​មានជីវិត​ ឱ្យមាន​ថាមពល​ ប៉ុន្តែ​ចំណី​អាហារ​​ ក៏​អាច​សម្លាប់​យើង​បាន​ដូច​គ្នា ប្រសិន​បើ​ចំណី​អាហារនោះ​​មិន​ល្អ ខ្លាញ់​ជ្រុល ផ្អែម​ជ្រុល ប្រៃជ្រុល ឬ​ការ​ទទួល​ទាន​របស់​យើង​ច្រើន​​ជ្រុល​ហួស​ហេតុ​ ហួស​សេចក្តីត្រូវ​ការ បូក​ផ្សំ​នឹង​ការ​គ្មាន​អនាម័យ​ក្នុង​ជីវិត មិន​ធ្វើ​កីឡា​ មិន​បញ្ចេញ​ថាមពល​ឱ្យ​មាន​សមភាព​នឹង​ការ​ហូប​ចុក​ចូលទៀត នោះគ្រោះ​កើត​ជំងឺក៏​មាន​ច្រើន ៖ ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​សរសៃ​ឈាម​បេះ​ដូង ជំងឺ​ខ្លាញ់​ក្នុង​ឈាម ធាត់​ជ្រុល។​

វា​មិន​ចម្លែក​ទេ ដែល​ក្នុង​សម័យ​សង្គ្រាម ក្នុង​ពេល​ក្រខ្សត់​ គេ​នាំ​គ្នា​និយាយ​អំពី​​ជំងឺ​កង្វះ​ចំណី​អាហារ​ ហើយ​នៅ​ពេល​មាន​បាន​ធូរធារ មាន​ជំងឺ​ព្រោះ​បរិភោគ​ជ្រុល​នោះ។ គឺ​ទំនង​ដោយ​មូល​ហេតុ​ដូច្នេះ​ហើយ​បានជា​អ្នក​ឯកទេស​ខ្លះ​ ណែនាំ​កុំ​ឱ្យ​ទទួល​ទាន​តាម​សេចក្តី​ឃ្លាន ប្រសិន​បើចង់​មាន​សុខភាព​ល្អ​។ បណ្តា​ជន​ជប៉ុន​ ដែល​ល្បី​ថា​​មាន​អាយុ​យឺនយូរ​ជាង​គេ​ និង​សុខភាព​ល្អ​ខ្លាំង​នោះ មាន​ប្រពៃណី​​បរិភោគ​អាហារ​តែ​ ប្រមាណ​៨០%​ នៃ​ភាព​ស្រេក​ឃ្លាន​របស់​ក្រពះ​ប៉ុណ្ណោះ ព្រោះ​ចង់​បញ្ចៀស​ពាក្យ​ថា​ឆ្អែត​ជ្រុល។ ប៉ុន្តែ​សូម​បញ្ជាក់​ថា នេះ​មិន​មែន​ជា​ការ​បង្អត់​អាហារ​ខ្លួន​ឯង​ឡើយ ! ​

​​បើ​និយាយ​អំពី​របៀប​ទទួល​ទាន​អាហារ​ត្រឹម​ត្រូវ​វិញ សូម​ទទួល​ទាន​ដោយ​យឺតៗ តាម​សម្រួល​ ដើម្បី​ឱ្យ​ខួរ​ក្បាល​បាន​ទទួល​ព័ត៌មាន​អំពី​សកម្មភាព​របស់​សរីរាង្គផង។ ព្រោះ​បើ​ញ៉ាំ​លឿន​ពេក ក្រពះ​ពេញមែន​ ប៉ុន្តែខួរ​ក្បាល​មិន​ដឹង​ ទើប​នាំ​ឱ្យ​មាន​អាការៈ​ចង់​ញ៉ាំ​រហូត។ ចំណី​អាហារ​ពេញផ្ទៃ​ទៅ​ហើយ តែ​មាត់​នៅ​តែចង់​​ទៀត ឬ​ពុំ​នោះ​ទេ បាន​តែ​ប៉ុន្មាន​ម៉ោង​ក៏​ស្រាប់​តែ​មាន​អារម្មណ៍​ឃ្លានទៀត។ មួយ​ថ្ងៃ​ឡើង​បួន​ប្រាំ​ដង។ នេះ​មិន​មែន​មាន​ន័យ​ ត្រូវ​តែ​គោរព​ដាច់​ខាត​របប​អាហារ​បី​ពេល​​មួយ​ថ្ងៃ​ មិន​អាច​ស្រស់​ស្រូប​អាហារ​សម្រន់​​បាន​នោះទេ។ ផ្ទុយ​ទៅ​វិញ គេ​មិន​ត្រូវ​លោត​រំលង​អាហារ​មួយ​ពេល​ណា​ឡើយ។ ​បើ​តាម​ការ​សិក្សា​ថ្មី​របស់​សកលវិទ្យាល័យ​អាមេរិក​ដ៏​ល្បីល្បាញ​ផ្នែក​សុខភាព​សាធារណៈ ចេញ​ផ្សាយ​កាលពី​​ពីរ​សប្តាហ៍​មុន ការស្រស់ស្រូប​អាហារ​ពេល​ព្រឹក​ មាន​គុណ​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​ការពារ​បេះដូង។ បុរស​​មិនទទួល​ទាន​អាហារ​ពេល​ព្រឹក​ បង្កើន​​គ្រោះ​កើត​ជំងឺ​បេះដូង ឬ​ស្លាប់​ព្រោះ​ជំងឺ​សរសៃ​ឈាម​បេះដូង​​ ២៧​% លើ​ស អ្នក​​បរិភោគអាហារ​ពេល​ព្រឹក​ជា​ប្រចាំ។ ជាង​នេះ​ទៅ​ទៀត អ្នក​មិន​ស្រស់ស្រូប​អាហារ​ពេល​ព្រឹក​ ងាយ​ឡើងទម្ងន់​ ច្រើន​មាន​ជំងឺ​ទឹក​នោម​ផ្អែម និង​មាន​អត្រា​ខ្លាញ់​ក្នុង​ឈាម Cholesterol ក៏​ខ្ពស់​។ សូម្បី​តែ​នៅ​ក្នុង​ការ​ធ្វើ​របប​អាហារ​ដើម្បី​ចុះ​ស្គម ឬ​បញ្ចុះ​ទម្ងន់ គ្រប់​អ្នក​ឯកទេស​របបអាហារ​ទាំង​អស់ ណែនាំ​ឱ្យ​បន្ថយ​បរិមាណ​អាហារ​ពេល​ល្ងាច ប៉ុន្តែ​ដាច់​ខាត​ត្រូវ​តែ​ស្រស់ស្រូប​អាហារពេល​ព្រឹក។ ម្យ៉ាង​វិញ​ទៀត សម្រាប់​បុរស​ដែល​ចូល​ចិត្ត​ទទួល​ទាន​អាហារ​ពេល​យប់ (ក្រោយ​អាហារ​ពេល​ល្ងាច) កាន់​តែ​មាន​គ្រោះ​​កើត​ជំងឺ​បេះដូង​ ជាង​អ្នក​មិន​បរិភោគ​អ្វី​សោះ​ក្រោយ​ពេល​បាយ​ល្ងាច​ហើយ។

ចំពោះ​កុមារ​វិញ គ្រោះ​ថ្នាក់​​នៃ​ការ​មិន​បរិភោគ​អាហារ​ពេល​ព្រឹក​កាន់​តែ​ធ្ងន់ធ្ងរ​ខ្លាំង​ទៀត។ ការសិក្សា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កុមារ​អាយុ​៦​ឆ្នាំ​ មិន​បរិភោគ​អាហារ​ពេល​ព្រឹក មាន​សតិ​បញ្ញា​កំរិត​ឆ្លាត​វៀង​វៃ​ ធ្លាក់​ចុះ​ ចាញ់​កុមារ​ធម្មតា​ឆ្ងាយ​ណាស់ !!!! ចាញ់​ដល់​ទៅ ៤,៦​ពិន្ទុ។ បន្ទាប់​ពី​គេង​សំរាក​អស់​ពេញ​មួយ​យប់ ខួរ​ក្បាល​មនុស្ស​ ប្រៀប​ដូច​ជា​ម៉ាស៊ីន​មួយ ត្រូវ​ការ​ប្រេង​​ចាក់​​បំពេញ​ ​ដើម្បី​បញ្ចេះ​បាន។ ដូច្នេះ​ការ​ស្រស់ស្រូប​អាហារ​ពេល​ព្រឹក ជា​ការ​ចាំ​បាច់​សម្រាប់​ចាប់​ផ្តើម​សកម្មភាព​ប្រចាំ​ថ្ងៃ។ អាហារ​ពេល​ព្រឹក​ជា​គំរូ មាន​ដូច​ជា​ បាយ​ បបរ នំប៉ាំង (គ្រាប់ធញ្ញជាតិ) សំរាប់​នាំ​លំនឹងអ៊ីដ្រាត​ដឺកាបូន ប្រូតេអ៊ីន សាច់-ត្រី-ទឹកដោះគោ និង​វីតាមីន​ ព្រមទាំង​សារធាតុ​រ៉ែ ពោល​គឺ​ ​ផ្លែឈើ៕​

 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ